Wednesday, July 30, 2014

ជើងហោះហើរត្រង់ពីកូរ៉េបានមកដល់ខេត្តព្រះសីហនុជាលើកដំបូង

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
ជើងហោះហើរត្រង់ លើកដំបូងពី សាធារណរដ្ឋកូរ៉េ មកកាន់ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នៅពេល ដែលយន្តហោះស្កាយវីងអេស៊ាអ៊ែឡាញ៣២០មួយគ្រឿងបាននាំអ្នក ដំណើរចម្រុះជាតិសាសន៍ ប្រមាណ១៤២នាក់ មកចុះចតនៅព្រលានយន្តហោះ អន្តរជាតិកងកេង កាលពីម៉ោង២រសៀលនោះ។
យន្តហោះស្កាយវីងអេស៊ាអ៊ែឡាញ ៣២០ បានប្រើរយៈពេលជាង៦ម៉ោង ចេញដំណើរពីទីក្រុងសេអ៊ូល មកកាន់ខេត្តព្រះសីហនុ ដោយបាននាំភ្ញៀវទេសចរចូលទស្សនានៅទីក្រុងព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែល បានធ្វើដំណើរបន្តតាមរថយន្តទេសចរណ៍។
នៅឯព្រលានយន្តហោះកងកេងឯកឧត្តម ឈិត សុខុន អភិបាលខេត្តនិងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានទទួលស្វាគមន៍ចំពោះការមកដល់ ប្រកបដោយសុវត្ថិភាពរបស់ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមយន្ត ហោះស្កាយវីងអេស៊ាអ៊ែឡាញ៣២០នេះ
ដោយ ជ័យ ភូមិពល

ឯកឧត្តម សុខ អាន ៖ សមត្ថភាពរបស់មេធាវីត្រូវពង្រឹង ទាំងក្នុងការអប់រំដំបូងនិងការអប់រំបន្ត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈ​មេធាវី​ ដល់​សិស្ស​មេធាវី​ជំនាន់​​ទី១០​ ទី១១និង​ ទី១២​ និង​បើក​វគ្គ​​សិក្សា​ វិជ្ជាជីវៈ​មេធាវី​​ដល់​​សិស្ស​​មេធាវី ​ជំនាន់​ទី១៣​ នៃ​មជ្ឈ​​មណ្ឌល​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មេធាវី​នាព្រឹក​ថ្ងៃទី២៩​ កក្កដា​ ឆ្នាំ២០១៤​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា សមត្ថភាព​របស់មេធាវីត្រូវពង្រឹងទាំង ក្នុងការអប់រំដំបូង និងការអប់រំបន្ត សំដៅផលិត​ធនធាន​មនុស្សក្នុង​វិស័យ​យុត្តិធម៌ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ការការពារសិទ្ធិ និងសេរីភាពរបស់ប្រ ជាពលរដ្ឋ​តាមច្បាប់ជាធរមាន។
ឯកឧត្តម សុខ អាន បានរម្លឹកអំពីដំណើរការនៃការពង្រឹងនីតិរដ្ឋ និងបង្ហាញ បទពិសោធន៍ ដែលទទួលបាន​ពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្ដីខ្មែរក្រហម ដែលបទពិសោធន៍​ពីសាលាក្ដីខ្មែរ​ក្រហមនោះសម្រាប់ការ ពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងអំពីតម្រូវការ ក្នុងការបើកឲ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំខាន់មួយទៀត គឺ«រដ្ឋបាលតុលា ការ»។



ឯកឧត្តមបានពន្យល់ថា «រដ្ឋបាលតុលាការ» មានតួនាទីគ្រប់គ្រងបុគ្គលិក គ្រប់គ្រងសំណុំរឿងក្ដី ដោយប្រើបច្ចេកវិទ្យា (IT) គ្រប់គ្រងហិរញ្ញវត្ថុ ជាអ្នកបកប្រែ ភាសា និងជាអ្នកនាំពាក្យ​របស់​តុលាការជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរម្លឹកថា ប្រមាណ១០ឆ្នាំមុន ដោយមិនមាន មន្ត្រីចេះចាត់ចែង​រដ្ឋបាលក្នុង​តុលាការ សំណុំរឿងបាននៅសល់រាប់ម៉ឺន មិនបាន កាត់ក្ដី ហើយសំណុំរឿងខ្លះចូលមុន កាត់ក្ដីក្រោយ អ្នកខ្លះទោសត្រូវជាប់ពន្ធនាគារ ៦ខែ តែជាប់ដល់៣ឆ្នាំ ហើយចៅក្រមភ្លេចហៅមកកាត់ក្ដីក៏មាន។ ដូច្នេះយើងត្រូវ បង្កើតឲ្យមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយទៀត គឺ«រដ្ឋបាលតុលាការ» នៅ ក្រោមបណ្ឌិត​សភាវិជ្ជាជីវៈតុលាការ ដែលបច្ចុប្បន្នមានសាលាបណ្ដុះបណ្ដាល វិជ្ជាជីវៈចំនួន០៤រួចហើយ គឺសាលាចៅក្រម សាលាក្រឡាបញ្ជី សាលាសាការី និង សាលាអាជ្ញាសាលា។

ទាក់ទិននឹងដំណើរការនីតិរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងថា ប្រជាធិប តេយ្យត្រូវតែដើរទន្ទឹមនឹងនីតិរដ្ឋ ហើយបើនិយាយពីដំណើរការ នៃការពង្រឹងនីតិ រដ្ឋ គឺត្រូវនិយាយអំពីការកសាងច្បាប់ល្អ ច្បាប់ត្រឹមត្រូវ និយាយអំពីការពង្រីកការ យល់ដឹងអំពីច្បាប់ទាំងនោះដល់ប្រជាជនទូទៅ និងដល់មន្ត្រីរាជការ និងការ​អនុវត្ត ច្បាប់ឲ្យត្រឹមត្រូវ។ ជាអ្នកនៅចំរណសិរ្សជួរមុខ នៃការអនុវត្តច្បាប់មេធាវីត្រូវតែ យល់ដឹងអំពីច្បាប់​ឲ្យបានស៊ីជម្រៅ ហើយវិជ្ជាជីវៈមេធាវី ត្រូវខិតខំតស៊ូការពារកូន ក្ដី ដើម្បីឲ្យតុលាការអនុវត្តច្បាប់បាន​ត្រឹមត្រូវ ដែលនោះហើយជាដំណើរការ នៃ ការពង្រឹងនីតិរដ្ឋ ។
ឯកឧត្តម សុខ អាន បានផ្តល់អនុសាសន៍ចំពោះសិស្សមេធាវីថា មេធាវីមិន ត្រឹមតែមានតួនាទី​ការពារក្តី​ជូនកូនក្ដីនៅគ្រប់កាលៈទេសៈប៉ុណ្ណោះទេ ប៉ុន្តែមេធាវីគឺ ជាធនធានបញ្ញា ដែលបានចូលរួមចំណែក​យ៉ាង​សកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ ហើយបានក្លាយជាកត្តា ដែលមិនអាចខ្វះបានក្នុង​ការចូលរួមអនុវត្តន៍​គោល នយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងទទួលបានការទុកចិត្តពីប្រ ជាពលរដ្ឋទូទៅ​ក៏ដូចជាពាណិជ្ជករផងដែរ។ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យស្របទៅ តាមគោលការណ៍ទីផ្សារសេរី និងគោល​ការណ៍លទ្ធិប្រជាធិបតេយ្យ ច្បាប់ និង សេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា និងមានទំនាក់ទំនងដោយ​រលូនជា​មួយគ្នា។ ជាក់ស្តែង ការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ដែលជាកត្តាចម្បងក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិនោះអាចទទួលបានជោគជ័យ ត្រូវពឹងផ្អែកទៅលើកត្តាជា ច្រើន ដែលក្នុងនោះ​ទំនុកចិត្តទៅលើប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាកត្តា អាទិភាពមួយ ដើម្បីធានាការពារផលប្រយោជន៍ ស្របច្បាប់របស់អ្នកវិនិយោគ។

ឯកឧត្តម សុខ អាន បានស្នើឲ្យគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈមេធាវីបន្ត​បេសក​កម្មដ៏​ប្រពៃរបស់ខ្លួន ដើម្បីបន្តចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់រាជ រដ្ឋាភិបាល។ ក្នុងន័យនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គួរផ្តោតការ យកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការធ្វើទំនើបកម្ម នៃកម្ម វិធីសិក្សារបស់ខ្លួន​ឲ្យមានកម្រិតកាន់តែខ្ពស់ ការបង្កើនសមត្ថភាពសាស្រ្តាចារ្យ ទាំងទ្រឹស្ដី និងការអនុវត្តការងារជាក់ស្ដែង។ ជាមួយគ្នានេះដែរ គណៈមេធាវីក៏ដូច ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គួរពង្រឹង និងពង្រីក​ទំនាក់ទំនងល្អ ជាមួយស្ថាប័នច្បាប់ជាតិ និងអន្តរជាតិទាំងស្ថាប័នសាធារណៈ និងឯកជនបន្ថែម ទៀត ជាពិសេសគណៈមេធាវី និងក្រុមហ៊ុន មេធាវីល្បីៗក្នុងសកលលោក ដើម្បីធ្វើ ការផ្លាស់ប្តូរបទ​ពិសោធន៍​ទៅវិញទៅមក។
របាយការណ៍បណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីបានឲ្យដឹងថា ចាប់តាំងពី ឆ្នាំ ១៩៩៥ មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌល​បានបណ្តុះបណ្តាលមេធាវីបានចំនួន១២វគ្គ ដោយបណ្តុះបណ្តាលមេធាវីបានចំនួន៦០៨នាក់ និងបើកវគ្គសិក្សាវិជ្ជាជីវៈមេធាវី ជំនាន់ទី១៣ចំនួន៥៤នាក់។ បច្ចុប្បន្ននេះ មេធាវីពេញសិទ្ធិដែលកំពុង​ប្រកបវិជ្ជា ជីវៈមេធាវីមានចំនួន៧២៥រូប ដោយបានបើកការិយាល័យរបស់ខ្លួននៅទូទាំង ប្រទេសចំនួន​៣០០ការិយាល័យ៕
ដោយ ពេជ្រ ណារិទ្ធ

ឥណ្ឌារីករាយក្នុងការបន្តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា លើគម្រោងអភិវឌ្ឍន៍វិស័យធារាសាស្រ្ត និងថាមពលអគ្គិសនី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
ឯកឧត្តម Dinesh K. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានជម្រាប នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នា​រសៀល​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងថា រដ្ឋា ភិបាលឥណ្ឌាមាន សេចក្តី សោមនស្ស រីករាយ ក្នុងការបន្តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់កម្ពុជា សម្រាប់គម្រោង អភិវឌ្ឍន៍ក្នុង វិស័យ ធារាសាស្រ្ត និងថាមពលអគ្គិសនី។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រ កបដោយភាព ឈ្លាសវៃ របស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ ក្នុងរយៈពេលជាច្រើនឆ្នាំចុង ក្រោយនេះ។
ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូត ឥណ្ឌា ដែលបានឆ្លៀត ពេល ដ៏មមាញឹកមកជួបពិភាក្សាការងារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ហើយចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ។ លទ្ធផលដ៏ល្អប្រសើរទាំងនេះ មិនអាចកាត់ផ្តាច់ចេញបានពីកិច្ច ខិតខំប្រឹងប្រែង និងការ ចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឥណ្ឌា និងសមានចិត្តរបស់រដ្ឋាភិបាល និង ប្រជាជនឥណ្ឌាផងដែរ ។
ភាគីទាំងពីរ បានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លា ថែមទៀត ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសកិច្ចសហ ប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានា ដែលកំពុង ដំណើរការ និងការពិនិត្យ លទ្ធភាពអនុវត្តន៍គម្រោងថ្មីៗទៀត។
ក្នុងនាមជាមិត្តដ៏ល្អមួយរបស់កម្ពុជា ប្រទេសឥណ្ឌាបានផ្តល់ឥណទាន សម្បទាន ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលរហូត មកដល់បច្ចុប្បន្នមានទឹកប្រាក់សរុបចំនួន ៧៥លាន ដុល្លារអាម៉េរិក សម្រាប់អនុ វត្តន៍គម្រោងអភិវឌ្ឍន៍នានាក្នុងវិស័យធារាសាស្រ្តកសិម្ម និងថាមពលអគ្គិសនី នោះ៕
ដោយ ហ៊ុន យុទ្ធគុណ

