Monday, June 22, 2015

សម្តេចតេជោ​បានអញ្ជើញ​ទៅដល់​សហភាព​មីយ៉ាន់​ម៉ារហើយ​ ដើម្បីចូល​រួមកិច្ច​ប្រជុំកំពូល​កម្ពុជា ​ឡាវ​ មីយ៉ាន់ម៉ារ​ វៀតណាម​ លើកទី៧​

សម្តេចតេជោ​បានអញ្ជើញ​ទៅដល់​សហភាព​មីយ៉ាន់​ម៉ារហើយ​ ដើម្បីចូល​រួមកិច្ច​ប្រជុំកំពូល​កម្ពុជា ​ឡាវ​ មីយ៉ាន់ម៉ារ​ វៀតណាម​ លើកទី៧​
សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ប្រមុខនៃ​រាជរដ្ឋាភិបាល​កម្ពុជា ​ក៏ដូច​ជាបណ្តា​ប្រមុខរដ្ឋាភិបាល​នៃប្រទេសឡាវ​ វៀតណាម​ និងប្រទេសថៃ​ បានអញ្ជើញ​ទៅដល់ចំណត​អាកាសយាន​ដ្ឋានអន្តរជាតិ​ ណៃពិដោ ​សាធារណរដ្ឋ​មីយ៉ាន់ម៉ារ​ ជាបន្តបន្ទាប់​នៅព្រឹក​ថ្ងៃទី២២​ ខែមិថុនា​នេះ ដើម្បី​ចូលរួមកិច្ច​ប្រជុំកំពូល​កម្ពុជា ឡាវ​ មីយ៉ាន់ម៉ារ​ វៀតណាម​ លើកទី៧​ និងកិច្ច​ប្រជុំកំពូល​យុទ្ធសាស្រ្ត ​នៃកិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េយ៉ាវ៉ាឌី​ ចៅប្រាយ៉ា​ មេគង្គ​ លើកទី៦​ នៅទីក្រុង​ណៃពិដោ​ នៃសាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ារ​   ដែលនឹង​ប្រារព្ធធ្វើ​ឡើងនៅ​រសៀលថ្ងៃ​ទី២២និង​ព្រឹកថ្ងៃ​ទី២៣​មិថុនា។​
វត្តមាន​នៃការ​អញ្ជើញដល់​របស់​ សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន​ និង​គណៈប្រតិភូ​ជាន់ខ្ពស់រាជ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍យ៉ាង​ស្និតស្នាល​រ៉ាក់ទាក់​បំផុត​ ពីឯកឧត្តម​បណ្ឌិត​ កូ កូ​ អុង​ (Ko Ko Oo) រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត ​និងបច្ចេក​វិទ្យាមីយ៉ាន់ម៉ារ ​ឯកឧត្តម​ ស៊ៀន​ ប៊ុនវុធ​ ឯកអគ្គរាជ​ទូតព្រះ ​រាជាណាចក្រកម្ពុជា​ ប្រចាំសាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ារ​ ព្រមទាំង​ឯកឧត្តម​ លោកជំទាវ​ ជា​ឥស្សរជន​ជាន់ខ្ពស់​នៃប្រទេស​ទាំងពីរ​កម្ពុជា ​មីយ៉ាន់ម៉ារ​ជាច្រើនរូប​៕