Friday, July 24, 2015

សម្តេចតេជោ នាយករដ្ឋមន្ត្រីដាក់បទបញ្ជាដាច់ណាត់ មិនឱ្យមានបដិវត្តន៍ព័ណ៌

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់បទបញ្ជាដាច់ណាត់ មិនឱ្យមានបដិវត្តន៍ព័ណ៌ រួមទាំងអនុសាសន៍  និងយុទ្ធសាស្ត្រ​ល្អៗ​ជាច្រើន  ​នៅ​ព្រឹក​ថ្ងៃ​ទី២៣កក្កដានេះ  ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះ​សំណាល ជាមួយ​កង​កម្លាំង​ប្រដាប់អាវុធ និងមន្ត្រីរាជការ​មកពីបណ្តាអង្គភា​ពនានានៅទូទាំង​ប្រទេស​​ប្រមាណ​​៥ពាន់ នៅបញ្ជាការដ្ឋានអង្គរក្ស ទួលក្រសាំង ខេត្តកណ្តាល។
យោងរបាយការណ៍ស្វាគមន៍របស់  ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួង ការពារជាតិ បង្ហាញថា ជាមហាកិត្តិយស ដ៏ខ្ពង់​ខ្ពស់បំផុត ដោយ​បាន សម្តេច តេជោ នាយករដ្ឋមន្រ្តី ផ្តល់ឱកាសដល់ថ្នាក់ដឹកនាំទាំងអស់ បាន​ស្តាប់នូវ​ប្រសាសន៍​ដ៏ខ្ព​ង់​ខ្ពស់ របស់សម្តេចតេជោ  ដើម្បីជាទុន និងជាត្រីវិស័យតំរង់ទិស និងជា​ទស្សនៈ​វិស័យ​ច្បាស់​លាស់ ជាពិសេស​ឱ្យមានឆន្ទៈមោះមុត ក្នុងការការពាររដ្ឋអំណាចស្របច្បាប់ ការពារសមិទ្ធ​ផល​សង្គមជាតិ និងមិនលុះ​ទៅដោយបដិវត្តន៍​ព័ណ៌ ពិសេស​ការពារ​សេចក្តី​សុខសាន្ត របស់ប្រជាពលរដ្ឋ ឱ្យរស់នៅ ប្រកបដោយសុខសន្តិភាព និងការ​អភិវឌ្ឍ​លើគ្រប់​វិស័យ។
ក្នុងពិធីសំណេះសំណាលនេះសម្តេច​តេជោនាយករដ្ឋមន្ត្រីបាន​លើកឡើងនូវ​បញ្ហាពីរ ជាសំខាន់​មកជំរាបជូន ទាក់​ទិន​អំពីសភាពការណ៍វិវត្តរបស់សកលលោក ជាពិសេស​ការយកចិត្ត​ទុកដាក់ ទទួល​ខុស​​ត្រូវ​ខ្ពស់​នៅក្នុងកិច្ចទំនាក់ទំនង សហការជាមួយបណ្តា​ប្រទេសនានាជាមិត្ត  ហើយ​ទាក់​ទងអំពីសភាព​ការណ៍សកលលោកនេះ សម្តេច​បានរំ​លេច​ឱ្យកង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក៏ដូច​ជាមន្ត្រីរាជ​ការទទួលបាននូវការយល់ដឹង ​មើល​ឃើញ​ពីបទពិសោធន៍ រឿង​រ៉ាវ ជា​វិជ្ជមាន និង​អវិជ្ជមាន​ទាំង​ឡាយ ក្នុងរយៈពេលកន្លងមក និងបច្ចុប្បន្ន ដើម្បី​ឱ្យកងកម្លាំង​ប្រដាប់​អាវុធ​និង​មន្ត្រី​រាជការ​ទទួល​បានជាការវិភាគ និង​ដាក់ចេញនូវ​ទិសដៅ សម្រាប់​ខឿន​ការពារ​ជាតិ​របស់​យើងរួម​ទាំង​ការ​ប្រឆាំង​​​ភេរវកម្ម ដោយ​សហការជាមួយ​គ្រប់តួអង្គនិង​ប្រទេស​ពាក់​ព័ន្ធ​ទាំង​អស់ ហើយ​សម្តេច​បាន​ចាត់​ទុកថា បញ្ហា​ប្រឆាំង​ភេរវ​កម្មនេះ​ ជា​ប្រធាន​បទ​ធំ​ណាស់។
សម្តេចតេជោ ប្រមុខ​រាជ​រដ្ឋាភិ​បាល​ក៏បានមានប្រសាសន៍អំ​ពីសភាព​ការណ៍​នយោ​បាយ នៅ​ក្នុង​ប្រទេសកម្ពុជាដោយបានលើកឡើងជុំវិញរឿងរ៉ាងទាំងឡាយដែលកើតមាន និងបង្ក​ឡើង​ដោយ​គណបក្សសង្គ្រោះជាតិ ហើយទោះជាយ៉ាងណាក៏ដោយ សម្តេចបានផ្តាំផ្ញើដល់​កង​កម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទក្នុងសភាពការណ៍ថ្មីនេះ  គឺការពារឯករាជ្យ អធិបតេយ្យភាព បូរណ​ភាពទឹកដី ធ្វើទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង និងប្រទេសនានាក្នុងតំបន់និង​ពិភព​លោក ដើម្បីបង្កើន​ចំណងទាក់ទង  ជំនឿទុកចិត្តគ្នា និងដើម្បីពង្រឹងសន្តិភាព។
