Friday, July 25, 2014

សាលារាជធានីភ្នំពេញបើកការដ្ឋានជួសជុលកែលម្អពង្រីក ផ្លូវយុទ្ធសាស្ត្រ នៅជាយក្រុង១ ខ្សែទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤
សាលា​រាជ​ធានី​ភ្នំពេញ​ បាន​បើក​ការ​ដ្ឋាន​ជួសជុល​កែលម្អ​ពង្រីក​ផ្លូវយុទ្ធ​ សាស្ត្រ ​នៅ​ជាយ​ក្រុង១​ ខ្សែ​ទៀត​ទៅ​តាម​គោល​ការណ៍​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែក្រវាត់​ក្រុង ដើម្បីបញ្ចៀសចរាចរនៅកណ្ដាលរាជធានី ស្របពេលដែលការកកស្ទះចរាចរនៅតែបន្តកើតមាននោះ ហើយ​យុទ្ធ​សាស្ត្រនេះ​ធ្វើឡើងក្នុងគោល បំណងចង់ឲ្យរោងចក្រ សហគ្រាស​មួយ​ចំនួន​ដែល​កំពុង​តែធ្វើ​អាជីវ​កម្ម​រកស៊ីនៅកណ្ដាលក្រុង បង្វែរទិសដៅមកជាយក្រុងវិញ។

ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៤ នៅតាមបណ្តោយផ្លូវព្រៃស ក្នុង​សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការ​ចូលរួមពីមន្ត្រីក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។

ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៍ថា នេះជាផ្លូវយុទ្ធសាស្ត្រនៅជាយ ក្រុង១ ខ្សែទៀត ដែលស្ថាបនា​ឡើងប្រកបដោយគុណភាព បន្ទាប់ពីផ្លូវលេខ៣៧១ ផ្លូវជើងឯក ផ្លូវចោមចៅ និងផ្លូវកប់ស្រូវ ដែលបាន​ជួយ​កាត់បន្ថយការកកស្ទះចរាចរនៅកណ្ដាលក្រុងបានច្រើន ក្រោមការគិតគូ និងផ្តល់លទ្ធភាព​ដោយសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យសាលារាជធានីភ្នំពេញជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធលូក្នុងក្រុងឲ្យបានកាន់តែប្រសើរ។

ឯកឧត្តមអភិបាលបានសំណូមពរឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ជួយតាមដាន​ពិនិត្យមើល​សកម្មភាព​ស្ថាបនាផ្លូវរបស់ក្រុមហ៊ុន ជាមួយសាលារាជធា នីភ្នំពេញ ព្រោះបើពឹងផ្អែកតែ​មន្ត្រីជំនាញ​គឺមើល​មិនអស់​ទេ។ សាលារាជធានីភ្នំពេញតែងបានយកចិត្តទុកដាក់ទៅលើការស្ថាបនាផ្លូវ និងលូ ដើម្បីកាត់​បន្ថយការ​លិចលង់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែក៏នៅមិនទាន់បានគ្រប់គ្រាន់ដោយ សារភ្លៀងធ្លាក់​យ៉ាងគំហុក​ក្នុងរយៈពេលចុងក្រោយនេះ ធ្វើឲ្យភូមិសាស្ត្រមួយចំនួនត្រូវជន់លិចដោយសារទឹកហូរមិនទាន់ តែសាលារាជធានីភ្នំពេញពិតជាមិនរាថយក្នុងការងារនេះទេ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា ផ្លូវព្រៃស ដែលត្រូវ​ពង្រីកនាពេលនេះ មានប្រវែង៥ ០០០ ម៉ែត្រ ទទឹង១១ ម៉ែត្រ និងមានកម្រាស់២ តឹក ដោយចាក់ជា​បេតុងឆ្អឹងដែក ចាប់ពីកែងផ្លូវចំការដូងដល់មុខវត្តអង្គមេត្រី ដែលជាការជួសជុលក្នុងជំហានទី១ ក្នុងប្រវែងផ្លូវសរុបជាង១១ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវត្តស្លែងដល់ផ្លូវចំការដូង ប្រសព្វនឹងផ្លូវជាតិលេខ២។ ចំណែកផ្លូវ៦ គីឡូម៉ែត្រទៀតសាលារាជ ធានីភ្នំពេញនឹងបន្តធ្វើនៅឆ្នាំក្រោយ។ កំណាត់ផ្លូវមួយខ្សែនេះត្រូវបានក្រុមហ៊ុន STR ជាអ្នកទទួលម៉ៅការសាងសង់ពីសាលារាជធានី ដោយ​ប្រើប្រាស់​រយៈពេលស្ថាបនា៧ ខែ។ ក្រោយការស្ថាបនាផ្លូវនេះអាចប្រើប្រាស់បានរយៈពេល២០ ឆ្នាំ ដោយទ្រាំទ្រទម្ងន់បាន៣០ តោន។

ផ្លូវព្រៃសនេះ ធ្លាប់បើកការដ្ឋានស្ថាបនាម្តងរួចមកហើយកាលពី ឆ្នាំ២០០៥ ជាប្រភេទផ្លូវកៅស៊ូ DBST តែដោយសារផ្លូវនេះមានការខូចខាតច្រើនទើបសា លារាជធានីភ្នំពេញ​បានសម្រេច​ប្ដូរពីផ្លូវកៅ​ស៊ូមកជា​ផ្លូវបេតុងឆ្អឹងដែកវិញ ហើយជាគម្រោងទៅថ្ងៃអនាគតផ្លូវនេះត្រូវស្ថាបនាមានប្រវែងទទឹង៣០ ម៉ែត្រ៕
ដោយ សួស សំរិត