Tuesday, June 16, 2015

ឯកឧត្តម​បណ្ឌិត​​សភា​ចារ្យ ​សុខ ​អាន អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​​បញ្ចុះ​ខណ្ឌ​សីមា​ ​ព្រះវិហារ​វត្ត​ពោធិ៍ ខេត្ត​តាកែវ

អំណោយ​​ច្រើន​​មុខ​ដូច​​ជាឃីត​​(កញ្ចប់​សម្ភារៈ)​​សម្រាប់​​ស្ត្រី​​ឆ្លង​ទន្លេ ​កង់​ សម្រាប់សិស្សពូកែ​ និង​សិស្ស​​​ក្រីក្រ​​ ប្រឡាយ​​ទឹក​ជូន​​ប្រជា​ពល​រដ្ឋ​​សម្រាប់​​បង្ក​​បង្កើន​​ផល ​និង​​សម្ភារៈ​​មួយ​​ចំនួន​ទៀត​ត្រូវ​​បាន​​ឯក​ឧត្តម​​បណ្ឌិត​​ស​ភាចារ្យ​សុខ អាន ​ឧប​នាយក​​រដ្ឋ​មន្ត្រី​​ រដ្ឋមន្ត្រី​​ទទួល​ប​ន្ទុក​​ទីស្តី​ការ​គណៈ​​រដ្ឋ​មន្រ្តី​​ប្រកា​ស​ផ្តល់​​ជូន​​ប្រជា​​ពល​​រដ្ឋ​​ខេត្ត​​តា​កែវ​​នា​​ព្រឹក​​ថ្ងៃទី​​​១៤ ខែ​​មិថុនា ​ឆ្នាំ​២០១៥។
ក្នុង​​ឱកាស​​អញ្ជើញ​​ជា​អធិ​​ប​តីក្នុង​ «​ពិធី​​បញ្ចុះ​​ខណ្ឌ​​សីមា​​ព្រះ​​វិហារ​​វត្ត​ពោធិ៍ ​និង​​សម្ពោធ​​អគារ​​សា​លា​​បឋម​​សិក្សា និង​​អនុវិទ្យា​​ល័យ សុខ ​អាន​ វត្ត​ពោធិ៍» ស្ថិត​​ក្នុង​​ភូមិ​បាម ​ឃុំ​គោក​ព្រេច​ ស្រុក​​គិរី​វង់​​​ខេត្ត​តា​​កែវ​ឯក​​ឧត្តម​បណ្ឌិត​​សភា​ចារ្យ​​សុខ អាន ​ប្រធាន​​ ក្រុម​ការ​ងារ​ថ្នាក់​​ជាតិ​ជួយ​​ខេត្ត​តា​កែវ ដោយ​​​មាន​វ​ត្ត​​​មានចូលរួមពី ​​សមា​ជិក​រដ្ឋ​សភា​​ព្រឹទ្ធ​សភា ​និងមន្រ្តី​​​រាជ​​រដ្ឋា​ភិបាល​​ផង​​នោះ​ឯក​ឧត្តម​​​​បាន​​មាន​ប្រសាសន៍​​ឲ្យ​ដឹង​​ថា៖​ កាក​បាទ​​ក្រហម​ខេត្ត​តា​កែវ​​ដែល​​ទទួល​​បាន​ការ​​គាំ​ទ្រ​ពី​​សប្បុ​រស​​ជន​តាម​​រយៈ​នៃ​​ការ​អំពាវ​​នាវ​របស់​​ឯក​ឧត្តម​​បាន​រៀប​ចំ​ជា​​ឃី​ត​​សម្ភារៈ​ដែល​​មួយ​​កញ្ចាប់​​ៗ មាន​​សម្ភារៈ​​សម្រាប់​​ទារក​ ​និង​មាតា​​នឹងត្រូវ​​ចែក​ជូន​​ដោយ​មិន​រើស​មុខ​​ចំពោះ​​ស្ត្រី​ជា​​មាតា​ទូ​​ទាំង​​ខេត្ត​តាកែវ​​ដែល​ទើបឆ្លង​​ទន្លេ​​ភ្លាម​ៗ​ ចាប់​ពី​​ខែមិថុនា ​ឆ្នាំ២០១៥​តទៅ។​ ឯកឧត្តម​បានមានប្រសាសន៍​បន្ត​ថា​ ដោយ​​សារ​តម្រូវ​​ការ​នៃកា​រ​​ប្រើ​ប្រាស់​​ទឹក​​សម្រាប់​​ការ​បង្ក​​បង្កើន​ផល​​របស់​​ប្រជា​ពល​​រដ្ឋ​ពិសេស​​​​ការ​ធ្វើ​​ស្រែ​​ប្រាំង​​ក្នុង​​ស្រុក​គីរីវង់​​កើន​ឡើង​​រហូត​​ធ្វើ​ឲ្យ​​បឹង​ទន្លាប់​​ត្រូវ​រី​ង​ស្ងួត​​ ឯក​ឧត្តម​បណ្ឌិត​​​​​សភាចា​រ្យ​​ សុខ អាន ​ក៏​បាន​​ប្រកាស​ឲ្យ​​ដឹង​ពី​ការ​​ជួយ​​ជីក​​ប្រឡាយ​​មួយ​ខ្សែ​​ប្រវែង​​ជាង​៣​គី​ឡូ​​​ម៉ែត្រ​​ដើម្បី​នាំ​​យក​​ទឹក​​ពីបឹង​​ទំនប់​​ទួល​លោ​ក​មក​​ជូន​ប្រជា​ពល​រ​ដ្ឋ ​ពិសេស​​ប្រជា​ពល​​រដ្ឋ​ឃុំ​កំណប់​​ប្រើ​ប្រាស់​​​ផង​​ដែរ​។ ឯក​​ឧត្ត​មប​ណ្ឌិត​​សភាចារ្យ​ ​សុខ អាន​ បា​ន​​មាន​ប្រសាសន៍​ថា​ បណ្តា​​សេវា​មីក្រូ​​ហិរញ្ញ​​វត្ថុ​ដែល​​ប្រជា​ពល​​រដ្ឋ​ខ្ចី​​លុយ​គឺ​ជា​របស់​​ឯក​ជន​​មិន​មែន​​ជា​សេវា​​ផ្តល់​ដោយ​​រដ្ឋ​ទេ​ រដ្ឋ​​មាន​តែ​ធនា​គារ​​ជាតិ​តែ​​មួយ​គត់​។ ដូច្នោះ​​បើ​ប្រជាព​ល​​រដ្ឋ​ជំពាក់​​លុយ គឺ​ជំពាក់​ឯក​ជន​​​មិន​មែន​​រដ្ឋ​ទេ​​។ ការថ្លែងបែបនេះក្នុង​គោល​​បំណង​​ជួយ​ដោះ​ស្រាយ​ទុន​​ជូន​ប្រជា​​ពល​រដ្ឋ​​ឯក​ឧត្ត​ម​បណ្ឌិត​​សភា​ចារ្យ​សុខ អាន ​បានប្រកាស​​ថា មូល​​និធិ​សហគមន៍​​កសិកម្ម ​ខេត្ត​តាកែវ​​ដែល​​ឯក​ឧត្តម​​បាន​បង្កើត​ថ្មីៗ​កន្លង​​មក​នេះ​​នឹង​ផ្តល់​​ជូន​ប្រជា​​ពល​រដ្ឋ​​ជា​កសិករ​​ខេត្ត​តា​កែវ​​ដែល​ជា​​សមាជិ​ក​​សហ​គមន៍​កសិ​កម្ម​​ខ្ចីដោយ​មិនមាន​​ការ​ដាក់​​បញ្ចាំ​របស់ ​និង​យក​​កម្រៃ​​ការ​ប្រាក់​​ទាប​បំផុត​​បើ​ប្រៀប​ជា​មួយ​សេវា​​​របស់​​​មី​ក្រូហិរញ្ញ​វត្ថុ​​ឯក​ជន​​​។ ដោយ​ឡែកក្នុង«​ពិធីបញ្ចុះខ​ណ្ឌសីមា​ព្រះវិហារ​វត្ត​ពោធិ៍ និង​សម្ពោធ​​អគារ​​សាលា​បឋមសិក្សា​ និងអនុ​វិទ្យាល័យសុ​ខអាន​វត្តពោធិ៍​» ឯកឧត្តម​បណ្ឌិត​សភាចារ្យ​សុខ អាន ​វាយ​​តម្លៃ​ខ្ពស់​​ចំពោះ​វត្ត​មាន​​ចូល​រួម​​ច្រើនកុះករ​​ដោយ​​ប្រជា​​ពលរដ្ឋ​​គឺជាការ​ប​ង្ហាញ​ពី​ការ​គាំ​ទ្រ​របស់​​ប្រ​ជាពល​​រដ្ឋ​​ចំពោះ​​សមិទ្ធផល​ដែល​​រាជ​​រដ្ឋាភិ​​បាល​ និង​​គណ​បក្ស​​ប្រជា​ជន​​បាន​កសាង​​ ជាពិសេស​​គឺ​ចំពេ​ល​​ដែល​ជន​រួ​ម​ជាតិ​​យើង​​ទាំង​អស់ កំពុង​​ចូល​រួម​​កាន់​​មរណៈ​ទុក្ខ​​ដ៏ក្រៀម​ក្រំ​បំ​ផុត ចំពោះ​មរណៈ​ភាព​​របស់​​សម្តេច​​អគ្គ​​មហា​​ធម្ម​ពោធិ​​សាល ជា ស៊ីម ដែល​​ជាវីរៈ​ជន និង​​មេ​ដឹក​នាំ​ដ៏​ឆ្នើមមួយ​​រូប​របស់​​គណ​​បក្ស​​ប្រជា​ជន​​កម្ពុ​ជា ដែល​បាន​​បូ​រជា​​កម្លាំង​​កាយ​​ចិត្ត ប្រាជ្ញា និង​ស្មារ​តី ចូល​​រួម​ដឹក​​នាំ​កម្លាំង​​តស៊ូ​រំ​ដោះ​​ប្រទេស និង​​ប្រជា​​ជន​យើង​ ឱ្យ​រួច​​ផុត​ពី​របប​​ប្រល័យ​ពូជ​សាសន៍ ប៉ុល​ ពត និង​​បាន​​ចូល​​រួ​ម​​ចំណែក​​យ៉ាង​​សកម្ម​​ក្នុង​ការ​​ស្តារ និង​​អភិវឌ្ឍ​​ជាតិ​មាតុ​​ភូមិ​ឱ្យ​មាន​​ការ​​រីក​ច​ម្រើន​​លើ​គ្រប់​​វិស័យ​​ផង​ដែរ​​។ ជា​​មួយ​​និង​ការ​​នាំមក​​នូវ​ការ​​ផ្តាំ​​ផ្ញើសួរ​សុខ​​ទុក្ខ​​ពី​សម្តេច​តេ​​ជោ​​នាយ​ក​​រដ្ឋ​មន្ត្រី ហ៊ុន​​ សែន​​ និង​​សម្តេច​​គតិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន​​រ៉ានី ហ៊ុន​​សែន ជូន​​ចំពោះ​​បង​ប្អូន​ប្រជា​​ពល​រដ្ឋ​​នៅ​ខេត្ត​តា​​កែវជា​​ពិសេស​​នៅ​ស្រុកគិ​រី​វង់​​ ឯក​​ឧត្តម​​បណ្ឌិត​​សភាចា​រ្យ​​សុខ អាន​ ​មាន​ប្រសាសន៍​​ថា​៖ ការ​​ចូល​រួម​​នេះ​មិន​​ត្រឹមតែ​​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​​ពីជំ​នឿ​​ និង​កា​រគោរ​ព​​ប្រណិ​​ប័ត​ដ៏​ជ្រាល​​​ជ្រៅ​​របស់​​យើង​​ទាំង​​អស់​​គ្នា​ចំពោះ​​ព្រះពុទ្ធ​​សាសនា​​ដែល​​ត្រូវ​បាន​​ចាត់​ទុក​​ជាសាសនា​របស់​រដ្ឋ​​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​​ថែម​​ទាំង​​បង្ហាញ​​ឱ្យ​​ឃើញ​​នូវ​​ស្មារតី​​សាម​គ្គី​​ភាព