Monday, July 13, 2015

លទ្ធផល​នៃដំណើរ​ទស្សនកិច្ច​ផ្លូវការរបស់ឯក​ឧត្តមឧប​នាយករដ្ឋ​មន្រ្តី​ ហោ​ ណាំហុង​ នៅ​ប្រទេស​ថៃ

តាមការអញ្ជើញ​របស់ឯកឧត្តមឧបនាយក​រដ្ឋមន្រី្ត ថាណា​សក្តិ ប៉ាទិម៉ា​ប្រាកន (Tanasak Patimapragorn)រដ្ឋមន្រ្តីការ​បរទេស​ថៃ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំ​ហុង រដ្ឋម​ន្រ្តីការបរទេស និងសហប្រ​តិបត្តិការ​អន្តរជាតិ  បានដឹក​នាំគណៈ​ប្រតិភូកម្ពុជា​ដែលរួម​មានឯក​ឧត្តម វ៉ា គឹម ហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ចព្រំដែន និងលោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្រ្តីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផងដែរ  អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ចផ្លូវការ​នៅ​ព្រះរាជាណាចក្រថៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥  ដែលស្របពេល​គ្នានឹងការ​ប្រារព្ធខួប ៦៥ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា - ថៃ។
ក្នុងឱកាស​នៃដំណើរ​ទស្សន​កិច្ចនេះ  ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង  បានជួបសន្ទនា​ជាមួយឯក​ឧត្តមឧត្តម​សេនីយ៍ ប្រាយុទ្ឋ ចាន់អូឆា  (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃ នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥  និងបាន​ជួបចរចាទេ្វ​ភាគី​ជាមួយ ឯកឧត្តមឧប​នាយករដ្ឋមន្រ្តី ថា​ណាសក្តិ  ប៉ាទិម៉ា​ប្រាកន រដ្ឋមន្រ្តី​ការបរទេស​ថៃ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ហើយ​ទទួល​បាន​លទ្ធផល​សំខាន់ និង​ជាវិជ្ជមានសំរាប់​ប្រទេស​កម្ពុជាយើង គឺបានចុះហត្ថលេខា​លើកិច្ចព្រ​មព្រៀង​ដែលអនុញ្ញាត​ឲ្យប្រ​ជាជនរស់​នៅតំបន់​ព្រំដែន អាច​ទៅធ្វើការនៅប្រទេសថៃ វិលល្ងាច រឺក៏ស្នាក់នៅក្នុងរយៈពេលពី ១៥ ទៅ៣០ថ្ងៃ និងបានអនុញ្ញាតឲ្យពលករយើង​ប្រហែល​៥០.០០០នាក់ដែល​មិនទាន់​បានពន្យារពេលប័ណ្ណ​ស្នាក់នៅបណ្តោះ​អាសន្នមុនថ្ងៃផុតកំ​ណត់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ បានបន្ត​ស្នាក់នៅ​រហូតដល់ខែ​មិនា ឆ្នាំ២០១៦ ដើម្បីបំ​ពេញបែប​បទក្លាយ​ជាពលករ​ស្រប​ច្បាប់។
