Thursday, July 24, 2014

នាវា SEA PRINCESS នាំភ្ញៀវជិត២.០០០នាក់ចូលចត​នៅកំពង់ផែ​អន្តរជាតិក្រុងព្រះសីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ លោក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែ ​អន្តរជាតិ​ក្រុង ព្រះ​សីហនុ​បាន​ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ នាវា SEA PRINCESS សញ្ជាតិ BARNUDA ដែលធ្វើដំណើរមកពីប្រទេសវៀតណាម បានចូលមកចតនៅកំពង់ផែអន្តរជាតិ ក្រុង ព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច រយៈពេលមួយថ្ងៃ មុនពេលចេញដំណើរទៅកាន់ប្រទេសថៃនៅរសៀលថ្ងៃ ដដែលនោះ។

នាវា SEA PRINCESS មានបណ្តោយ២៧១ ម៉ែត្រ ទទឹង៣២ ម៉ែត្រ មាន​នាវិក​បម្រើការចំនួន៨៥៩ នាក់ និងមាន ភ្ញៀវ​ទេសចរ​ចម្រុះជាតិសាសន៍ ចំនួន១.៩៦៦ នាក់ និងចំនួន​១៩ សញ្ជាតិ​ផ្សេងគ្នា ហើយភ្ញៀវ​​ដែលមានច្រើន ជាងគេមានគឺសញ្ជាតិអូស្រ្តាលីចំនួន១.៧១៦ នាក់ ស្វាស៊ីឡង់ចំនួន៧៩ នាក់ អង់គ្លេសចំនួន៧៣ នាក់ និង​ក្រៅ​ពីនោះមានសញ្ជាតិផ្សេងៗទៀត។

លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែ​អន្តរ​ជាតិ​ ក្រុងព្រះ​សីហនុ​បាន​ឲ្យដឹង​ថា នៅពេលដែលមាននាវា ទេសចរណ៍បរទេសចូលមកម្តងៗ យើង បានជួយ​សម្រួលការងារសព្វបែបយ៉ាង ដើម្បី​ឲ្យ​ភ្ញៀវមានពេលវេលា វែង ក្នុង ការទៅទស្ស​នា​នៅ​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្រ្ត ដូចជា​ព្រះបរម​​រាជវាំង សារមន្ទីរជាតិ វត្តភ្នំ​ក្នុងរាជធានី​ភ្នំពេញ និងទៅ​កម្សាន្ត​នៅប្រាសាទអង្គរ ខេត្ត សៀមរាប ក៏ដូចជារមណីយដ្ឋាននានា​ក្នុង​ខេត្តព្រះ​សីហនុផងដែរ ដោយមិន​ឲ្យមាន​ការរាំង​ស្ទះ​ ដើម្បីឲ្យភ្ញៀវអាចវិលត្រឡប់មក​ទាន់​ពេល​វេលា ដែលការ នេះជាការផ្តល់ជំនឿទុកចិត្តឲ្យភ្ញៀវ​ចង់មកលេងកម្សាន្តនៅកម្ពុជា ម្តងហើយ ម្តងទៀតនោះ។

លោក សេង ខា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងផង ដែរថា ក្នុង​រយៈ​ពេល៦ខែដើម ឆ្នាំ២០១៤ នេះ មាននាវាទេសចរណ៍បរទេស ចូលចតធ្វើទស្សកិច្ចនៅ​ខេត្ត​ព្រះសីហនុចំនួន២១ លើក និងមានភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន១១.៣៣០ នាក់៕
ដោយ ងូ សុមុនី