Wednesday, September 30, 2015

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី 60 លានដុល្លារអាមេរិក ដើម្បីបង្កើនផលិតកម្មកសិកម្មនៅក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ហៅ​កាត់​ថា​ ADB​ បាន​អនុម័ត​លើកម្ចី​ក្នុងទឹក​ប្រាក់​ ៦០​ លានដុល្លារ​អាមេរិក​ ក្នុង​គោល​បំណង​បង្កើន​ផលិតកម្ម​កសិកម្ម​ តាម​រយៈការ​ស្តារ​ឡើងវិញ​និង​ការ​ធ្វើការ​ធ្វើ​ទំនើប​កម្ម​ ប្រព័ន្ធ​ធារា​សាស្ត្រ​ក្នុង​ខេត្ត​កំពង់ធំ​ និងខេត្ត​បាត់ដំបង​ ដើម្បី​ទប់ទល់​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​។
 សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ADB​ នៅថ្ងៃ​ទី២៩​ ខែ​កញ្ញានេះ​ បាន​លើក​ឡើងថា​ លោក​ Raza​ Mahmood ​Farrukh​ អ្នកឯកទេស​ខាង​ធនធាន​ទឹក​ នៃ​នាយកដ្ឋាន​តំបន់​អាស៊ីអាគ្នេយ៍​របស់ ​ADB ​បាន​មាន​ប្រសាសន៍​ថា ​“ផលិតភាព​កសិកម្ម​ទាប​ គឺជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ សម្រាប់​កសិករ​ខ្មែរ​ ដែល​ពឹងពាក់​លើប្រព័ន្ធ​ធារា​សាស្ត្រ​ ដែលមិន​សូវ​ទទួល​បានការ​ថែទាំ ​សម្រាប់​បង្ក​បង្កើន​ផល​ស្រូវ​របស់​ខ្លួន​។ ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ ​នឹងផ្តល់​ការ​គាំទ្រ​ដល់កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ​ដើម្បី​ពង្រីក​ទំហំដី ​ដែល​ទទួល​បានការ​ស្រោច​ស្រព​ និងការ​គ្រប់គ្រង​ធនធាន​ទឹក​ឲ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព​។
 លោកបន្តថា​ ហិរញ្ញ​ប្បទាន​នេះ ​នឹងកាត់​បន្ថយភាព​ងាយរង​គ្រោះរបស់​ប្រជា​កសិករ​ ដោយសារ​តែមុខ​សញ្ញា​គ្រោះថ្នាក់​ធម្មជាតិ​ ដូចជា​ ទឹកជំនន់​ ជាដើម​ ដែលកើត​ឡើងដោយ​សារតែ​ការ​ប្រែប្រួល​អាកាស​ធាតុ​។ គម្រោង​នេះ ​នឹង​បង្កើន​ប្រសិទ្ធ​ភាព​ និងភាព​ធន់ទៅ​នឹងអាកាស​ធាតុនៃ​ប្រព័ន្ធ​ធារា​សាស្ត្រ ​ក្នុង​ខេត្ត​កំពង់ធំ​ និង​បាត់ដំបង​។

 សេចក្តី​ប្រកាស ​លើក​ឡើងថា​ គិតត្រឹម​ឆ្នាំ​២០២១​ ផ្ទៃដី​ដាំដុះ​សរុប​ ទាំង​រដូវប្រាំង​ និង​រដូវ​វស្សា​ នឹង​កើន​ឡើង​ទ្វេរ​ដង​ដល់​ ២៩៥០០​ ហិចតា ​ពី ​១៣៥០០ ​ហិចតា​ ក្នុងឆ្នាំ​ ២០១៥​ ហើយ​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​ ៣​ នឹង​សម្រេច​បាន​នូវ​ប្រសិទ្ធភាព​ស្រោច​ស្រព​បាន​ ១០០%​។

សេចក្តី​ប្រកាស​ ក៏បាន​បង្ហាញថា​ តាមរយៈ​ការកែ​លំអ​ប្រព័ន្ធ​ធារាសាស្ត្រ​ និងការ​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ ដល់​កសិករ​ ក្នុង​ខេត្តកំពង់ធំ​ និងខេត្ត​បាត់ដំបង​ កម្ចីនេះ​នឹង​ជួយ​បង្កើន​ផលិតភាព​កសិកម្ម​ និង​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​នៅតាម​មូលដ្ឋាន​ ដោយសារ​តែពួក​គេអាច​មាន​លទ្ធភាព​បង្កប​ង្កើនផល​ស្រូវ​ បន្លែ​ និង​ដំណាំ​ហូបផ្លែ​ ផ្សេងៗ​ បានម្តង​ទៀត​ នៅ​រដូវ​ប្រាំង​។
សេចក្តី​ប្រកាស ​លើក​ឡើងថា​ គម្រោងនេះ​ នឹងផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​រដ្ឋាភិបាល​ និង​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ អំពី​របៀប​គ្រប់គ្រង​ធនធាន​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ ដែល​ក្នុង​នោះ​សមាជិក​និងអ្នក​គ្រប់គ្រង​សហគមន៍​ នេះយ៉ាង​តិចបំផុត​ ៣០% ​ត្រូវតែ​ជាស្ត្រី។​ សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ នឹង​ទទួល​ខុសត្រូវ​លើការ​ប្រើប្រាស់​ និង​ការ​ថែទាំ​ប្រឡាយ​រងទី២​។
គម្រោង​នេះ​ ក៏នឹង​បំពេញ​បន្ថែម​ឲ្យគំនិត​ផ្តួចផ្តើម​ ដែលគាំ​ទ្រដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្សេង​ទៀត​ ក្នុង​តំបន់​នេះ ​ដូចជា​ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ស្រូវ​ដែល​ធន់​នឹង​អាកាសធាតុ​ ដែល​កំពុង​តែ​អនុវត្ត​ ព្រោះ​កសិករ​អាច​ទទួល​បាន​គ្រាប់​ពូជ​ដែល​មាន​គុណភាព​ខ្ពស់​ ដោយ​មាន​ការ​បញ្ជាក់​ត្រឹម​ត្រូវ​។

សេចក្តី​ប្រកាស ​លើក​ឡើង​ថា​ កម្ចី​នេះ មានប្រភព​ពីមូល​និធិ​អភិវឌ្ឍន៍​អាស៊ី​ ដែល​ជាកម្ចី​សម្បទាន​របស់​ ADB​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ផ្តល់​ថវិកា​បដិភាគ​ចំនួន​ ៦,១​ លានដុល្លារ​។ គម្រោង​នេះ ​នឹង​មានរយៈ​ពេល​ ៥​ ឆ្នាំ​ ដោយ​នឹង​បញ្ចប់​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២១​៕