ទូរទស្សន៍ខេត្តយូណាននិងទូរទស្សន៍ជាតិកម្ពុជានឹងរៀបចំមហោស្រព និទាឃៈរដូវកម្ពុជា-ចិន២០១៥នៅខែកុម្ភៈ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ ក្រសួងព័ត៌មាន​ កាលពីថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០១៤​ នៅទីស្តីការក្រសួង​ លោក​ Li Jiansheng ​អគ្គនា​យក​វិទ្យុ និងទូរទស្សន៍ខេត្តយូណាន នៃសាធារណរដ្ឋប្រជា មានិតចិន បានជម្រាបថា ទូរទស្សន៍​ខេត្តយូណាន សហការជាមួយទូរទស្សន៍ ជាតិកម្ពុជានឹងរៀបចំមហោស្រពនិទាឃៈរដូវកម្ពុជា-ចិន ២០១៥ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ សម្រាប់ជាឱកាសបង្ហាញឲ្យប្រជាជនកម្ពុជា និងប្រជាជនចិនបាន យល់ និង​ស្គាល់​ពីវប្បធម៌ និងប្រពៃណីពីគ្នាទៅវិញទៅមកកាន់តែច្បាស់ថែម ទៀត ។
នៅក្នុងជំនួបនោះ លោកអគ្គនាយបានជម្រាបឯកឧត្តមរដ្ឋមន្រ្តីពីសកម្ម ភាព នៃកិច្ចសហប្រតិបត្តិការរវាង​ទូរទស្សន៍ខេត្តយូណាន ជាមួយទូរទស្សន៍ក្នុង ប្រទេសថៃ កាលពីឆ្នាំ២០១៣ និងជាមួយទូរទស្សន៍ឡាវនៅ ឆ្នាំ២០១៤ ក្នុងការ បង្ហាញពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសនីមួយៗទៅវិញទៅមក។ ដូច្នេះការ រៀបចំជា​មហោស្រព​នៅ ឆ្នាំ២០១៥ខាងមុខនេះក្នុងប្រទេសកម្ពុជា ទូរទស្សន៍ ខេត្តយូណាន បានជួបពិភាក្សា​ជាមួយមន្ត្រី នៃក្រសួងពាក់ព័ន្ធជាច្រើន ដើម្បី ពិនិត្យសម្ភារបច្ចេកទេស និងទីកន្លែងដែលត្រូវប្រារព្ធពិធី ហើយទូរទស្សន៍ខេត្ត យូណាននឹងធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍នេះទៅប្រទេសចិនផងដែរ។
នៅក្នុងព្រឹត្តិការណ៍មហោស្រពនិទាឃៈរដូវនេះ ក៏នឹងមានគម្រោងគោរព អញ្ជើញសម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ផងដែរ ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្តែងការគាំទ្រចំពោះគម្រោងសហ ប្រតិបត្តិការរវាងទូរទស្សន៍ជាតិកម្ពុជា ជាមួយទូរទស្សន៍ខេត្តយូណាននៃប្រទេស ចិន ក្នុងការរៀបចំជាមហោស្រពនិទាឃៈរដូវកម្ពុជា-ចិន២០១៥នេះឡើង។ ឯក ឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាសហការគ្នាឲ្យ បានល្អ ដើម្បីឲ្យដំណើរការកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ សម្រាប់ជា ផលប្រយោជន៍រួម​នៃប្រទេស​ទាំងពីរកម្ពុជា-ចិននោះ៕
ដោយ ហ៊ុន យុទ្ធគុណ

ក្រសួងពាណិជ្ជកម្មជំរុញឲ្យការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ នៅតាមក្រសួង ស្ថាប័នឲ្យបានត្រឹមត្រូវ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
ក្នុងសិក្ខាសាលាស្ដីពីការយល់ដឹង លើការវាយ តម្លៃផល ប៉ះ ពាល់ នៃលិខិត បទដ្ឋានគតិយុត្ត ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្រសួង ពាណិជ្ជកម្ម គឺជាក្រសួង ដែលមានការពាក់ ព័ន្ធច្រើនដល់វិស័យឯកជន ហើយ ច្បាប់ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម បានផ្ដល់នូវសារសំខាន់ និងផ្ដល់ការទុកចិត្ដ សម្រាប់អ្នកវិនិយោគបរទេស និងអាជីវករក្នុងស្រុក ព្រោះថា វិស័យឯកជនគឺ ស្នូល យ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិឲ្យមានការរីក ចម្រើន។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិត បទដ្ឋានគតិយុត្ត ត្រូវរៀបចំច្បាប់ និងលិខិតបទដ្ឋានឲ្យ បានល្អប្រសើរ នៅតាម ក្រសួង ស្ថាប័នរបស់រដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំតាក់តែងច្បាប់ នៅតាមក្រសួងនីមួយៗមានលក្ខណៈស៊ីគ្នា ប្រកបដោយស្ដង់ដារត្រឹមត្រូវ ចៀស វាងការជាន់មុខងារគ្នា ព្រមទាំងបង្កើតជាបញ្ហាទំនាស់ ដែលបង្កឲ្យប៉ះពាល់ ដល់អ្នកវិនិយោគទុនបរទេស និងអាជីវករ ក្នុងស្រុក នោះ។
ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា ក្នុងចំណោមក្រសួង ស្ថាប័នទាំង អស់ក្រសួងពាណិជ្ជកម្ម គឺជា ក្រសួង ដែលមានច្បាប់ច្រើនជាងបណ្ដាក្រសួង ផ្សេងៗទៀត ពិសេសពាក់ព័ន្ធនឹងវិស័យឯកជន ការវិនិយោគ ក្នុងស្រុក និងបរ ទេស ហើយនៅចុង ឆ្នាំ២០១៤នេះ ក្រសួងនឹងរៀបចំច្បាប់ចំនួន ៣បន្ថែមទៀត ទាក់ទងនឹងការការពារអ្នកប្រើប្រាស់ច្បាប់អ៊ីខុមឹស និងច្បាប់ប្រកួតប្រជែង ដើម្បី ផ្ដល់នូវទំនុកចិត្ដដល់អ្នកវិនិយោគ ពិសេសស្របតាមច្បាប់ស្ដង់ដារអាស៊ាន និង អន្ដរជាតិ។
ឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជានាយក គម្រោង វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋាន គតិយុត្តមានប្រសាសន៍ថា ការវាយតម្លៃ លើផល ប៉ះពាល់នៃ លិខិតបទដ្ឋានគតិ យុត្ត គឺជាការវិភាគមានលក្ខណៈជាប្រព័ន្ធលើសំណើប្បញ្ញត្ដិកម្ម ដែលជាឧប ករណ៍ និងវិធីសាស្រ្ដត្រូវបានប្រើប្រាស់សម្រាប់ការព្រាងសំណើប្បញ្ញត្ដិកម្ម ឲ្យប្រសើរឡើង ដោយផ្ដល់ ព័ត៌មាន អំពីបន្ទុកចំណាយ និងផលចំណេញឲ្យបាន ច្បាស់លាស់ ដើម្បីលើកកម្ពស់គោល នយោបាយ ប្រកួតប្រជែង ព្រមទាំងអភិ បាលកិច្ចល្អ។
ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីការវាយតម្លៃឃើញថា ការអនុវត្ដគម្រោងវាយ តម្លៃលើផលប៉ះពាល់ នៃលិខិត បទដ្ឋានគតិយុត្តក្នុងដំណាក់កាលសាកល្បងនេះ ទទួលជោគជ័យ រាជរដ្ឋាភិបាលគ្រោងនឹង រៀបចំសេចក្ដី ព្រាងអនុក្រឹត្យស្ដីពីការ ដាក់ឲ្យអនុវត្ដន៍នូវវិធីសាស្រ្ដ សម្រាប់វាយតម្លៃផលប៉ះពាល់នៃសំណើព្រាង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានផលប៉ះពាល់ដល់ផ្នែកធុរកិច្ច និងវិនិ យោគនៅកម្ពុជា៕
ដោយ អ៊ុន រិទ្ធី

អគារចំនួន០២ខ្នងជាជំនួយឥតសំណងរបស់ជប៉ុនបានសាងសង់ ក្នុងមន្ទីរពេទ្យក្រុងព្រះសីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
អគារចំនួន០២ខ្នង ក្នុងបរិវេណ មន្ទីរពេទ្យ ក្រុងព្រះ សីហនុ ដែលជាជំ នួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន បានបើកការដ្ឋានសាង សង់កាល ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម គូម៉ាម៉ារូ យូជិ អគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅ ព្រះរាជា ណាចក្រ កម្ពុជា។
ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយនេះ ដោយមានប្រសាសន៍ថា សមិទ្ធផល នៃវិស័យសុខាភិបាលខេត្តព្រះសីហនុ ដែលទទួលការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលជប៉ុន និងប្រជាជន ជប៉ុន នេះគឺជា សមិទ្ធផលថ្មីមួយទៀតរបស់ខេត្តនិយាយដោយឡែក និងនិយាយជារួមជា សមិទ្ធផលរបស់កម្ពុជា ដែលជានិច្ចកាលជប៉ុនតែងតែជួយឧបត្ថម្ភគាំទ្រដល់ ការអភិវឌ្ឍលើគ្រប់វិស័យតាំងពីដើមរៀងមក។
គម្រោងសាងសង់អគារ០២ខ្នង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុនោះ រួមមានអគារ សម្រាប់អ្នកជំងឺសម្រាកព្យាបាលកម្ពស់០១ជាន់ និងអគាររដ្ឋបាលកម្ពស់០២ជាន់ ព្រមទាំងបំពាក់ សម្ភារ ឧបករណ៍ពេទ្យទំនើប ៗបន្ថែមទៀត។ ការសាងសង់អគារនៅលើផ្ទៃដីទំហំ៥ ១៨៥ ម៉ែត្រក្រឡានេះ ត្រូវចំណាយទឹកប្រាក់អស់ចំនួន១.៥៥៤.០០០.០០០យ៉េន ប្រហាក់ប្រហែល ស្មើនឹង១៥.៥៤០.០០០ដុល្លារ សហរដ្ឋអាមេរិក ដែលគម្រោងននឹងត្រូវបញ្ចប់ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៥ ខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា អគារមន្ទីរពេទ្យថ្មីនេះនឹងឆ្លើយតប យ៉ាងសំខាន់​ទៅនឹងតម្រូវការ​ចាំបាច់របស់ប្រជាជន និងស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម គូម៉ាម៉ារូ យូជិ បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនគាំទ្រ ដល់ការអភិវឌ្ឍសង្គមនៅកម្ពុជា ហើយការកែលម្អវិស័យសុខាភិបាលត្រូវ បានចាត់ទុកថា ជាវិស័យអាទិភាពខ្ពស់បំផុតមួយ។ សមិទ្ធផល ដែលជប៉ុន បានជួយក្នុងវិស័យសុខាភិបាល រួមមានជំនួយឥតសំណងសម្រាប់ការសាង សង់មជ្ឈមណ្ឌល​ជាតិគាំពារមាតា និងទារកនៅភ្នំពេញ ការសាងសង់ធ្វើឲ្យថ្មី ឡើងវិញសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងការសាងសង់មជ្ឈមណ្ឌល ជាតិកម្ចាត់ រោគរបេង និងហង់សិន។
ឯកឧត្តមទូតមានប្រសាសន៍ រាជរដ្ឋាភិបាលជប៉ុនក៏បានផ្តល់ផងដែរនូវ ជំនួយបច្ចេកទេស ដើម្បីអភិវឌ្ឍន៍​ធនធាន​មនុស្សនៅក្នុងវិស័យសុខាភិបាល ដោយការបញ្ជូនអ្នកជំនាញការជប៉ុនមកកម្ពុជា និងការទទួល​យកកម្មសិក្សាការី កម្ពុជាទៅបណ្តុះបណ្តាលនៅប្រទេសជប៉ុនជាដើម។ ឯកឧត្តមបានបន្ត ទៀតថា គម្រោង​ធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្តល់ ហិរញ្ញប្បទានដោយជំនួយ​ឥតសំណងរបស់រដ្ឋា​ភិបាលជប៉ុន គឺមានគោលបំ ណងកែលម្អធ្វើឲ្យប្រសើរឡើងនូវគុណភាពកម្រិតខ្ពស់ នៃសេវាកម្មសុខា ភិបាល និងប្រព័ន្ធបង្អែកនានានៅក្នុងតំបន់នេះ និងដើម្បីពង្រឹងសមត្ថភាព នៃ ការពិនិត្យ ការវិភាគជំងឺ និងការព្យាបាល គម្រោងសាងសង់អគារសម្ភព និងព្យាបាលរោគស្រ្តី អគារព្យាបាលជំងឺកុមារ អគារវះកាត់ និងជំងឺទូទៅបន្ទប់វះ កាត់ និងអគារសង្គ្រោះបន្ទាន់ និងថតឆ្លុះរូបភាព ដែលគម្រោងទាំងនេះក៏ផ្តល់ ជូនផងដែរនូវសម្ភារវេជ្ជសាស្ត្រ ដែលចាំបាច់ដើម្បីឲ្យមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុអាចផ្តល់សេវាកម្ម​វេជ្ជសាស្ត្របានល្អប្រសើរ ៕
ដោយ ងូ សុមុនី

