Monday, June 9, 2014

ទស្សនៈ (មេដឹកនាំគណបក្សប្រឆាំង មិនត្រូវបដិសេធការពិត)

អ្នក​នយោបាយ​គួរមាន​សេចក្តី​ក្លាហាន ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​នូវ​ទង្វើ​របស់​ខ្លួន​ចំ​ពោះ​មុខ​ប្រជាពល​រដ្ឋ​ និង​ដាច់​ខាត​ត្រូវ​តែ​ទ្រាំទ្រអោយ​បាន​នឹង​ពាក្យ​រិះ​គន់​ត្រឡប់​វិញ​ ឬ​ក៏​សកម្មភាព​ប្រឆាំង​ណាមួយ​របស់​ប្រជាពល​រដ្ឋនៅ​ពេលដែល​អ្នក​នយោបាយ​មិន​បាន​បំ​ពេញ​បំ​ណង​របស់​ពួក​គាត់​ និង​សូម​កុំ​ចាត់​ទុក ប្រជា​ពល​រដ្ឋគ្រាន់​តែជា​កម្លាំង​គាំ​ទ្រក្រុម​ខ្លួន​គ្រប់​ពេល​វេលា ក្នុង​ខណៈ​ដែល​អ្នក​នយោបាយមិន​បាន​រួម​ចំ​ណែក​ក្នុង​ការ​លើក​កម្ពស់​ជី​វភាព​រស់​នៅ​របស់​ពួក​គាត់។
យ៉ាង​ណាមិញ​ កម្លាំង​ប្រជា​ពល​រដ្ឋ​ នឹង​មិន​អត់​ឱន​អោយ​ជា​ដាច់​ខាត​​ បើ​សកម្មភាព​របស់​អ្នក​នយោបាយ​ កាន់​តែដើរឆ្ងាយ​ពី​ផ្លូវ​ច្បាប់ និង​ពោរពេញ​ទៅ​ដោយ​ចេតនា​បង្ក​ភាព​ចលាចល​សង្គម​ និង​ចាត់​ទុកប្រជា​ពល​រដ្ឋ​ជា​បាវ​បំ​រើ​របស់​ខ្លួន​ដាច់​ថ្លៃ។ ក្នុង​ន័យ​នេះ មេដឹក​នាំ​គណបក្ស​ប្រឆាំង​ បាន​ និង​កំ​ពុង​ជួប​នូវ​ឧបសគ្គ​ដ៏​ធ្ងន់​ធ្ងរ​ដោយ​ការ​មិន​យល់​ពី​គោល​បំ​ណង​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល​​រដ្ឋ​ ។ ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​តំ​បន់​អន្លុង​វែង ខេត្ត​ឧត្តរ​មានជ័យ និង​នៅ​ប៉ៃលិន គឺជា​ភស្តុតាង​បង្ហាញ​ប្រាប់​ថា ប្រជាពល​រដ្ឋ​ពិត​ជា​មិន​ត្រូវ​ការ​ភាព​រំ​ខាន​ គ្រប់​ពេល​វេលាពី​ក្រុម​អ្នក​នយោបាយ​ក្បាល​រឹង​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​និយម​យក​ការ​ជេរប្រមាថ កាត​ទានមកលើ​រាជ​រដ្ឋាភិបាល ជា​ពិសេសមកលើគណបក្ស​ប្រជាជន​ក​ម្ពុជា ថា ល្មម​ដល់​ពេល​ភ្ញាក់​ខ្លួន​ ហើយក៏សូម​កុំ​ជោរនឹង​ការធ្វើ​ឬកពារ​ជាអ្នក​ប្រឆាំង​គ្រប់​កាលៈទេសៈ រហូត​យក​ការ​ប្រឆាំង​ និង​ភាព​បះ​បោរធ្វើ​ជា​មុខរបរដើម្បី​បន្ត​អាជីព​នយោបាយនោះ ។
ម៉្យាង​វិញ​ទៀត ការ​ចោទ​ប្រកាន់​មកលើ​ប្រជា​ពល​រដ្ឋ​ថា ជា​ក្រុម​ខ្មែរក្រហម​ពី​មុន មាន​ចរិត​ឃោរឃៅ​ នឹង​ទទួល​បញ្ជាពី​គណបក្សប្រជាជន​កម្ពុជា វារឹត​តែធ្វើ​អោយ​សកម្មភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ពិបាក​ក្នុង​ការ​ចុះ​ទៅ​ធ្វើ​សកម្មភាព​ជា​ថ្មី​នៅ​លើ​ទឹក​ដីនោះ​ម្តងទៀត គឺអាច​ប្រឈម​នឹង​កំ​ហឹង​របស់​ប្រជាពល​រដ្ឋ​អត់​ទ្រាំលែង​បាន​។
មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ដឹង​អោយ​ច្បាស់​ថា « អ្នក​មាន​សិទ្ធិ​និយាយ ប៉ុន្តែ អ្នក​គ្មានសិទ្ធិ​បង្ខំ​អោយ​ប្រជាពល​រដ្ឋ​ត្រូវ​តែគាំ​ទ្រពួក​ខ្លួន​ទាំង​ងងឹត​ងងុល​នោះ​ឡើយ​»។​ ប្រជាពល​រដ្ឋ​ មាន​​​​​​​សិ​ទ្ធិពេញ​ទី​ក្នុង​ការ​ប្រឆាំង​នឹង​សកម្មភាព​ព្រហើន​របស់​អស់​លោក​អ្នក​ ហើយ​ពួកគាត់​ក៏មាន​សិទ្ធិ​​​ប្រកាសគាំ​ទ្រថ្នាក់​ដឹកនាំ​ណា​ដែល​ពួក​គាត់​ពេញ​ចិត្ត​។សូម​កុំ​ប្រែក្លាយ​ការគាំ​ទ្ររបស់​គាត់​ចំ​ពោះ​​​អ្នក​ណា​ម្នាក់ ថា អ្នក​នោះ ឬ​គណបក្ស​នោះ​បញ្ជាឬ ទិញ​ទឹក​ចិត្ត​គាត់។
បើ​ពិនិត្យ​លើទិដ្ឋភាព​ជាក់​ស្តែង​ ប្រជាពល​រដ្ឋ​រាប់​រយ ពាន់​នាក់​ ដែល​ដង្ហែរក្បួន​ប្រឆាំង​នឹង​វត្តមាន សម រង្ស៊ី កឹម សុខា គឺកើត​ចេញ​ពី​ឆន្ទៈពិត​ប្រាកដរបស់​ពួក​គាត់ គ្មាន​ការ​ទិញ​ដូរទេ សម​ដូច​ពាក្យ​របស់​ក្រុម​បក្សប្រឆាំងតែង​តែ​និយាយថា ពល​រដ្ឋ​សព្វ​ថ្ងៃ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ មិន​អាច​មាន​អ្នក​ណា​ម្នាក់​ទិញ​ទឹក​ចិត្ត​ពួក​គាត់​បាន​ឡើយ។