និង​​ការ​​គាំទ្រ​​របស់​​យើង​ចំពោះ​​កិច្ចខិ​ត​​ខំ​ប្រឹង​​ប្រែង​​របស់​​គណ​​បក្ស​​ប្រជា​​ជន​​កម្ពុជា​​ក៏ដូច​​ជារាជ​​រដ្ឋា​ភិ​បាល​​ក្នុង​ការ​​ស្វែង​​រក​គ្រប់​​មធ្យោ​​បាយ​ដើ​ម្បី​​បម្រើ​​ផល​​ប្រយោជន៍​​ដ៏ឧ​ត្តុង​​ឧត្តម​​ជូន​​ប្រជា​ជន​យើ​ង សំដៅ​​លើក​​កម្ពស់​កម្រិត​​ជីវ​ភាព​​រស់​​នៅ​​ឱ្យ​​កាន់​​តែប្រ​សើរ​​ឡើង​​ថែម​​ទៀត។
សូម​​បញ្ជាក់​​ថា​​វត្ត​​ពោធិ៍​​ស្ថិត​​ក្នុង​ភូ​មិ​​បាម​​ឃុំ​​គោក​​ព្រេចមាន​​អាយុ​​២៨០​ឆ្នាំ ​ហើយ​ ដែល​​ត្រូវ​​បាន​កសាង​​ឡើង​​តាំង​​ពីឆ្នាំ១៧​៣៥ ​មក​​ម៉្លេះ គឺជា​​បេតិក​​ភណ្ឌ​​វប្បធម៌​​ជាតិ​​ដ៏មា​ន​​តម្លៃ​​របស់​​ជាតិ និង​​ប្រ​ជា​​ព​ល​រដ្ឋ​។ ដោយ​​ឡែក​​ក្រៅពី​​ធ្វើ​ពិធី​​បញ្ចុះ​​ខណ្ឌ​​សីមា​​ព្រះ​វិហារ​​ថ្មី អគារ​​សិក្សា​​ថ្មីចំ​នួន ២ខ្នង ដែល​ ១ខ្នង មាន​៥បន្ទប់​ នៅ​​សាលា​​បឋម​​សិក្សា សុខ អាន វត្តពោធិ៍​​ដែល​​ត្រូវ​​សម្ពោធ​​ដាក់​​ឲ្យប្រើ​​ប្រាស់​​ជាផ្លូវ​​ការ​​ផង​​ដែរ​​នោះ​ គឺ​​​ជា​អំ​ណោ​យ​របស់​​សមា​គម​​អាស៊ី​​ខ្មែរ តាម​​រយៈស​ប្បុរ​​ជន​​ ជន​​ជាតិ​ជប៉ុន លោក កេស៊ី យូកាវ៉ា​ ហើយ ១ខ្នង​ទៀត មាន​៦​បន្ទប់ នៅអ​​នុវិទ្យា​ល័យ​​​សុខ​ ​អាន​វត្តពោធិ៍​ដែល​​ជា​​អំណោយ​​របស់​​ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ​​ សុខ អាន ​និង​​លោក​​ជំទាវ​​តាម​រយៈ​​ឯកឧត្តម​ទួន ស៊ី​​ផាន់ ប្រធាន​​ក្រុម​ការ​​ងារ​​ចុះជួយ​​ឃុំគោក​​ព្រេច។ សូម​បញ្ជាក់​ដែរ​ថា កន្លង​មក ភូមិបាម​ មាន​​ត្រឹម​​តែ​បឋម​​សិក្សា​​ប៉ុណ្ណោះ​ ប៉ុន្ដែ​​បច្ចុប្បន្ន​​នេះ​មាន​​ដល់​​កម្រិត​​អនុវិទ្យា​ល័យ។​