Tuesday, July 28, 2015

រាជរដ្ឋាភិបាល​សម្រេច​កាត់បន្ថយរយៈ​ពេល នៃការផ្តល់ដី​សម្បទានសេដ្ឋកិច្ច​មកនៅត្រឹម​ ៥០ឆ្នាំយ៉ាង​យូរបំ​ផុត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥នេះ ស្តីពីលទ្ធផលនៃការវាយតម្លៃ លើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ១៦ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងកំពង់ស្ពឺ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រោយដោះស្រាយពីផលប៉ះពាល់រួច ក្រុមហ៊ុនទាំង១៦នេះ នឹងត្រូវចុះកិច្ចសន្យាឡើងវិញ និងកាត់បន្ថយរយៈពេលនៃការវិនិយោគ ដែលផ្តល់ឲ្យពីមុនមកមាន ៩៩ឆ្នាំ ៨០ ឆ្នាំ និង៧០ឆ្នាំឲ្យមកនៅត្រឹមរយៈពេល ៥០ឆ្នាំវិញ។
ក្រសួងបរិស្ថានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ១៦ ដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសេដ្ឋកិច្ច នៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃភ្នំពេ្រច នៅខេត្តរតនៈគិរី មានចំនួន ៤ក្រុមហ៊ុន  ដែលទទួលបានសម្បទានដីសេដ្ឋកិច្ច នៅដែនជម្រកសត្វព្រៃលំផាត់ និងក្នុងខេត្តកំពង់ស្ពឺមានចំនួន៧ ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិសុរាម្រិត-កុសុមៈ គិរីរម្យ បន្តអនុវត្តគម្រោងនិងបំពេញនីតិវិធីលើផ្ទៃដីដែលបានដោះស្រាយផលប៉ះពាល់រួច ដោយត្រូវចុះកិច្ចសន្យាឡើងវិញ និងកាត់បន្ថយរយៈពេលនៃការវិនិយោគដែលផ្តល់ឲ្យពីមុនមកមាន ៩៩ឆ្នាំ ៨០ ឆ្នាំ និង៧០ឆ្នាំឲ្យមកនៅត្រឹមរយៈពេល ៥០ឆ្នាំវិញ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ ក្នុងការកាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍ សម្បទានដីសេដ្ឋកិច្ចទាំងអស់មកនៅត្រឹមយ៉ាងយូរ៥០ឆ្នាំ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន រហូតមកដល់ពេលនេះ ក្រសួងបានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងអស់ចំនួន ១១៣ ដែលមានផ្ទៃដីសរុប ៦២៨ ២៩៨,៧៥ ហិកតា ដែលក្នុងនោះគម្រោងចំនួន ៨១ ត្រូវបានដាក់ឆ្លងអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិភាក្សា និងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេច ហើយជាលទ្ធផលគម្រោងរបស់ក្រុមមហ៊ុនចំនួន ២៣ ដែលមានផ្ទៃដីសរុប ៩០ ៦៨២ ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចនិរាករណ៍ សិទ្ធិវិនិយោគដោយសារតែក្រុមហ៊ុនទាំងនោះ មិនបានគោរពតាមគោលការណ៍ និងនីតិវិធីនានាដែលបានកំណត់។
ក្រសួងបរិស្ថានបានបញ្ជាក់ផងដែរថា ការត្រួតពិនិត្យ វាស់វែង និងវាយតម្លៃគម្រោងសម្បទានដីសេដ្ឋកិច្ចឡើងវិញនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីគ្រប់គ្រងឲ្យមានប្រសិទ្ធិភាពលើសម្បទានដីសេដ្ឋកិច្ច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បំណងដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគទុន ក៏ដូចជាដោះស្រាយលើផលប៉ះពាល់ទាំងឡាយឲ្យបានត្រឹមត្រូវ និងកំណត់ច្បាស់លាស់ថា សម្បទានដីសេដ្ឋកិច្ចទាំងអស់នឹងមិនមានការប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សុភាព

ក្រសួងអប់រំប្រកាសហាម មិនឲ្យបេក្ខជន ដែលប្រឡងបាក់ឌុបឆ្នាំនេះ យកឧបករណ៍អេឡិចត្រូនិច ចូលក្នុងមណ្ឌលប្រឡង

យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួងអប់រំ យុវជន​ និងកីឡា ចុះថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ២០១៥​ ស្តីពីការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិចំណេះទូទៅ​ និងបំពេញវិជ្ជាសម័យ​ប្រឡងថ្ងៃទី ២៤ ​ខែសីហា ឆ្នាំ២០១៥​ បានឲ្យដឹងថា​ ដើម្បីឲ្យដំណើរការប្រឡងប្រពឹត្តទៅ​ប្រកបដោយ​គោលការណ៍ច្បាប់​ យុត្តិធម៌​ តម្លាភាព​ និងលទ្ធផលទទួល​យកបាន ​ក្រសួងអប់រំយុវជន​និងកីឡា ​សូមអំពាវនាវដល់​បេក្ខជនទាំងអស់​ត្រូវគោរពបទប្បញ្ញត្តិនៃការ​ប្រឡងឲ្យ​បានល្អប្រសើរ ​ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិច​ត្រូនិចគ្រប់ប្រភេទ​ចូលក្នុងមណ្ឌលប្រឡង​ ឬបន្ទប់ប្រឡង ​ជាដាច់ខាត។ ​ក្នុងករណីរកឃើញ ​ត្រូវចាត់ទុកថាបាន​ប្រព្រឹត្តសកម្មភាព​ផ្ទុយនឹងបទប្បញ្ញតិ្ត​ និងកម្រិត វិន័យចំពោះបេក្ខជន ​និងត្រូវបានកំណត់​ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
ការប្រឡងសញ្ញាប័ត្រ​មធ្យមសិក្សាទុតិយភូមិ​ចំណេះទូទៅ​ និងបំពេញ​វិជ្ជាដែលមានថ្នាក់​វិទ្យាសាស្ត្រ ​និងថ្នាក់វិទ្យាសាស្ត្រសង្គម ​រួមមានបេក្ខជន​ប្រឡងសរុបចំនួន ​៨៨៤៨៨ នាក់ ​និងមានមណ្ឌល​ប្រឡងចំនួន​ ១៥០ មណ្ឌល​ចែកចេញជា៣៥៧៦បន្ទប់ ​នៅរាជធានី ខេត្តទាំង ២៥នៃព្រះរាជា​ណាចក្រកម្ពុជា។
ការប្រឡងនេះ ​នឹងត្រូវប្រកាសលទ្ធផល​នៅតាមណ្ឌល​ប្រឡងនីមួយៗ ​នៅរសៀលថ្ងៃទី ​១៥ ខែកញ្ញា ​ឆ្នាំ២០១៥​ សម្រាប់​មណ្ឌលប្រឡងនៅ​រាជធានីភ្នំពេញ ​និងខេត្តកណ្តាល​ និងនៅថ្ងៃទី ១៦​ ខែកញ្ញា ឆ្នាំ២០១៥​ សម្រាប់មណ្ឌលប្រឡង​នៅខេត្តផ្សេងៗទៀត៕
អត្ថបទ៖ សុភាព