Monday, June 29, 2015

ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ការចោទប្រកាន់របស់គណបក្សប្រឆាំង គឺជាការកេងចំណេញផ្នែកនយោបាយ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ វ៉ា គឹមហុង ​ប្រធានគណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន​ បានមាន​ប្រតិកម្ម​តបយ៉ាង​ខ្លាំង ​ចំពោះ​ឯកឧត្តម​ សម​ រង្ស៊ី ​ដែលបាន​ចោទប្រកាន់​ថាបាត់​បង់ទឹកដី​ ដោយយក​ផែនទី​ប្រទេសកម្ពុជា​ពីប្រទេស​បារាំងមក​អះអាង​ក្នុងបំណង​ញុះញង់​មតិសាធារណៈ​ដោយអគតិ​ មិនសមហេតុផល​ធ្វើប្រជាភិថុត​ និយាយ​បំភ្លើស​ បំភាន់​ ភូត​កុហក​សាធារណៈ​មតិជាតិ​ និងអន្តរជាតិ​ក្នុង​គោលបំណង​ ទុច្ចរិតបម្រើ ​ផលប្រយោជន៍​នយោបាយ​បក្ខពួក​ និង​ក្រុមរបស់ខ្លួន​។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ បានមាន​ប្រសាសន៍ថា ​ដំណើរការ​នៃការបោះ​បង្គោលព្រំដែន​ គឺបាន​អនុវត្ត​ដោយ​ជោគ ​ជ័យ​កន្លង​មក​ដោយផ្អែក​លើផែន​ទីភូមិសាស្រ្ត​ឥណ្ឌូចិន​ ដែល​បន្សល់​ទុកដោយ​អាណានិគម​និយមបារាំង​ បន្ទាប់ពី​ប្រទេសកម្ពុជា​ទទួលបាន​ឯករាជ្យ​ភាពជាតិ​នៅឆ្នាំ​១៩៥៣​មកម្ល៉េះ​ ហើយ​ឯកឧត្តម​ក៏បាន​បន្ថែម​ទៀតថា​ គណៈកម្មា​ធិការកិច្ចការ​ព្រំដែន​កម្ពុជា​ ធ្វើការងារ​ដោយឈរ​លើគោល​ការណ៍​ជាមូល​ដ្ឋាននៃ​ ខ្សែព្រំ​ដែនមិន​កែប្រែ​នៅពេល​ដែលកម្ពុជា​បានឯករាជ្យ ​ដូចមាន​កំណត់​ក្នុងមាត្រា២​នៃរដ្ឋធម្មនុញ្ញ​ និង​ស្រប ​តាមព្រះ​រាជតម្រិះ​របស់ព្រះ​មហាវីរៈ​ក្សត្រ​ សម្តេច​ព្រះនរោត្តម​សីហនុ​ ព្រះវរ​រាជបិតា​ជាតិខ្មែរ​ ដែល​ព្រះអង្គ​បានយក​ផែនទី​កម្ពុជា ​វៀតណាម​ទាំងព្រំដែន​គោក​ ទាំង​ព្រំដែន​សមុទ្រ​ទៅតម្កល់​នៅអង្គការ​សហប្រជា​ជាតិ​នៅឆ្នាំ​១៩៦៤​។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​ សុំ​បដិសេដ​មិនឆ្លើយ​តប​ចំពោះ​សេចក្តី​ថ្លែងការណ៍​ របស់ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​ដែលបាន​ចោទប្រកាន់​ថា ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​បានធ្វើ​ឱ្យទឹក​ដីខ្មែរ​បាត់បង់​បន្ថែម​ទៀតទៅ​ភាគី​វៀតណាម​ និងការ​ទាមទារ​ឱ្យបង្កើត​គណៈកម្មា​ធិការ​ចម្រុះ​ ។ ឯកឧត្តម​ក៏បាន​បន្ថែម​ទៀតថា​ កិច្ច​ការងារ​ព្រំដែន​នេះ គឺជា​សមត្ថកិច្ច​របស់​រាជរដ្ឋា​ភិបាល​ជាអ្នកដោះ​ស្រាយទៅ​តាមគោលការណ៍​ច្បាប់ជាតិ​ និងអន្តរជាតិ ​សំដៅ​រក្សាបាន​សុខ​សន្តិភាព​ និងភាព​រីកចម្រើន​រុងរឿង​ ទាំងខាង​សង្គមកិច្ច​ សេដ្ឋកិច្ច​ និង​នយោបាយ​។
ជាមួយ​គ្នានេះ​ដែរ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ វ៉ា​ គឹមហុង ​ក៏បាន​បញ្ជាក់សារ​ជាថ្មី​ផង​ដែរ​ថា ​កម្ពុជា​បាន​និង​កំពុង​ តែប្រើប្រាស់​ផែនទី​ខ្នាត​១លើ​១០០​ពាន់​ ដែល​បាន​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​ការ​កំណត់​ព្រំដែន​ខ័ណ្ឌសី​មាជា​មួយប្រទេស​វៀតណាម​ជាយូរ​យារ​ណាស់​មកហើយ​ ហើយ​អ្វី​ដែល​ឯកឧត្តម​ សម​ រង្ស៊ី​ បានធ្វើ​ នោះគឺ​គ្រាន់តែ​ជា​ការកេង​ចំណេញ​នយោបាយ​តែប៉ុណ្ណោះ​។
បើតាម​ទស្សនៈ​របស់ក្រុម​អ្នកវិភាគ​មួយចំនួន​ យល់​ឃើញ​ថា ​ក្នុងនាម​ជាអ្នក​តំណាងរាស្រ្ត​ គួរតែធ្វើ​កិច្ចការ​ណាដែល​បម្រើដល់​ផលប្រយោជន៍​ជាតិពិត​ប្រាកដ​ និងធ្វើ​ការងារ​ដែលមាន​នីតិវិធី​ត្រឹមត្រូវ​ ប្រកបដោយ​តម្លាភាព​ មិនមែន​ធ្វើការ​ចោទប្រកាន់​ដោយគ្មាន​ហេតុផល​ និងបង្ករ​ការញុះ​ញង់ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​អាចប៉ះ​ពាល់ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​របស់ខ្លួន​ ដូចជា​ការបង្ករ​ហិង្សា​នៅ​តាម​ព្រំដែន​ជាដើម​។

អត្ថបទៈ មាន ​មេត្តា