ក្នុងឱកាស​នោះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី បានលើក​បញ្ហាពលករខ្មែរ​យើងដែល​ធ្វើការលើទូកនេសាទ​ថៃ ហើយ​ត្រូវបានថៅ​កែថៃ​ធ្វើបាប ហើយ​ពលករទាំង​នោះសុទ្ធ​តែជាពលករ​មិនស្រប​ច្បាប់។ ទាំង​នាយករដ្ឋមន្ត្រីថៃ ទាំង​រដ្ឋមន្ត្រីការបរ​ទេសថៃ បាន​សំណូម​ពរឲ្យកម្ពុជាធ្វើយ៉ាងណា​ឲ្យពលករ​តាមទូក​នេសាទ​ជាពលករ​ស្របច្បាប់ ដើម្បីជៀស​វាងការរំលោភ​បំពានរបស់​ថៅកែ​ទូកនេសាទមក​លើពលករ​ខ្មែរ។ ឯកឧត្តមឧប​នាយករដ្ឋ​មន្រ្តី បាន​សន្យាថា​នឹងធ្វើការងារ​នេះជាមួយ​ក្រសួង​ការងារ​កម្ពុជា ហើយ​សព្វ​ថ្ងៃនេះ ពលករដែល​ក្រសួង​ការបរទេស និងសហប្រតិបត្តិកា​រអន្តរជាតិ បានសុំទិដ្ឋា​ការឲ្យទៅ​ធ្វើការនៅ​ប្រទេសថៃ​ជាពលករស្របច្បាប់ មានចំនួន​ជិត២០.០០០នាក់​ហើយ។ ទន្ទឹម​នឹង​នេះ ឯកឧត្តមឧប​នាយករដ្ឋមន្រ្តី បាន​ស្នើនាយករដ្ឋ​មន្ត្រីថៃ និងរដ្ឋមន្ត្រី​ការបរទេស​ថៃ ធ្វើយ៉ាង​ណាកុំ​ឲ្យថៅកែ​ទូកនេសាទ​ថៃទទួលពលករមិន​ស្របច្បាប់​ទៀត។
ក្នុងឱកាស​នោះដែរ រដ្ឋមន្ត្រីវប្បធម៌​នៃប្រទេស​ទាំងពីរ ក៏បានចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀងសី្តពី​ការប្រគល់ - ទទួល​វត្ថុបុរាណ​ខ្មែរចំនួន១៦​ដុំ ដែលរាជរដ្ឋាភិបាល​ថៃបានឯកភាព​ជូនមកកម្ពុជាវិញ ក្រោយ​ពីការចរចា​ដ៏ស្វិតស្វាញ​របស់ក្រសួង​ការបរទេស និងសហប្រតិបត្តិកា​រអន្តរជាតិ។
ក្នុងឱកាស​នៃការចរចារផ្លូវ​ការជាមួយរដ្ឋមន្ត្រី​ការបរទេសថៃ ឯក​ឧត្តមឧប​នាយករដ្ឋមន្រ្តី ហោ ណាំ​ហុង  ក៏បានស្នើ​ឲ្យរដ្ឋាភិបាល​ថៃអនុញ្ញាត​ឲ្យអ្នកជំនាញ​កម្ពុជា ទៅពិនិត្យ​មើល​វត្ថុបុរាណចំនួន២០ដុំ​ផ្សេងទៀត​ដែលសព្វថ្ងៃ​រដ្ឋាភិបាល​ថៃរក្សាទុកនៅ​ទីក្រុង​បាងកក ក្នុងគោល​បំណងស្នើឲ្យ​ភាគីថៃប្រគល់​វត្ថុបុរាណ​ដែលជារបស់​ខ្មែរមក​កម្ពុជាវិញ។
ក្នុងឱកាស​នៃការចរចា​នេះដែរ ភាគីទាំង​ពីរបាន​ពិភាក្សាស្តី​ពីបើក​ច្រកស្ទឹងបត់ - បានណងអៀន ថ្មីមួយ​រវាងកម្ពុជា - ថៃ ដើម្បីសំរួលការ​ដឹកទំនិញរវាង​ប្រទេស​ទាំងពីរ ដោយ​ទុកច្រកប៉ោយប៉ែត​សំរាប់តែ ទេសចរណ៍។ ការងារច្រក​ស្ទឹងបត់ - បាន​ណង​អៀន បានទៅ​មុខរលូន ហើយសង្ឃឹម​ថានឹងបាន​សំរេច​នៅពេលឆាប់​ខាងមុខ​នេះ។
នាពេល​នោះដែរ ឯក​ឧត្តមឧបនាយករដ្ឋ​មន្រ្តី បានលើក​ឡើងអំពី​ការបង្កើត តំបន់​សេដ្ឋកិច្ចពិសេស” នៅ​ខេត្តកោះកុង និងនៅប៉ោយ​ប៉ែត ដើម្បីជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា ក៏ដូចជា​របស់ ថៃដែរ។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការ​បរទេសថៃ ក៏បាន​ឯក​ភាពបើក​ច្រកអន្តរជាតិ​អានសេះ (ខេត្តព្រះវិហារ) - អាន​ម៉ា (ខេត្តអ៊ុប៊ុនរាជធានី) ដើម្បី​សំរួលការប្រកបរបរ និងជំនួញ​ជួញដូរសំដៅ​លើក កំពស់ជីវភាព​ប្រជាជន​ក្នុងតំបន់នោះ៕