Thursday, September 17, 2015

Cambodia-India​ Relations ​ Address by​ His​ Excellency ​Mr. MOHAMMAD ​HAMID ​ANSARI,​ Vice​ President ​of​ the​ Republic ​of ​India​

កម្ពុជា-ឥណ្ឌាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

នៅថ្ងៃទី​ ១៦ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​នៅវិមាន​មិត្តភាព ​ទីស្តីការគណៈ​រដ្ឋមន្ត្រី​ ក្នុងពិធី ធ្វើប​ទបឋកថា ​ស្តីពីទំនាក់​ទំនងកម្ពុជា​-ឥណ្ឌា ​ឯកឧត្តម​ Shri Mohammad​ Hami​d Ansari អនុប្រ​ធានាធិប​តីឥណ្ឌា ​និងឯកឧ​ត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួល​បន្ទុកទីស្តី​ការគណៈរដ្ឋមន្ត្រី ​បានបង្ហាញ​នូវការឯកភាព​គ្នាក្នុងការ​បន្តពង្រឹង ​និងពង្រីក​កិច្ចសហប្រតិ​បត្តិការ ​លើវិស័យទេ​សចរណ៍ ​និងពាណិជ្ជកម្ម​ រវាងប្រទេស​ទាំងពីរឲ្យកាន់​តែប្រសើរឡើង​។

អនុប្រធានាធិប​តីឥណ្ឌា ​ឯកឧត្តម​ Shri Mohammad ​Hamid ​Ansari បានមាន​ប្រសាសន៍ថា ពេល​ដែលមកដល់​ប្រទេសកម្ពុជា ​គឺឯកឧត្តម​មានការ​រំភើបចិត្តយ៉ាងខ្លាំ​ងដោយសារ​តែឃើញទំនាក់​ទំនងដ៏ល្អ​រវាងកម្ពុជា​និងឥណ្ឌា ​ហើយតាមពិត​ទៅកម្ពុជា ​និងឥណ្ឌា ​គឺមានវប្បធម៌ ​និងសាសនា​ដូចគ្នា។ ​ឯកឧត្តម​បន្តថា ក​ន្លងមកនេះ ​គឺឥណ្ឌាបាន​ជួយជួស​ជុល ប្រាសាទ​បាយ័ន ​ដែលស្ថិត​នៅក្នុងក្រុម​ប្រាសាទអង្គរ​ធំ ហើយឥណ្ឌាក៏​មានទំនាក់​ទំនងល្អជាមួយប្រ​ទេសនៅក្នុងតំបន់​មេគង្គ ​ដែលហៅថាសហ​ប្រតិបត្តិការ​ Ganga ​and Mekong (មេគង្គ ​-ឥណ្ឌា)។ ​អនុប្រធានា​ធិបតីឥណ្ឌា ក៏​បានកោតសរសើរ​ពីការរីកចំរើន​របស់ប្រទេសកម្ពុជា ​ដែលបានឈាន​ដល់កំណើន​សេដ្ឋកិច្ច ​គឺផលិតផល​សរុបក្នុងស្រុក​ (GDP) ប្រមាណជា៧%​ក្នុងមួយឆ្នាំ ​ហើយឥណ្ឌាសង្ឃឹម​ថាទំនាក់ទំនង​សេដ្ឋកិច្ចវិនិយោគ ​និងទេស​ចរណ៍រវាងកម្ពុជា​-ឥណ្ឌា ​និងកាន់តែមាន​ភាពប្រសើរ​ឡើងបន្ថែម​ទៀតដើម្បីផលប្រ​យោជន៍ប្រជាជន និង​ប្រទេសទាំងពី​រ។

អនុប្រធានាធិ​បតីឥណ្ឌា ​បានបង្ហាញកា​រចាប់អារម្មណ៍​យ៉ាងខ្លាំងទៅ​លើការអភិ​វឌ្ឍន៍របស់ប្រទេសកម្ពុជា ​នៅក្នុងពី​រទសវត្សចុ​ងក្រោយនេះ ​ដោយសារតែ​ប្រទេសកម្ពុជាប​ច្ចុប្បន្នគឺពោរពេញ​ទៅដោយសន្តិភាព ​និងការរីក​ចំរើនយ៉ាង​ឆាប់រហ័ស ​ហើយនេះគឺជា​ការរីកចំរើនដែលគួរ​ឲ្យកត់សំគាល់​លក្ខណៈជាប្រវត្តិសាស្ត្រតែ​ម្តង ហើយប្រ​ទេសឥណ្ឌាក៏កំពុង​សំលឹងមើលដើម្បី​ពង្រឹង ​និងពង្រីក​សហប្រតិបត្តិការ​ជាមួយប្រទេសកម្ពុជា​នៅពេលអនាគត​។ ទន្ទឹមនឹង​នេះដែរ ​អនុប្រធានាធិបតី​ឥណ្ឌា ក៏បាន​ថ្លែងអំណរគុណដល់​កម្ពុជាដែលបា​នជួយជ្រោមជ្រែង​ភាពជាដៃ​គូររវាងឥណ្ឌា ​និងអាស៊ាននាពេល​កន្លងមក ​ហើយប្រទេសឥណ្ឌា ​ក៏កំពុងសំ​លឹងមើលកិច្ចស​ហប្រតិបត្តិកា​រឲ្យកាន់តែប្រសើរ​ និងស៊ីជម្រៅបន្ថែម​ទៀតទាំងផ្នែ​កសេដ្ឋកិច្ច ​និងវិនិយោគ ​ក៏ដូចជាបង្កើន​ទំនាក់​ទំនងផ្នែកវិនិ​យោគបរទេសជា​មួយប្រទេស​កម្ពុជាផងដែរ។​

