Thursday, June 12, 2014

លទ្ធផលនៃសន្និសីទកាសែត ធ្វើឡើង​ដោយ​ ឯកឧ​ត្តម ព្រុំ សុខា តំណាងគណ​បក្ស​ប្រ​ជាជ​នកម្ពុ​ជា ស្តីពីល​ទ្ធផ​លនៃជំ​នួបរ​វាងគ​ណប​ក្ស​ទាំងពី​រ ព្រឹ​កមិ​ញនៅព្រឹទ្ធសភា

គណបក្ស​ប្រជា​ជន​កម្ពុជា​យល់​ព្រម​ដាក់​បញ្ចូល​ គជប ជាស្ថាប័ន​ឯករាជ្យ​ ក្នុង​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ ត្រូវ​ធ្វើ​ឡើង​តាម​ការ​អនុម័ត​សម្លេង​សមាជិករដ្ឋ​សភា ៥០ភាគ​រយបូក​១ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​ទាម​​ទារ​​អោយ​ធ្វើ​ឡើង​២ភាគ​៣ ដែល​ធ្លាប់​មាន​វិបត្តិ​ជាប់​គាំ​ង​នយោបាយ​កន្លង​មក​ ដោយ​សាររូប​មន្ត​នេះ។
តំ​ណាង​ក្រុម​ការងារ​គណបក្សប្រជាជន​កម្ពុជា ធ្វើ​សន្និសីទ​កាសែត
ដោយ​ឡែក​ ស្តី​ពី​លទ្ធផល​នៃ​ជំ​នួប ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤

ក្នុង​កិច្ច​ប្រជុំ​ចរចា​រវាង​ក្រុមការងារ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្សសង្គ្រោះជាតិ ដែល​មាន​សមាស​ភាព ៣ រូប ម្ខាង រយៈពេល ប្រមាណ​ជាង​១ម៉ោង​ ចាប់ពីម៉ោង ៩ ព្រឹក ថ្ងៃទី​១​២​មិថុនានេះ គឺគណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តល់ពង្រាង​លាយលក្ខណ៍​អក្សរ​ដល់​គណបក្ស​សង្គ្រោះជាតិ ពី​ការ​​​ដាក់​គជប ក្នុងរដ្ឋធម្មនុញ្ញ​។  នេះ​បើ​​តាមការ​បញ្ជាក់​របស់​ឯកឧត្តម  ព្រុំ សុខា តំ​ណាងក្រុម​ចរចាខាង​គណបក្ស​ប្រជាជន​កម្ពុជាដែល​ដឹក​នាំ​ក្រុម​ការងារ​ចូល​ប្រជុំ​កាលពី​ព្រឹក​មិញ។

ឯកឧត្តម ព្រុំ សុខា បានថ្លែងក្នុងសន្និសីទ​កាសែត បន្ទាប់ពីកិច្ចប្រជុំថា គណបក្ស​ប្រជាជន​កម្ពុជា បានឈានមួយជំហ៊ានទៀត ដោយ​​យល់​ព្រមតាម​ការ​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​គជប ជា​ស្ថាប័ន​ឯករាជ្យ ហើយ​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ គឺបង្កើត​ជំពូក​ថ្មី​១​ទៀត ជំពូកទី១៥ថ្មី ស្តីពី អង្គការ​រៀបចំការ​បោះឆ្នោត​។ឯកឧត្តម ព្រុំ សុខា បាន​លើកឡើងថា ជំពូក ១៥ ថ្មី មាន ២ មាត្រា និយាយពី តួនាទី ភារៈកិច្ច អព្យាក្រឹត្យភាព និង​កំណត់ពីលក្ខណៈសម្បត្តិ ក្នុងការជ្រើស​រើស​ឥស្សរ ជន​ ជា​សមាសភាព ​គជប ប៉ុន្តែ ការរៀបចំគជប ត្រូវរៀបចំ​ដោយ​ច្បាប់​មួយ​ផ្សេង​ទៀត។ឯកឧត្តម​ បាន​ បន្ត​ថា ក្នុងកិច្ចប្រជុំ តំណាងគណបក្សប្រជាជនកម្ពុជា បាន​ប្រគល់​ឯកសារ​ព្រាង​នោះ ទៅ​កាន់​គណបក្សសង្គ្រោះជាតិ ដើម្បី​ឲ្យគាត់​យក​ទៅ​ជម្រាប​ថ្នាក់​ដឹកនាំ​របស់​គាត់។​ប៉ុន្តែ​ឯកឧត្តម ​ព្រុំ​ សុខា បាន​បន្ថែមថា "ទោះជាគណបក្សប្រជាជនកម្ពុជា យល់ព្រមចែង គជប ក្នុងជំពូកថ្មី ក្នុងរដ្ឋ​ធម្មនុញ្ញ តែគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការអនុម័ត លើ​ការ​ជ្រើស​តាំង​សមាជិក​គជប ដោយសំឡេង ២ ភាគ ៣ នៃរដ្ឋសភា  តែគណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​​ជំហរ​ថា ការ​ជ្រើស​រើស​សមាជិក​គជប ត្រូវ​ធ្វើ​ដោយ​សំឡេង ច្រើន​ដាច់​ខាត ឬ​៥០ ភាគរយ បូក១"។ ការ​ទាម​ទារវិល​ទៅ​រក​ ២ភាគ​៣ គឺជាការទាមទារ ដែលឯកឧត្តម ព្រុំ សុខា អះអាង​ថា ឈានទៅរកសភាពការណ៍មុនឆ្នាំ២០០៦ ដែលនាំឲ្យមានការជាប់គាំង មិនអាច​បោះ​ឆ្នោត​​ជ្រើស​តាំងសមាជិកគជប បានទេ

ឯកឧត្តម ព្រុំ សុខា បាន​អានទាំងស្រុង​នូវលិខិតរបស់លោកសមរង្ស៊ី ដែលកាលណោះ ជា​ប្រធាន​គជប ក្នុងការស្នើសុំឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសតាំងរដ្ឋាភិបាល ដោយ​សំឡេង​ភាគ​ច្រើនដាច់ខាត ឬ ៥០ ភាគរយ បូក ១ នៃសមាជិករដ្ឋសភាសរុប។ លិខិតនោះ ចុះថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២០០៦។ជាមួយនឹងជំហររបស់គណបក្សប្រជាជនកម្ពុជាដូច្នេះ ឯកឧត្តម ព្រុំ សុខា ក៏​បាន​ព្រមាន​ផងដែរ​ ថា​បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម នៅតែប្រកាន់​ជំហរ​ដាច់ខាត ថា ការ​ជ្រើសតាំងសមាជិកគជប តាមសំឡេង ៥០ ភាគរយបូក១ នោះ គឺមិនអាច​ដោះ​ស្រាយ​បានទេ។ រីឯ​រដ្ឋាភិបាល និងរដ្ឋសភា នៅតែដំណើរការធម្មតា។

ទោះ​យ៉ាងណាក៏ដោយឯកឧត្តម ព្រុំ សុខា បានគូសបញ្ជាក់ថា កិច្ចចរចានេះ មិនបរាជ័យទេ ហើយ​គណបក្សប្រជាជនកម្ពុជា ក៏មិនប្រកាសបិទ​ច្រកចរចាដែរ គឺ​គណបក្សប្រជាជន​កម្ពុជា មានឆន្ទៈ​សម្បទាន និងសំរប​សំរួល​​លើ​ការ​ដោះស្រាយ​នយោបាយ តាំង​ពី​លើក​ដំបូង​ រហូត​ដល់​សព្វថ្ងៃ៕

By: Cambodia News