Tuesday, October 20, 2015

លោក ហ៊ុន សែន បានចាត់ទុកទិសដៅនយោបាយបក្សប្រឆាំង គឺនាំអន្តរាយដល់ប្រទេសជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយនូវសារ​នយោបាយដ៏សំខាន់១​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ ក្នុងបណ្តាញផ្សព្វផ្សាយ​សង្គមហ្វេសប៊ុកផ្ទាល់​ខ្លួន ឈ្មោះ Samdech Hun Sen,Cambodian Prime Minister ដែលដាក់ចំណងជើង​ថាទិសដៅនយោបាយបក្សប្រឆាំង គឺនាំអន្តរាយ​ដល់ប្រទេសជាតិ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាងស្រុង​នៃសារនយោបាយ​របស់លោក ហ៊ុន សែន៖

 « ទិសដៅនយោបាយ​បក្សប្រឆាំង គឺនាំអន្តរាយដល់​ប្រទេសជាតិ»

ដូចសាធា​រណៈជនបានដឹង​ស្រាប់ហើយថា គណបក្សប្រឆាំង​តែងតែឃោសនា​ភ្ជាប់ជាមួយផ្នត់គំនិតចងគំនំ និងចង់ផ្តួលរំលំ ដែលធ្វើអោយបាក់​បែកដល់ការបង្រួបបង្រួម​ជាតិ សន្តិភាព និង ចុងក្រោយ​អាចឈានទៅរកសង្រ្គាម​ដែលផ្តើមចេញដោយបក្ស​ប្រឆាំងខ្លួនឯង​តែម្តង ក្នុងចំណោម​សមាជិក​អ្នកគាំទ្ររបស់​ខ្លួន។ តើមូលហេតុអ្វី​បានជាដូច្នោះ?
ចំណុចឃោសនា​គ្រោះថ្នាក់ធំៗមួយចំនួន​របស់បក្សប្រឆាំង​ដូចជា នៅពេលដែល​គណបក្សប្រឆាំងជាប់ឆ្នោត គឺគណបក្ស​ប្រឆាំងនឹងបង្កើត​តុលាការកាត់ទោស​អ្នករកស៊ីខុសច្បាប់។ អញ្ចឹងអ្នករកស៊ី​មានបាននៅ​កម្ពុជាសព្វថ្ងៃគឺសុទ្ឋ​តែជាអ្នករកស៊ីខុស​ច្បាប់? ហើយបើខុស​ច្បាប់ ចុះម៉្តេចមិនប្តឹងទៅ​តុលាការនៅពេលនេះ​តែម្តង? អញ្ចឹងនៅពេល​ដែលបក្សខ្លួនជាប់ឆ្នោត​គឺនឹងបង្កើតច្បាប់​និងអ្វីៗថ្មីទាំងអស់ រួមទាំងរចនាម្ព័ន្ឋ​ក្រសួងមន្ទីរ តួនាទីមុខតំណែង​របស់មន្រ្តីរាជការដូចជា កងទ័ពជាតិ និងនគរបាល​ជាតិជាដើម ។ល។ តើអាច​ទៅរួចទេ? ហើយនឹង​មានអ្វីកើតឡើង​នៅពេលសភាពការណ៍​ផ្លាស់ប្តូរច្របូកច្របល់​កើតឡើង?
មួយវិញទៀត គឺបក្សប្រឆាំង​តែងតែឃោសនា​អូសទាញអ្នកគាំទ្រ​ដោយសន្យាថា អ្នកដែលមានមុខងារ​តួនាទីសព្វថ្ងៃ គឺមិនផ្លាស់ប្តូរ​ចេញទេអោយតែគាំ​ទ្របក្សខ្លួន ចំណែកឯអ្នក​គាំទ្រ
ថ្មីៗ បើបក្ស​ឈ្នះឆ្នោតគឺនឹងបានទទួល​តំណែងតួនាទីជា​មិនខាន។ ពលរដ្ឋដែលចង់​បានបុណ្យសក្តិគឺពិត​ជាបានចំណាយទុន ដោយលក់​សព្វលក់គ្រប់យកមក​ជួយបក្ស។
ឧបមារថា​បក្សប្រឆាំងឈ្នះ​ពិតមែន បើតាម​ការសន្យា គឺអ្នកចាស់មិន​ដក រីឯអ្នកថ្មីក៏ចូលមិនបាន។ តើពេលនោះនឹង​មានអ្វីកើតឡើង? មន្រ្តីរាជការ និងអ្នកគាំទ្រដែលអស់​លុយកាក់មួយចំនួនធំ​ប្រាកដជាមិន​ព្រមទេ អំពើហឹង្សា ការបះបោរនឹង​កើតមានឡើងដែលឈាន​ទៅរកសង្រ្គាមដណ្តើម​អំណាចបុណ្យសក្តិ ដែលកើតចេញពីការសន្យា​របស់បក្សប្រឆាំងខ្លួនឯង។
សូមប្រជាពលរដ្ឋ មន្រ្តីរាជការ និងយុវជនដែល​កំពុងលង់ខ្លួនអស់លុយកាក់នឹងការ​សន្យាអូសទាញអោយ​មានការផ្លាស់ប្តូរ ដែលអាចឈានទៅរកសង្រ្គាម និងការបែកបាក់​ត្រូវពិចារណា។ ការឃោសនារបស់​បក្សប្រឆាំងសព្វថ្ងៃគឺគ្មានអ្វីខុសពីការ​ឃោសនារបស់ខ្មែរក្រហមឡើយ ដែលមុននឹងបានកាន់កាប់អំណាចគឺខ្មែរក្រហម​បានឃោសនាថានឹងកាត់ទោស​មន្រ្តីរាជរបស់អតីតរដ្ឋាភិ​បាលពីមុនចំនួន៧ នាក់ ដោយចោទថា​ពួកគេក្បត់ជាតិ។ តែក្រោយ​ពីគេក្តាប់អំណាច​ពេញដៃហើយ គឺខ្មែរក្រហមបានចោទ​ប្រកាន់ពលរដ្ឋខ្លួនឯងសុទ្ឋ​តែជាខ្មាំង និងជនក្បត់ជាតិទាំង​អស់ដែលខ្មែរក្រហម​បានសម្លាប់ចោលអស់​៣លាននាក់។

សូមបង​ប្អូនពិចារណា ព្រោះសន្តិភាព​សំខាន់ណាស់ យើងខិតខំប្រឹង​ប្រែងយូរណាស់​ទម្រាំបានសន្តិភាព​ពេញលេញមក​ទល់សព្វថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន ប្តេជ្ញាថែរក្សា​ការពារសុខសន្តិភាព​ជូនពលរដ្ឋខ្មែរ មិនអោយ​មានជនណាមក​បំផ្លិចបំផ្លាញបានឡើយ៕