Tuesday, July 21, 2015

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជំរុញចិន ឲ្យមកធ្វើការវិនិយោគ លើវិស័យកសិកម្មនៅខេត្តតាកែវ

នៅល្ងាចថ្ងៃទី ​២០ ខែ​ កក្កដា ឆ្នាំ ២០១៥ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី ​បាន​អនុញ្ញាត​ឲ្យលោក Qin Jun អភិបាល​ក្រុង​ Xingyang នៃខេត្ត​ Hubeiគណៈប្រតិភូនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​ពិភាក្សាការងារ​ ដែលផ្តោតទៅ​លើចំណង​មេត្រីភាព​រវាងខេត្ត Hubei ​ ជាមួយខេត្ត​ តាកែវ និងការសំលឹង​មើល​ពីឱកាស​វិនិយោគលើវិស័យ​កសិកម្មក្នុង​ខេត្តតាកែវ។
នៅក្នុង​ជំនួបនេះ ​ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន​ មានប្រសាសន៍ថា ​គោលនយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជា​ គឺបានលើកតម្កើង​លើវិស័យកសិកម្ម។ ​ឯកឧត្តមបន្ត​ថា ​កន្លងមកថ្មីៗនេះ​ខេត្តតាកែវ ​គឺជាខេត្តមួយ​ដែលជាប់ចំណាត់​ថ្នាក់​លេខ១ ​ក្នុងការផលិត​ស្រូវ ​ហើយស្ទើរតែរាល់​ឆ្នាំភាគច្រើនគឺខេត្ត​ តាកែវ ​ទទួលបានចំណាត់ថ្នាក់ល្អ ​ហើយឆ្នាំនេះ ​គឺទូទាំងខេត្តតាកែវ ​សល់ស្រូវ​ប្រមាណជាកន្លះ​លានតោន។
អភិបាល​ក្រុង​ Xingyang ​នៃខេត្ត Hubei ​លោក Qin Jun​ មានប្រសាសន៍ថា​ «ដើម្បីធ្វើការ ​វិនិយោគលើ​វិស័យកសិកម្ម​នៅកម្ពុជា​លោកមានគំនិតថា ​បើជាមធ្យមកសិករ​កម្ពុជា ប្រមូល​ផលស្រូវបាន ​១ហិកតា ២​តោនស្រូវ ​ដូច្នេះក្រុមហ៊ុន​ចិន​ អាចជួលដី​កសិករយើង ​ដោយក្នុង១​ហិកតាដដែល ​គឺ​ឲ្យស្រូវទៅ​កសិករ២តោន​ និង​ជួលកសិករ​យើងឲ្យជួយធ្វើការ​នៅលើដីដែល​ក្រុមហ៊ុនចិនជួល​ពីកសិករកម្ពុជាវិញ​។​ ដូច្នេះកសិករកម្ពុជា ​នឹងទទួលបាន​ទិន្នផលក្នុង ​១ហិកតា ​២តោនផង ​ហើយថែមទាំងបាន​ទទួលនូវកំរៃ​ពីកំលាំងពលកម្ម ​លើដីរបស់​គាត់ផង​ដោយដីនោះ​គឺនៅតែជា​របស់ប្រជា​ពលរដ្ឋ​កម្ពុជាដដែល»។
