Monday, July 20, 2015

តាមរយៈការអនុវត្តគម្រោងថ្មី រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានកាត់បន្ថយចំងាយ ហោះហើរ និងពេលវេលា សម្រាប់ប្រតិបត្តិការ អាកាស យានអន្តរជាតិភ្នំពេញ និងសៀមរាប

យោងតាម​សេចក្តីប្រកាសព័ត៌មាន​ ចុះថ្ងៃទី ២០ ​ខែកក្កដា ​ឆ្នាំ២០១៥នេះ​ របស់រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរស៊ីវិល​ បានឲ្យដឹងថា​ ការសម្រេច​បានរបស់គម្រោង​ពង្រឹង​សមត្ថភាព​ដើម្បីឈាន​ទៅអនុវត្តការប្រើប្រាស់​ប្រព័ន្ធនាំផ្លូវហោះហើរ ​និងគ្រប់គ្រងចរាចរផ្លូវ​អាកាសថ្មីដែល​មានរយៈពេល០៥​ ឆ្នាំនេះ គឺ ​បានកាត់បន្ថយ​នូវ ​ចំងាយហោះហើរ ​និងកាត់​បន្ថយពេលវេលា​ សម្រាប់ប្រតិបត្តិការ​អាកាសយាន​ ក្នុងអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ​និងសៀមរាប ​ដែលនឹងមាន​ការហោះហើរកើន​ឡើងច្រើនជាង ​៦៤០០០​ ជើង​ ក្នុងឆ្នាំ ២០១៨ ​ខាងមុខ។
​ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​បានថ្លែងក្នុងពិធី​បើកកិច្ចប្រជុំ​ថ្នាក់តំបន់គណៈកម្មាការ​ដឹកនាំ​សម្របសម្រួល​លើកទី៤ ​នៃគម្រោងការ​ពង្រឹងសមត្ថភាព​ដើម្បី​ឈានទៅ​អនុវត្តការ​ប្រើប្រាស់​ប្រព័ន្ធ​នាំផ្លូវ​ហោះហើរ ​និង​គ្រប់គ្រង​ចរាចរ​ផ្លូវអាកាស​ថ្មីនេះថា ​តាមរយៈ​ការអនុវត្ត​គម្រោងនេះ ​ប្រទេសកម្ពុជា​ បាន​សម្រេចបាន​នូវសមិទ្ឋិផល​ថ្មីមួយទៀត ​គឺ​យើង​បានទទួល​នូវបច្ចេក​វិទ្យាទំនើប​ដោយអនុវត្តការ​នាំផ្លូវហោះថ្មី ​តាមផ្កាយរណប​ ដែលធានា​បាននូវ​សុវត្ថិភាព​ខ្ពស់​ ចំពោះអ្នក​ដំណើរតាម​ផ្លូវអាកាស ​ចំណេញ​ពេលវេលា​ កាត់បន្ថយនូវ​ការចំណាយ​ប្រេង​សាំង ​និងរួម​ចំណែក​នូវការការពារ​បរិស្ថាន ​កាត់​បន្ថយនូវ​ការភាយ​ចេញ​នូវឧស្ម័ន​កាបូនិច​ (CO2) ពីម៉ាស៊ីន​អាកាសយាន​ ជាពិសេសតាមរយៈ​ការអនុវត្តគម្រោងនេះ​បានកាត់បន្ថយនូវ​ចំណាយ​ លើប្រេងឥន្ទនៈ​គិតជាទឹកប្រាក់ ​ចំនួន១,១លានដុល្លា​ និង​ កាត់​បន្ថយបាន៥៩០០ ​តោននៃការ​ភាយចេញនូវ​ឧស្ម័នកាបូនិច ​(CO2)​ លើស្រទាប់​បរិយាកាស​ផែនដីជា​រៀងរាល់ឆ្នាំ។
​គួរបញ្ជាក់ថា​ កិច្ចប្រជុំថ្នាក់​តំបន់គណៈកម្មាធិការ​ដឹកនាំ​សម្របសម្រួល​លើកទី៤​ នៃគម្រោង​ការពង្រឹង​សមត្ថភាព​ដើម្បី​ឈានទៅអនុវត្ត​ការប្រើប្រាស់​ប្រព័ន្ធនាំផ្លូវ​ហោះហើរ ​និងគ្រប់គ្រង​ចរាចរផ្លូវ​អាកាសថ្មី​ តាមផ្កាយរណប ​នៅថ្ងៃនេះ​ ធ្វើឡើង​នៅស្តីការគណៈរដ្ឋមន្រ្តី​ ក្រោមកិច្ច​សហប្រតិបត្តិការ​ជំនួយឥតសំណង​របស់រដ្ឋាភិបាល​ជប៉ុន ​អនុវត្តដោយ​ទីភ្នាក់ងារ​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ ហៅថា​អង្គការ ​JICA ។​ កិច្ចប្រជុំនេះ ​មានការចូលរួម​ពី​លោក ​Takayoshi Kuromiya ​ភារៈធារីស្ថានទូត​ជប៉ុន​ លោក Itsu Adachi ​ប្រធានអង្គការ ​JICA ប្រចាំប្រទេស​កម្ពុជា ​មន្រ្តី​ជំនាញ​ប្រទេស​ទាំង០៣​ និង​តំណាងក្រុមហ៊ុន​វិស័យ​អាកាសចរ​ក្នុងស្រុក​ សរុប​ចំនួន​១៥០នាក់។
អត្ថបទ៖ ច័ន្ទ ទេវី