Wednesday, July 1, 2015

រដ្ឋសភាស​​ម្រេចអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការទូទាត់​​ថវិកា ​ឆ្នាំ២០១៣

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលសម័យប្រជុំនេះ គឺបន្តពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ចាប់ពីជំពូកទី២ទៅ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំព្រឹកនេះ អង្គសភាបានអនុម័តយល់ព្រមជំពូកទី២ ដោយសំឡេង៦៧។
សមាជិករដ្ឋសភា ដែលមានមតិចំពោះច្បាប់ថវិកានេះ មានចំនួន០៥រូប រួមមាន ឯកឧត្តម សុន ឆ័យ ឯកឧត្តម សម រង្ស៊ី ឯកឧត្តម ឃី វណ្ណដេត មកពីគណបក្សសង្គ្រោះជាតិ ឯកឧត្តម ឈាង វុន សម្តេចក្រឡាហោម ស ខេង មកពីគណបក្សប្រជាជនកម្ពុជា។ អង្គសភាអនុម័តយល់ព្រមជំពូកទី៣ ចំនួន៦៧សំឡេង និងបានអនុម័តយល់ព្រមសេចក្តីព្រាងច្បាប់ទាំងមូលចំនួន ៦៧សំឡេង។
គួរបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ នៅព្រឹកមិញនេះ មានអ្នកតំណាងរាស្ត្រចូលរួមចំនួន ១០១រូប បានប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥នេះ។
ទាក់ទងនឹងការអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៤នេះដែរ គេសង្កេតឃើញថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះទេ ហើយក្នុងនោះឯកឧត្តម កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិបានបង្ហោះលើបណ្តាញ Facebook របស់ខ្លួនថា គណបក្សប្រឆាំងនឹងមិនបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះទេ ព្រោះសេចក្តីព្រាងច្បាប់នេះ គឺពាក់ព័ន្ធនឹងអំពើពុករលួយ។ ប៉ុន្តែឯកឧត្តម ឈាង វុន ប្រធានគណៈកម្មាការទី៥នៃរដ្ឋសភា បានលើកឡើងថា ទង្វើរបស់ ឯកឧត្តម កឹម សុខា គឺមិនមានការទទួលខុសត្រូវទេ ត្បិតថវិការដ្ឋឆ្នាំ២០១៣ បក្សប្រឆាំង និងឯកឧត្តម កឹម សុខា គឺជាអ្នកចាយដែរ។
ឯកឧត្តម ឈាង វុន បានបញ្ជាក់បន្ថែមថា ការមិនព្រមអនុម័តសេចក្តីព្រាងច្បាប់ថវិកា ពីបក្សប្រឆាំងនេះ ជារឿងធម្មតាទេ នៅក្នុងរបបប្រជាធិបតេយ្យ គណបក្សប្រឆាំង ឬគណបក្សសម្លេងភាគតិច នៅក្នុងរដ្ឋសភា មិនដែលគាំទ្ររដ្ឋាភិបាល ដែលកើតចេញ ពីសម្លេងភាគច្រើន នៅក្នុងរដ្ឋសភាម្តងណាឡើយ។ ឯកឧត្តមបន្តថា ចំពោះឯកឧត្តម កឹម សុខា យើងមិនភ្ញាក់ផ្អើលទេ ពីព្រោះកាល ពីឆ្នាំ២០១៣ គាត់បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅពេលដែលជួបចរចាគ្នាដំបូងឆ្នាំ២០១៣ ក្រោយការបោះឆ្នោត គាត់ស្នើសុំបើកប្រាក់ខែរដ្ឋសភា ដែលគាត់អត់បានបំពេញតួនាទីរបស់គាត់សោះ ហើយថវិកាបើកប្រាក់ខែ និងទិញឡានឲ្យឯកឧត្តម កឹម សុខា ក៏ជាថវិកាដែលគាត់មិនព្រមអនុម័តហ្នឹងដែរ ដូច្នេះមានន័យថាគាត់ជាមនុស្សមិនមានទំនួលខុសត្រូវ៕
អត្ថបទ៖ សុភាព