Monday, September 28, 2015

ពិធីបើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ចេញផ្សាយថ្ងៃ: ( ២៥ - កញ្ញា - ២០១៥ )

កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ក្រោម​ពាក្យ​ស្លោក ដល់ពេលសម្រាប់ធ្វើសកម្មភាពជាសកល ដើម្បីប្រជាជន និងភពផែនដី បានប្រារព្ធ​ពិធីបើកជា​ផ្លូវ​ការ​ហើយ នៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ ក្នុងបុរី​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពីវេលាម៉ោង​១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០១៥។
សម្តេច​ប៉ូប ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់ ឯកឧត្តម បាន គីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ក៏ដូចជាព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ទាំង​១៩៣ប្រទេស រួម​ទាំង​អង្គការអន្តរជាតិធំៗរបស់ពិភពលោក បានយាងនិងអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំប្រចាំ របស់​អង្គការ​សហ​ប្រជាជាតិ ពិសេសការអនុម័តរបៀបវារៈ​ស្តីពីការ​អភិវឌ្ឍ​ក្រោយឆ្នាំ២០១៥ របស់​អង្គការ​សហ​ប្រជាជាតិ។
មានព្រះរាជបន្ទូលទៅកាន់កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈ​នៃការអភិវឌ្ឍ​ក្រោយ​ឆ្នាំ​​២០១៥ សម្តេចប៉ូប ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់ មានព្រះរាជបន្ទូលថា ព្រះអង្គមាន​ព្រះរាជ​ហឬទ័យ​រីករាយដោយបានយាងមកប្រារព្ធព្រះរាជពិធី បើកកិច្ចប្រជុំកំពូល​អង្គការ​សហប្រជាជាតិ ស្តីពីរ​បៀប​វារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ដែលមានអត្ថន័យ​ដ៏ទូលំ​ទូលាយ​សម្រាប់ប្រជាជាតិទាំងអស់ ដែល​រស់​​នៅលើ ភពផែនដីនៃយើង។
ដូចគ្នានិងព្រះរាជបន្ទូលរបស់សម្តេចប៉ូប ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់ ឯកឧត្តម បាន គីមូន អគ្គ​លេខា​ធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ​កំពូលរបស់អង្គការ​សហប្រជាជាតិ ស្តី​​ពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ដោយបានធ្វើការគូស​បញ្ជាក់​ថា របៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ២០១៥ ដែលកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នឹង​ធ្វើការអនុម័តនៅពេលខាងមុខ គឺ​ដើម្បីជំនួសឲ្យគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់ អង្គការសហប្រជាជាតិ ដែលអង្គការ​សហ​ប្រជា​ជាតិ​​ បានអនុម័តកាលពី១៥ឆ្នាំមុន។
របៀប​វារៈ​អភិវឌ្ឍន៍ថ្មីក្រោយឆ្នាំ២០១៥នេះ មានឈ្មោះថា គោលដៅអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព មាន​​១៧គោលដៅ និង១៦៩ចំណុចដៅ។ គោលដៅនិង​ចំណុចដៅទាំងនោះ និង​បំផុស​ឲ្យ​មាន​នូវ​សកម្មភាព​ជាក់ស្តែងសម្រាប់រយៈពេល១៥ឆ្នាំខាងមុខទៀត គិតចាប់តាំង​ពី​ឆ្នាំ២០១៥ រហូតដល់​ឆ្នាំ
២​០​៣​០។​ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ មាន​ប្រសាសន៍​បញ្ជាក់បន្ថែមថា គោល​ដៅ​អភិវឌ្ឍន៍​ ប្រកបដោយចីរភាពនោះ ត្រូវបានចាត់​ទុក​ប្រជាជនជាស្នូលនៃការអភិវឌ្ឍ តាម​រយៈការ​លើក​កម្ពស់​សុខមាលភាពប្រជាជន វិបុលភាព សន្តិភាព និងយុត្តិធម៌នៅលើភពផែនដី ហើយ​នឹង​បន្តគោរព​សិទ្ធមនុស្សរបស់ប្រជាជនគ្រប់រូប និងសមភាពយេនឌ័រ។ ឯកឧត្តមអគ្គលេខាធិការ អង្គការ​សហ​ប្រជា​ជាតិ​ មានប្រសាសន៍​នូវការសង្ឃឹមយ៉ាងមុតមាំថា បណ្តាមេដឹកនាំពិភពលោកទាំងអស់ នឹង​ធ្វើកា​រប្តេជ្ញា​ចិត្ត រួមគ្នា ក្នុងការអនុវត្តគោលដៅទាំង១៧ របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចឲ្យបាន​ជោគ​ជ័យ​​​​នូវកិច្ច ការសំខាន់បី ក្នុងអំឡុងពេល១៥ឆ្នាំខាងមុខ គឺ១បំបាត់ភាពក្រីក្រទាំងស្រុង ២ប្រយុទ្ធ​ប្រឆាំងនឹងវិសមភាព នឹងភាពអយុត្តិធម៌ និង៣ជួសជុលការប្រែប្រួលអាកាសធាតុ។

សូម​បញ្ជាក់ដែរថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការ​អភិវឌ្ឍក្រោយឆ្នាំ២០១៥ បណ្តាមេដឹកនាំពិភពលោក បានធ្វើបទអន្តរគមន៍ទៅតាម​លំដាប់​លេខ​រៀង​នៃ​ប្រទេសនានា របស់ពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់​នោះ​ដែរ សម្តេចតេ​ជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចប្រជុំ កំពូល​របស់​អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ក្រោមប្រធានបទ ការ ផ្លាស់ប្តូរពិភពលោក តាមរយៈ​ការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ផងដែរ។