Tuesday, May 26, 2015

សម្តេច​តេជោ ហ៊ុន សែន ជម្រុញ​លើក​​ទឹក​ចិត្ត​ឲ្យក្រសួង​ពាណិជ្ជ​កម្ម កម្ពុជា‑ ចិន បន្ត​កិច្ច​​សហការ​វិនិយោគ​​បន្ថែម​ទៀត

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា ​  បាន​លើកទឹកចិត្តជំរុញឱ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួង​ពាណិជ្ជកម្មកម្ពុជា និងចិន​បន្ត​​កិច្ចហការគ្នាធ្វើយ៉ាងណា ឱ្យមានអ្នកវិនិយោគចិន មកវិនិយោ​គ នៅតំបន់​នេះឱ្យ​កាន់តែច្រើន។
សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងឱ្យកាស សម្តេច ​អនុញ្ញាត​ឱ្យលោកជំទាវ Gao yan អនុរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មចិនចូលជួបសំដែងការគួរសម និង​ពិភាក្សា​ការងារនៅ​វិមាន​សន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នំា២០១៥។
នៅក្នុងជំនួបនេះ លោកជំទាវ Gao yan​ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាមិត្តចាស់របស់ចិន និងជាអ្នកជំរុញទំនាក់ទំនងកម្ពុជា ចិន ឱ្យបាន​កាន់​តែស៊ី ជម្រៅ។ លោកជំទាវបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបជាមួយឯកឧត្តម ស៊ីជិនពីង នៅ ប្រទេសឥណ្ឌូនេស៊ី ហើយក្នុងជំនួបនោះ បានយល់ព្រមគ្នា លើចំណុចជាច្រើន ហើយ​ដំណើ​រ ទស្សនកិច្ចរបស់លោកជំទាវមកកម្ពុជា នាពេលនេះ ដើម្បីធ្វើការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា ដើម្បីរៀបចំនូវដំណើរកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមដែលបានអនុវត្ត​ជាក់​ស្តែង​កន្លង​មក។ លោកជំទាវ បានមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្មជាមួយកម្ពុជាឱ្យស្របទៅនឹងទិសដៅនយោបាយរបស់ចិន ចំពោះផ្លូវសូត្រនិង សូត្រសមុទ្រ សម្រាប់សទវត្សទី២១ ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បន្ទាប់ពីជំនួប​របស់​លោក​ជំទាវ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មកម្ពុជា នៅ​ល្ងាច​ថ្ងៃទី​​២៥ ខែ​ឧសភានេះ សម្តេចតេជោ សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស​វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយសម្តេច​បានមាន​ប្រសាសន៍ថា កាលពីឆ្នាំ ២០១២ ថ្នាក់ដឹកនាំកម្ពុជា និងចិន បានយល់ព្រមជាមួយគ្នាថា នឹង​ជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យបាន៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧ខាងមុខ។ ក្នុងន័យនេះ សម្តេច បានមានប្រសាសន៍ថា កន្លងមក ពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​​​ពង្រីក ប៉ុន្តែទោះជាយ៉ាងណា ក៏មានសក្តានុពលឱ្យប្រទេសទាំងពីរសហការគ្នាបាន ជា​ពិសេស​តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ ដែលភាគីចិន បានជួយគាំទ្រ​ហើយ​នោះ  ហើយ​ឥឡូវនេះ គឺធ្វើយ៉ាងណា ឱ្យមានអ្នកវិនិយោគចិនមកវិនិយោគ នៅតំបន់នេះឱ្យ​កាន់​តែច្រើន។
 នៅព្រឹកថ្ងៃដដែលនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ បាន​ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម លូ  ហុងចាយ( Liu   Hongcai​) អនុរដ្ឋមន្ត្រី​ក្រសួង​​ទំនាក់​ទំនង អន្តរជាតិនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនិស្តចិន។
នៅក្នុងជំនួបពិភាក្សានេះលោក លូ  បានគោរពជំរាបជូនសម្តេចតេជោនាយ​ក​រដ្ឋមន្ត្រី​ថា​ដំណើ​រ​​ទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ ទី១ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់​តែស៊ី​ជំរៅខ្លាំងឡើងថែមទៀតរវាងបក្សកម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា ក៏​ដូច​​ជា​មួយ​គណ​បក្សហ្វុនស៊ីនប៉ិចដែរ និងទី២ គឺដើម្បីគោរពអញ្ជើញសម្តេចតេជោ ទៅចូល​រួមក្នុង​កិច្ច​ប្រជុំ​ពិសេស​រវាង​គណ​បក្សនយោ​បាយអាស៊ីនៅខែតុលាខាងមុខនេះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានទទួលយកនូវការអញ្ជើញនេះ ដោយ​សម្តេច​បានចាត់ទុកថា កិច្ចប្រជុំពិសេសរវាងគណបក្សនយោបាយអាស៊ី​នៅទីក្រុង​ប៉េកាំង​នាខែ​តុលា​ខាង មុខ​នេះ៕