Wednesday, August 5, 2015

បើកម្ពុជាប្តឹងវៀតណាម ទៅតុលាការអន្តរជាតិ ក្រុងឡាអេ រឿងព្រំដែន តើកម្ពុជាខាត ឬចំនេញ?

ដោយមានការលើកឡើង​ជាបន្តបន្ទាប់ ​ពីអ្នកតំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ​ឯកឧត្តម ​អ៊ុំ សំអាន​ ជំរុញឲ្យរាជរដ្ឋាភិបាល​ប្តឹងវៀតណាម​ ទៅតុលាការអន្តរជាតិ​ក្រុងឡាអេ ​អំពីការរំលោភទឹក​ដីកម្ពុជា​  ប៉ុន្តែតំណាងរាស្ត្រ​គណបក្សមួយនេះ ​មិនបានបង្ហាញនូវអង្គហេតុ ​និងអង្គច្បាប់​នានា​ទាក់ទងនឹងបណ្តឹងនេះ​ឡើយ។ ​ឆ្លើយតបនិងការជំរុញ​ហើយជំរុញទៀត​នេះ ត្រូវបានប្រមុខ​រាជរដ្ឋាភិបាល​ សម្តេចតេជោ ហ៊ុន សែន ​ចោទជាសំនួរថា ​តើបើប្តឹងទៅ​កម្ពុជាចាញ់ ​ឬឈ្នះ?​ និងចំនេញ រឺខាត?។ ​សម្តេចតេជោ​ បានដាក់សំនួរនេះ​ទៅកាន់ក្រុម​បក្សប្រឆាំង​ ឲ្យពន្យល់ ​និងផ្តល់ឯកសារ​ពាក់ព័ន្ធ ​រឺអាចសរសេរជា​និក្ខេបទតែម្តង ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់របស់ពួកគេ។​ ការ​លើកឡើង​របស់សម្តេច ​បានធ្វើឡើង​ក្នុងពិធីសម្ពោធ​ឲ្យប្រើប្រាស់​ជាផ្លូវការនូវស្ពាន​មិត្តភាព​កម្ពុជា-ចិនតាខ្មៅ​ កាលពីថ្ងៃទី ​០៣ ខែសីហា​ ឆ្នាំ២០១៥​ម្សិលមិញនេះ។
សម្តេចតេជោ ​នាយករដ្ឋមន្ត្រី ​បានមានប្រសាសន៍ខ្លាំងៗ​ថា ​«អ្នកដែលថាឲ្យខ្ញុំប្តឹងទៅ​តុលាការឡាអេ ​សុំស្នើមេត្តា​ធ្វើសារណាឲ្យ​ច្បាស់តើប្តឹងនៅកន្លែងណា? ​ស្វាគមន៍ទទួលមតិ​នៃអ្នកច្បាប់ដែល​បានលើកឡើងថា ​ឲ្យនាយករដ្ឋមន្ត្រីប្តឹងវៀតណាម ​ទៅតុលាការឡាអេ។ សុំសិក្សាផ្លូវច្បាប់​លើគ្រប់ទិដ្ឋភាព​ទាំងអស់ ​តើប្តឹងកន្លែងណា? ​បើប្តឹងដើម្បីសម្លាប់ខ្លួនឯងកុំ​ប្តឹងអី»។​
សម្តេចតេជោ បន្តថា​ អ្នកដែលមានផែនទី​ត្រឹមត្រូវសូមដាក់មក​ បើមិនបញ្ជូនមក​រាជរដ្ឋាភិបាល ​សូមបញ្ជូនទៅ​រាជបណ្ឌិតសភា ​ដែលកំពុងត្រូវការ​ឯកសារយកមក​ផ្ទៀងផ្ទាត់។​ រាជរដ្ឋាភិបាលបានផ្តល់​ជូនអស់ហើយ ​ទៅរាជបណ្ឌិតសភា ​ដែលកំពុងធ្វើការក្នុងឋានៈ​ជាអ្នក​វិទ្យាសាស្ត្រធ្វើការ​ស្រាវជ្រាវ​ដោយឯករាជ្យ ​ខុសថាខុស ត្រូវថាត្រូវ។ ​សូមអ្នកដែលថាឲ្យសម្តេចប្តឹងវៀតណាម​ទៅតុលាការឡាអេ​ សូមធ្វើសារណាមក​ ថាតើប្តឹងទៅវា​ឈ្នះនៅត្រង់​ណា? រឺចាញ់​ត្រង់ណា?​ ហើយបើ​ប្តឹងគ្រាន់តែដើម្បីចាញ់​ចាំបាច់ប្តឹងធ្វើអី?
