Thursday, June 25, 2015

មេរៀន​​ស្តីពីការ​ប្រឆាំង​អំពើ​ពុករលួយ​​ត្រូវបាន​ ក្រសួងអប់រំ​ សហការគ្នា​ជាមួយ​ អង្គភាព​ប្រឆាំងអំពើ​​ពុករលួយ ​បញ្ចូល​ក្នុង​កម្រិតមធ្យម​សិក្សាបឋមភូមិ

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ ឯកឧត្តម ឱម យ៉ិន​ទៀង ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ បានថ្លែង​នៅក្នុងពិធីបើកវគ្គបណ្តុះ​បណ្តាលដល់​គ្រូបង្គោល​ប្រឆាំងអំពើពុក​រលួយថា សៀវភៅអប់រំ​ស្តីពីការប្រឆាំងអំពើ​ពុករលួយ សម្រាប់​កម្រិតមធ្យម​សិក្សាបឋមភូមិ គ្រោង​ដាក់ឲ្យអនុវត្ត​ក្នុងកម្មវិធី​សិក្សា ចាប់ពី​ឆ្នាំសិក្សា ២០១៥ ២០១៦ នេះតទៅ។
សៀវភៅ​មេរៀនការអប់រំ​ប្រឆាំងអំពើពុក​រលួយ ត្រូវបានចង​ក្រងដោយ ក្រសួងអប់រំ យុវជន និង​កីឡា និងអង្គភាពប្រឆាំងអំពើ​ពុករលួយ (ACU) រួចបានបាន​សហការគ្នា  ដាក់បញ្ជូល​ក្នុងកម្មវិធីសិក្សា មុខវិជ្ជា ពលរដ្ឋរិជ្ជា ឬសិក្សាសង្គម នៅក្នុងក​ម្រិតមធ្យមសិក្សា​បឋមភូមិ ចាប់​ពីថ្នាក់ទី៧ ដល់ថ្នាក់៩ បន្ថែមលើការសហការ​ជំហាន​ដំបូង ដែលរៀបចំសៀវភៅ​សំរាប់ការ​អប់រំលើកម្រិត​មធ្យមសិក្សា​ទុតិយភូមិ។ នៅឆ្នាំបន្តប​ន្ទាប់ ក្រសួងនឹង​ដាក់ឲ្យអនុវត្តន៍​ក្នុងកម្រិត​ថ្នាក់ឧត្តម​សិក្សា និងកម្មវិធីបណ្តុះបណ្តាល​វិជ្ជាជីវៈផង​ដែរ។
 ឯក​ឧត្តម ឱម យ៉ិនទៀង បានគូសបញ្ជាក់​ថា សៀវ​ភៅនេះមានគោល​បំណង​កសាង​ធនធានមនុស្ស​ជំនាន់​ក្រោយ ឲ្យចូលរួមប្រយុទ្ធ​ប្រឆាំងអំពើពុករ​លួយ ប្រកាន់ខ្ជាប់​នូវភាពស្អាត​ស្អំ ស្រឡាញ់​យុត្តិធម៌ ប្រកាន់​សុចរិតភាព តម្លាភាព គោរព​ច្បាប់ គោរព​ខ្លួនឯង និងអ្នក​ដទៃ។
ការរៀប​ចំវគ្គបណ្តុះ​បណ្តាលសៀវ​ភៅអប់រំស្តីពី​ការប្រឆាំង​អំពើពុករលួយ សម្រាប់​កម្រិតមធ្យមសិក្សាបឋម​ភូមិនេះ ប្រព្រឹត្តទៅរយៈ​ពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី២៤ ដល់ទី២៦ ខែមិថុនា​នេះ នៅអង្គភាព​ប្រឆាំងអំពើពុករ​លួយ ដែលមានសិក្ខាកាម​ដែលជាគ្រូបង្គោល​មកពីទូទាំង​ប្រទេសចំនួន​៦០​រូប។ ក្រោយពីគ្រូបង្គោល​បានចេះ​ពីខ្លឹមសារ និងរបៀបបង្រៀន​មេរៀន ស្តីពី​ការប្រឆាំងអំពើពុក​រលួយ ក្នុងកម្រិត​សិក្សាបឋម​ភូមិរួច ពួកគាត់​នឹងក្លាយ​ជាគ្រូប​ង្គោល ដែល​មានភារកិច្ចបណ្តុះ​បណ្តាល​បន្តដល់ លោក​គ្រូអ្នកគ្រូដែល​ត្រូវបង្រៀន​មុខវិជ្ជានេះ​នៅតាម​សាលារៀន នៅទូទាំង​ប្រទេសទូទាំង​ប្រទេស ចាប់ពីឆ្នាំសិក្សា ២០១៥-២០១៦តទៅ។
យោងតាម​សេចក្តី​ប្រកាស់​ព័ត៌មានចុះថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ២០១៥នេះ​របស់​អង្គភាពប្រឆាំងអំពើពុក​រលួយ បានឲ្យដឹងថា ការអប់រំប្រឆាំង​អំពើពូករលួយនេះ ត្រូវបាន​រៀប​ចំឡើងស្រប​តាមគោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ និងកម្មវិធីគោល​នយោបាយ​របស់រាជរដ្ឋាភិបាលអាណត្តិ​ទី៥ ដែលនៅកំរិតសិក្សា​នេះ គឺធ្វើឡើង​ក្នុងគោលបំណង កសាង​ផ្នត់គំនិតស្រលាញ់​ការសិក្សា ឧស្សាហ៍ព្យា​យាមស្មោះត្រង់ មានវិន័យផ្ទាល់​ខ្លួន និងមានសុច​រិតភាព ត្រិះរិះ​ពិចារណា និងជ្រើស​រើសយកនូវអ្វីដែល​ល្អសម្រាប់ជីវិត សង្គម​គ្រួសារ និងសង្គម​ជាតិ ណែនាំដល់​មិត្តភក្តិដទៃ​ពីសកម្មភាព​ទាក់ទង​នឹងការ​អប់រំ បង្ការ ទប់ស្កាត់អំពើពុករលួយ និងចូលរួមក​សាងគុណ​តំលៃ និងពង្រឹងសមត្ថភាពរបស់សិស្ស បន្ថែម​លើកម្មវិធីសិក្សា​ដែលមាន។
កម្មវិធីថ្ងៃនេះ​គឺជាការសហការ​គ្នាលើកទី២ ដែលលើកទី១ នៅឆ្នាំមុនកាល​ពីឆ្នាំសិក្សា ២០១៤-២០១៥ អង្គភាពប្រឆាំង​អំពើពុករ​លួយ និងក្រសួង​ក្រសួងអប់រំ យុវជន និងកីឡា ក៏បាន​រួមគ្នារៀបចំសៀវ​ភៅអប់រំស្តី​ពីការប្រឆាំង​អំពើពុករលួយ​សម្រាប់កម្រិតមធ្យម​សិក្សាទុតិយ​ភូមិ និងមានគម្រោង​បង្កើតនៅឆ្នាំ​បន្តបន្ទាប់ ដោយ​ដាក់ឲ្យអនុវត្តន៍​ក្នុង​កំរិតថ្នាក់ឧត្តម​សិក្សា៕