Monday, August 3, 2015

ស្ពានមិត្តភាព កម្ពុជា-ចិនតាខ្មៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ​ ត្រូវបានសម្ពោធដាក់​ឲ្យប្រើប្រាស់ផ្លូវការ ​នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ​ដែលជាស្ពានឆ្លងកាត់​ទន្លេបាសាក់ មានប្រវែង ៨៥៥ម៉ែត្រ។​ ជាមួយគ្នានេះដែរ ផ្លូវប្រវែងជិត ​១២គីឡូម៉ែត្រ​ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១​ ក៏ត្រូវសម្ពោធដាក់ឲ្យ​ប្រើប្រាស់នៅថ្ងៃនេះផងដែរ។
ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ ​មានទទឹង១៣,៥ម៉ែត្រ​ មានកម្ពស់​ ៨ម៉ែត្រគិតពីផ្ទៃ​ទឹកទន្លេ​នៅរដូវទឹកឡើងខ្ពស់បំផុត។​ ស្ពាននេះ​ ត្រូវបានសាងសង់ឡើង​ដោយក្រុមហ៊ុន​សាជីវកម្ម​ចិន​ ដែលត្រូវបានបើក​ដំណើការសាងសង់ ​កាលពីថ្ងៃទី០៦​ ខែកក្កដា ២០១១​ ដោយចំណាយថវិកា​សាងសង់ជិត​ ៣៣លានដុល្លារអាម៉េរិក​ បានមកពីកម្ចីឥណទាន​ពីសាធារណ ​រដ្ឋប្រជាមានិតចិន​ និងប្រាក់បដិភាគ​របស់រាជរដ្ឋា​ភិបាលកម្ពុជា។​
ស្ពានមិត្តភាពកម្ពុជា​-ចិន តាខ្មៅ នេះ​ មិនត្រឹមតែជាប្រយោជន៍​សម្រាប់ប្រជាពល​រដ្ឋរស់នៅ​តំបន់តាខ្មៅ​ ឬសង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ ​ដែលពីមុនមានផល​លំបាកយ៉ាងខ្លាំង​ក្នុងការធ្វើដំណើរពីត្រើយ​ម្ខាងទៅត្រើយម្ខាង​ទៀតដែលត្រូវឆ្លងទូកដរ​ ឬធ្វើដំណើរវាងមកឆ្លងកាត់​ស្ពានព្រះមុនីវង្សជាដើម ដែលជាហេតុ​ធ្វើឲ្យខាតបង់​ទាំងពេលវេលា និង ​ថវិកា ប៉ុន្តែស្ពាននេះ ក៏បានចូលរួម​ចំណែកបម្រើ​ប្រយោជន៍ដល់​ប្រជាពលរដ្ឋកម្ពុជា​ទូទាំងប្រទេស ដែល​ត្រូវធ្វើដំណើរ​ឆ្លងកាត់​តំបន់មួយនេះ៕​
អត្ថបទ៖​ សុភាព