Tuesday, June 30, 2015

ឯកឧត្តម​ ម៉ាន់ ​ឈឿន ​ត្រូវបាន​ប្រកាស​​ជាសមាជិក​​ព្រឹទ្ធសភា​ មណ្ឌល​​ភូមិភាគ​​១​ ជំនួស​​សម្តេច​ ជា​ ស៊ីម ​

នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៧ និតិកាលទី៣ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ព្រឹទ្ធសភាបានប្រកាសទទួលស្គាល់លោក ម៉ាន់ ឈឿន ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ១ (រាជធានីភ្នំពេញ) ជំនួសសម្តេច ជា ស៊ីម ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។ នេះបើយោងតាមការប្រកាសលទ្ធផលប្រជុំព្រឹទ្ធសភា របស់អគ្គលេខាធិការព្រឹទ្ធសភានៅថ្ងៃត្រង់នេះ។ បន្ទាប់ពីនេះលោក ម៉ាន់ ឈឿន នឹងត្រូវធ្វើសច្ចាប្រណិតធានចូលកាន់តំណែង។
គួរបញ្ជាក់ផងដែរថា កន្លងមកឯកឧត្តម ម៉ាន់ ឈឿន ធ្លាប់ចុះដោះស្រាយបញ្ហាដីធ្លី និងវិវាទការងារនៅតាមរោងចក្រជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ជាងនេះទៅទៀតឯកឧត្តម ម៉ាន់ ឈឿន ជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញ និងធ្លាប់ជាអភិបាលរងរាជធានីភ្នំពេញផងដែរ។
ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីនេះ គឺយោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥។
 អត្ថបទ ជា សុភក្តិ