សម្តេច​តេជោ បាន​បន្ថែម​ថា កងកំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ជាពិសេស  កំលាំងនគរបាល កងរាជអាវុធហត្ថ   ត្រូវ​ពង្រឹងសន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ខិតខំ​កំចាត់​​ចោលនូវក្រុមចោរប្លន់ ប្រដាប់​អាវុធ ក្រុមជួញដូរមនុស្ស ជួញដូរ​គ្រឿងញៀន ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយភូមិ ឃុំ​មានសុវត្ថិភាព ។  ធានាកុំឱ្យមានអំពើ ភេរ​វកម្ម​កើតឡើង​នៅក្នុង​ទឹក​ដី​កម្ពុជា ដើម្បី​រួម​ចំណែក​ដល់​ការទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគមកកម្ពុជា និង ចូល​រួមជួយ ដល់ សមត្ថកិច្ចគយ ​ពន្ធដារ ដើម្បីប្រមូលចំណូលថវិកាជាតិ ចូលរួមជួយ​ដល់​ផ្នែករដ្ឋបាល​ព្រៃឈើ បរិស្ថាន ធនធានរ៉ែ ​ជួយ​ប្រតិបត្តិការបង្ក្រាប ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ការជីករ៉ែ គ្រប់​ប្រភេទ រួមទាំងការបូមខ្សាច់អនាធិបតេយ្យ ហើយចំពោះបញ្ហានេះ មេបញ្ជា​ការ​គ្រប់​លំដាប់​ថ្នាក់គ្រប់កងកម្លាំង និង គណៈបញ្ជាការ​ឯកភាព​គ្រប់ខេត្ត​ត្រូវខិត​ខំជួយដល់​ផ្នែកគយ និង​ពន្ធដារ ដើម្បីប្រមូលចំណូល ថវិកាជាតិ ក្នុងនោះអំពើ រត់ពន្ធ គេចពន្ធ ត្រូវតែខិត​ខំចូល​រួម​ចំណែកក្នុង​ការ​បង្ក្រាប ដើម្បីឱ្យគេចូលមកតាមច្រកបង់ពន្ធត្រឹមត្រូវ និងធានា​ទៅ​ដល់​ចំណូល​ថវិកា​​មួយផ្នែក​សម្រាប់​តម្លើងប្រាក់បៀវត្ស មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ របស់យើង​និង​​មួយ​ផ្នែក​ទៀត​ដើម្បីអភិវឌ្ឍនិងកាត់បន្ថយការពឹងពាក់ពី​ខាង​ក្រៅ។​ ក្នុងចំណុច​នេះសម្តេច​បញ្ជាក់​ថាបើ​ធ្វើ​បាន​នោះគោលដៅតម្លើងប្រាក់ បៀវត្សទាប​បំផុតមិនក្រោម១​លានរៀល​នៅឆ្នាំ​២០១៨គឺ មិន​លំបាក​នោះទេ។
សម្តេចតេជោ បានផ្តាំផ្ញើដល់កងទ័ព កងរាជអាវុធហត្ថ កុំកាប់ឈើខ្លួនឯង គឺត្រូវការពារ ឱ្យពួក​រដ្ឋបាលព្រៃឈើ និងបរិស្ថាន ក៏ដូចជាធនធានរ៉ែ ហើយនៅក្នុងបញ្ហានេះ សម្តេច​បាន​ស្តី​បន្ទោស​ចំពោះការកាប់ឈើខ្ទេច កាប់ខ្ទី និងដឹកជញ្ជូនខូចផ្លូវអស់   ជាពិសេស​សម្តេច​ បានផ្តាំ​ផ្ញើ​ដល់​កង​កម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធានាមិនឱ្យមានបដិវត្តព័រណ៍នៅកម្ពុជា​ ទោះ​តម្លៃ​ណាក៏​ដោយគឺត្រូវកំចាត់ចោលភ្លាម ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយកម្លាំង​ប្រដាប់​អាវុធ​មិនអព្យាក្រិត្យ រវាងបក្សនយោបាយជាមួយនឹងរដ្ឋនោះទេ ព្រោះការ​បង្កើតឡើងកង​កម្លាំង​ប្រដាប់​អាវុធ​គឺដើម្បីការពាររដ្ឋ ធម្មនុញ្ញ ការពារ និងអនុវត្តច្បាប់ ជាឧបករណ៍របស់រដ្ឋ ក្នុង​កិច្ច​ការពារជាតិ ការពារប្រជាជន។
សម្តេចបញ្ជាក់ថា ទង្វើរបស់ក្រុមណា បក្ស​ណា ដែល​ចង់​ផ្តួល​រំលំ​រដ្ឋ​ គឺត្រូវ​កំចាត់ចោលភ្លាម ត្រូវ​អប់រំសតិអារម្មណ៍ក្នុងជួរកងទ័ព អាវុធហត្ថ នគរ​បាល​ឱ្យយល់​លើ​ចំណុច​នេះ «គឺអព្យា​ក្រិត្យ​ចំពោះ​មុខ​បក្សនយោបាយ តែមិនអព្យាក្រិត្យរវាងរដ្ឋ និង​បក្ស​នយោ​បាយ ហើយ​រាល់​ទង្វើ​ខុស​ច្បាប់​ត្រូវ​អនុវត្ត​ច្បាប់,ទង្វើផ្តួល​រំលំរដ្ឋ​ដោយ​ខុស​ច្បាប់ ​ត្រូវ​កំចាត់​ចោល​ភ្លាម​ដោយ​គ្មាន​ការស្ទាក់ស្ទើរ។ សម្តេច​តេជោប្រមុខរាជរដ្ឋាភិបាល​បានដាក់ចេញនូវបទ​បញ្ជាដាច់​ណាត់​មិន​ឱ្យ​មានបដិវត្តន៍ព័ណ៌ ដោយមិនត្រា​ប្រណី  ​ចំពោះ​អ្នកណាក៏ដោយ៕