ដើម្បីបញ្ជាក់​ឲ្យកាន់តែច្បាស់​ ទៅកាន់ជនរួមជាតិ​ខ្មែរឲ្យបានយល់ពី​បញ្ហានេះ​ សម្តេចតេជោបានលើក​យកមកពន្យល់ថា​ សាធារណៈជន​គួរស្វែងយល់ថា ​ហេតុអ្វីបានជាព្រះ​កុរណា ​សម្តេចព្រះបរមរតនកោឡ ​មិនប្តឹងទៅតុលាការ​ឡាអេ​ កាលពីសម័យមុន​ ដែល​មានការឈ្លានពាន​ដោយទម្លាក់គ្រាប់​បែក​ គឺព្រះអង្គត្រឹមតែ​ប្តឹង​ទៅអង្គការសហ​ប្រជាជាតិ? ​សម្តេចបញ្ជាក់ថា ​«តើមានអ្នកណាដែល​ស្នេហាជាតិជាង​ព្រះករុណាព្រះរាជបិតា​ទៀត? ​ម៉េច​បានព្រះអង្គមិន​ព្រមប្តឹង? ​ហើយក្នុងពេលដែល​ព្រះករុណាប្តឹងថៃ​រឿងព្រះវិហារ ​ម៉េចបានជា​ព្រះអង្គមិនព្រម​ប្តឹងរឿងព្រំដែន​ជាមួយវៀតណាម ? ​ថៃចាញ់ក្តីខ្មែរមកពីអ្វី?​ គឺចាប់ផ្តើមពីផែនទី។ ​ផែនទីដែលកម្ពុជា​ប្រើជាមួយប្រទេសថៃ​មកដល់ពេលបច្ចុប្បន្ន គឺ​ផែនទីដែលស្រប​តាមកិច្ចព្រម​ព្រៀងបារាំង​-សៀម គឺដើរតាមខ្សែ​បែងចែកទឹក ​ប៉ុន្តែពេល ​បារាំងគូសផែនទី គឺ​អត់ដើរតាមការ​កំណត់ហ្នឹងទេ ​ហើយពេលបារាំង​យកផែនទីទៅឲ្យសៀម​ សៀមមិនត្រឹមតែ​មិនទាមទារឲ្យកែប្រែ​ផែនទីហ្នឹងទេ ​ថែមទាំងប្រើផែនទី​ហ្នឹងរហូតមក។ ​ដូច្នេះតុលាការឡាអេ ​កាត់ក្តីគឺផ្អែកលើអង្គហេតុ ​និងអង្គច្បាប់ ​គឺផ្អែកលើផែនទី។ ​ ដូច្នេះតុលាការ​កាត់ឲ្យខ្មែរឈ្នះព្រោះព្រះវិហារនៅក្នុង​ដីខ្មែរ ​ដោយផ្អែកតាមផែនទី​ដែលថៃបានប្រើ។ ​តែដោយឡែកចំពោះ​បញ្ហាវៀតណាម​ ជាមួយកម្ពុជា ​គឺរឿងដាក់ដាំ ​និងដាក់ហូទ»
សម្តេចតេជោ ​ពន្យល់ថា ​នៅឆ្នាំ១៩១៤​ អគ្គទេសារភិបាល​ឥណ្ឌូចិន ​បានចេញសេចក្តី​សម្រេចមួយ ​ថាព្រំដែនត្រូវដើរតាម ទន្លេ​ដាក់ហូទ ដល់បារាំង​គូសផែនទី បែរជាយកតាមដាក់ដាំ។​ ដូច្នេះអ្នកដែល​ឲ្យសម្តេចប្តឹងហ្នឹង​សូមពន្យល់មក​សម្តេចវិញមកយ៉ាងម៉េច​រឿង​ហ្នឹង?  តាំងពីបារាំង​គូសផែនទី ​តើខ្មែរធ្លាប់បានតវ៉ា​រឺក៏អត់?​ គឺមិនដែលទេ។​ ហើយខ្មែរបាន​ផ្ញើរទៅឲ្យអាមេរិក ​ជំនាន់ខ្មែរប្តឹងវៀតណាម​ទៅអង្គការសហប្រជាជាតិ​ស្តីពីការទម្លាក់​គ្រាប់បែក​ដោយដាក់ថា​ ផែនទីនេះ ​គឺគូសតាមសេចក្តី​សម្រេចរបស់​អគ្គទេសារភិបាល​ឥណ្ឌូចិន។ ​គឺបានសេចក្តីថា ​កម្ពុជាយើង​អត់បានកែអ្វីទាំងអស់​ នេះហើយជាកំហុស ​ បាន​សេចក្តីថាយើង​យកផែនទី​ទៅដាក់អង្គការ​សហប្រជាជាតិ​ ប្តឹងគេទម្លាក់គ្រាប់បែក​ តែយកផែនទីហ្នឹងទៅឲ្យគេ ​ចឹងគេទម្លាក់គ្រាប់បែក​ហ្នឹងអត់ខុស​ជាមួយផែនទីផង​ការពិតទៅ។  ​ចំពោះផែនទីទិញ​នៅផ្សារបារាំង ​ដែលគេបង្ហោះតំលៃ ​១៦៨ដុល្លារ ​បើយកមកមើលទៅ គឺ​កម្ពុជាយើងពិត​ជាស្ថិតនៅក្នុង​ដីវៀតណាមមែន។
