Wednesday, August 6, 2014

«កង់គន្ធបុប្ឆា ដើម្បីជីវិតកុមារកម្ពុជា» ប្រគល់ថវិកាជាង១៦ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ឆា

AKP ខេត្តសៀមរាប ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
បន្ទាប់ពីបានធ្វើដំណើរទៅតាមខេត្តនានាទូទាំងប្រទេស ដោយកង់អស់ រយៈពេល៦៤ថ្ងៃរួចមក ក្រុមយុវជនស្ម័គ្រចិត្ត​កុលបុត្រ​តេជោសហការ​ជាមួយ មូលនិធិបាយ័ន និង សហភាព​សហព័ន្ធ​យុវជន​​កម្ពុជា ដែលបានរៀបចំ​កម្មវិធី​ «កង់គន្ធបុប្ឆា ដើម្បីជីវិត​កុមារ​កម្ពុជា» ​បានប្រមូលថវិកា​ពីសប្បុរសជន​នានាបាន​ ប្រមាណ១៦០.៣៣០ដុល្លារអាម៉េរិក​ ដើម្បីប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ឆា។

ពិធីប្រគល់ថវិការបស់ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោ «កង់គន្ធបុប្ឆា ដើម្បីជីវិតកុមារកម្ពុជា»នេះ បានធ្វើឡើងនៅពេលបញ្ចប់ការប្រគំតន្រ្តី Beato Cello កាលចុងសប្តាហ៍កន្លងមកនេះនៅក្រុងសៀមរាប ដោយលោកវេជ្ជបណ្ឌិត Beat Rechner អ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ឆា បានទទួលថវិកា ទាំងអស់ពីក្រុម យុវជនស្ម័គ្រចិត្តកុលបុត្រតេជោ ដើម្បីយកទៅផ្គត់ផ្គង់មន្ទីរពេទ្យ ដែលកំពុងជួប ប្រទះនូវបញ្ហាកង្វះខាតហិរញ្ញវត្ថុ។

លោក ធុល វិសាល អ្នករៀបចំ និង គ្រប់គ្រងកម្មវិធី«កង់គន្ធបុប្ឆា ដើម្បី ជីវិតកុមារកម្ពុជា» បានរៀបរាប់ពីសកម្មភាពនៃការធ្វើដំណើរដោយកង់ប្រមូល មូលនិធិនេះថា ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោសហការជាមួយមូលនិធិ បាយ័ន និង សហភាពសហព័ន្ធយុវជនកម្ពុជា មានចំនួន៥រូប បានជិះកង់ ឆ្លងកាត់ គ្រប់ខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា លើចម្ងាយផ្លូវប្រមាណជាង៤ ០០០ គីឡូ ម៉ែត្រ រយៈពេល៦៤ថ្ងៃ ដើម្បីធ្វើការរៃអង្គា សថវិកា នៅតាមបណ្តាខេត្តទាំងនោះ យកជួយដល់មន្ទីរពេទ្យគន្ធបុប្ឆា ។ លោកបានថ្លែងទៀតថា ក្រុមរបស់លោក បានចាប់ផ្តើមចេញដំណើរតាំងពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ដោយចាប់ផ្តើម ចេញពីភ្នំពេញឆ្ពោះទៅគ្រប់ខេត្តទូទាំងប្រទេស ហើយបានមកដល់ភ្នំពេញវិញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៤ ដោយគិតមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ នេះ យើងប្រមូលបានថវិកាប្រមាណ១៦០.៣៣០ដុល្លារអាម៉េរិក និងបានយក ទៅប្រគល់ ជូនដល់ មន្ទីរពេទ្យគន្ធបុប្ឆា នៅខេត្តសៀមរាបក្នុងឱកាសដែលលោក វេជ្ជបណ្ឌិត Beat Rechner កំពុងសម្តែង Consert Beato Cello នាចុងសប្តាហ៍ មុននេះ។
លោកវេជ្ជបណ្ឌិត Beat Rechner បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយបានឃើញការចូលរួមរបស់ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោ ជាមួយ មន្ទីរពេទ្យគន្ធបុប្ឆា ដើម្បីជួយដល់ជីវិតកុមារកម្ពុជា ។ ជាមួយគ្នានេះដែរ លោកក៏ បានសម្តែងនូវក្តីរំភើប ចំពោះការព្យាយាមជិះកង់របស់ក្រុមយុវជនស្ម័គ្រ ចិត្តកុល បុត្រតេជោ ដែលបានចំណាយកម្លាំងកាយ-ចិត្តក្នុងការរៃអង្គាស ដើម្បីមន្ទីរពេទ្យ គន្ធបុប្ឆានោះ ។ លោកវេជ្ជបណ្ឌិត Beat Rechner ក៏បានឲ្យដឹង ពីការចំណាយ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ឆាទៅលើការព្យាបាលដោយឥតគិតថ្លៃនោះគឺ៨៥% ជា មូលនិធិសប្បុរស ដែលបានមកពីការរៃអង្គាសនេះ ។

លោកវេជ្ជបណ្ឌិតក៏បានលើកឡើងផងដែរថា ជីវិតកុមារ បើទោះជាស្ថិត ក្នុងត្រកូលអ្នកមាន អ្នកក្រ ឬជាតិសាសន៍ណាក៏ដោយគឺត្រូវតែមានតម្លៃ និង សិទ្ធិស្មើគ្នា ក្នុងការទទួលយកនូវការព្យាបាលដោយគ្មានរើសអើងនៅក្នុងមន្ទីរ ពេទ្យគន្ធបុប្ឆា ។

ដូច្នេះលោកមិនអាចលះបង់បានទេនូវការព្រួយបារម្ភអំពីកិច្ច ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ឆាជាមួយនឹងវ័យ៦៧ឆ្នាំរបស់លោក ។

លោក វេជ្ជបណ្ឌិតក៏បានបង្ហាញពីភាពរឹងប៉ឹងរបស់លោកថា ដរាបណាកន្ទុយសេះនៅ តែអាចធ្វើដំណើរឆ្លងកាត់ខ្សែ Cello ដោយម្រាមដៃរបស់លោក បាននោះ មន្ទីរ ពេទ្យគន្ធបុប្ឆា នៅតែមានសប្បុរសជនគាំទ្រ ហើយកុមារកម្ពុជាត្រូវតែបានរស់ ក្នុងពន្លឺនៃព្រះរាជាណាចក្រអច្ឆរិយ នៃព្រះនាងគន្ធបុប្ឆា ប្រកបដោយ​ភាពកក់ក្តៅ សម្រាប់អនាគត៕
ដោយ ហ៊ុន យុទ្ធគុណ