Wednesday, June 24, 2015

ប្រធាន​សមាគមយុវជន​​កំណែទ​ម្រង់រដ្ឋ​ រិះគន់​ពី​ការប្រឈម​​មុខដាក់​​គ្នារវាង​យុវជន​ នៃគណបក្ស​នយោ​បាយ​ទាំងពីរក្នុង​រឿង​ស្បថ​ ថាជា​បញ្ហា​នាំ​ឲ្យបែក​បាក់​សាមគ្គីភាព​​ជាតិ ​

លោក ប៉ុល សីហា ប្រធាន​សមាគម​យុវជន​កំណែទម្រង់​រដ្ឋ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នេះ បានបង្ហាញ​នូវគោល​ជំហររបស់​ខ្លួនក្នុងនាម​ជាយុវជន​មួយរូប ឈរលើជំហរ​អព្យាក្រិត្យ មិនប្រកាន់​គណបក្សនយោបាយ​ណាមួយ និង​ដែលស្រឡាញ់ ចង់ឃើញ​សង្គមធានាបាន​នូវសុខ​សន្តិភាព និងការអភិវឌ្ឍ បានយល់​ឃើញ​ថា អ្វីដែល​មេដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ និងក្រុ​មអ្នកគាំ​ទ្រ បាន និងកំពុង​ធ្វើនៅពេល​នេះ គឺគ្រាន់តែ​ជាការសំដែង​ឡើង​ដើម្បី​ទាញចំណេញ​នយោបាយ​រៀងៗខ្លួន​តែ​ប៉ុណ្ណោះ ។
លោក ប៉ុល សីហា បានពិនិត្យ​ឃើញថា សកម្មភាព​របស់​ក្រុមយុវជន​គាំទ្រ​គណបក្សនយោបាយ​កាន់អំណាច និងបក្ស​ប្រឆាំង ដែល​បបួល​គ្នាស្បថ ហើយ​កាលពីថ្ងៃទី២១ ខែមិថុនា ក្រុមអ្នកគាំ​ទ្រគណបក្ស​កាន់អំណាច បានទៅស្បថ​នៅព្រះអង្គដងកើ ជាមួយ​នឹង​ពាក្យសច្ចាថា  សូមឲ្យ​ស្លាប់តាម​ដងផ្លូវដោយ​គ្រោះថ្នាក់​ចរាចរណ៍ និងស្លាប់​ដោយ​រន្ទះបាញ់ ដើម្បីការពារភាព​ស្អាតស្អំរបស់ សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែលរង​ការចោទថា បាន​លួចបន្លំសន្លឹក​ឆ្នោតកាលពីឆ្នាំ២០១៣។
សកម្មភាព​នៃការប្រកាសស្បថ​ប្រកបដោយ​គ្រោះថ្នាក់បែបនេះ  ត្រូវបានលោក ប៉ុល សីហា ប្រធាន​សមាគមយុវជន​កំណែទម្រង់រដ្ឋ កត់សម្គាល់​លើទិដ្ឋភាពពីរ​យ៉ាង គឺទិដ្ឋ​ភាពបច្ចេក​ទេស និងទិដ្ឋភាព​ខាងផ្លូវច្បាប់ ។ ជាទិដ្ឋភាព​បច្ចេកទេស លោក ប៉ុល សីហា បាន​ថ្លែងថា ផ្អែក​លើការចរចាស្វែង​រកដំណោះស្រាយជា​ច្រើនលើក​ច្រើនសាររវាង​គណបក្សន​យោបាយទាំងពីរ រួមជាមួយ​ការកាត់សេចក្តី​ពីសំណាក់​ស្ថាប័នមាន​សមត្ថកិច្ចកំពូលៗ ដូចជា​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត និងក្រុម​ប្រឹក្សាធម្មនុញ្ញរួចមក គណបក្ស​ទាំងពីរបាន​ព្រមព្រៀងគ្នាចូល​សភា ហើយបាន​ធ្វើការងារ​ជាមួយ​គ្នាជិតមួយ​ឆ្នាំទៅហើយ ដែល​នេះបាន​បញ្ជាក់យ៉ាងច្បាស់ថា គណបក្សន​យោបាយ​ទាំងពីរ បានទទួល​ស្គាល់ទាំង​ស្រុងនូវលទ្ធ​ផលបោះ​ឆ្នោត ឆ្នាំ២០១៣ ដូចនេះការរាប់សន្លឹក​ឆ្នោតសារឡើង​វិញវាមិនអាច​ទៅរួចនោះទេ និងជាទិដ្ឋ​ភាពនយោ​បាយ  លោក ប៉ុល សីហា បានអត្ថាធិ​ប្បាយថា « អ្វីដែល​គណបក្ស​សង្គ្រោះជាតិ​នៅតែលើក​ឡើង​ដោយបា​នចោទ ថា មានការលួច​សន្លឹកឆ្នោតនោះ គឺគ្រាន់​តែចង់ បញ្ជាក់​ប្រាប់​សាធារណៈជន​ថាគោល​ជំហររបស់​គណបក្ស​ខ្លួននៅ​ដដែល ប៉ុន្តែ ការចោទ​ប្រកាន់​នេះ មិន​មានមូល​ដ្ឋានច្បាស់​លាស់ និងខ្វះភាពត​ក្កវិទ្យា មិនសម​ហេតុសមផល » ។ លោក ប៉ុល សីហា បាន​ថ្លែងថា មេដឹកនាំគណបក្ស​ប្រឆាំង​បានទទួលយក​អំណាចមួយ​ចំនួនក្នុង​សភា បន្ទាប់ពីបានដឹក​នាំធ្វើបាតុកម្មតាម​ដងផ្លូវ ពហិការមិន​ចូលប្រជុំ​សភា ហើយត្រូវ​បានគណបក្ស​កាន់អំណាច​ចោទថា ជាសកម្មភាព​ប៉ុនប៉ង​ផ្តួលរំលំរាជរ​ដ្ឋាភិបាល​ពុំបាន​សម្រេច។
ដូច្នេះ  អ្វីដែល​គណបក្សនយោបាយ​ទាំងពីរ បាននិ​ងកំពុងធ្វើនៅ​ពេលនេះ គឺគ្រាន់​តែជា​ការសំដែង​ឆាកល្ខោន​ដើម្បីស្វែង​រកការគាំ​ទ្រពីមហាជន​តែប៉ុណ្ណោះ ដែល​ពុំគួរគប្បី​សកម្មជនអ្នកគាំទ្រ នៃគណបក្ស​នយោបាយ​នាំគ្នា​បង្កើតឲ្យមាន​ជម្លោះ ឬភាពអាប់​អួរក្នុង​សង្គម តាមរយៈការសម្ញែញ​សាច់ដុំដាក់គ្នា នាំឲ្យជះ​ឥទ្ធិពល​អាក្រក់ដល់​ស្រទាប់​យុវជនជំនាន់​ក្រោយ ​មានគំនិតផ្ចាញ់​ផ្ចាលគ្នា និងប្រកាស​ស្បថដាក់​អាយុជីវិត​នោះទេ ពីព្រោះ បើអ្នក​នយោបាយ​ភាពមានភាព​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ គឺជាការ​ស្រេច  ដោយ​មិនចាំបាច់​ដើរនិយាយ​សម្អុយកេរ្ត៍ឈ្មោះ​គ្នាទៅវិញ​ទៅមកនោះទេ។
ទោះ​ជាយ៉ាងនេះ​ក្តី លោក ប៉ុល សីហា ប្រធានសមាគម​យុវជនកំណែ​ទម្រង់​រដ្ឋ យល់​ឃើញថាការប្រជែង​គ្នាស្វែង​រកការគាំទ្រ​របស់អ្នក​នយោបាយ នឹងជះឥទ្ធិពល​ដល់យុវជន ដែល​អាចបណ្តាល​ឲ្យមានការបែក​បាក់ និងមានការបែង​ចែកជាបក្ខ ជាពួក ផ្សេងៗគ្នាជា​ច្រើន ទាំងដែលពួកគេ​ជាជាតិ​ខ្មែរតែមួយ និងបង្ហាញ​ពីការខ្វះការសាមគ្គី​ភាពរវាងខ្មែរ​តែមួយ​ទៀត​ផង។