សម្តេចបន្ថែមទៀតថា ​ដោយចេតនាប្រឆាំង​ដើម្បីអំណាច​ ប្រឆាំងដើម្បីកេង​ចំណេញ​នយោបាយ ​ទោះបីជាផែនទី​មកពីបារាំង​ និងផែនទី​ដែលមកពីអង្គការ​សហប្រជាជាតិដែល​យើងបានថតចំលង​តាំងពីមុន​ គឺឥឡូវបក្ស​ប្រឆាំងគេអត់​ព្រមទទួយកទេ។​ ដូច្នេះសម្តេច​បានស្នើសុំខ្ចីផែនទី​ពីប្រទេស​មហាអំណាច​ទាំង៣​ គឺអាមេរិក ​បារាំង ​និងអង់គ្លេសរួមទាំងអង្គការសហ​ប្រជាជាតិ​ គឺសុំខ្ចីផែនទីដើម​តែម្តង ​ដែលរួមទាំងអ្នកជំនាញផង។ ​សម្តចតេជោ ​បានក៏បានអំពាវនាវ​ឲ្យបក្ស​នយោបាយទាំងអស់ ​ដើម្បីឯកភាពជាតិបាន​ គឺត្រូវឯកភាពគ្នារឿងផែនទី ​ហើយ ​បើចង់យកផែនទីមុន ​ដែលខុសពីរដ្ឋធម្មនុញ្ញ ​បើសិនជារដ្ឋធម្មនុញ្ញ​បានចែងថា ផែនទី​នៃព្រះរាជាណាចក្រកម្ពុជា​ ប្រើប្រាស់ផែនទីខ្នាត១/៥០.០០០​ សម្តេចសុខចិត្តលុបចោល ​កិច្ចព្រមព្រៀងសន្ធិ​សញ្ញាជាមួយវៀតណាម  ​ប៉ុន្តែមាត្រាទី២នៃរដ្ឋ​ធម្មនុញ្ញរបស់ព្រះ​រាជាណាចក្រកម្ពុជា ​បានកំណត់ឲ្យប្រើផែនទីខ្នាត ១/១០០.០០០​ ដែលបោះពុម្ពក្នុងចន្លោះ​ឆ្នាំ១៩៥៣ -១៩៣៣​ ដែលអន្តរជាតិទទួល​ស្គាល់ ​នៅឆ្នាំ១៩៦៣។
ជាថ្មីម្តងទៀត​ សម្តេច​តេជោនាយករដ្ឋមន្ត្រី​បានស្នើឲ្យអ្នក​ដែលមានផែនទីត្រឹមត្រូវ​សូមដាក់​មកជូនរាជរដ្ឋាភិបាល ​ហើយបើស្អប់​សម្តេចណាស់សូមដាក់ទៅ​ព្រះមហាក្សត្រ ហើយ ​សូមកុំប្រើប្រាស់រឿង​ព្រំដែនកេងចំនេញ ។​ សម្តេចបានសម្មតថា ​អ្នកណាដែលថាមានផែនទី​ដែលចាត់ទុកថា​ត្រឹមត្រូវ ​ហើយមិនហ៊ានបញ្ចេញ​ផែនទីមកនោះ ​អ្នកនោះគឺជាអ្នកបោក​ប្រាស់ប្រជាជន​ សម្តេចនឹង​មិនលើកលែង​ឲ្យលើទិដ្ឋភាពផ្លូវច្បាប់ទេ។ ​សម្តេចរំលឹក​ថាពីមុន​ជាអាណាគម​របស់បារាំង​នៅពេលបារាំង​ចេញទៅបារាំង​បានទុកផែនទី​សំរាប់ឲ្យប្រើប្រាស់​រវាងកម្ពុជា ​វៀតណាម​ និងឡាវ​ គឺមានតែផែន​ទីដែលរាជរដ្ឋាភិបាល​កំពុងប្រើនេះទេ។​ សម្តេចបាន​លើកឡើងថា​ ការរើសយកផែនទី​មកធ្វើព្រំដែន​ជាមួយប្រទេស​ជិតខាង​ មិនមែន​ធ្វើតាមចិត្តបានទេ​  ហើយកុំដោយសារ​អស់សន្លឹកបៀលេង​ បែរមកលេងរឿង​ជាតិនិយម ​សម្តេច​នឹងមិនលើក​លែងទាល់​តែសោះនៅ​ពេលដែលការពិត​ត្រូវបានលាតត្រដាង៕
អត្ថបទ៖ សុភាព