Saturday, July 26, 2014

អាល្លឺម៉ង់សាទរចំពោះការបញ្ចប់ភាពតានតឹងផ្នែកនយោបាយ រវាងគណបក្សទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម សាយ ឈុំអនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម Baron von Marschall ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។

ឯកឧត្តម សាយ ឈុំ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ក៏ដូចជា ប្រជាជនអាល្លឺម៉ង់ ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាជាច្រើន តាម រយៈអង្គការសង្គមស៊ីវិលផ្សេងៗ ជាពិសសកិច្ចសហប្រតិបត្តិការដ៏ល្អរបស់មូលនិធិខុនរ៉ាដអា ឌិនណៅអ៊ែរ ដែលបានជួយដល់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងលើវិស័យនានាក្នុងការ កំណែទម្រង់រដ្ឋបាល វិមជ្ឈការ ការពង្រឹង គណបក្សនយោបាយ ការអប់រំនយោបាយ និងការ អភិវឌ្ឍសកម្មភាពនៅក្នុងព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីកំណែទម្រង់ច្បាប់ និងអភិវឌ្ឍន៍ច្បាប់ និងវិស័យព័ត៌មានផងដែរ។

ឯកឧត្តម Baron von Marschall បានសម្តែងការអបអរសាទរចំពោះកិច្ចពិភាក្សាបញ្ចប់ ភាពតានតឹង ផ្នែកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅអំឡុងក្រោយ ការបោះ ឆ្នោតនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា នឹងបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលប្រជាជនសហព័ន្ធអាល្លឺម៉ង់ និងតាមរយៈមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរនឹងបន្ត ជួយគាំទ្រដល់កម្ពុជាបន្តទៀត៕
ដោយ ជឹម ណារី