Friday, September 18, 2015

សម្តេចតេ​​ជោ ហ៊ុន សែន ជួបស​វនា​ការជា​​មួយអនុ​ប្រធាន​សភាចិន​ ​

សម្តេចអគ្គម​ហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា នៅតែលើក ទឹកចិត្ត ជំរុញកិច្ចសហការរវាង​ប្រទេសទាំង​ពីរកម្ពុជា ចិន ទទួលបាន​ទំហំពាណិ​ជ្ជកម្ម ឡើងដល់​៥ពាន់ លានដុល្លា​រអាមេរិក នៅឆ្នាំ២០១៧។

ការលើក​ឡើងរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រីក​ម្ពុជានូវបញ្ហា​ខាង​លើនេះ ត្រូវ​បានធ្វើ​ឡើង នៅក្នុង ឱកាស​ដែល ឯកឧត្តម ARKEN IMIR BAKI អនុប្រ​ធាន រដ្ឋសភា​ចិន ចូល​ជួបសវនាការ ជា​មួយ សម្តេច​នៅវិមាន​សន្តិភាព នារសៀល​ថ្ងៃទី១៧កញ្ញានេះ ។ក្រោយពី​ជំនួប​បញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការសម្តេចតេ​ជោនាយ​ករដ្ឋមន្ត្រី បានឱ្យអ្នក សារព័ត៌មាន​ដឹងថា៖ នៅក្នុង​ជំនួបនេះ ឯកឧត្តម  ARKEN បាន​វាយតម្លៃ​ខ្ពស់​ចំពោះការអភិវឌ្ឍ រីក ចំរើន នៅកម្ពុជា ហើយ​ឯកឧត្តម បានមាន​ប្រសាសន៍ថា នេះជាដំណើរ​ទស្សនកិច្ចលើកទី​១របស់ឯក​ឧត្តមមក​កាន់កម្ពុជា ហើយបាន​មើលឃើញ​ថាព្រះរាជាណាច​ក្រកម្ពុជា​គឺមានស្ថេរភាពន​យោបាយ ការអភិវឌ្ឍ វិស័យ​សេដ្ឋកិច្ច ហើយ​ប្រជាជនកំពុង​តែមានជីវ​ភាព កាន់តែល្អ​ប្រសើរ។ ក្នុងន័យ​នេះ ឯកឧត្តម បានសា​ទរ និងបានគោរព​ជំរាបជូនសម្តេច​ដែរថា បេសកកម្មរ​បស់ឯក​ឧត្តម មកកាន់កម្ពុជា នាពេល​នេះ ដើម្បីពង្រឹងទំនាក់​ទំនងរវាង​ប្រទេសទាំងពីរផង និងពង្រីក​កិច្ចសហ​ប្រតិបត្តិការ វាងរដ្ឋ សភា ព្រឹទ្ធសភា និងប្រជាជន​នៃប្រ​ទេសទាំងពីរ។

ជាការឆ្លើយ​តប សម្តេច​តេជោ ហ៊ុន សែន បានអបអរសាទ​រចំពោះជោគជ័យ​ដ៏ធំធេង ដែលចិនបាន ប្រារព្ធខួប​លើកទី៧០ នៃការឈ្នះ​សង្គ្រាមជា​មួយពួកហ្វាស៊ី​សកន្លង​មក។ ទន្ទឹម​នេះសម្តេច បាន​សម្តែង នូវការ​សាទរ ចំពោះការរីក​ចម្រើន​លូតលាស់​ដ៏ធំធេង របស់​ប្រជាជន​ចិន ជាពិសេស​លើវិស័យ​សេដ្ឋកិច្ច និងបានសម្តែង​នូវការរីករាយ​ចំពោះទំនាក់​ទំនង ដ៏ល្អរវាងប្រទេសទាំងពីរ ដែលចិនបាននាំមុខ ក្នុងការ ផ្តល់ជំនួយឥតសំណង់ និងកម្ចីសម្បទាន ដល់កម្ពុជា ព្រមទាំងកា​រវិនិយោគ​នៅកម្ពុជាផង​ដែរ។ ប៉ុន្តែ ទោះជា យ៉ាង​ណាក៏​ដោយ កម្ពុជានិ​ងចិន ត្រូវតែ​ធ្វើយ៉ាងណាស​ម្រេចឲ្យបាន​ទំហំពាណិ​ជ្ជកម្ម ៥ពាន់ លាន​ដុល្លារសហ​រដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៧ ដូចដែល​បានកំ​ណត់ នារយៈពេល​កន្លង​មក។ ពាក់ព័​ន្ធនឹងទំនាក់​ទំនងនៃប្រទេសទាំងពីរ សម្តេចតេជោ បានមានប្រសាសន៍ថា គប្បីជម្រុញទំនាក់ ទំនង កិច្ចសហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម វិនិយោគ ធ្វើឲ្យកាន់​តែខ្លាំងព្រោះ​ថានេះ ជា ការទ្រទ្រង់​ខាងផ្នែកទំនាក់ទំនង​នយោ​បាយ៕