Friday, June 6, 2014

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តម កែវ រ៉េមី ប្រតិកម្មទៅនឹងនយោបាយ​បោកប្រាស់ និងកា​រដុ​តកំហឹងជាតិ​សាសន៍ ​​របស់មេដឹក​​​នាំគណបក្ស​សង្គ្រោះជាតិ​​ពាក់ព័ន្ធនឹងបញ្ហាខ្មែរក្រោម

ឯកឧត្តម កែវ រ៉េមី ថ្លែងក្នុង​សន្និសីទកាសែត
នៅ​ទី​ស្តី​ការគណៈរដ្ឋមន្ត្រី ថ្ងៃ​ទី៦ មិថុនា ២០១៤
រាជ​រដ្ឋាភិបាល តាមរយៈ​ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត នា​ព្រឹក​ថ្ងៃទី​៦​មិថុនា​ឆ្នាំ​២០១៤នេះថា បើ​ទោះបី​ជា​​ពេលនេះ លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង បាន និង​កំពុង​បន្ត​យុទ្ធនាការ ឃោសនា​មួលបង្កាច់ មកលើ​រដ្ឋាភិបាល និង​សម្តេច​តេជោ ហ៊ុន​សែន យ៉ាងណាក៏ដោយ ប៉ុន្តែ​ រាជរដ្ឋាភិបាល មិនទាន់​​ចាត់​វិធានតាមផ្លូវច្បាប់ ប្តឹង​ប្រឆាំង​លោកទាំងពីរនៅ​ឡើយ​​ទេ ដោយ​ទុកអោយ​ប្រជាពល​រដ្ឋជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ​​។​
នៅ​ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​ កែវ រ៉េមី បាន​ច្រានចោល​នូវ​ការលើក​ឡើង​របស់​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ពាក់ព័ន្ធ​នឹង​ការរិះគន់​លើ​បញ្ហា​ព្រំដែន ដែល​មេ​បក្ស​ប្រឆាំង លើកឡើងថា រដ្ឋាភិបាល របស់​សម្តេច​ហ៊ុន​សែន អនុញ្ញាត​ឲ្យ​ប្រទេស​វៀតណាម រំកិល​ព្រំដែន​ស្រេច​ចិត្ត ចូល​ទឹកដី​កម្ពុជា​ ដែល​ត្រូវ​បាន​ឯកឧត្តម​ ​កែវ ​រ៉េមី អះអាងថា ជា​ការលើកឡើង​ខុស​ការ​ពិត​។ឯកឧត្តម បាន​ពន្យល់​ថា ផ្ទុយទៅវិញ ការបោះបង្គោល​ព្រំដែន ដើម្បី​ការពារ​ទឹកដី​កម្ពុជា​​ប៉ុណ្ណោះ​។ រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុន​សែន បាន​បង្កើត​គណៈកម្មកា​រ ចរចា​លើ​ការបោះបង្គោល​ព្រំដែន ជាមួយ​វៀតណាម ហើយ​សម្តេច​ក៏​បាន​បក​ស្រាយ​បំភ្លឺ​ជាង ៥ ម៉ោង នៅ​ក្នុង​រដ្ឋសភា​រួច​ហើយ​។ ទាំង​នេះ គឺ​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំ​ផុត​របស់​រាជ​រដ្ឋាភិបាល​ចំ​ពោះ​​បូរណភាព​ទឹក​ដី​។​  ឯកឧត្តម កែវ រ៉េមី ក៏​បាន​បកស្រាយ​លើ​ការលើកឡើង​របស់​មេបក្ស​ប្រឆាំង ដែល​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត នោះ​នឹង​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ឆ្លងដែន​ចូល​កម្ពុជា ដោយ​មិន​ចាំបាច់​មាន​លិខិតឆ្លងដែន​។ ប៉ុន្តែ​លោក កែវ រ៉េមី លើកឡើងថា ទឹក​កម្ពុជា​ក្រោម សព្វថ្ងៃ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម​។ រីឯរាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាន់យក​គោលនយោបាយ​របស់​​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដោយ​ចាត់ទុក​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិ​ខ្មែរ​។ តែបើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ឆ្លងដែន​ចូល​មក​កម្ពុជា ត្រូវតែ​មាន​លិខិតឆ្លងដែន បើ​មិន​ដូច្នោះ​ទេ នាំឲ្យ​កើត​មាន​ការចេញចូល ទឹកដី​កម្ពុជា ដោយ​អាណាធិបតេយ្យ​។​

ឯកឧត្តម​ ក៏​បាន​បន្ត​ច្រានចោល​ផង​ដែរនូវ​ការលើកឡើង​របស់​មេបក្ស​ប្រឆាំង​ទាំងពីរ គឺ​លោក​សម ​រង្ស៊ី និង​លោក​កឹម​ សុខា ដែល​អះអាង​ថា វៀតណាម មាន​បំណង​បំបាត់​ពូជសាសន៍​ខ្មែរ  និង​ពាក្យ​ដែល​ថា វៀតណាមជាអ្នក​​បញ្ជា​ដល់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​លុបចោល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដោយ​វៀតណាម​បញ្ជា​មកលើ​រាជ​​រដ្ឋាភិបាល ដើម្បី​សម្លាប់​ខ្មែរ នៅក្នុង​ឧបទ្ទវហេតុ​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ រួម​ទាំង​ការ​រឹតត្បិត​លើ​ការធ្វើ​បាតុកម្ម ជាដើម​នោះ  គឺ​ត្រូវ​បាន​ឯកឧត្តម កែវ​ រ៉េមី បាន​ចាត់​ទុកថា ​ការលើកឡើង​របស់​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា នៅក្នុង​ពិធី​រម្លឹក​ខួប​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃ​ទី​៤​មិថុនា គឺជា​ការ​បំភ័ន្ត​មតិ​មហាជន ដោយ​គ្មាន​ការពិត ហើយក៏​ជាការ​មួលបង្កាច់​លើ​សម្តេច​តេជោ ហ៊ុន​សែន និង​រដ្ឋាភិបាល​ផង​ដែរ​។​ ប៉ុន្តែ​ ទោះជាយ៉ាង​ណា​​ក៏​ដោយ​ ឯកឧត្តម ​កែវ​ រ៉េមី បាន​គូសបញ្ជាក់ថា "​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​សម្តេច​ហ៊ុន​សែន មិនទាន់​មាន​វិធានការ​ផ្លូវច្បាប់ ប្រឆាំង​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​នោះ​ទេ​! ប៉ុន្តែ ឯកឧត្តម កែវ រ៉េមី បាន​សង្កត់​ធ្ងន់​ថា ការលើក​ឡើង​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​វត្ត​សាមគ្គី​រង្សី ពាក់​ព័ន្ធ​នឹង​បញ្ហា​ខ្មែរកម្ពុជា​ក្រោម បញ្ហា​ជន​ជាតិ​វៀត​ណាម​ និង​ការ​ចោទ​ប្រកាន់​នានា​មកលើ​រាជ​រដ្ឋាភិបាល​ គឺជា​នយោបាយ​បោកប្រាស់ និង​ដុត​បញ្ឆេះ​កំ​ហឹង​ជាតិ​សាសន៍​តែ​ប៉ុណ្ណោះ៕

By: Cambodia News