Monday, June 15, 2015

ព្រះមហាក្សត្រ​ ប្រោស​​ព្រះរាជ​ទាន​គោរ​មងារ ​ជូន​ ឯកឧត្តម​ សាយ​ ឈុំ ​និងឯក​ឧត្តម​ ស​ ខេង​ ជាសម្តេច​

ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៥ បានសំរេច​ប្រោសព្រះ​រាជទាន​គោរមងារ ជូនឯកឧត្តម សាយ ឈុំ ប្រធានព្រឹទ្ធស​ភាជាតិ ជាសម្តេច​វិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម ស ខេង ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ត្រូវបាន​ព្រះមហាក្សត្រ​នៃព្រះរាជាណាច​ក្រកម្ពុជា ប្រោសប្រទាន​គោរមងារជា សម្តេច​ក្រឡាហោម ស ខេង។
នៅក្នុង​ព្រះរាជក្រឹត្យ របស់ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់​ពីស្នាដៃ និងភាព​លេចធ្លោមួយ​ចំនួន ដែលឯក​ឧត្តម សាយ ឈុំ បានធ្វើ​កន្លង​មកក្នុង​ជិវិតជាអ្នកនយោបាយ​របស់ឯក​ឧត្តម ដែលបានលះបង់​បំរើជាតិមាតុ​ភូមិកម្ពុជា។ ឯក​ឧត្តម សាយ ឈុំ បានចូល​រួមកសាង​ប្រព័ន្ធច្បាប់ សំរាប់​ប្រើប្រាស់​ជាឧត្តមប្រយោជន៍​ដល់​សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាព​ជាតិ ការអភិវឌ្ឍ​ជាតិលើ​គ្រប់វិស័យ ការពារលទ្ធិប្រ​ជាធិបតេយ្យ និងមាន​កិច្ចសហប្រតិបត្តិ​ការអន្តរជាតិល្អ ព្រម​ទាំងរក្សាបាននូវឯករាជ្យ​ជាតិ និងបូរណភាពទឹកដី។
ព្រះរាជ​ក្រឹត្យដដែល​បានឲ្យដឹងថា ឯកឧត្តម សាយ ឈុំ ជាអ្នកដឹកនាំ​ដ៏ឆ្នើម ជាទីគោរពស្រឡាញ់​របស់ប្រជារាស្ត្រ មានស្វាមី​ភក្តីចំពោះរាជបល្ល័ង្គ ការពារ​និងគោរព​ព្រះពុទ្ធសាសនា ការពារ​យុត្តិធម៌សង្គម​ដើម្បីនិរន្តរ​ភាពរាជានិយម នៃព្រះរាជាណា​ចក្រកម្ពុជា ក្រោមកិច្ច​ដឹកនាំដ៏ឈ្លាស​វៃ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នា​នេះដែរ ព្រះមហាក្សត្រ​ក៏បានប្រោស​ព្រះរាជទានគោ​រមងារ ជូន ឧត្តម ស ខេង ជាសម្តេច​ក្រឡាហោម ស ខេង  ដោយឯក​ឧត្តមត្រូវ​បានចាត់​ទុកជាវីរជនដ៏​ឆ្នើម ដែលបានបំរើជាតិរយៈពេល​ជាង៣០ឆ្នាំ ដោយឯក​ឧត្តម ស ខេង បាន កសាងបាន​នូវសន្តិភាពជាតិ ស្តិរភាពជាតិ ឯកភា​ពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិ​លើគ្រប់វិស័យ ការពារលទ្ធិប្រជា​ធិបតេយ្យ និងមាន​ស្ថិរភាព សន្តិសុខ​សង្គមបានល្អ​ប្រសើរ ព្រមទាំងរក្សា និងការពា​របាននូវឯករាជ្យជាតិ និងបូរណ​ភាពទឹកដី ក្រោមកិច្ច​ដឹកនាំដ៏ឈ្លាស​វៃ របស់ សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្រទាន​គោរមងារជូន ឯកឧត្តម សាយ ឈុំ និង ឯកឧត្តម ស ខេង គឺជាការ​លើកទឹកចិត្ត ជូនចំពោះ​ឯកឧត្តម ទាំងពីរដែល​បានបំរើជាតិមាតុ​ភូមិរបស់ខ្លួន ដោយ​ស្មោះស និងលះបង់ទាំងកំលាំងកាយ និងចិត្តអស់​រយៈពេលជាង៣០ឆ្នាំ និងបាន​កសាងនូវ​ស្នាដៃជា​ច្រើនជូនជាតិ និងប្រជាជន​ខ្មែរ។

អត្ថបទ៖ សុ​ភាព