Tuesday, June 30, 2015

រដ្ឋសភា​នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​ លើសេច​​ក្តីព្រាង​​ច្បាប់​អង្គការ​នៅ​ថ្ងៃទី១០ ​ខែ​កក្កដា​ ខាងមុខ​នេះ​

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានឲ្យដឹងថា រដ្ឋសភានឹងបើកឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ឈាង វុន ធ្វើឡើងនៅក្នុងជំនួបមួយជាមួយ ឯកឧត្តម Joachim Baron von Marschell ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥។ ឯកឧត្តម ឈាង វុន មានប្រសាសន៍ថា ច្បាប់នេះមានគោលបំណងពង្រឹងតួនាទីរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលឲ្យទៅជាដៃគូអភិវឌ្ឍន៍ល្អ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់នេះ គណៈកម្មការទី៥នៃរដ្ឋសភាដែលមានលោកជាប្រធាន បានសហការជាមួយគណៈកម្មការជំនាញទី៤ និងទី៦ ពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់។
ឯកឧត្តម ឈាង វុន បានបញ្ជាក់ថារដ្ឋសភានឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់មួយ ពីសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជា អង្គការជាតិ អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភា។
 គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ចុងក្រោយ ដែលរដ្ឋាភិបាលបានដាក់ទៅរដ្ឋសភា មាន៩ជំពូក និងមាន៣៩មាត្រា៕

អត្ថបទ៖ សុភាព