អំណោយសង្រ្គោះបន្ទាន់បានចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ប៉ា សុជាតិវង្ស អភិ បាលរាជធានីភ្នំពេញ​បាន​អញ្ជើញ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ និងនាំ​យក​អំណោយ​ សង្គ្រោះ​ បន្ទាន់ ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ ដោយ​អគ្គីភ័យ​នៅភូមិ​ទ្រា២​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ័យ ចំនួន៦០​ខ្នង​ផ្ទះ​ស្មើនឹង១១៩គ្រួ សារ ដើម្បីជាការជួយ សម្រួលដល់ ការលំបាក របស់​ប្រជាពល​រដ្ឋទាំងនោះ។
ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានធ្វើការផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋរងគ្រោះទាំង អស់ត្រូវចេះរួមសាមគ្គី និងជួយគ្នា ទៅវិញទៅមកក្នុងគ្រាលំបាកនេះ និងបានបញ្ជាក់ថា អំណោយទាំងនេះថ្វីត្បិតមានចំនួនតិចតួចពិតមែន ប៉ុន្តែនេះជា សន្តានចិត្ត ជាវប្បធម៌ចែករំលែករបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជា ពិសេសគឺ សាខាកាក បាទក្រហមរាជធានីភ្នំពេញ ដែលតែងតែចុះជួយដល់បងប្អូនជនរងគ្រោះ ដោយមិនប្រកាន់ និន្នាការ នយោបាយ និងអនុវត្តន៍តាម ទិសស្លោក ទីណាមានការលំបាក ទីនោះមានមុខកាកបាទក្រហមកម្ពុជា ចុះមកសួរសុខទុក្ខ និងនាំអំណោយសង្គ្រោះបន្ទាន់ចែកជូនដល់បងប្អូនប្រជា ពលរដ្ឋមិនដែលខានឡើយ។
ឯកឧត្តមអភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការ ប្រុងប្រយ័ត្នចំពោះភ្លើងចង្ក្រាន ទាន ធូប និងចរន្តភ្លើងអគ្គិសនីជាដើម ព្រោះវាងាយកើតឡើងនូវគ្រោះអគ្គីភ័យ ដែលបំផ្លិចបំផ្លាញផ្ទះ សម្បែង ទ្រព្យសម្បត្តិ ឯកជន និងសាធារណៈនោះ។
អំណោយដែលបានចែកជូនក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម តង់ចំនួន០១ និងថវិកា២២ម៉ឺនរៀល មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ ក្រមា មុង ភួយ ទឹកសុទ្ធ ឱរ៉ាល់០១កេស អំបិល ស្ករស ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនទៀត៕
ដោយ សួស សំរិត

សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិល និងតម្រួតអាកាសយានដ្ឋានអន្តរជាតិ

AKP ភ្នំពេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
រាជរដ្ឋាភិបាលកម្ពុជា បាន សម្រេច​តែង​តាំង​សមាស​ភាព​គណៈ​កម្មាធិការ ជាតិសន្តិសុខអាកាសចរស៊ីវិល និងតែងតាំងសមាសភាពតម្រួតអាកាសយាន ដ្ឋាន​អន្តរជាតិ ដើម្បីគ្រប់គ្រងសន្តិសុខអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រ កម្ពុជាឲ្យ​បានកាន់​តែល្អ​ប្រសើរ​នោះ។
យោងតាមសេចក្តីសម្រេច ដែលមាន៣ប្រការ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៤ ដែលបាន​ចុះហត្ថលេខា​ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្រេចតែងតាំងឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជា ប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិល ដែលមានអនុប្រធាន ចំនួន០៨រូប និងសមាជិក​ចំនួន១៦ រូបផងដែរ។
ចំណែកឯកឧត្តម សយ សុខាន់ អនុលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានតែងតាំងជាប្រធាន​តម្រួត​អាកាសយានដ្ឋានអន្តរជាតិ ដែលមានអនុប្រ ធានចំនួន០២រូប និងសមាជិក និងសមាជិក​ប្រចាំការ​ចំនួន​០៥រូប។
ការតែងតំាំងតួនាទី និងភារកិច្ចនៃសមាសភាពគណៈកម្មាធិការជាតិនេះ គឺដើម្បីសម្រួលដល់ការគ្រប់គ្រង និងពង្រឹងនូវការអនុវត្តតាមសេចក្តីសម្រេច កាន់តែមានតម្លាភាព ក៏ដូចជាការរៀបរចនាសម្ព័ន្ធ​គ្រប់គ្រង​ឲ្យកាន់តែមានភាព ប្រសើរឡើងផងដែរ។
សេចក្តីសម្រេចនោះបានបញ្ជាក់ថា រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រ សួងការពារជាតិ រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិ​បត្តិការ​អន្តរជាតិ រដ្ឋ មន្រ្តីក្រសួងពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្រ្តីក្រសួង សុខាភិបាល រដ្ឋលេខា​ធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្រ្តីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជ ធានី ខេត្ត ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន ក្រុមហ៊ុនគ្រប់គ្រង​សេវា​កម្មចរា ចរដែនអាកាស ព្រមទាំងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុ វត្តន៍សេចក្តី សម្រេច​នេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
ដោយ សុខ វិចិត្រ

បង្កើតក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

AKP ភ្នំពេញថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៤
ក្រសួងបរិស្ថាន បានសម្រេចបង្កើតក្រុមការងារសម្របសម្រួលការវាយ តម្លៃហេតុប៉ះពាល់បរិស្ថាន (ស.វ.ហ.ស្ថ) សំដៅបង្កើនប្រសិទ្ធភាពការងាររបស់ ក្រសួងបរិស្ថាននោះ។
យោងតាមសេចក្តីសម្រេចមាន៧ប្រការ ចុះថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៤ ដែលបានចុះហត្ថលេខាដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មានភារកិច្ច ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិ ស្ថាន និងសង្គមរបស់គម្រោងដែលស្នើឡើង និងសកម្មភាពអភិវឌ្ឍន៍នានារបស់ ឯកជន ឬ សាធារណៈដែលមានស្រាប់ និងកំពុងដំណើរការបន្ទាប់ពីនាយកដ្ឋាន អង្កេត ពិនិត្យការវាយតម្លៃហេតុប៉ះពាល់បរិស្ថានបានពនិត្យនិងផ្តល់យោបល់ រួច។ ផ្តល់យោបល់ជាលាយលក្ខណ៍អក្សរជូនម្ចាស់គម្រោង ដើម្បីកែសម្រួលលើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។ ផ្តល់ការយល់ព្រម ឬការបដិសេធលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។ រាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានផ្ទាល់ អំពីលទ្ធផលនៃកិច្ចប្រជុំអន្តរនាយក ដ្ឋាន និងអន្តរក្រសួង ដើម្បីមានមូលដ្ឋានសម្រេចឯកភាពលើរបាយការណ៍វាយ តម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។ ត្រួតពិនិត្យលើការអនុវត្តគម្រោង ដែល បានអនុម័តលើរបាយកាណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។ អនុ វត្តន៍ការងារផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន ។
នាយកដ្ឋានអង្កេត ពិនិត្យការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាសេនាធិ ការដ្ឋានរបស់ (ស.វ.ហ.ស្ថ) ដែលមានតួនាទីសម្របសម្រួល និងផ្តល់នូវកិច្ច គំាពារខាងរដ្ឋបាល និងបចេ្ចកទេសនានា អនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ នាយដ្ឋានអង្កេត ពិនិត្យការវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវ ទទួលអនុវត្តន៍ភារកិច្ចខ្លួនទៅតាមគោលការណ៍បច្ចេកទេស រួមមានការចំណាត់ ថ្នាក់គម្រោង ការកំណត់វិសាលភាពគម្រោង ការកំណត់លក្ខខណ្ឌការងារ គម្រោងការពិនិត្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ការ អង្កេតការគម្រោង និងចូលរួមជាសាធារណៈជាដើម៕
ដោយ សុខ វិចិត្រ

ឯកឧត្តម ជា សុផារ៉ា កត់សម្គាល់ពីលទ្ធផលនៃគម្រោងស្តារ ការខូចខាតដោយព្យុះកេតសាណា

AKP ខេត្តសៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
នៅក្នុងសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយ លទ្ធផល ការងារគម្រោង ស្តារឡើងវិញនូវហេដ្ឋារចនាសម័្ពន្ធ ដែលខូចខាត ដោយព្យុះ កេតសាណា នៅសណ្ឋាគារ សុខាអង្គរខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៤ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង អភិវឌ្ឍន៍ជនបទ បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សារភ្ជាប់រវាងជនបទ និងទីប្រជុំជន គឺសំដៅ ធ្វើយ៉ាងណាឲ្យជនបទទទួលបានផលចំណេញពីសក្តានុពលសេដ្ឋកិច្ច សង្គមពេញបរិបូណ៌។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា តាមរយៈការចុះត្រួតពិនិត្យជាមួយក្រុមបេសកកម្មធនាគារ ពិភពលោក ក្រុមទីប្រឹក្សា អាជ្ញាធរមូលដ្ឋានទៅលើសមិទ្ធ ផលគម្រោង នៃបណ្តាខេត្តទាំង៧បានធ្វើ ឲ្យប្រជាពលរដ្ឋ មានការអបអរសាទរ និងពេញចិត្តចំពោះគុណភាពសំណង់ ដែលសាងសង់ឡើងតាមបទដ្ឋានបច្ចេក ទេសត្រឹមត្រូវ ជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ពីទីក្រុងទៅទីជនបទ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបង្កើននូវមុខរបរថ្មី សំខាន់គឺស្ត្រីមេផ្ទះ និងការធ្វើចំណាក ស្រុក។ ឯកឧត្តម ជា សុផារ៉ា បានថ្លែងឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទកំពុងដើរ តួនាទីនៅក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងសកម្ម ភាពអភិវឌ្ឍជាតិ និងកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាល ទី៣របស់ រាជរដ្ឋា ភិបាល កម្ពុជា។
ឯកឧត្តម ជា សុផារ៉ា ក៏បានគូសបញ្ជាក់ថា ផ្លូវលំជនបទ ផ្លូវក្រួសក្រហមមួយ ចំនួនត្រូវបានប្រែក្លាយ ទៅជាផ្លូវចាក់ក្រាលកៅស៊ូ និងបេតុង ដើម្បីកាត់ បន្ថយផលប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ទាំងអនាម័យសុខ ភាព និងចំណេញការចំណាយថវិកាព្យាបាលជំងឺ និងកាត់បន្ថយពេលវេលាធ្វើ ដំណើរ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់បងប្អូនទៅកាន់ទី ផ្សារ និងកាត់បន្ថយអត្រាបោះ បង់ចោលការសិក្សារបស់សិស្ស ចូលរួមលើក ស្ទួយវិស័យទេសចរណ៍ និងមានទឹកស្អាតប្រើប្រាស់ ធ្វើឲ្យសុខភាពរឹងមាំទៀត ផង។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តទៀតថា សមិទ្ធផល ដែលលេចចេញជារូបរាង ទាំងនេះ ជាចក្ខុវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋនៅទី ជនបទនូវឱកាសស្មើៗគ្នា។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកបទពិសោធន៍ អនុសាសន៍ល្អៗ ដែលកើតឡើង ពីអង្គសិក្ខាសាលានេះទៅអនុវត្តន៍ ហើយក្រសួងក៏មានសង្ឃឹមថានឹងទទួលបាន នូវហិរញ្ញប្បទាន ពីដៃគូ អភិវឌ្ឍន៍ ដើម្បីអនុវត្តន៍គម្រោងថ្មីៗនៅពេលអនាគតបន្តទៀត។
ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរាជរដ្ឋាភិ បាលកម្ពុជានៅក្នុងខេត្តគោលដៅចំនួន០៧គឺខេត្តកំពង់ធំ សៀមរាប បន្ទាយ មានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រាប់រយៈពេល៤ឆ្នាំចាប់ពីខែវិច្ឆិកា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីស្តារឡើង វិញនូវហេដ្ឋារចនា សម្ព័ន្ធខូចខាត ដោយព្យុះ កេតសាណា ដែលកើតឡើងឆ្នាំ២០០៩ លទ្ធផលសម្រេចបានជូនប្រជាពលរដ្ឋនៅ តាមជនបទរួម មានផ្លូវប្រវែង ៦១៥ គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូប្រភេទ SBST ប្រវែង២៩២,១៧ គីឡូ ម៉ែត្រ ផ្លូវបេតុងប្រវែង៣.១០០ គីឡូម៉ែត្រ និងសំណង់សិល្បការ មានស្ពាន លូប្រអប់ លូមូល ព្រមទាំងបាន ផ្តល់អណ្តូងទឹកស្អាត១.៣២៩ អណ្តូង និងបង្គន់អនាម័យចំនួន១៨.៤៦៥បង្គន់ ។
ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយព្យុះកេតសាណា មានទឹកប្រាក់សរុបប្រមាណ៤០លានដុល្លារ ក្នុងនោះ ២០លានដុល្លារជាឥណ- ទានសម្បទាន និង២០លានដុល្លារទៀតជាហិរញ្ញប្បទានឥតសំណង៕
ដោយ ជ័យ ភូមិពល