​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន​ បានលើកឡើងថា​ នៅខេត្តតាកែវ​ផលិតបានស្រូវ​ប្រាំងច្រើនជាង​ស្រូវវស្សា ​តែទិន្នផល​ស្រូវប្រាំង​លក់មិនបាន​ថ្លៃដូចស្រូវ​វស្សានោះទេ​ ព្រោះ​ស្រូវវស្សាច្រើនជា​ស្រូវក្រអូប។​ ឯកឧត្តមបណ្ឌិត​ បានលើកទឹកចិត្ត​ឲ្យក្រុមហ៊ុនចិនមក​វិនិយោគ​នៅក្នុងវិស័យ​កសិកម្ម ​ទាំងលើ​ដំណាំស្រូវ​ និង​ការចិញ្ចឹមសត្វ។ ​ឯកឧត្តមបណ្ឌិត​សភាចារ្យ ​បន្តថា ​ធ្វើយ៉ាងណា​ឲ្យផលិតផល​កសិកម្មរបស់​កសិករកម្ពុជា​ នៅខេត្តតាកែវ​លក់បានតំលៃ​ល្អ ​កុំឲ្យមាន​ភាពរាំងស្ទះ។​ ឯកឧត្តម​បណ្ឌិតក៏​បានជំរុញ​ឲ្យក្រុមហ៊ុន​ចិនមកធ្វើការ​វិនិយោគ​ក្នុងការនាំ​ចេញស្រូវ ​បន្ទាប់ពីកិនរួច​ទៅទីផ្សារ​ប្រទេសចិន​ ក៏ដូចជា​ប្រទេសផ្សេងៗ​ទៀត។
​ជាការឆ្លើយតប​ អភិបាល​ក្រុង​ Xingyang​ នៃខេត្ត Hubei ​លោក Qin Jun បានយល់ស្រប​នឹងការលើក​ឡើង​របស់ឯក​ឧត្តមឧបនា​យករដ្ឋមន្ត្រី ​សុខ អាន​ ដោយលោក ​Qin Jun​ បានលើក​ឡើងថា​ ជាការពិត​នៅប្រទេសចិន​ក៏ត្រូវការ​អង្ករ​ច្រើនដែរ ​ហើយ​អង្ករមួយចំនួន​ដែល​នាំទៅប្រទេស​ចិន​តាមរយៈ​ប្រទេសថៃ​ ក៏មានអង្ករ​ក្រអូប​មកពី​ប្រទេស​កម្ពុជា​ផងដែរ​។​  
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​បានលើកថា​ «នៅប្រទេស​កម្ពុជាយើង​ មាន​សក្តានុពល​ខ្ពស់មិន​ត្រឹមតែ​ផលិតស្រូវ ​អង្ករទេ ​ប៉ុន្តែ​យើងក៏​មានសក្តានុពល​ខ្ពស់ ​ផ្អែកផលិត​ដំណាំ​កៅស៊ូផងដែរ​ ព្រោះយើង​មានដី​ក្រហមស្អិត ​ដែលមាន​ជីវជាតិ​សំរាប់ដំណាំ​កៅស៊ូ ​ហើយប្រទេស​ចិន​ដែល​ត្រូវការ​ផលិតផល​កៅស៊ូនេះ ​ក៏គួរ​តែក្រឡេក​មើលការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា»។
គួរបញ្ជាក់ថា ​នៅថ្ងៃទី ២១​ ខែកក្កដា​ ឆ្នាំ២០១៥នេះ​ ភាគីចិន​នឹងចុះទៅ​ខេត្តតាកែវ​ដើម្បីចុះ​អនុសារណៈ​ស្តីពីសម្ព័ន្ធ​មេត្រីភាពរវាង​ខេត្ត ​ Hubei  ​ និងខេត្តតាកែវ ​គឺរវាង​អភិបាល​នៃខេត្ត​ទាំងពីរ។​ ជាជំហ៊ាន​បន្ទាប់ទៀត​ភាគីទាំង​សងខាង ​នឹង​សំលឹងមើល​ទៅលើការ​អភិវឌ្ឍនិង​ជួយវិនិយោគ​ទៅលើវិស័យ​កសិកម្ម ​នៅខេត្តតាកែវ។​ សំរាប់ស្រូវ​ក្រអូបនៅ​ប្រទេសកម្ពុជាគឺ​មានគុណ​ភាពខ្ពស់​ ហើយក៏ជាប់​ចំណាត់ថ្នាក់​លេខ១​លើពិភពលោក៣ឆ្នាំ​ជាបន្តបន្ទាប់គ្នា។ ​នេះគឺជាសារ​មួយដ៏ល្អ ​សំរាប់វិនិយោគិន​អន្តរជាតិ​ដើម្បី​ក្រឡេកមក​មើលប្រទេស​កម្ពុជាជា​កន្លែងផលិត​ស្រូវដ៏ចំបង ​សំរាប់ការ​នាំចេញផលិតផល​អង្ករចេញ​ពីប្រទេសកម្ពុជា៕
អត្ថបទ៖ មៀច សុភាព