Wednesday, June 17, 2015

គ្រួសារកុមាររងគ្រោះ ដោយលង់ទឹកស្លាប់ទាំង៣នាក់ បងប្អូន នៅស្រុកសំរោង ខេត្តតាកែវ ទទួលអំណោយ ពីកាកបាទក្រហមកម្ពុជា

ប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហមកម្ពុជា ​លោក អ៊ុយ សំអាត ​នៅថ្ងៃទី១៧ ខែមិថុនា ​ឆ្នាំ២០១៥នេះ​បាននាំយកអំណោយ​ ជាគ្រឿងឧបភោគ បរិភោគ និង​ថវិកា ៣លានរៀល​ទៅឧបត្ថម្ភ​ និងចូលរួមរំលែកមរណទុក្ខ​ ជូនក្រុមគ្រួសារក្រីក្រមួយនៅ​ស្រុកសំរោង ខេត្តតាកែវ ​ដែលជួបគ្រោះអកុសល​កូនស្រីទាំង៣នាក់ ​បានលង់ទឹកប្រឡាយ​ស្លាប់ព្រមគ្នា។​
លោក អ៊ុយ សំអាត​ បានលើកឡើងថា ​ក្រោយទទួលដំណឹង​ដ៏ក្រៀមក្រំនេះ ​សម្តេចគត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ​បានចាត់តាំងភ្លាមៗឲ្យរូប​លោក ​និងមន្រ្តីកាកបាទ​ក្រហមកម្ពុជា​ នាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ​ទៅចែកជូនដល់ក្រុមគ្រួសារសព​ ដើម្បីរំលែកទុក្ខលំបាកមួយចំនួន។ ​អំណោយ​ដែលចែកជូនគ្រួសារសព​នាពេលនេះរួមមាន៖ ​អង្ករ១០០ គីឡូក្រាម មី៥កេស ត្រីខ ៥០​កំប៉ុង ទឹកក្រូច ៥កេស ​ទឹកបរិសុទ្ធ ៥កេស​ និងថវិកា ​៣លានរៀល។
​គួរបញ្ជាក់ថា ​ហេតុការណ៍​ ដ៏គួរឲ្យសោកសង្រេងនេះ ​បានកើតឡើងនាវេលា​ម៉ោងប្រមាណ​ជិត ៦ ល្ងាច ថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៥​ ស្ថិតនៅចំណុចប្រឡាយ​ទឹកទួលក្បាលសែន ​ក្នុងភូមិសំរោង​ ឃុំទ្រា​ ស្រុកសំរោង ខេត្តតាកែវ​ ដោយកូនស្រីតូចៗ​ ចំនួន៣នាក់ ទី១- ​ឈ្មោះ ស៊ន រក្សា អាយុ ​១១ឆ្នាំទី២- ឈ្មោះ​ ស៊ន​ លីនដា អាយុ​ ៧ឆ្មាំ និង ទី៣- ឈ្មោះ ​ស៊ន ម៉ារី អាយុ ៥ឆ្នាំ​ បានលង់ទឹកប្រឡាយស្លាប់ព្រមគ្នា ​នៅពេលដែលពួកគេនាំគ្នាទៅងួត​ទឹកក្នុងប្រឡាយ ​ខណៈឪជាប់រវល់តែ​រកក្តាមនៅឯស្រែ ​ហើយបណ្តោយឲ្យកូនៗដើរត្រឡប់​មកផ្ទះមុន។​
​លោក នៅ ​ធា អាយុ ៣៦ឆ្នាំ មុខរបធ្វើស្រែ​ និងអ្នកស្រី ​លន ស អាយុ ៣៥ឆ្នាំ​ ជាឪពុកម្តាយ​កុមារីរងគ្រៅទាំង៣​បានឲ្យដឹងថា ​នៅមុនពេលកើត ហេតុ ​កូនស្រីទាំង៣នាក់របស់គាត់ ​បានតាមពួកគាត់​ទៅរកក្ដាម ​នៅតាមភ្លឺស្រែ។​ ក្រោយមកគាត់បាន​ឱ្យពួកគេត្រឡប់ ​ទៅផ្ទះ​វិញ ។ ​លុះពេលគាត់ត្រឡប់មក​ផ្ទះវិញមិន​ឃើញកូនក៏នាំគ្នាដើររក ​តែរកមិនឃើញ ។ ​ដោយមានការសង្ស័យ​ ក៏បាននាំគ្នាទៅរកមើល​ក្នុងប្រឡាយ​ ខាងលើ ទើបប្រទះឃើញកូន​​លង់ទឹក ស្លាប់ទាំងបីនាក់​ ទើបស្រែកឆោរឡោ​ ធ្វើឲ្យមានការភ្ញាក់ផ្អើល​តែម្តង៕
អត្ថបទ៖ សុភាព