គណបក្សប្រជាជនកម្ពុជាគាំទ្របេក្ខភាព លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ជាសមាជិកទី៩នៃគ.ជ.ប


រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រគល់រង្វាន់ជ័យលាភីដល់បេក្ខជន បេក្ខនារី ជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធីស្តាប់ចម្រៀងខ្ញុំ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កម្មវិធី​ស្តាប់​ចម្រៀង​ខ្ញុំ​ «Hear My Song»​ រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ សប្បាយ​ ដែល​ជាកម្ម​វិធីស្វែងរកយុវវ័យ ដែលមានទេពកោសល្យក្នុងការតែង និពន្ធបទភ្លេង និង​ចម្រៀង​ថ្មី​ៗ​ដោយ​ខ្លួនឯង​បាន​បញ្ចប់​ក្រោយ​ពី​ដំណើរ​ការ​អស់​ រយៈ​ពេល៥​ខែកន្លងមក​និងរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីជាប់ចំណាត់ថ្នាក់ នាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ នៅមជ្ឈ​មណ្ឌលកោះពេជ្រ ក្រោមអធិបតី ភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោក ជី សិលា ប្រធានក្រុមហ៊ុនសប្បាយបានឲ្យដឹងថា កម្មវិធីស្តាប់ ចម្រៀងខ្ញុំ មានបេក្ខជន បេក្ខនារី ដាក់ពាក្យសុំចូលប្រកួតប្រជែងចំនួន៥០រូប ហើយរហូតដល់វគ្គចុងក្រោយនេះ ជម្រុះសល់តែ១០រូបប៉ុណ្ណោះ ដើម្បីប្រកួតបន្ត ជ្រើសរើសយកលេខ១ដល់លេខ៣ ហើយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំ ណងជ្រើស​រើស​យុវវ័យមានទេពកោសល្យ ក្នុងការតាក់តែងនិពន្ធបទភ្លេង និង ចម្រៀងថ្មី ដោយមិនយកតាម​លំនាំបទ​ចាស់ ក៏ដូចជាការលើកទឹកចិត្តចំពោះ អ្នកនិពន្ធវ័យក្មេងជាយុវជនខ្មែរ ចេះនិពន្ធបទភ្លេង និងចម្រៀងដោយ​ខ្លួនឯងឲ្យ បានកាន់តែច្រើន ដើម្បីកាត់បន្ថយការចម្លងបទភ្លេងពីបរទេស និងលើកកម្ពស់ វិស័យសិល្បៈ និងវប្បធម៌ខ្មែរឲ្យកាន់តែរឹងមាំ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការរៀបចំកម្មវិធីនេះ ឡើង ដើម្បីផ្តល់ឱកាសដល់​យុវជន​ខ្មែរ ដែលមានទេពកោសល្យបញ្ចេញស្នាដៃ ក្នុងការតាក់តែងនិពន្ធបទភ្លេង និងចម្រៀងដោយខ្លួនឯង មិន​ចម្លងស្នាដៃរបស់ គេ។ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកថា កន្លងមកក្រសួងព័ត៌មានបានរៀបចំមហោ ស្រពតន្រ្តី​ចម្រៀងសម័យថ្នាក់ជាតិពីរលើករួចមកហើយ ប៉ុន្តែការតែងនិពន្ធបទ ភ្លេង និងចម្រៀងនោះគឺពួកគាត់​នៅតែចេញមិនផុតពីលំនាំរបស់ម្ចាស់សំឡេង មាស លោក ស៊ីន ស៊ីសាមុត លោក សុះ ម៉ាត់ អ្នកស្រី រស់ សេរីសុទ្ធា និងបណ្តា អ្នកនិពន្ធជើងចាស់ជាច្រើនទៀត ក្នុងសម័យទសវត្សរ៍ទី៦០ ដែលជាបទចម្រៀង មួយសម្រាប់តែវ័យចំណាស់ ខុសពីការរៀបចំរបស់កម្មវិធីស្តាប់ចម្រៀងខ្ញុំ ដែល ការនិពន្ធបទភ្លេង និងចម្រៀងសម្រាប់យុវវ័យ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងព័ត៌មាន និងទូរទស្សន៍​ជាតិនឹង​ធ្វើការពិនិត្យ និងជ្រើសរើសបេក្ខជន បេក្ខ នារីជាប់ចំណាត់ថ្នាក់ និងបេក្ខជន បេក្ខនារីណា ដែលមាន​ស្នាដៃល្អយកមកថត ជាចម្រៀងចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា ឬក៏មានក្រុមហ៊ុនថតចម្រៀង ណាចង់ទិញស្នាដៃបទចម្រៀងទាំងនោះយកទៅថតក្នុងផលិតកម្មរបស់ខ្លួន ក៏ បាន ដើម្បីឆ្លើយតប​ទៅនឹងទីផ្សារចម្រៀងដែលកំពុងរីកចម្រើន។
បេក្ខជន បេក្ខនារីទាំង១០រូប ដែលបានជ្រើសរើសមកប្រកួតប្រជែងនៅវគ្គ ចុងក្រោយនេះ​ត្រូវបញ្ចេញ​សមត្ថភាពរបស់ខ្លួន តាមរយៈការច្រៀងផ្ទាល់នៅលើ ឆាក ហើយផ្តល់ពិន្ទុ​តាមរយៈការបោះឆ្នោត​មាន៣​លក្ខខណ្ឌ គឺទី១ការបោះ ឆ្នោតពីមហាជន៤០% ទី២តាមរយៈការផ្តល់ពិន្ទុពីគណៈកម្មការចំនួន៤រូប ៣០% និងទី៣ ការផ្តល់ពិន្ទុរវាងបេក្ខជន បេក្ខនារីទាំង១០រូបទៅវិញទៅមក៣០%៕
ដោយ ហ៊ុន យុទ្ធគុណ

សម្តេចតេជោអបអរសាទរចំពោះប្រធានាធិបតីជាប់ ឆ្នោតសាធារណរដ្ឋឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើសារ​លិខិត​ជូន​ ចំពោះ​ឯកឧត្តម​ ចុកុវី វីដុដុ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធា​នាធិប​តី​សាធារណរដ្ឋ​ ឥណ្ឌូណេស៊ី​ កាល​ពី​ពេល​ថ្មីៗនេះ។​
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិយាយនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៤ ថា សម្តេច​តេជោនាយករដ្ឋមានប្រសាសន៍ថា តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមាន​កិត្តិយស​សូម​សម្តែង​នូវការអបអរ សាទរយ៉ាងកក់ក្ដៅ និងដោយស្មោះអស់ពីដួងចិត្តរបស់ខ្ញុំ ជូនចំពោះឯកឧត្តម ដែល​បានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដោយមាន​ជំនឿ​ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ក្នុងនាមជាប្រធានាធិបតីឥណ្ឌូនេស៊ី ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែម ទៀត ក្នុងបណ្ដា​ឆ្នាំខាងមុខសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើងទាំងពីរ ក៏ដូចជាសម្រាប់ផល​ប្រយោជន៍​រួម នៃគ្រួសារអាស៊ានទាំងមូលផង ដែរ។
សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ និងសូមទទួលនូវសព្វសាធុការពរ ប្រកប​ដោយ​​សុខភាពល្អ និងជោគជ័យធំធេងក្នុងការបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ឯកឧត្តម និងសូមវិបុលភាព​កើតមានបន្តទៀត សម្រាប់ប្រជាជនឥណ្ឌូណេស៊ី៕
ដោយ ជ័យ ភូមិពល

ប្រទេសបារាំងមានការរីករាយយ៉ាងខ្លាំងចំពោះ ការវិវត្តន៍ផ្នែកនយោបាយនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ 
ឯកឧត្ដម Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតថ្មី នៃ សាធារណរដ្ឋ បារាំងប្រចាំ កម្ពុជាបានថ្លែងថា ប្រទេស បារាំង មាន ក្តីរីករាយ យ៉ាងខ្លាំង ចំពោះ ការវិវត្ត ផ្នែកនយោបាយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ ហើយបារាំងសូមស្វាគមន៍ និងសង្ឃឹមថា គណ បក្សនយោបាយទាំងពីរនឹងសហការគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកម្ពុជាកំពុងតែ ប្រឈមនោះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុង ជំនួបសម្តែង ការគួរសមលើកដំបូង ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៤ ឯកឧត្ដម Jean-Claude Poimboeuf បានថ្លែងថា បារាំងតែងតែស្ថិតនៅក្នុង និងដើរ ទន្ទឹមនៅជាមួយកម្ពុជាជានិច្ច នេះហើយជា បេសកកម្មការទូតរបស់ឯកឧត្ដមមកកាន់ព្រះរាជា ណាចក្រកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្ដមឯកអគ្គរដ្ឋ ទូតថ្មី នៃប្រទេស បារាំងប្រចាំកម្ពុជា និងថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលតែងតែ ផ្ដល់នូវកិច្ចសហ ប្រតិបត្តិការ ល្អក្នុងការជួយដល់ព្រះជាណាចក្រកម្ពុជា។ សម្ដេចតេជោមាន ប្រសាសន៍ថា ពីមុនកម្ពុជាបាន ទទួលកង ទ័ពមួកខៀវមកកាន់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែឥឡូវនេះកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅ ប្រទេស ក្នុងប្រតិបត្តិការរក្សាសន្តិភាព ដោយសម្ដេចបានស្នើសុំឲ្យបារាំងយកចិត្តទុកដាក់ ក្នុងការជួយមើល ថែទាំគ្នាទៅវិញទៅមក នៅក្នុងបេសកកម្មប្រតិបត្តិការរក្សាសន្តិភាព នៅប្រទេសក្រៅបន្ថែម ទៅលើក្រប ខ័ណ្ឌ អង្គការ សហប្រជាជាតិ។ សម្ដេចក៏បានសម្ដែងនូវការរីរាយចំពោះការរីកចម្រើនលើកិច្ចសហប្រតិបត្តិ ការនានារវាងប្រទេសទាំងពីរ ហើយបានបញ្ជាក់ថា តួនាទីបារាំងគួរតែនឹកទៅដល់ជំនួបកំ ពូលនៅ ឆ្នាំ ១៩៨៧ នៅទីក្រុងប៉ារីស ដែលពេលនោះបារាំងបានលើកទឹកចិត្ត និងយកចិត្តទុក ដាក់សម្របសម្រួល និងឈានដល់ការចុះហត្ថលេខា ហើយបន្ទាប់មកបារាំងក៏បានចូលរួមចំ ណែកក្នុងការជួយអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងថ្លែងថា បារាំងនៅតែបន្តសហការជួយដល់កម្ពុជា ក្នុងកិច្ច ប្រតិបត្តិការ រក្សាសន្តិភាព ហើយបារាំងក៏ចង់ជួយកម្ពុជាធ្វើយ៉ាងណាឲ្យក្លាយជាប្រទេសគំរូ មួយសម្រាប់ប្រទេស ដទៃទៀត និងបានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋ មន្ត្រី ដែលបានមានប្រសាសន៍ ជាវិជ្ជមានចំពោះប្រទេសបារាំងក្នុងការជួយដល់ប្រទេសកម្ពុជា នោះ៕
ដោយ ជឹម ណារី

