Wednesday, June 17, 2015

សម្តេច​តេជោ អញ្ជើញ​ពិនិត្យ​ដំណើរ​ការ​នៃការ​សាង​សង់​មេន បូជា​សព​សម្តេច​អគ្គ​មហា​ធម្ម ពោធិសាល ជា ស៊ីម នៅមុខ​វត្តបុទុមវតី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង អនុប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសព បានអញ្ជើញ​ត្រួត​ពិនិត្យទីតាំង សាង​សង់​មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន​ព្រឹទ្ធ​​សភាជាតិ នៃព្រះរាជា​ណា​ចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានទីតាំង​ស្ថិត​នៅមុខវត្តបុទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំ​ពេញ នៅរសៀល​ថ្ងៃទី១៥ ខែមិថុនា ​​​។   
នៅក្នុងឱកាសនៃការអញ្ជើញចុះ​ត្រួត​ពិនិត្យ​ដល់ទីកន្លែង នៃការសាងសង់​មេនបូជា​សព​សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី បាន​ពិនិត្យ​យ៉ាងយក​ចិត្តទុកដាក់​ទៅលើគំរោងប្លង់មេ ដែលរៀបចំរចនាដោយក្រុមហ៊ុន​សំណង់។ តាមរយៈនោះ​ដែរ​សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់​ក្រុមហ៊ុនសំណង់​ត្រូវយកចិត្ត​ទុក​ដាក់​រៀបចំ កសាង​មេនបូជា​សពស្របតាមរចនាបទខ្មែរ និងមានលក្ខណៈ​បច្ចេក​ទេសរឹងមាំ។ ជាមួយគ្នានេះ​សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី​ បានដាក់នូវវិធានការមុតមាំ ដល់ក្រុម​ហ៊ុនសាងសង់ធ្វើយ៉ាងណា ខិតខំសាងសង់​មេនបូជាសពសម្តេច​អគ្គ​មហាធម្មពោធិសាល ជា ស៊ីម ឲ្យបានហើយ​រួចរាល់​ទៅតាមពេលវេលា​ដែលបាន​គ្រោងទុក ពិសេសត្រូវ​រៀប​ចំកសាងនូវសោភណ​ភាពឲ្យមាន​លក្ខណៈ​ស្របបំព្រង និងប្រកបទៅដោយការ​ទាក់ទាញ សក្តិសមទៅ​នឹងកត្តិនាមដ៏ឧត្តង្គ​ឧត្តម​របស់សម្តេចអគ្គ​មហាធម្មពោធិសាល ជា ស៊ីម ដែលក្នុងមួយជីវិតរបស់សម្តេច សម្តេចបាន​បូជានូវ​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការបំរើជាតិ សាសនា ព្រះមហាក្សត្រ​រហូតដល់ដំណាក់កាលចុងក្រោយដែលគ្មាន​ការវិលត្រឡប់វិញ​បាន​នោះ។
សូម បញ្ជាក់ដែរថា មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ត្រូវបាន​ក្រុម​ហ៊ុនសំណង់ បានខិតខំ​កសាងយ៉ាងសំរិតសំរាំង ស្របទៅតាមស្តង់ដានិងរចនាបទខ្មែរ ពិសេស​​ការសាងសង់នូវសោភណភាពនៅ ជុំវិញបរិវេណនៃទីកន្លែងបូជាសព តាមរយៈការ​តុបតែងភ្លើងពណ៌ផ្កាភ្ញីផ្សេងៗ។ បើតាមការអះអាងពីក្រុមហ៊ុនសាងសង់បានឲ្យដឹងថា មេន​បូជា​សព​ដែលបាន​សាងសង់​រយៈពេលជិត១សប្តាហ៍មកនេះ រាល់​សំ​ណង់​ដែល​ជាផ្នែក​រឹង​ស្ទើរ​តែបញ្ចប់ការងារ​សាងសង់រួចរាល់​ហើយ នៅឡើយតែការតុបតែងលំអនិងការកែ​សំរួល​នៅតាមបណ្តា​ផ្នែកមួយចំនួន នៃទីតាំងបូជាសពទាំងមូល។ តំណាងក្រុម​ហ៊ុនក៏​បាន​បញ្ជាក់​ដែរថា រាល់សំណង់ទាំងអស់នៃការដ្ឋានសាងសង់មេនបូជាសព សម្តេចអគ្គ​មហា​ធម្មពោធិ​សាល ជា ស៊ីម នឹង​បញ្ចប់​ទៅតាមពេលវេលាដែលបានគ្រោងទុក។  សូម​បញ្ជាក់​ដែរ​ថា សម្តេច​​អគ្គមហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​និងជាប្រធានគណ​បក្សប្រ​ជាជន​កម្ពុជា បានទទួលមរណភាពកាលពីវេលាម៉ោង​៣និង៤៥នាទី រសៀលថ្ងៃទី​៨មិថុនាឆ្នាំ២០១៥ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។
សពសម្តេចអគ្គ​មហា​ធម្មពោធិ​សាល ជា ស៊ីម បាន​ប្រារព្ធតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងត្រូវបានអនុញ្ញាតឲ្យ​គណៈ​ប្រតិភូ​ជាន់ខ្ពស់ជាតិ អន្តរជាតិ ចូលគោរពវិញ្ញាណ​ក្ខន្ធ​ពីថ្ងៃទី​១០ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែមិថុនា ជា​មួយ​គ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវ​អនុ​ក្រិត​ដោយកំណត់យកថ្ងៃទី១៩មិថុនា ជាថ្ងៃបុណ្យកាន់ទុក្ខជា​ផ្លូវការ ចំពោះសពរបស់​សម្តេច​អគ្គមហា​ធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណ​បក្ស​ប្រជាជនកម្ពុជា។ សូមបញ្ជាក់ដែរថា សពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នឹងប្រារព្ធពិធីដង្ហែ ចាក​ចេញ​ពីភូមិគ្រឹៈចំការមន មកប្រារព្ធពិធីបូ​ជាសពជាផ្លូវការ​នៅថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៥ នៅសួន ឧទ្យានមុខវត្តបុទុមវតី រាជធានីភ្នំពេញ។ ​
ក្នុងការសាងសង់មេនបូជាសព និងទីតាំងនៃកន្លែង​ប្រារព្ធពិធីបូជាសព សម្តេចអគ្គមហាធម្ម​ពោធិសាល ជា ស៊ីម រហូត​មកដល់​ពេល​នេះ ជិត​បញ្ចប់ការសាង​សង់១០០%ហើយ។
សូមបញ្ជាក់​ដែរថា ក្នុងសារ​លិខិត​របស់សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើង​កាលពីថ្ងៃទី៨មិថុនា បានចាត់ទុកថា មរណភាព​របស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ​ប្រធាន​ព្រឹទ្ធសភា និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា គឺជាការបាត់បង់ដ៏ធំធេងរបស់សង្គមជាតិកម្ពុជាទាំង​មូល​។ សម្តេចតេជោ​មានជំនឿយ៉ាងមុតមាំថា ប្រជាជនកម្ពុជាគ្រប់រូបនឹងចងចាំជានិច្ច នៅក្នុងក្រអៅបេះ​ដូង នូវ​គុណូបការៈដ៏ប្រពៃថ្លៃថ្លារបស់សម្តេចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមាតុភូមិ​ជាទី​ស្នេ​ហា នៃយើង ដែលនេះគឺជាគំរូវីរភាព​ដ៏ឧត្តុង្គឧត្តម​បំផុត សម្រាប់ប្រជាជាតិខ្មែរទាំង​មូល​ចង​ចាំមិនអាចបំភ្លេច​បាន ៕