Thursday, September 3, 2015

ផែនទីបោនខ្នាត១/១០០ .០០០ ពីបារាំងទាំង២៦ផ្ទាំង ផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការរបស់រាជរដ្ឋាភិបាល មានខ្សែបន្ទាត់ព្រំដែនដូចគ្នាបេះបិទ

ការផ្ទៀង​ផ្ទាត់ផែនទី​កម្ពុជា​ បោន​  ខ្នាត​ ១ ​លើ ​១០០.០០០ ​ដែលផ្តល់​ជូនដោយ​រដ្ឋាភិបាល​បារាំង​ និង​ផែនទី​របស់​រាជរដ្ឋាភិបាល​ដែល​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​ទាំង​២៦​ផ្ទាំង​ បាន​បញ្ចប់​ហើយ​នៅម៉ោង​ ១១៖៣០នាទី​ ព្រឹកថ្ងៃ​ទី០៣​ ខែកញ្ញា​នេះ ​ជាលទ្ធផល​បង្ហាញ​ថា ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ នៅលើ​ផែនទី​ខ្មែរ​ផ្តល់​ជូន​ដោយ​បារាំង​ និងផែនទី​របស់​រាជ​រដ្ឋា​ភិបាល​ គឺដូច​គ្នា​បេះបិទ​ នេះបើ​តាមការ​បញ្ជាក់​របស់​ ឯកឧត្តម​ទេរដ្ឋមន្ត្រី​ វ៉ា​ គឹមហុង​ ប្រធាន​គណៈកម្មា​ធិការ​ព្រំដែន​ចម្រុះ​កម្ពុជា​នៅ​ពេល​បញ្ចប់​ការ​ផ្ទៀងផ្ទាត់​ នៅវិមាន​សន្តិភាព​។

ការ​ផ្ទៀង​ផ្ទាត់ផែនទី​នេះ ​ក្រុម​ការងារ​បច្ចេកទេស​ព្រំដែន​របស់​ឯកឧត្តម​ វ៉ា ​គឹមហុង​ គេបាន​ប្រើ​វិធីសាស្រ្ត​ដោយ​យកផែនទី​ទាំងពីរ​ដាក់​ត្រួត​លើគ្នា​ ហើយ​ឆ្លុះ​ជា​កាល់​ ដើម្បី​មើល​ខ្សែ​បន្ទាត់​ព្រំដែន​។ ការ​ផ្ទៀងផ្ទាត់​ត្រូវ​បាន​ធ្វើ​ឡើង​ម្តង​មួយ​ផ្ទាំងៗ​ តាម​វីធី​ដូច​ៗគ្នា​ រហូត​គ្រប់​ទាំង​ ២៦​ផ្ទាំង​។

ការ​ផ្ទៀងផ្ទាត់​ក្រោម​ក្រសែ​ខ្សែ​ភ្នែក​មន្រ្តី​កម្ពុជា​មក​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ បូក​រួម​ទាំង​តំណាង​គណបក្ស​នយោបាយ​ប្រឆាំង​ ក៏​ដូចជា​អ្នក​ព័ត៌​មានជា​សាក្សី​ជាច្រើន​នាក់​ផង​នោះ ​បានរក​ឃើញ​ខ្សែ​បន្ទាត់​ព្រំដែន​ នៅលើ​ផែនទី​ផ្តល់​ជូន​ដោយ​បារាំង​ អតីត​ម្ចាស់​អាណា​និគម​កម្ពុជា​ និង​ផែនទី​ របស់​រាជ​រដ្ឋាភិបាល​ប្រើ​សម្រាប់​បោះបង្គោល​ព្រំដែន​ ជា​មួយ​វៀត​ណាម​ គឺ​ដូចគ្នា​បេះបិទ​។

ឯកឧត្តម​  វ៉ា ​គឹមហុង​ ប្រធាន​គណៈកម្មា​ធិការ​ព្រំដែន​ចម្រុះ​កម្ពុជា​ បាន​បញ្ជាក់​ថា ​ផែនទី​បោន​ ខ្នាត ១​ លើ​១០០​. ០០០ ​ដែលផ្តល់​ដោយ​បារាំង​នេះ ​មានចំនួនតែ​ ២៥​ផ្ទាំង​ បោះពុម្ព​ដោយ​ក្រុមភូមិ​សាស្រ្តឥណ្ឌូនចិន​ ចន្លោះ​ឆ្នាំ១៩​ ៥១​-១៩៥៣​ ហើយ​មួយផ្ទាំង​ទៀត​បារាំង​រកមិន​ឃើញ​នោះ​ទេ​  ប៉ុន្ត​ ផែនទី​មួយ​ផ្ទាំង​ ដែល​រកមិន​ឃើញ​នេះ ​បារាំង​ បាន​ផ្តល់​ជំនួស​ដោយ ​ផែនទី ​UTM ខ្នាត ​១ ​លើ ​១០០.០០០ ​ដែល​មានខ្សែ​ព្រំដែន​ក៏ដូច​គ្នា​ដែរ​។
នៅពេល​ផ្ទៀងផ្ទាត់​ បង្ហាញ​ថា ​ខេត្ត​របស់​កម្ពុជា​ ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​រួមមាន​៖ កណ្តាល​ ស្វាយរៀង​ ព្រៃវែង​ កំពត ​តាកែវ ​កំពង់ចាម ​ត្បូងឃ្មុំ​ ក្រចេះ ​មណ្ឌលគិរី​ និង​ រតនគិរី ​គឺមាន​ខ្សែព្រំ​ដែន​ច្បាស់​លាស់​ និងដូច​គ្នារវាង​ផែនទី​បាន​មក​ពី​បារាំង​ ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ផ្លូវកា​រ ស្របច្បាប់​របស់​កម្ពុជា។​