Friday, July 25, 2014

ក្រុមជនពិការស្នើឲ្យមានការកែសម្រួល បញ្ហាពិការភាព​នៅក្នុង​ប្រព័ន្ធបោះឆ្នោត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

ក្រុម​ជន​ពិការ​នៅ​ទូទាំង​ប្រទេស បាន​ជំរុញ​ឲ្យគណៈ​កម្មាធិការ​ជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមគិតគូរធ្វើការកែសម្រួលអំពីបញ្ហាពិការភាពមួយ ចំនួន​នៅក្នុង​ប្រព័ន្ធបោះឆ្នោត ខណៈដែល គ.ជ.ប គ្រោងធ្វើការកែទម្រង់ឡើង វិញនៅពេលឆាប់ៗនេះ។

ក្នុងជំនួបទ្វេភាគីរវាងអង្គការជនពិការកម្ពុជា ជាមួយ គ.ជ.ប កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្នាក់​ការគ.ជ.ប ក្នុងក្រសួងមហាផ្ទៃ លោក ងិន សៅរត្ន័ ប្រធានអង្គការជនពិការកម្ពុជា និងតំណាង​ឲ្យជនពិការ​ទាំងអស់នៅ ទូទាំងប្រទេសបានឲ្យដឹងថា ជនពិការបានជួបឧបសគ្គជាច្រើន ក្នុងដំណើរការ បោះឆ្នោតកន្លងមក ដែលទាមទារឲ្យមានការដោះស្រាយជាបន្ទាន់ ដើម្បីឲ្យពួក គេបានចូលរួម​បោះឆ្នោត​ប្រកបដោយ​ភាពពេញ​លេញស្របតាមច្បាប់។ លោក បានបញ្ជាក់ថា បញ្ហាប្រឈមធំៗ ដែលបានជួបប្រទះជារឿយៗ សម្រាប់បងប្អូន ជនពិការក្នុងដំណើរការបោះឆ្នោត ពួកគេលំបាកទាំងការទៅចុះឈ្មោះបោះ ឆ្នោត និងការចេញទៅបោះឆ្នោត ពិសេសក្នុងអំឡុងពេលបោះឆ្នោត ដែល ការិយាល័យបោះឆ្នោតមួយចំនួន ពុំបានបង្កលក្ខណៈ​ងាយស្រួល​ដល់ជនពិការ ទេ ដូចជាគ្មានជម្រាល ឬបង្កាន់ដៃសម្រាប់ជនពិការ ការខ្វះរទេះ ឬជំនួយពីអ្នក ដទៃ ដែលការ​គិតគូរពីបញ្ហាពិការភាពរបស់បងប្អូនជនពិការ នៅក្នុងដំណើរការ បោះឆ្នោត ចាប់ពីពេលនេះ​ទៅជារឿង​សំខាន់បំផុត។

ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានទទួលស្គាល់អំពីភាព ចន្លោះប្រហោងមួយចំនួន ដែលបាន​រៀបចំចំពោះជនពិការ ប៉ុន្តែឯកឧត្តមអះ អាងថា ការបោះឆ្នោតនីមួយៗ សម្រាប់ជនពិការ ត្រូវបានយក​ចិត្ត​ទុកជាអាទិ ភាព ដើម្បីឲ្យជនពិការបានទៅបោះឆ្នោតគ្រប់ៗគ្នា ក្នុងនោះមានទាំងការអប់រំ ទីតាំង ដំណើរការ​ចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និងការទៅបោះឆ្នោត។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់សំណើចង់​ឲ្យមាន​ការកែតម្រូវបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយបង្ហាញអត្តសញ្ញាណជនពិការនោះ អាចធ្វើទៅបាន​លុះត្រាតែ​មានការកែ ទម្រង់ថ្មី មានច្បាប់ត្រឹមត្រូវដែលអនុម័តដោយរដ្ឋសភា ហើយជាមធ្យោបាយ ដើម្បីឲ្យជន​ពិការកាន់តែមានភាពងាយស្រួលក្នុងការបោះឆ្នោត តាមរយៈការកែ ទម្រង់នាពេលខាងមុខនេះ គួរតែមាន​ការពិភាក្សា រួមគ្នារវាងគណបក្សនយោ បាយ និងគ.ជ.ប និងតំណាងជនពិការ ដើម្បីបង្ហាញពីបញ្ហាប្រឈម និងលើក ជាអនុសាសន៍ក្នុងការកែតម្រូវឡើងវិញ។

តាមការអង្កេតកន្លងទៅដោយអង្គការជនពិការកម្ពុជា ដែលគាំទ្រដោយទី ភ្នាក់ងារ​សហរដ្ឋ​អាមេរិកសម្រាប់​ការអភិវឌ្ឍអន្ដរជាតិ (USAID) បានរកឃើញថា មានជនពិការតែ៦១.៦% ប៉ុណ្ណោះ​ដែលបាន​ចូលរួមក្នុង​ការបោះឆ្នោត ហើយ បញ្ហាប្រឈមដែលរារាំងជនពិការមិនអាចទៅបោះឆ្នោតបាន គឺដោយសារពុំបាន ទៅចុះឈ្មោះបោះឆ្នោត និងពិបាករកមធ្យោបាយធ្វើដំណើទៅបោះឆ្នោតជា ដើម៕
ដោយ អ៊ុន រិទ្ធី