Tuesday, September 15, 2015

ក្រសួង​បរិ​ស្ថានជូន​ដំណឹង​ស្តីពីកិច្ចប្រ​​ជុំពិគ្រោះ​យោបល់ អំពីការចូលរួម​ចំ​ណែករបស់​ក​ម្ពុជា ​ដើម្បី​អនុវត្តអនុស​ញ្ញា​ក្របខ័ណ្ឌ​សហប្រជា​ជាតិស្តីពីការប្រែ​ប្រួលអាកាស​ធាតុ

យោងតាមសេ​ចក្តីជូនដំណឹងរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ បានឲ្យដឹងថា ​​ក្រសួង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ស្តី​ពី ការចូលរួមចំណែករបស់កម្ពុជា ដើម្បី​អនុវត្ត អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ (Cambodia’s Intended Nationally Determined Contribution: Cambodia’s INDC) នៅ​ថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារហ៊ីម៉ាវ៉ារី វេលា​ម៉ោង ៨:០០ ព្រឹក ក្រោម​អធិបតីភាព​របស់​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន។

ក្រសួងបរិស្ថាន​បានបញ្ជាក់​ថា កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ មាន​គោលបំណង​​ប្រមូលមតិយោបល់​ និង​អនុសាសន៍​នានា​ពី​គ្រប់​បណ្តាក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​ ទៅ​លើ​របាយការណ៍ការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តអនុសញ្ញា​ក្របខ័ណ្ឌ​​​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ ដែលជា​របាយការណ៍សំខាន់​បញ្ជាក់​អំពីការរួម​ចំណែក​របស់ភាគី​​​​កម្ពុជា​​ក្នុងការឆ្លើយតប​នឹង​សេចក្តី​អំពាវនាវ​របស់​អនុសញ្ញានេះ ក្នុងគោលបំណងជំរុញ​ឱ្យ​​ពិភព​លោកធ្វើ​សកម្មភាព​​ដោះស្រាយ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ។ បន្ទាប់មក របាយការណ៍នេះ ​នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​លេខា​ធិការដ្ឋាន​អនុសញ្ញា​ក្រប​ខ័ណ្ឌសហប្រជាជាតិ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ​ មុន​ការ​រៀបចំសន្និសីទកំពូល​បណ្តា​ភាគីជា​សមាជិកនៃអនុសញ្ញា ​លើកទី​២១ នា​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ខាងមុខ ​នៅ​ទីក្រុង​ប៉ារីស៕