ឯកឧត្តម​ Shri Mohammad ​Hamid​ Ansari បាន​មានប្រាសាសន៍ប​ន្ថែមទៀតថា ​ឥណ្ឌានឹងជំរុញការ​បង្កើនទំនាក់ទំនង​ផ្នែកវិស័យទេសចរណ៍​ ដូច្នេះហើយ​បានយើងមាន​ការចុះហត្ថលេខាទៅ​លើការពង្រីក​ទៅលើវិស័យ​ទេសចរនេះ។​ ចំពោះផ្នែកពា​ណិជ្ជកម្ម ​និងវប្បធម៌ ឥណ្ឌាមើល​ឃើញប្រទេស​កម្ពុជាគឺនៅចំ​កណ្តាលបេះដូង​នៃសមាគម​អាស៊ានតែម្តង ​ដូច្នេះឥណ្ឌានិង​សំលឹងមើលពី​សហប្រតិបត្តិការ​ឲ្យកាន់តែស៊ី​ជម្រៅជាមួយប្រទេស​កម្ពុជាបន្ថែមទៀត ​ទាំងផ្នែក​ពាណិជ្ជកម្ម ​វិនិយោគ និ​ងផ្នែកទេសចរណ៍។ ​ឯកឧត្តម ​បានលើកឡើងថា​កន្លង​មកនេះ ឥ​ណ្ឌាក៏បានជួយ​កម្ពុជាក្នុងការ​បណ្តុះបណ្តាលធន​ធានមនុស្សផងដែរ ​ដូចជាផ្នែកបច្ចេកវិទ្យា ​ហើយឥណ្ឌាក៏​បានកសាង​នូវមជ្ឈមណ្ឌល​សម្ភារៈសូត្រ ​ដែលបានសាងសង់ឡើង​និងកំពុង​ដំណើរការនៅ​ខេត្តសៀមរាប។​ ឯកឧត្តម ​Shri Mohammad​Hamid​ Ansari បញ្ជាក់ឲ្យដឹងថា ​ការដែល​ឥណ្ឌាបានជួយ​ជួសជុលនៅប្រាសាទ​បាយ័ន ​នៅអង្គរធំគឺ​បានឆ្លុះបញ្ចាំង​ឲ្យឃើញនូវ​ការយល់ស្របគ្នា​តែមួយទៅលើបេតិក​ភណ្ឌវប្បធម៌ ​ហើយបច្ចុប្បន្នឥណ្ឌាកំពុ​ងតែជួសជុល​ប្រាសាទតាព្រហ្ម​ផងដែរ ​និងសំលឹង​មើលជាបន្តបន្ទាប់​ដើម្បីជួសជុលជួយ​អភិរក្សប្រាង្គប្រា​សាទបេតិក​ភណ្ឌពិភពលោក​របស់កម្ពុជាប​ន្ថែមទៀត។​

ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ បានមាន​ប្រសាសន៍ថា ​កម្ពុជាមានសក្តានុពល​ខ្ពស់លើវិស័យទេ​សចរណ៍ ​ហើយអ្វីដែលជា​ចំណុចសំខាន់​របស់កម្ពុជានោះគឺថា ​ទេសចរណ៍វប្បធម៌​ ព្រោះកម្ពុជា​មានប្រាង្គ​ប្រាសាទបុរាណដ៏​ច្រើនសំបើមណាស់ ​ហើយគ្រាន់តែ​ប្រាង្គប្រាសាទនៅ​ខេត្តសៀមរាប​ មានប្រហែលជា​១០០ប្រាង្គ​ប្រាសាទ ដូ​ច្នេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន ​ចង់ឲ្យមាន​សហប្រតិបត្តិកា​រទេសចរណ៍ ​និងវប្បធម៌ថែមទៀត ​ព្រោះកាលណាទេសចរ​មកកាន់កម្ពុជា ​ក៏ជាការបើក​ច្រកនូវការ​វិនិយោគរបស់​ឥណ្ឌាមកកាន់​កម្ពុជាផងដែរ​។


ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ ក៏បានលើក​ទឹកចិត្តឲ្យមា​នក្រុមហ៊ុនខ្សែភាព​យន្តឥណ្ឌាគឺ B​ollywood ​ មកផលិត​ខ្សែភាពយន្ត​អំពីរឿងរ៉ាវដែលទា​ក់ទងសម័យអង្គរ​ ដែលជាផ្នែកមួយ​ដើម្បីទាក់ទា​ញឥណ្ឌាមក​ទស្សនានូវប្រាសា​ទបុរាណរបស់​កម្ពុជា ​ដូចជាប្រាសាទអង្គរ​ជាដើម។ ​ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី ​ក៏លើកទឹកចិត្ត​ឲ្យមាននូវកា​រហោះហើរដោយត្រ​ង់ពីឥណ្ឌាមកកា​ន់កម្ពុជាដើម្បី​រួមចំណែក ​ដល់ការដឹក​ជញ្ជូនភ្ញៀវទេសចរ​មកកាន់ប្រទេ​សកម្ពុជាឲ្យកាន់​តែច្រើនថែម​ទៀត៕​