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះជនខិលខូចដែលចេញវិញ្ញាសាក្លែងក្លាយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បាន​ធ្វើការ​អំពាវ​នាវ​ដល់​សា​ធារ​ណ​ជន ​មាតាបិតា​ ឬអ្នក​អា​ណា​ព្យា​បាល​ និង​សិស្សា​នុសិស្ស​ទាំង​អស់​ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ជនខិល​ខូច​មួយ​ចំនួន​ ដែល​បាន​ធ្វើវិញ្ញា​សាក្លែង​ក្លាយ​គ្រប់​មុខ​វិជ្ជា​ សម្រាប់​ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះទូទៅ និងបំពេញវិជ្ជានាដើមខែសីហាខាមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា បច្ចុប្បន្ននេះមានជនខិលខូចមួយចំនួន​បានធ្វើវិញ្ញាសាគ្រប់មុខវិជ្ជា​សម្រាប់ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ដោយភូតកុហកថា ជាវិញ្ញាសាបែកធ្លាយមុនពេលប្រឡង ក្នុងគោលបំណង​លក់ឬ​ចែកចាយ ដើម្បីរកប្រាក់ចំណេញ។ ការប្រព្រឹត្តអំពើទាំងនេះមានលក្ខណៈផ្ទុយនឹងច្បាប់ជាធរមាន ដូចនេះ​ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការថ្កោលទោសចំពោះជនដែលបាន​ប្រព្រឹត្តអំពើ​ល្មើស​បែបនេះ។
ទន្ទឹមនឹងនេះ ក្រសួងសង្កេតឃើញថា មានការបើកបង្រៀនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយប្រើទម្រង់វិញ្ញាសា ដែលមានលក្ខណៈប្រហាក់ប្រហែល ឬដូច គ្នាទៅនឹងវិញ្ញាសា ដែលធ្លាប់បាន​ចេញក្នុង​ពេលប្រឡងកន្លងមក ដែលទង្វើនេះបង្កឲ្យមានការភាន់ច្រឡំពីគ្រប់មជ្ឈដ្ឋាន និងសាធារណ​ជនថា មានការបែកធ្លាយវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់សាធារណជន មាតាបិតា ឬអាណា ព្យាបាល និង​សិស្សានុសិស្សទាំងអស់ មេត្តាប្រុងប្រយ័ត្នកុំឲ្យមានការភាន់ច្រឡំ ឬចាញ់បោក ការផ្សព្វផ្សាយ​របស់​ជនឆ្លៀតឱកាស ដើម្បីកេងរកផលចំណេញក្នុងសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនេះ​ឲ្យសោះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជានឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០១៤ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន៩៣ ៤៥៦ នាក់ និងមានមណ្ឌលប្រឡង​ចំនួន​១៥៤មណ្ឌល ចែកចេញជា៣ ៧៧៩បន្ទប់នៅទូទាំងប្រ ទេសកម្ពុជា។
ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំមុនមានការថយចុះ ដោយនៅឆ្នាំមុនក្រសួង អប់រំ យុវជន និងកីឡា បាន​រៀបចំ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ កន្លះគឺនៅថ្ងៃទី៥ ទី៦ ទី៧ ខែសីហា ឆ្នាំ២០១៣ ដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១០៧ ៨៣៥ នាក់ និងមានមណ្ឌលប្រឡង​ចំនួន​២៣៤មណ្ឌល ចែកចេញជា៣ ៤៩០បន្ទប់។ សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកាត់​បន្ថយការប្រឡងមករយៈពេលពីរថ្ងៃ វិញ ដោយសារតែក្រសួងបានកាត់បន្ថយវិញ្ញាសា​ប្រឡងពី១០មុខវិជ្ជា​មកត្រឹម៧មុខវិជ្ជាវិញ៕
ដោយ ជឹម ណារី

សម្ដេចតេជោនាយករដ្ឋមន្ត្រីហៅការផ្ដល់សុពលភាពសភា ដល់ឯកឧត្ដម សម រង្ស៊ី ជាបរិយាកាសមួយល្អ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
សម្ដេចអគ្គមហាសេនា​បតីតេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​ផ្ដល់​សុពលភាព​សភា​ដល់​ឯក​ឧត្ដម​ សម ​រង្ស៊ី​ ជា​ដំណើ​ការ​ល្អ​ហើយ ​ដែល​ប្រជាជន​នៅ​ទូទាំង​ប្រទេស​អាច​យល់​បាន​អំពី​ការ​សម្រប​សម្រួល​មួយ ​បើទោះ​ជាមិន​ មាន​វត្ត​មាន​សព្វ​គ្រប់​ទាំង​អស់​ ប៉ុន្តែ​ឯក​ឧត្ដម​ សម​ រង្ស៊ី​ គឺ​ជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​អញ្ជើញ​មក ​ដើម្បីទទួលយកនូវសុពលភាព ដូច្នេះយើងអាចនិយាយបានថាជា បរិយាកាសមួយល្អ។
ឯកឧត្ដម សម រង្ស៊ី ត្រូវបានសម័យប្រជុំសភាជាវិសាមញ្ញនីតិកាលទី៥ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ប្រកាសសុពលភាពជាសមាជិករដ្ឋសភានីតិកាលទី៥ មណ្ឌលខេត្តកំពង់ ចាម ដែលសម័យ​ប្រជុំនេះ​បានធ្វើ​ឡើង​ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមរបស់​សមាជិក សមាជិកាសភាមកពីគណបក្សប្រជា ជនកម្ពុជាចំនួន៦៤រូប។
សម្ដេចតេជោបានថ្លែងមកកាន់អ្នកយកព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំសភាថា ខ្ញុំក៏ បានឆ្លៀតបន្តិចជជែក​ជាមួយឯកឧត្ដម សម រង្ស៊ី ទៅលើបញ្ហាការជ្រើសរើសទុកជាមុននូវ បេក្ខភាពម្នាក់ នៃសមាជិកគណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ដែលគណបក្សទាំងពីរ ត្រូវមានការស្រុះស្រួល ប៉ុន្តែគោរព​សិទ្ធិទៅ​ដល់​សាម៉ីខ្លួន យើងគិតថាមិនទាន់ជាឱកាសសម ស្របប្រហែលជាត្រូវរង់ចាំប៉ុន្មានម៉ោងទៀតនូវពេលវេលា ដែលសាម៉ីខ្លួនឆ្លើយតបជាផ្លូវការ មកចំពោះខ្ញុំ។
ឯចំពោះសមាសភាពដែលជ្រើសរើសដោយគណបក្សប្រជាជនក៏សុំរក្សាសិទ្ធិ ដែរ ព្រោះថា បញ្ហាបោះ​ឆ្នោតជ្រើសរើសត្រូវធ្វើនៅក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញ និងត្រូវធ្វើ នៅក្រោយវិសោធន​កម្មច្បាប់​បោះឆ្នោត ដូច្នេះនៅសល់ពេលវេលាដែលខ្ញុំមិនអាចបញ្ជាក់ជូន បាន ។
ឯកឧត្ដម សមរង្ស៊ី ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា វិបត្តិនយោបាយនៅកម្ពុជាគឺត្រូវ បានបញ្ចប់ហើយជា​គោលការណ៍ និងស្មារតី នៅសេសសល់តែនីតិវិធី បែបបទខ្លះ ដែលនឹង ត្រូវធ្វើក្នុងពេលឆាប់ៗ​ខាងមុខ​នេះ។ ខ្ញុំសង្ឃឹមហើយជឿជាក់ថា នេះជាដំណាក់កាលថ្មីមួយ ដើម្បីពង្រឹងឯកភាព​ជាតិខ្មែរទាំង​អស់រួបរួម​គ្នាជាធ្លុងមួយ ក្នុងគោលបំណងការពារផលប្រ យោជន៍ជាតិយើង ជាពិសេសការពារផលប្រយោជន៍ លើកតម្កើងជីវភាពរស់នៅរបស់ប្រជា រាស្ត្រ។
ជាមួយសំណួរដែលថា តើគណបក្សសង្គ្រោះជាតិចូលស្បថសច្ចាប្រណិធានថ្ងៃណា នោះ ឯកឧត្ដម សម រង្ស៊ី ថ្លែងថា នៅមាននីតិវិធីបែបបទបន្តិចបន្តួចដែលត្រូវបំពេញ ដូចជា នីតិវិធីប្រកាស​បេក្ខជន​គណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោតបេក្ខជនទី៩ ដែលគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិបានព្រមព្រៀងគ្នា ហើយនិងមានការបញ្ជាក់ក្នុង ថ្ងៃនេះឬក្នុងពេលឆាប់ខាងមុខនេះ ដើម្បីបង្ហាញ​ថាវិបត្តិនយោបាយបានបញ្ចប់ហើយនោះ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាមានប្រសាសន៍ក្នុងសម័យប្រជុំសភាវិសាមញ្ញថា យោងតាមមាត្រា៨២ថ្មី វាក្យខណ្ឌចុងក្រោយនៃរដ្ឋធម្មនុញ្ញ និងប្រការ២ នៃបទបញ្ជាផ្ទៃ​ក្នុងនៃ​រដ្ឋសភា​ដែល​ចែងថា តំណាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារ​ចែងក្នុង​ឧបសម្ព័ន្ធ​ទី៥ នៃរដ្ឋធម្មនុញ្ញ។
សូមឯកឧត្ដមអគ្គលេខាធិការនៃរដ្ឋសភាទាក់ទងជាមួយក្រសួងព្រះបរមរាជវាំង ដើម្បីរៀបចំពិធី​សច្ចាប្រណិ​ធានជូន ឯកឧត្ដម សម រង្ស៊ី តំណាងរាស្ត្រថ្មីមុននឹងចូលទៅកាន់តំណែងនោះ៕
ដោយ ជឹម ណារី

ព្រះមហាក្សត្រថ្លែងអំណរគុណរដ្ឋមន្រ្តីក្រសួងព័ត៌មានដែលរៀបចំផ្សព្វផ្សាយ ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋបានល្អប្រសើរ


AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
យោងលិខិតមួយច្បាប់ដែលចុះកាលបរិច្ឆេទថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ របស់សម្តេចចៅហ្វាវាំង វវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ព្រះបរម​រាជវាំង បានឲ្យដឹងថា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន កោតសរសើរដល់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះការរៀបចំ ផ្សព្វផ្សាយព្រះរាជ ពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះបរមរតនកោដ្ឋ បានយ៉ាងល្អប្រសើរនោះ។
នៅក្នុងលិខិតផ្ញើជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្តេចចៅហ្វាវាំង មានប្រសាសន៍ថា ខ្ញុំមានកិត្តិយស សូមជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីមេត្តាជ្រាបថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ សព្វព្រះរាជហទ័យប្រោសព្រះរាជទាន សេចកក្តីថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហ ការីទាំងអស់ ដែលបានចូលរួម និងបានរៀបចំ ផ្សព្វផ្សាយតាមទូរទស្សន៍ និងវិទ្យុ ជាតិ និងឯកជន បានល្អប្រសើរ ក្នុងឱកាសព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះ ករុណាព្រះបរមនរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី១០-១១ និងទី១២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ។
សម្តេចចៅហ្វាវាំងមានប្រសាសន៍ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ សព្វព្រះរាជហឫទ័យ ប្រទានពរបវរមហាប្រសើរ ជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕
ដោយ ជ័យ ភូមិពល

