Wednesday, October 7, 2015

រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួន ណារ៉ុន ថា គ្រូបង្រៀនចង់បបួលលោក សម រង្ស៊ី ប្រឡងវិញ្ញាសាខ្មែរ

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡាលោក ហង់ ជួន ណារ៉ុន បាន​ប្រតិកម្មខ្លាំងៗ នឹង​ការលើកឡើង​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលថា​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ខ្សោយ និង​សញ្ញាបត្រ​មិនសូវ​មានតម្លៃ។ លោក ហង់ ជួន ណា​រ៉ុ​ន បានចាត់ទុកការលើកឡើងលោក​សម រង្ស៊ី ថា ជាការ​មើលងាយ និង​វាយប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ហើយ​លោក​មិនអាច​ទទួលយក​បានឡើយ។ លោក​រដ្ឋមន្ត្រី ក៏​អះអាងថា ក្រោយពី​ការលើកឡើង​នេះ មាន​គ្រូបង្រៀន​ខ្លះ​ចង់​បបួល​លោក សម រង្ស៊ី ប្រឡង​វិញ្ញាសា​ខ្មែរ​ជាមួយគ្នា ដើម្បី​រកឲ្យដឹង​អ្នកខ្សោយ និង​អ្នកខ្លាំង។
លោកបានថ្លែង​យ៉ាងដូច្នេះថា«យើងឃើញថាគ្រូខ្លះនៅពេល​ដែលឯកឧត្តម សម រង្ស៊ី លើកឡើងថាប្រព័ន្ធ​អប់រំនៅខ្សោយ និងគ្រូបង្រៀននៅខ្សោយ គ្រូខ្លះគាត់ថាបើសាក​ប្រលងទាំងអស់គ្នាទាល់តែសាក​ប្រលងបានដឹងថាអ្នកណាខ្សោយ​អ្នកណាខ្លាំង? ជាពិសេសប្រលង​ភាសាខ្មែរ ហើយមានគ្រូខ្លះគាត់​ក៏ចង់ប្រកួតប្រជែងដែរ គាត់ចង់ប្រលងដើម្បី​ដឹងថាអ្នកណា​ខ្លាំងអ្នកណាខ្សោយ អញ្ចឹងកន្លងមកយើង​ក៏ឃើញដែរអ្នកនយោបាយខ្លះតិះទៀន​ថាប្រព័ន្ធអប់រំនៅ
កម្ពុជាខ្សោយ ប៉ុន្តែដល់ពេល​ទៅប្រលង ប្រលងធ្លាក់ ហើយពេលប្រលងធ្លាប់​ទៅវាយប្រហារគេទៀត​ វាជាការតិះទៀនមួយដែល​វាយប្រហារ មិនមែនជាការតិទៀនដែល​ជួយកែលម្អទេ ដូច្នេះការវាយប្រ​ហារនេះ វាគ្មានន័យក៏ដូចជា គ្មានសារសំខាន់​អ្វីនោះទេ ដោយហេតុថា៖ ទី១ (គាត់) ជាអ្នកនយោបាយ​បានតែថា ប៉ុន្តែមិនដែលបានធ្វើយើងមិន​ដែលបានឃើញ ឯកឧត្តម សម រង្ស៊ី កៀងគរធនធានទៅកសាង​សាលាណាមួយនៅកម្ពុជា​នោះទេ អត់ដែល​ឃើញទេ ចំណុចទី២ គាត់មិនដែលឱ្យ​តម្លៃការអប់រំ​នៅកម្ពុជា ដោយសារតែគាត់ និងប្រពន្ធរបស់​គាត់មិនដែលរៀន​នៅកម្ពុជាទេ ហើយយើងក៏មិន​ច្បាស់ថា គាត់ចេះសរសេរខ្មែរ​ឱ្យបានល្អនោះដែរ ហើយទី៣ គ្រូបង្រៀន​ជាឆ្អឹងខ្នង នៃប្រព័ន្ធអប់រំដូច្នេះការវា​យប្រហារគ្រូបង្រៀន​បែបនេះ ក្រសួងអប់រំ​ទទួលយកអត់​បានទេ។»