Friday, July 25, 2014

ក្រុមហ៊ុន NEC មានបំណងសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន និងអាជ្ញាធរកម្ពុជា លើប្រព័ន្ធព័ត៌មានវិទ្យា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤
នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយ​ឯក​ឧត្តម​ ខៀវ ​កាញារីទ្ធ​ រដ្ឋ​មន្រ្តី​ ក្រសួងព័ត៌មាន ​នាព្រឹកថ្ងៃទី២៤​ ខែកក្កដា ​ឆ្នាំ២០១៤​ នៅ​ទីស្តី​ការ​ក្រសួង ​លោក​ Toshiya Matsuki ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ NEC ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​ជម្រាប​ជូន​ពី​ផលិត​ផល​ និង​បច្ចេក​វិទ្យា​ទំនើបរបស់ក្រុមហ៊ុន NEC ជា ពិសេសលោក​មានបំណងចង់​ធ្វើកិច្ច​សហប្រតិបត្តិការ ជាមួយក្រសួង​ព័ត៌មាន ក៏ដូចជាអាជ្ញាធរកម្ពុជា លើផ្នែកជាច្រើន ដែលទាក់ទងទៅនឹងប្រព័ន្ធព័ត៌មាន វិទ្យា ដូចជាការ​ត្រួតពិនិត្យលិខិតឆ្លងដែន ការគ្រប់គ្រងធនធានមនុស្ស និងកិច្ច ការជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា កន្លងមកយើង ពិនិត្យឃើញថា កិច្ចសហការ​របស់​ក្រុមហ៊ុន NEC ជាមួយប៉ូលីសអន្តរជាតិ Interpol ក្នុងការបង្កើត​ជាមជ្ឈម​ណ្ឌល​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណែត នៅប្រទេសសិង្ហបុរីបានល្អប្រសើរ ហើយនៅពេលមជ្ឈមណ្ឌលនេះដំណើរការ យើង​នឹងបញ្ជូនមន្ត្រីជំនាញ​ទៅ​ពិនិត្យមើលនូវដំណើរការការងារនេះ ដើម្បីធ្វើ កិច្ចសហការជាមួយគ្នា ក្នុងការ​ការពារ និងកំចាត់ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធអ៊ីនធឺ ណែតនេះឲ្យមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងទៀតថា ក្រសួងព័ត៌ មានមាន​គម្រោង​បង្កើត​ជាមណ្ឌល​ថែរក្សា​ឯកសារ​ចាស់ៗ​មាន​ដូចជា រូបថត រូប ភាព វីដេអូ ឯកសារបោះពុម្ភ និងខ្សែអាត់សំឡេងជាដើម ដែលមានតាំងពី ឆ្នាំ ១៩៧៨ មកនោះឲ្យ​នៅប្រមូលផ្តុំគ្នាតែមួយកន្លែង។ ដូច្នេះដើម្បីរក្សាឯកសារ ទាំងអស់នេះឲ្យបានល្អ យើង​ត្រូវ​ត្រៀម​លក្ខណៈ​បង្ការនូវការជ្រៀតចូលរបស់អ្នក ផ្សេង មកបំផ្លាញឯកសារទាំងនេះតាមប្រព័ន្ធអ៊ីនធឺណែត ដែល​ទាមទារ​ឲ្យយើង មានការថែរក្សាការពារក្នុងកម្រិតខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាន៍ថា ទូរទស្សន៍ជាតិកម្ពុជាបានធ្វើការពិនិត្យ ពិចារណា ក្នុងកិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន NEC ដើម្បីរក្សាឯកសារ វីដេអូជាច្រើនរបស់ទូរទស្សន៍ជាតិ ដែលមានតាំងពីយូរ​ណាស់​មកហើយ។ នៅ ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចាត់ឲ្យមន្រ្តីជំនាញរបស់ក្រសួងព័ត៌ មាន​ធ្វើការទាក់ទងជាមួយក្រុមហ៊ុន NEC តាមផ្នែកនីមួយៗ ដើម្បីពិភាក្សាលើ បច្ចេកទេស សម្រាប់​ធ្វើកិច្ច​សហប្រតិ​បត្តិការជាមួយគ្នា។

ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ឯកឧត្តមរដ្ឋមន្រ្តីបាន បញ្ជាក់ថា ការបង្រ្កាប និងប្រឆាំង​អំពើឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត គឺជាការ ងាររបស់ស្ថាប័នប៉ូលីស ដែលមានភារកិច្ច រីឯ​ក្រសួងព័ត៌​មាន មានតួនាទីត្រឹម តែការពារកុំឲ្យមានការវាយលុកជាយថាហេតុ តាមប្រព័ន្ធអ៊ីនធឺណែតមកលើ គេហទំព័រ និងប្រព័ន្ធថែរក្សាឯកសារតែប៉ុណ្ណោះ៕
ដោយ ហ៊ុន យុទ្ធគុណ