ឆមាសទី១ឆ្នាំ២០១៤គ្រោះថ្នាក់ចរាចរមានការកើនឡើងខ្ពស់ បើប្រៀបធៀបក្នុងឆ្នាំ២០១៣

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—មន្រ្ដីជាន់ខ្ពស់ នៃគណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន លើកឡើងថា ជនរងគ្រោះ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរក្នុងរយៈពេល៦ខែ ដើម ឆ្នាំ២០១៤ នេះគឺមានប្រមាណជាង១ ០០០ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ គឺមានការកើន​ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។
ក្នុងសិក្ខាសាលាស្ដីពីកត្តាហានិភ័យលើការមិនពាក់មួកសុវត្ថិភាព និងការ បើកបរក្រោមឥទ្ធិពល នៃគ្រឿង​ស្រវឹង កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៤ នៅក្រសួងការពារជាតិ ឯកឧត្តម ពៅ ម៉ាលី អគ្គលេខា​ធិការនៃគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរមានការកើនឡើងច្រើន បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៣ ពោលគឺកើន​ឡើងប្រមាណ​ជាង១០០នាក់ ដោយតួលេខនេះគឺគិតតែក្នុងរបាយ ការណ៍របស់ក្រសួងមហាផ្ទៃមួយប៉ុណ្ណោះ មិនទាន់រាប់​បញ្ចូលទិន្នន័យរបស់ក្រ សួងសុខាភិបាលបន្ថែមនោះទេ។ ឯកឧត្តមបញ្ជាក់ថា អ្វីដែលយើងមើលឃើញ ចំពោះរាល់គ្រោះថ្នាក់ចរាចរភាគច្រើន ដែលបានធ្វើការត្រួតពិនិត្យឡើងវិញ នោះគឺទាក់ទងនឹងបញ្ហាល្បឿន បន្ទាប់មកគឺបញ្ហាគ្រឿងស្រវឹង ហើយបញ្ហា សំខាន់មួយទៀត ដែលបណ្ដាលឲ្យមានការគ្រោះថ្នាក់​ចរាចរ​នោះ​គឺការមិន គោរពសិទ្ធិអាទិភាព និងការមិនគោរពច្បាប់ចរាចរណ៍។
ឯកឧត្តមលើកឡើងថា តាមប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចររបស់គណៈ កម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺអ្នកដែលស្លាប់ភាគច្រើនជាកម្មករ និងកសិករ ដែលបានប្រើប្រាស់ទោចក្រយានយន្ដ និងយាន​យន្ដសម្រាប់ដឹក មនុស្សច្រើនធ្វើដំណើរនៅតាមដងផ្លូវ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាងគេគឺ​មន្រ្ដីរាជការ ដែលមានប្រមាណជាង១០ភាគរយ ស្លាប់ដោយគ្រោះ ថ្នាក់ចរាចរ ហើយភាគច្រើន​គឺបណ្ដាល​មកពីការបើកបរហួសល្បឿនកំណត់ និងការសេពគ្រឿងស្រវឹង។ ជាមួយគ្នានេះដែរ ក្នុងចំណោម​អ្នកស្លាប់ប្រមាណ ៧០ភាគរយ ភាគច្រើនគឺជាយុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំដល់៣៥ឆ្នាំ ដែលតាមការត្រួតពិនិត្យ និងវាយតម្លៃលើជនរងគ្រោះទាំងអស់ភាគច្រើនអ្នក ដែលស្លាប់ទាំងនោះ​គឺបណ្ដាលមកពីការមិនពាក់មួកសុវត្ថិភាព។
ឯកឧត្តមអគ្គលេខាធិការក៏បានសំណូមពរដល់ប្រជាពលរដ្ឋ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកប្រើ​ប្រាស់​ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងមានការយោគយល់​អធ្យាស្រ័យ​គ្នាទៅវិញទៅមក ហើយនៅពេលបើកបរសូមកុំសេពគ្រឿងស្រវឹង និងត្រូវពាក់មួកសុវត្ថិភាពឲ្យ បាន​គ្រប់ៗគ្នា។
លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិបានកត់សម្គាល់ ថា ការផ្សព្វផ្សាយនេះគឺជា​ផ្នែកមួយ​យ៉ាងសំខាន់ នៃការបន្ដអនុវត្ដន៍នូវគម្រោង សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយ​គ្រោះថ្នាក់ចរាចរ​ក្នុងគោលដៅលើកកម្ពស់ ការយល់ដឹងរបស់សាធារណៈជនទូទៅ មន្រ្ដីរាជការក៏ដូចជានាយទាហាន ពល ទាហានក្នុងកងយោធពលខេមរភូមិន្ទ ពិសេសការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាព ចរាចរណ៍ បញ្ហាប្រឈម និងកត្តាហានិភ័យនានា នៃការបើកបរយានយន្ដគ្រប់ ប្រភេទ ដោយមិនគោរពច្បាប់ចរាចរណ៍ ការមិនពាក់​មួកសុវត្ថិភាព និងការបើក បរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានបង្ហាញឲ្យដឹងថា ក្នុង​ឆ្នាំ២០១៣ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរសរុប ១ ៩៥០នាក់ ហើយនៅក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៤នេះ មានអ្នកស្លាប់ ប្រមាណជាង១ ១១៧នាក់ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់នៃការស្លាប់ក្នុងឆ្នាំ កន្លងទៅគឺមានការកើនឡើងខ្ពស់៕
ដោយ អ៊ុន រិទ្ធី

ប្រជាពលរដ្ឋជាង១ម៉ឺននាក់បានស្លាប់ក្នុង១ឆ្នំាៗនិងថវិកា ជាង១០០លានដុល្លារត្រូវខាតបង់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
ក្នុងពិធីផ្សព្វផ្សាយសារាចរលេខ០០៣ ស្តីពីការហាម ជក់បារី នៅកន្លែងធ្វើការ និង នៅទីសាធារណៈ ដល់មន្រ្ដីរាជការប្រមាណជាង២០០នាក់នៅសាលារាជធានីភ្នំពេញកាល ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោកស្រី វេជ្ជបណ្ឌិត CARMEN AUDERA LOPEZ តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាជាង១០ ០០០ នាក់បានស្លាប់ ក្នុង១ឆ្នាំៗដោយការជក់បារី ហើយថវិកា ជាង១០០លានដុល្លារត្រូវបានដុតបង្ហុយជាមួយ ផ្សែងបារី មិនតែប៉ុណ្ណោះការ ចំណាយលើការ ព្យាបាល ជំងឺបណ្តាលមកពីការជក់បារីមាន ទំហំធំជាងថវិកាទិញបារីទៅទៀត។
សារាចរនេះសំដៅការពារមនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ ជាពិសេសយុវ ជនឲ្យរួចចាក់ផុត ពីការ បំផ្លាញសុខភាព សេដ្ឋកិច្ច បរិស្ថាន ភាពក្រីក្រ និងឈានទៅលុបបំ បាត់ទាំងស្រុងរាល់ទម្រង់ នៃការផ្សាយ ពាណិជ្ជកម្មផលិតផលថ្នាំជក់ការសេព និងការ បង្ហុយផ្សែង ផលិតផលថ្នាំជក់នៅកន្លែងធ្វើការសាលារៀន និងនៅតាមទីសាធារណៈជា ដើម។
ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលបានសម្រេចចូលជារដ្ឋភាគី អនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណង ដើម្បីឲ្យមានការធានាការ ការពារ សិទ្ធិរស់រានមានជីវិត ជាពិសេសសិទ្ធិសុខភាព សិទ្ធិទទួលបាននូវបរិយាកាសប្រកបដោយសុវត្ថិភាព ដល់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ឯក ឧត្តមបន្ដថា ពិធីផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ គឺសំដៅ ផ្សព្វផ្សាយ ដល់មន្រ្ដីរាជ ការនិងជូនដល់ប្រជាពលរដ្ឋទូទៅ និងអ្នកផ្តល់សេវាទាំងឡាយ រួមទាំង ភោជនីយដ្ឋាន និងមធ្យោបាយធ្វើដំណើរសាធារណៈឲ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ អំពីគ្រោះ ថ្នាក់សុខភាព ដែលបណ្តាលមកពីផលិតផលថ្នាំជក់ ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយ ការពារសុខុ មាលភាពប្រជាពលរដ្ឋយើង។
ឯកឧត្តមបានបញ្ជាក់ថា សាលារាជធានីភ្នំពេញបានខិតខំលើកកម្ពស់សុខភាពជូន ប្រជាពលរដ្ឋ តាមរយៈ​ការពង្រឹងសេវាសុខភាពឲ្យមានគុណភាព ការផ្គត់ផ្គង់ទឹកស្អាត ការ កែលម្អអនាម័យបរិស្ថាន ការលើក​កម្ពស់​សុវត្ថិភាពចំណីអាហារ ការលើកកម្ពស់ការដឹក ជញ្ជូនក្នុងរាជធានីភ្នំពេញឲ្យមាននិរន្តរភាពបររិស្ថាន ការទប់ស្កាត់ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារជាដើម។ អង្គការសុខភាពពិភពលោក បានចាត់ទុក សាលារាជធានីភ្នំពេញជាប្រតិបត្តិករឆ្នើម និងបានសម្រេចផ្តល់​ពាន​រង្វាន់ទិវា ពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៣ ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត CARMEN AUDERA LOPEZ តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ថ្នាំជក់ពិតជាបានសម្លាប់អ្នកប្រើ ប្រាស់៦លាននាក់ស្លាប់ ដោយ​២០ភាគរយនៃជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និង ៧០ភាគរយនៃជំងឺមហារីកបណ្តាល​មកពីការ​ប្រើប្រាស់ថ្នាំជក់នេះ។ មិនត្រឹមតែអ្នកជក់បារី ប៉ុណ្ណោះទេដែលស្លាប់ដោយការប្រើប្រាស់ថ្នាំជក់ ប៉ុន្តែអ្នក​ដែល​ស្រូបផ្សែងបារីពីគេ ក៏បាន ស្លាប់ដោយសារតែស្រូបផ្សែងបារីពីគេដែរ។ ជាមួយនឹងមូលហេតុនេះ ខ្ញុំសូមចូលរួមអបអរ ជាមួយព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវសារាចរណែនាំ​ស្តីពីការហាម​ជក់ បារីនៅកន្លែងធ្វើការ និងទីកន្លែងសាធារណៈ។ យើងទាំងអស់ដឹងហើយថា ការដាក់ចេញ នូវសារាចរ​ណែ​នាំស្តីពីការហាមជក់បារីនេះ មិនត្រឹមតែជួយការពារសុខភាពអ្នកជក់បារី នេះទេ ប៉ុន្តែថែមទាំងជួយ​ការពារអ្នកជក់បារីឲ្យបញ្ឈប់ការជក់បារីបាន។ ចំពោះអង្គការសុខ ភាពពិភពលោក ការហាមជក់បារីនៅ​កន្លែងធ្វើការ កន្លែងសាធារណៈ ជាមធ្យោបាយមួយ ក្នុងមធ្យោបាយដែលមានប្រសិទ្ធភាព​ដទៃទៀតក្នុង​ការកាត់បន្ថយថ្នាំជក់នោះ៕
ដោយ សួស សំរិត

