Monday, August 10, 2015

បទអត្ថាធិប្បាយថ្ងៃនេះ!« ភូតទៀតហើយបងប្អូន! អំពីបញ្ហាផែនទី»

បន្ទាប់ពី​រាជរដ្ឋាភិបាល​ និង​ក្រុមអ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ បង្ហោះព្រោង​ព្រាត​ រិះគន់​ ស្តីបន្ទោស​ ទៅ​មេបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​យក​ផែនទី​ដែល​គណបក្ស​របស់​ខ្លួន​បាន​ទិញ​តាម​ផ្សារ​នៅប្រទេស​បារាំង​មកផ្សាយ​បំពុល​សាធារណ​មតិ​ ហើយ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ ​ចោទ​សួរ​ថា ​​តើអធិប​តេយ្យ​ជាតិ​ មាន​តម្លៃ​ត្រឹម​១៦៨​ដុល្លារ​អាមេរិក​មែន​ឬ?
នៅពេល​នេះ ​លោក​ ហុង​ សុខហួរ​  សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម​ រង្ស៊ី​ និង​ជាតំណាង​គណបក្ស​សង្គ្រោះជាតិ​ នៅព្រឹក​ថ្ងៃទី​១០​ ខែ​សីហា ​ឆ្នាំ​២០១៥​នេះ ​បាន​ចេញ​មុខ​មក​ការពារ​លោក​ប្រធាន​របស់​ខ្លួន​ ដោយ​និយាយ​បន្លំ ​ភូត​កុហក់ ​របៀប​ស្តាយ​ថ្មី១​ទៀត​ថា​  ផែនទី​ដែល​ផ្តល់​ទៅ​លោក​បណ្ឌិត​សុខ​ ទូច​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើ​បញ្ហា​ព្រំ​ដែន​ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​កាល​ពី​ព្រឹក​មិញ​ថា ​ផែនទី​ដែល​លោក​សម​ រង្ស៊ី​ បាន​បង្ហោះ​ផ្សាយ​នោះ​ មិន​ប្រាកដ​ថា​ ជាផែន​ទី​ត្រឹម​ត្រូវ​ រឺ​មិន​ត្រឹម​ត្រូវ​ទេ​។ និង​បាន​និយាយ​ថា​ ផែនទី​ដែល​គណបក្ស​សង្គ្រោះជាតិ​ផ្តល់​ឲ្យ​នេះ​មិនមែន​ទៅទិញ​នៅ​ផ្សារ​ទេ ​ហើយ​តម្លៃ​១៦៨​ដុល្លារ​ គឺ​ជា​តម្លៃ​ព័ត៌មាន​នៅ​លើ​ផែន​ទី​ ដែល​បារាំង​បាន​ថែ​រក្សា​ទុក​ ហើយ​ថា ​ផែនទី​ដែល​បាន​យក​មក​ពី​បារាំង​ គឺ​គេ​យក​ថ្លៃ៧​អឺរ៉ូ​ក្នុង​មួយ​ផ្ទាំង​(ថ្លៃថែរក្សា​)ទៅ​វិញ​។
ប៉ុន្តែ​ គេ​នៅ​ចាំ​បាន​ថា ​កាល​ពី​ថ្ងៃ​ទី១៦ ​ខែ​កក្កដា​ ឆ្នាំ​២០១៥​ លោក​ សម​ រង្ស៊ី​ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ដោយ​រំលេច​នៅ​ថ្ងៃ​ខែ​ និង​ប្រធាន​បទ​ គឺ​ 16 July 2015 - Original maps. (ផែនទី​ដើម) ​និង​មានសារ​បន្ត​បន្ទាប់​ទៀត​ ដូច​ខាង​ក្រោម​៖
ផែនទី​បារាំង​ មុន​ឆ្នាំ ​១៩៥៣​ ខ្នាត​ ១/១០០.០០០ បង្ហាញ​ពី​ព្រំដែន​កម្ពុជា​-វៀតណាម ​ទាំង ​២៦​ ផ្ទាំង​ ដែល​ទាំងអស់​គ្នា​ចង់​បាន​ ពេល​នេះ ​មាន​ដាក់​លក់​នៅ​ប្រទេស​បារាំង​ ក្នុង​តម្លៃ ​១៥៣​,៩១​ Euros ស្មើ​នឹង​ ១៦៨​ ដុល្លារ​អាមេរិក​។
គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទិញ​ផែន​ទី​ទាំង​ ២៦​ ផ្ទាំង​ (វិក័យ​បត្រ​ភ្ជាប់​មក​ជាមួយ​នេះ)​ យក​ មក​បង្ហាញ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​។ ច្បាប់​ដើម​នៃ​ផែនទី​នេះ​ មាន​តែ​មួយ​ច្បាប់​គត់​ ដែល​តម្កល់​ទុក​នៅ​ប្រទេស​បារាំង​។ អ្វី​ដែល​គេ​ដាក់​លក់​នោះ ​គឺ​ជា​ច្បាប់​ចម្លង​ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ដែល​ដាក់​បញ្ជូល​ក្នុង​ DVD (រូបថត​ភ្ជាប់​មក​ជាមួយ​នេះ)​។ សម័យនេះ​ គេ​ឈប់​ផ្តល់​ច្បាប់​ចម្លង​លើ​ក្រដាស់​ទៀត​ហើយ​។
ទាំង​នេះ​ គឺ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​គណបក្ស​សង្គ្រោះជាតិ​ពិត​ជា​បាន​ទិញ​ផែន​ទីនេះ​ ក្នុង​តម្លៃ​១៦៨​ដុល្លារ​ពិតមែន​ ! ចុះ​ហេតុ​អ្វី ​បាន​ជា​នៅ​ពេល​នេះ​ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​គេច​វេស​ពីការ​ទទួល​ខុស​ត្រូវ​ និងរុញ​ឲ្យសមាជិក​របស់​ខ្លួន​មក​និយាយ​ភុត​កុហក​ប្រជា​ពលរដ្ឋ​ទៅ​វិញ​ឬ​មួយ​ក៏របៀប​នៃការ​ដឹកនាំ​នយោបាយ​របស់​បក្ស​ប្រឆាំង​រស់​នៅ​តែ​ជាមួយ​នឹង​ការ​ភូត​កុហក​ជា​រៀង​រហូត​មែន​ឬ?  ឬ​មួយ​ក៏​ដើរ​បោក​ប្រាស់​គេ​ជ្រុល​ចង្កួត​ ដល់​ផ្លូវ​ទាល់​ច្រក​នៅ​ពេល​ឃើញ​រាជ​រដ្ឋាភិ​បាល​ចាត់​វិធាន​ការ​ស្នើ​សុំផែន​ទី​ផ្លូវ​ការ​ ច្បាស់លាស់​ពី​ប្រទេស​មហា​អំណាច​យក​មក​ផ្ទៀងផ្ទាត់​ អាច​ឲ្យ​ពួក​គេអស់​ផ្លូវ​ដើរ​បោក​ប្រាស់​ ទើប​ស្អី​ក៏​ចេះ​តែ​និយាយ​ ស្អី​ក៏ចេះ​តែ​បំភ្លើស​ ភូត​កុហក​តាម​ទំនើង​ចិត្ត​បែប​នេះ ​ឬ​អ្វី​?
ប៉ុន្តែ​ បើ​ទោះ​ជា​ភូត​កុហក​សាធារណ​មតិ​យ៉ាង​ណា​ក៏ដោយ​ លោក​បណ្ឌិត​សុខ​ ទូច​ បាន​បញ្ជាក់​ថា ​ ការ​ដែល​លោក​ព្រម​ទទួល​យក​ផែនទីនេះ​ គឺក្នុង​ន័យ​ ចង់​បញ្ចប់​ផែនទី​ក្រោម​តុ ​សូម​អោយ​យក​ផែនទី​ក្រោម​តុ​មក​បង្ហាញ​ការ​ពិត​។ ​ហើយ​ក៏បាន​អរគុណ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ផ្តល់​ផែនទី​ ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ និង​ដើម្បី​ចៀស​វាងការ​ផ្តល់​ព័ត៍​មាន​មិន​ប្រក្រតី​ទៅ​ខាង​ក្រៅ។​ ប៉ុន្តែ ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ ​នៅពេល​នេះ​ តំណាង​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​ក្រឡះ​សម្តី​ ថា ​ផែនទី​នោះ ​មិនមែន​ទិញ​តាម​ផ្សារ​ទៅ​វិញ​ ។ ហេតុអ្វី​បាន​ជា​លោក​ប្រធាន​និយាយ​ផ្សេង ​និង​ឲ្យ​កូន​ចៅ​ចេញ​មុខ​មក​និយាយ​ផ្សឹង​ឬក៏​ការ​បៀប​ចំ​សំដែង​ជាឆាក​ល្ខោន​បែប​ហ្នឹង​ងាយ​ស្រួល​បោកប្រាស់​ប្រជា​ពលរដ្ឋ​មែន​ឬ?​តែ​សូម​កុំ​ភ្លេច​ថា​ អធិ​តេយ្យ​ជាតិ​ មិន​មែន​មាន​តម្លៃ​ត្រឹម​តែ​១៦៨​ដុល្លារ​អាមេរិក​ឡើយ ​ ហើយ​បក្ស​ប្រឆាំង​ក៏​ត្រូវ​តែ​យល់​ឲ្យ​ច្បាស់​ដែរ​ថា ​« ភូត​ច្រើន​ ចាញ់​អាត្មា» !