ជាទស្សនៈ​យល់ឃើញ​របស់ លោក ប៉ុល សីហា លោក​ចង់បាន យុវជនគួរតែរំពឹងគិត​ទៅ​ថ្ងៃអនាគត គឺការបោះ​ឆ្នោតនៅអណត្តិ​ក្រោយ ឆ្នាំ២០១៨ដែល​នឹងមកដល់​ក្នុងរយៈពេល​ដ៏ខ្លី​ខាងមុខ ហើយត្រូវ​នាំគ្នា​ជម្រុញ​ឲ្យថ្នាក់​ដឹកនាំ​គណបក្សនយោបាយ​គោរពលើ​គោលការណ៍​សមធម៌ តម្លាភាព និងត្រូវតែរ​ក្សាឲ្យបាន​នូវអព្យាក្រិត្យភាព និងគប្បី​បញ្ចៀសឲ្យបាន​ជាដាច់ខា​តនូវ​ជម្លោះ និងការបែក​បាក់សាមគ្គី​ភាពជាតិ នោះទើបធានាបាន​នូវសេចក្តី​សុខ និង​ភាពរីកចម្រើនជូន​ប្រជាពល​រដ្ឋ។
លោក ប៉ុល សីហា បញ្ជាក់ថា អ្វីដែល​យុវជន​ទាំងឡាយ​ត្រូវ​តែគិត និងវិភាគ​ស្វែង​យល់សម្រាប់​អានាគត​ថា តើគណបក្ស​នយោបាយ​មួយណាដែល​អាចអភិវឌ្ឍ​ប្រទេសពិត​ប្រាកដ និងគណបក្ស​ណាបោក​ប្រាស់ ពោល គឺ មិន​មែនស្គា​ល់ប្រជាពលរដ្ឋ​តែពេលឃោសនា​បោះឆ្នោតនោះទេ ។
គួររំលឹក​ថា ការស្បថនេះ​បានកើត​ឡើងដោយសារ​តែកន្លងទៅមេ​ដឹកនាំបក្ស​ប្រឆាំងធ្លា​ប់ចោទប្រកាន់​មកលើគណបក្សកាន់​អំណាច ថា បានលួចប​ន្លំសន្លឹកឆ្នោត ហើយការចោទ​ប្រកាន់ នេះធ្លាប់​ត្រូវលោកនាយករ​ដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញប្រតិកម្មតប​វិញធ្ងន់ៗរហូត​បបួល លោក សម រង្ស៊ី ទៅស្បថ មុខព្រះអង្គដង​កើ ដើម្បីបញ្ជាក់​ពីភាពស្អាតស្អំ​ ហើយត្រូវ​បានប្រធាន​សហព័ន្ធនិស្សិត​បញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស ឆ្លៀតឱកាស​តម្លើងតម្លៃ​ខ្លួន​ខ្ពស់​ហួស​ហេតុ ប្រកាស​បបួល សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ទៅស្បថ ជំនួស​មេដឹកនាំ​បក្ស​ប្រឆាំង នៅមុខ​ព្រះអង្គដង​កើ ហើយត្រូវបាន​ក្រុមក្មេងវត្ត និងក្រុមយុវជន​មួយឈ្មោះថា សម្ព័ន្ធ​សេនានាគ ចេញមុខ​មកបបួល លោក ម៉ៅ ពិសេស ស្បថ ដោយមិន​បាច់ស្បថ​ជាមួយ​លោក ហ៊ុន សែន នោះទេ ប៉ុន្តែ នៅពេល​ក្រុមសម្ព័ន្ធ​សេនានាគ​ចេញ​មុខស្បថ  បែរជាមិន​ឃើញ លោក ម៉ៅ ពិសេស មិនហ៊ាន​ចេញមុខ​មកស្បថតតាំង​ជាមួយ​យុវជនគណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ។
ដូច្នេះ សូមក្រុម​អ្នកគាំទ្រនយោបាយ​ត្រូវតែប្រកាន់​យកនូវសច្ចធម៌ ក្នុងន័យ​ថា « ចេះ​ឯង សូមឲ្យក្រែង​ចេះគេផង» និងគួរ​ចៀសវាង​នូវរាល់សកម្មភាព​ណា ដែល​នាំឲ្យខ្មែរបែក​បាក់៕