Thursday, July 24, 2014

ឯកឧត្តម មិន ឃិន សម្ពោធអគាររដ្ឋបាល​ថ្មីមន្ទី​រ​ធម្មការ​និង​សាសនា​ខេត្តពោធិ៍សាត់

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ អគាររដ្ឋបាលថ្មីរបស់មន្ទីរធម្មការនិងសាសនា  ខេត្តពោធិ៍សាត់ដែលទើប កសាងរួចរាល់បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣    ខែ កក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម មិន ឃិន រដ្ឋមន្រ្តី​ក្រសួង ធម្មការ និងសាសនា និងឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តពោធិ៍សាត់ ដោយ មានការនិមន្តចូលរួមពីព្រះវិចិត្រព្រម្មធរយហថេរោ យ៉ែម ហន ព្រះមេគណខេត្ត ព្រះសង្ឃ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងប្រធាន អនុប្រធានមន្ទីរនានា ក្នុងខេត្តមួយ​ចំនួន​ទៀត។

ឯកឧត្តម មិន ឃិន និងឯកឧត្តម ម៉ៅ ធនិន បានថ្លែងកោតសរសើរដល់ មន្ទីរធម្មការ ​និង​សាសនា​ខេត្ត ដែល បានខិតខំតស៊ូឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងទម្រាំមានកន្លែង​ធ្វើការ​ថ្មី មានអគារសមរម្យនិងទីធ្លាធំទូលាយ ល្អប្រសើរ ជាងមុនបែបនេះ។ អគាររដ្ឋបាលថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ស្របពេល ដែលខេត្តពោធិ៍សាត់ កំពុងតែរៀបចំកែលម្អសោភ័ណភាពក្រុង ដើម្បីឈានទៅប្រកួតប្រជែងទីក្រុងស្អាតជាមួយបណ្ដាខេត្តផ្សេងៗ ទៀតនោះ។

ក្នុងឱកាសនោះ គណៈអធិបតីបានចែកថវិកាជូនលោកតាលោកយាយ ចំនួន៣០ នាក់ ម្នាក់ទទួលបាន៥.០០០ រៀល និងប្រគេនទេយ្យទានដល់វត្ត ចំនួន ០៣ គឺវត្តមណីរតនារាម វត្តសូរិយា និង​វត្តមុនីវង្សារាម(វត្ត​ធម្មយុត្តិ)​ក្នុង មួយវត្តទទួលបានអង្ករ៥០ គីឡូក្រាម ទឹកក្រូច០១ កេស ទឹកបរិសុទ្ធ០២ យួរ ទឹកត្រី០១ យួរ​ ទឹកស៊ីអ៊ីវ០១ យួរ និងមី០១ កេសផងដែរ៕
ដោយ ណៅ ធឿន