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលខេត្ត

AKP ខេត្តព្រះវិហារ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នៅស្នងការ ដ្ឋាននគរបាលខេត្ត ព្រះវិហារបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូន មន្ត្រី​នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយក ដ្ឋានបុគ្គលិក និងឯកឧត្តម គោ ស៊ុំប៉ុនសឿត អភិបាលរង ខេត្តព្រះវិហារ ព្រមទាំង មន្ត្រីនគរបាលខេត្តចូលរួមយ៉ាងច្រើនកុះករ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់ អ៊ាន បានកោតសរសើរ និងផ្តាំផ្ញើដល់មន្ត្រីនគរ​បាលដែល​ទើបទទួល​មុខតំណែងថ្មី ត្រូវបន្តសហការគ្នាអនុវត្តន៍រាល់ ភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈជូន​ប្រជាពលរដ្ឋ។ ឯកឧត្តមក៏ បានលើកឡើងផងដែរ អំពីសភាពការណ៍ចលាចលនៅរាជធានីភ្នំពេញកន្លងមក ក៏ប៉ុន្តែ​ក្រោមកិច្ចការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការអត់ធ្មត់ រហូតសភាពការណ៍មាន​ភាពស្ងប់ស្ងាត់ ក្រោយពីជួបចរចារវាងគណបក្សទាំងពីរ រួចមកធ្វើឲ្យជម្លោះនយោបាយត្រូវបានបញ្ចប់ ដោយបានធ្វើឲ្យមតិជាតិ និងអន្តរ ជាតិអបអរសាទយ៉ាងក្រៃលែង។
លោកឧត្តមសេនីយ៍ទោ ហ៊ាន សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក បានអានប្រកាសលេខ២៦៣២ប្រ.ក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ របស់ឯក ឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច ដែលប្រការ ទី១ត្រូវផ្ទេរភារកិច្ចលោកវរសេនីយ៍ទោ ឌិន ស៊ីដារ៉េត ពីនាយការិយាល័យគណ នេយ្យទៅ​ជាស្នងការរងអត្តសញ្ញាណកម្ម លោកស្រីវរសេនីយ៍ឯក នៃ សំណាង ត្រូវផ្ទេរភារកិច្ចពីស្នងការរង និងជា​ប្រធានការិយាល័យកណ្តាលនគរបាលស្ថិតិ និងអគ្គីភ័យ ទៅជាស្នងការរងទទួលបន្ទុកការងារអាវុធជាតិផ្ទុះ និងអគ្គីភ័យ លោកវរសេនីយ៍ទោ នួន សុវិរិទ្ធិ ពីអនុប្រធានការិយាល័យកណ្តាលនគរបាល ព្រហ្មទណ្ឌទៅ​ជាស្នងការរង និងជាប្រធានការិយាល័យកណ្តាលសន្តិសុខ លោកវរសេនីយត្រី អ៊ុយ ស៊ីថន ពីនាយរង​ការិយាល័យទៅជានាយការិយាល័យ ផែនការគណនេយ្យ លោកអនុសេនីយ៍ឯក ស៊ី សុគន្ធរដ្ឋា ពីនាយរង​ការិយា ល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទៅជានាយការិយាល័យភស្តុភា និងត្រូវបានដំឡើងឋានន្តរ សក្តិថ្នាក់វរសេនីយ៍ត្រីជូនលោក ស៊ី សុគន្ធរដ្ឋា ផងដែរ ។
ឯកឧត្តម គោ ស៊ុំប៉ុនសឿត បានផ្តាំផ្ញើទៅដល់អស់លោកមន្រ្តីនគរបាល ដែលទើបនឹងទទួល​បានភារកិច្ច​ថ្មីត្រូវខិតខំចូលរួមអនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងមានប្រសាសន៍ថា ក្រៅពីការបង្ក្រាបបទ ល្មើសគ្រប់ប្រភេទ នគរបាលគ្រប់រូបត្រូវមានកាតព្វកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត កុំឲ្យជនឆ្លៀតឱកាស​និយម ធ្វើការផ្តួលរំលំរាជដ្ឋាភិបាល ហើយត្រូវធ្វើយ៉ាង ណាក្តាប់ឲ្យបានភូមិសាស្ត្រ និងមុខសញ្ញាជន​ទាំងនោះឲ្យមានប្រសិទ្ធភាព៕
ដោយ ទិត ស៊្រ

ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល មណ្ឌលខេត្តព្រះសីហនុប្រចាំឆ្នាំ២០១៤

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—
បេក្ខជន​ បេក្ខនារី ​ចំនួន៣២៣នាក់​ មកពីខេត្ត​ ចំនួន ៥រួម​មាន​ខេត្តព្រះសី ​ហនុ​ កំពង់ស្ពឺ ​កោះកុង​ កំពត​ និងខេត្តកែប​ បាន​ចូល​រួម​ប្រឡង​ក្របខណ្ឌ​មន្រ្តី ​រាជការ​ ស៊ីវិល​ ក្រសួង​មហាផ្ទៃ​ប្រចាំ​ឆ្នាំ២០១៤​ នៅ​មណ្ឌល​​អនុវិទ្យាល័យ ​សម្តេចឪ ​ស្ថិត​ក្នុង​សង្កាត់​លេខ៣ក្រុង​ ខេត្ត​ព្រះ​សីហនុ ​ កាល​ពីព្រឹក​ថ្ងៃទី២៧ ​ខែកក្កដា ​ឆ្នាំ២០១៤ ​កន្លងទៅនេះ។​
ឯកឧត្តម ឌុច សុន អគ្គនាយកមូលដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃមាន ប្រសាសន៍​ក្នុងពេល​ត្រួតពិនិត្​យតាមដាន​សកម្មភាព​ប្រឡងថា ក្រសួងមហា ផ្ទៃត្រូវការប្រឡងជ្រើសរើសបេក្ខជន បេក្ខនារីចូល​បម្រើការងារ​ជាមន្រ្តីរាជការ​ស៊ីវិលក្រសួងមហាផ្ទៃប្រចាំឆ្នាំ២០១៤ សរុបចំនួន៣២៣នាក់ ក្នុងនោះ​មន្រ្តីក្របខ័ណ្ឌរដ្ឋបាល​ជាន់ខ្ពស់​ចំនួន​១២០នាក់ មន្រ្តីក្របខ័ណ្ឌក្រមការចំនួន ១១៣នាក់ ក្របខ័ណ្ឌ​លេខាធិការរដ្ឋបាល និង​ក្របខ័ណ្ឌអនុរក្យពន្ធនាគារ ចំនួន៩០នាក់ ដែលវិញ្ញាសាប្រឡងមានដូចជា មុខវិជ្ជាឯកទេស មុខវិជ្ជាភាសា អង់គ្លេស មុខវិជ្ជាចំណេះដឹងទូទៅ គណិតវិទ្យា និងមុខវិជ្ជាតែង​សេចក្តី​ជាដើម ។
លោក ឌុច សុន បានឲ្យដឹងបន្តទៀតថា ជាគោលការណ៍រាជរដ្ឋាភិ បាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ ក្នុងការជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជ ការស៊ីវិលថ្មី ដើម្បីបំពេញបន្ថែមជំនួសមន្រ្តីចាស់ៗ​ដែលបាន​ចូល​និវត្តន៍​ជា រៀងរាល់ឆ្នាំ ដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ស៊ីវិលក្រសួង​មហាផ្ទៃ ប្រព្រឹត្ត ទៅប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ សម្រាប់បេក្ខជន បេក្ខនារីទាំងអស់ ដែលបាន ចូលរួម ប្រឡងប្រកបដោយភាព រលូន៕
ដោយ ងូ សុមុនី

ប្រកាសតែងតាំងអភិបាលស្រុកជាំក្សាន្ត

AKP ខេត្តព្រះវិហារ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាល​ពីថ្ងៃ​ទី២៥​ ខែកក្កដា​ ឆ្នាំ២០១៤ នៅ​សាលា​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះ វិហារមានរៀបចំពិធីប្រកាសតែងតាំងលោក ជា គឹមសេង ជាអភិបាលស្រុកជាំ ក្សាន្ត ក្រោម​អធិបតីភាព​ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដែល បានកោតសរ​សើរដល់​អភិបាលថ្មី​ស្រុកជាំក្សាន្ត ដែលបានខិតខំប្រឹងប្រែងបំ ពេញភារកិច្ចបានល្អ តាំងពីនៅជាអភិបាលរងស្រុកនោះ។

ឯកឧត្តម ឡុង សុវណ្ណ បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ត្រូវរួបរួម សហការជាមួយគ្នា និងត្រូវតែលើក​ទឹកចិត្តគ្នា មានសាមគ្គីផ្ទៃក្នុងល្អ ដើម្បីធ្វើការ ងារអភិវឌ្ឍន៍ស្រុកឲ្យកាន់តែរីកចម្រើនបន្តទៀត ជាពិសេស​ត្រូវមានការទំនាក់ ទំនងជាមួយប្រទេសជិតខាង និងជួយផ្គត់ផ្គង់ជីវភាព​គ្រួសារកង​ទ័ពយើង​ឲ្យកាន់តែ​បានធូរធាឈានឡើងជាលំដាប់ ។

នៅក្នុងពិធីនេះដែរលោកស្រី ព្រំ វណ្ណា អភិបាលរងស្រុកជាំក្សាន្តខេត្តព្រះ វិហារក៏បាន​លើកឡើង​ពីលក្ខណៈ​ភូមិសាស្រ្ត ព្រមទាំងការងារបង្កបង្កើនផល របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកទាំងមូល ដែលរហូត​មក​ដល់​ពេលនេះការ ដកស្ទូងស្រូវវស្សាសម្រេចបានប្រមាណជាង១២ ០៨៦ហិកតាស្មើនឹង៥៥,៤១% ។នៅដើមរដូវវស្សា ឆ្នាំ២០១៤នេះ ក្នុងស្រុកជាំក្សាន្តត្រូវបានជំនន់ទឹកភ្លៀងលិច សន្ទូងអស់ចំនួន​ប្រមាណ​ជាង១ ២៥៥ហិកតាស្មើក្នុងឃុំរំដោះស្រែ ព្រីងធំ កន្ទួត ជាំក្សាន្ត និងឃុំយាង ព្រមទាំងលិចផ្លូវ​ប្រវែង​២០០ម៉ែត្រ​ពីភូមិកំពេញទៅឃុំ យាង ប៉ុន្តែមកទល់​ពេលនេះមិនទាន់​ដឹងពីទំហំខូចខាត​ទាំងស្រុង​នៅឡើយទេ៕
ដោយ ទិត ស៊្រ

ប្រទេសចំនួន៦តាមដងទន្លេមេគង្គពិភាក្សាអំពីការគ្រប់គ្រង ប្រព័ន្ធគណនីរណបនិងស្ថិតិទេសចរណ៍

AKP ខេត្តសៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—ប្រទេស​ចំនួន៦​នៅតាម​ដង​ទន្លេ​មេគង្គ​ រួមមាន​កម្ពុជា​ ឡាវ​ ថៃ ​វៀតណាម​ ចិន​ និង​មីយ៉ាន់ម៉ា ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​អំពីការ​គ្រប់គ្រង​ប្រព័ន្ធ​គណនី​រណបទេសចរណ៍ ​បន្ថែម​លើ​ប្រព័ន្ធគណ​ នេយ្យ​ស្ថិតិ​ជាតិ​របស់​បណ្តា​ប្រទេស​នីមួយៗ ​ដើម្បី​ជំរុញ​ឲ្យមាន​ភាព​ប្រសើរ ​ឡើង​លើវិស័យទេសចរណ៍នោះ។

កិច្ចប្រជុំនេះចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិ- បតីភាពឯកឧត្តម លី ប៊ុនធឿន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ ឯម ផល្លាមនី អភិបាលរងខេត្តសៀមរាប អ្នកជំនាញការ​ស្ថិតិរបស់អង្គការទេស ចរណ៍ពិភពលោក (UNWTO) និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

លោកស្រី Vanassa Satur តំណាង UNWTO បានជំរុញឲ្យសមាជិក នៃ បណ្តាប្រទេសជាប់ដង​ទន្លេមេគង្គ​ទាំងអស់ ធ្វើយ៉ាងណាប្រមូលស្ថិតិទិន្នន័យ ទេសចរណ៍ឲ្យបានត្រឹមត្រូវ ហើយមានលក្ខណៈ​ជាប្រព័ន្ធ​រួមមួយ។លោកស្រី បានបញ្ជាក់ថា មានតែប្រព័ន្ធនេះទេ ដែលបានបង្ហាញពីតួនាទីសំខាន់សម្រាប់ វិស័យ​ទេសចរណ៍​នៅក្នុងសេដ្ឋកិច្ចជាតិ នៃបណ្តាប្រទេសនីមួយៗ។

ឯកឧត្តម លី ប៊ុនធឿន បានឲ្យដឹងថា តាមរយៈការរៀបចំការគ្រប់គ្រងប្រព័ន្ធគណនីរណបទេសចរណ៍ និងស្ថិតិ​នេះ​នឹងធ្វើឲ្យកម្ពុជាកាន់តែមានមូល ដ្ឋានមួយរឹងមាំថែមទៀត សម្រាប់ការរៀបចំការតាមដាន និងការវាយ​តម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នៅពេលកន្លងមកកម្ពុជាជាប្រទេសមួយនៅក្នុង តំបន់ទន្លេ​មេគង្គ ដែលមិនទាន់មានអ្នកជំនាញក្នុងការតាក់តែងនូវឯកសារស្តី ពីប្រព័ន្ធគណនីរណប​ទេសចរណ៍​​នេះនៅឡើយទេ។ ឯកឧត្តមបានដឹងទៀតថា តាមរយៈទំនាក់ទំនង និងកិច្ចសហការ​ល្អប្រសើរ​នោះឯកឧត្តមសង្ឃឹមថា អង្គការ​ទេសចរណ៍ពិភពលោក និងរដ្ឋាភិបាលនៃ​សាធារណរដ្ឋ​កូរ៉េនឹងបន្ត​ជួយ​គាំទ្រដល់កម្ពុជាទាំងស្មារតី បច្ចេកទេស និងធនធានមនុស្ស ដើម្បីកសាងនូវឯកសារផ្សេងៗទៀត ក្នុង​ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ដូចប្រ ទេសជាសមាជិកក្នុងតំបន់នោះ៕
ដោយ ហង្ស សៀក

កូនឈើជាង២០០០ដើមត្រូវបានដាំនៅស្រុកសូទ្រនិគម

AKP ខេត្តសៀមរាប ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤
​        កូនឈើ​គ្រប់​ប្រភេទចំនួន​២​ ​៨៤០ ដើមរួមមាន​កូនឈើ​គ្រញូង បេង ឈើ ទាល គគីរ ក្ងោកត្រូវបានដាំនៅ​ភូមិសំរោង ឃុំពពេល ស្រុក​សូទ្រនិគម ខេត្ត សៀមរាប កាលពី​​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោកជំទាវ​ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ សភា និង​អធិការកិច្ច។​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន សំអន ​មានប្រសាសន៍ថា ការ​ដាំ​ឈើ​ឡើងវិញ​នៅ​តំបន់​ដី​រិច​រិល​នាពេលនេះ​ គឺ​ដើម្បី​បង្កើន​នូវ​ធនធានព្រៃឈើ សំដៅ​ប្រែក្លាយ​តំបន់​នេះឲ្យមានសោ​ភ័ណ​ភាពយ៉ាងស្រស់​ត្រកាល ប្រកបទៅដោយ​គម្រប​ព​ណ៌​បៃតង ​ដើម្បីជាការ​ទាក់ទាញ​ដល់ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិចូល មក​ទស្សនា​កម្សាន្ត ដែលជាការ​រួមចំណែក​លើ​ក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា ពលរដ្ឋ​នៅក្នុង​តំបន់​នេះ។​ ​លោកជំទាវ​ ម៉ែន សំអន ​បានបញ្ជាក់​ថា ការ​ប្រារព្ធ​បុណ្យ​រុក្ខទិវា​ ដែលជា​ប្រពៃណី​វប្បធម៌​ដ៏​ឧ​ត្តុ​ង្គឧ​ត្ត​មរបស់​ប្រជា​ជាតិខ្មែរនា​សម័យ​សង្គមរាស្ត្រនិយម ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រា​រ​ព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​។

លោកជំទាវ​ក៏ណែនាំ និងផ្តាំផ្ញើ​ដល់អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ​ កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​នូវ​ស្មារតី​យកចិត្តទុកដាក់​ធ្វើ​ការដាំដុះកូនឈើ​ឡើងវិញ នៅតាម​ទីវ​ត្ត​អារាម​ និង តាម​មូលដ្ឋាន អង្គភាព សាលារៀន និងលំនៅដ្ឋាន ព្រមទាំង​បង្កើន​ការដាំដុះដំ ណាំ​រួមផ្សំ ​ការចិញ្ចឹម​សត្វ​ និងវារីវប្បកម្ម ដើម្បី​ធ្វើការ​អភិវឌ្ឍ​ភូមិ​ឃុំ ស្រុក និងធ្វើ​ឲ្យ​​បរិស្ថានកាន់តែ​ល្អប្រសើរឡើង​។

​ឯកឧត្តម  ឃឹម ប៊ុនសុង អភិបាលខេត្ត​សៀមរាប​បាន​លើកឡើងថា ខេត្ត សៀមរាប​មាន​ផ្ទៃដី​ព្រៃឈើ​សរុប៤៧៦​ ៨២៤​ហិកតា ស្មើនឹង​៣១,៦៨% នៃ​ផ្ទៃដី​ខេត្ត ហើយ​ស្ថានីយផ្សព្វផ្សាយ ​និង​ស្តារ​ព្រៃឈើ​មានចំនួន​០៣កន្លែងមាន​ផ្ទៃដី​សរុប១ ០៦០ហិកតា និងចម្ការ​ពូជឈើ​ប្រណិត គ្រញូង ​ធ្លង់​ មាន​ចំនួន​០៣​កន្លែង មាន​ផ្ទៃដីសរុប២​​៧៤៦ ហិកតា និងសួន​ឈើ​អនុស្សាវរីយ៍មាន​ចំនួន​០៤ កន្លែង មាន​ផ្ទៃដី​សរុប​៧៨ហិកតា ដែល​បាន​ដាំកូនឈើ​ប្រភេទ​ផ្សេងៗ​ដូចជា​គ្រ ញូង បេង ឈើទាល និង​គគីរ សរុប​ចំនួន​៤១​ ​៩០០​ដើម​ សួន​ឈើ​អាពាហ៍ ពិពាហ៍ចំនួន០១​កន្លែងមាន​ផ្ទៃដី​ចំនួន៣,៥ហិកតា ព្រមទាំង​មាន​ថ្នាល​បណ្តុះ​កូន ឈើ២០​កន្លែង ដែល​មាន​សមត្ថភាព​ផលិត​កូនឈើ​ប្រចាំឆ្នាំ​ប្រមាណ​២​លាន​ដើម ចែកចេញជា​ឈើ​រយៈពេល​វែងមធ្យម និងឈើ​ហូប​ផ្លែ។ ​នៅ​ទូទាំង​ខេត្ត​មាន​សហគមន៍​ព្រៃឈើ​សរុប៥៤​កន្លែង ស្មើនឹង១៩​​ ០១៦​ហិតា ​ព្រមទាំង​ចម្ការរុក្ខទិវា​ជាតិ និងចម្ការ​ឈើ​សហស្សវត្ស​ចំនួន៥៣​ហិកតា៕
ដោយ ជ័យ ភូមិពល

ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ប្រាប់ពលករ ពលការិនីពីការមិនយកកម្រៃសេវាសម្រាប់ការបញ្ជាក់លិខិតនានា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤
        ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាននិយាយថា ពលករ ពលការិនី និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ទាំងអស់នឹងមិនត្រូវយកកម្រៃសេវា ទៅលើការបញ្ជាក់លើលិខិតនានានោះ ឡើយ។

យោងតាមសេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយឯកឧត្ដម ស៊ុត ឌី ណា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៤ បានឲ្យដឹងថា យោងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ លិខិតលេខ១៨៥៨ កបទ.សអ/ច្បក៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធា រណរដ្ឋកូរ៉េ នឹងធ្វើការបញ្ជាក់លិខិតបទដ្ឋាននានា ដូចជាលិខិតអាត្រានុកូលដ្ឋាន ជាដើម ពន្យាសុពលភាពលិខិតឆ្លងដែន មិនតម្រូវឲ្យពលករ ពលការនី និងប្រជា ពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងសាធារណរដ្ឋកូរ៉េ ធ្វើការបង់ប្រាក់លើថ្លៃ សេវាកម្មឡើយ។

ជាថ្មីម្ដងទៀត ខ្ញុំសូមឲ្យពលករ ពលការិនី និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ មេត្តាចូលរួមសហការជាមួយស្ថានទូត នៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីបំបាត់អំពើមិនប្រក្រតី ផ្សេងៗ ដែលអាចនាំឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្យានុភាព របស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ជឹម ណារី

ព្រះករុណាព្រះមហាក្សត្រកសព្វព្រះរាជហឫទ័យចំពោះ ដំណោះស្រាយរបស់គណបក្សទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្ដម ​សីហមុនី ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សព្វ​ព្រះទ័យ ​ចំពោះ​ដំណោះ​ ស្រាយរបស់​ គណបក្ស​ ប្រជាជន ​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ព្រះអង្គ​មាន​សេចក្ដី​សង្ឃឹម​ និងជឿជាក់ថា ថ្នាក់​ដឹកនាំ​នៃគណបក្ស​ទាំង​ពីរពិតជាមានការយោគយល់ចំពោះបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋ ដែល​ប្រាថ្នា​ចង់បានសេចក្ដីសុខ សេចក្ដីចម្រើន ហើយខិតខំអស់ពីសមត្ថភាព លទ្ធភាព និងបញ្ញាញាណ ដើម្បីរួមគ្នា​ដោះស្រាយ​បញ្ហានា​នា​របស់ជាតិក្នុងស្មារតីគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីភាពរុង​រឿងនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាឲ្យដឹងថា នាវេលាម៉ោង១៦រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ព្រះបរមរាជា​នុញ្ញាតជូន​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និងជាអនុប្រធានគណបក្ស ឯកឧត្ដម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងជា​ប្រធាន​គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសមាជិកអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាលគណ​បក្ស​ប្រជាជនក​ម្ពុជា និងថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះជាតិ មានឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្ស ឯកឧត្ដម កឹម សុខា អនុប្រធាន​គណបក្ស និងឯកឧត្ដម ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ចូលក្រាបបង្គំ​គាល់នៅមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង ដើម្បីទូលថ្វាយអំពីលទ្ធផលដ៏ប្រសើរ ដែលគណបក្ស​ទាំងពីរបានខិតខំដោះស្រាយបញ្ហាប្រទេសជាតិ ក្នុងកិច្ចចរចានៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានទូលថ្វាយព្រះករុណាថា ថ្ងៃនេះជាថ្ងៃដ៏ប្រសើរថ្លៃថ្លា ដែលថ្នាក់ដឹកនាំ​របស់គណបក្ស​ទាំងពីរបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីទូលថ្វាយ​អំពីលទ្ធផលគួរជាទីមោទនភាពខ្ពស់របស់ជាតិយើង ដែលខ្មែរនិងខ្មែរបានព្រមព្រៀងស្រុះស្រួលគ្នា ដើម្បីផល​ប្រយោជន៍របស់ប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។

សម្ដេចតេជោបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោស​ព្រះរាជទាន​នូវការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ ដើម្បីកម្ពុជារក្សាបាននូវសេចក្ដីសុខសន្តិភាព ការផ្សះផ្សាបង្រួប​បង្រួមជាតិ ឯកភាព​ជាតិ និងភាពចម្រុងចម្រើនគ្រប់ប្រការ។

សម្ដេចតេជោបានទូលថ្វាយអំពីកិច្ចការជាច្រើន ដែលនឹងត្រូវអនុវត្តន៍​នាពេលខាង មុខ ដូចជាការ​រៀបចំ​ថ្នាក់ដឹកនាំរបស់រដ្ឋសភា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធន​កម្មច្បាប់​បោះឆ្នោតជាដើម។

ឯកឧត្ដម សម រង្ស៊ី ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ សូមថ្លែងអំណរ​ព្រះរាជគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំ ផុត ដែលជានិច្ច​ជាកាល​ព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជកិច្ច ផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ ដង្ហែតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធ្វើឲ្យសង្គមកម្ពុជាទទួលបាននូវសេចក្ដីសុខ សន្តិភាព ឯកភាពជាតិ និងវឌ្ឍនភាពនូវគ្រប់កាលៈទេសៈ។ ឯកឧត្ដម សម រង្ស៊ី បានទូលថ្វាយ បន្តថា គណបក្ស​សង្គ្រោះ​ជាតិនឹង​បន្តចូលរួម​ក្នុងការដោះ​ស្រាយនូវរាល់​កិច្ចការទាំងឡាយ របស់ប្រទេសជាតិចូលរួមក្នុងសភា និងសច្ចាប្រណិធាន។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្ដែងនូវសេចក្ដីអបអរសាទរកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​​គណបក្សទាំងពីរ ដែលបានព្រមព្រៀងគ្នាលើដំណោះស្រាយនយោបាយ តាមរយៈ​ការចរចា​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះនៅវិមានព្រឹទ្ធសភា ក្នុងគោលបំណងបន្តថែរក្សាសន្តិភាព ស្ថិរភាព​ប្រទេសជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿង ភាពថ្លៃថ្នូររបស់ជាតិយើង ព្រះអង្គសូម​ថ្នាក់ដឹកនាំ​នៃគណបក្សទាំងពីរមេត្តាសហការ គ្នា ប្រកបដោយស្មារតីយោគយល់ ដើម្បីរួមគ្នាដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​ជាឧត្ដមប្រយោជន៍ជាតិយើង។

ព្រះអង្គសូមអរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​និងឯកឧត្ដម សម រង្ស៊ី ដែលបានឯកភាពគ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រជាជាតិយើង៕
ជឹមណារី