Wednesday, July 30, 2014

ប្រទេសចំនួន៦តាមដងទន្លេមេគង្គពិភាក្សាអំពីការគ្រប់គ្រង ប្រព័ន្ធគណនីរណបនិងស្ថិតិទេសចរណ៍

AKP ខេត្តសៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—ប្រទេស​ចំនួន៦​នៅតាម​ដង​ទន្លេ​មេគង្គ​ រួមមាន​កម្ពុជា​ ឡាវ​ ថៃ ​វៀតណាម​ ចិន​ និង​មីយ៉ាន់ម៉ា ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​អំពីការ​គ្រប់គ្រង​ប្រព័ន្ធ​គណនី​រណបទេសចរណ៍ ​បន្ថែម​លើ​ប្រព័ន្ធគណ​ នេយ្យ​ស្ថិតិ​ជាតិ​របស់​បណ្តា​ប្រទេស​នីមួយៗ ​ដើម្បី​ជំរុញ​ឲ្យមាន​ភាព​ប្រសើរ ​ឡើង​លើវិស័យទេសចរណ៍នោះ។

កិច្ចប្រជុំនេះចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិ- បតីភាពឯកឧត្តម លី ប៊ុនធឿន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ ឯម ផល្លាមនី អភិបាលរងខេត្តសៀមរាប អ្នកជំនាញការ​ស្ថិតិរបស់អង្គការទេស ចរណ៍ពិភពលោក (UNWTO) និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

លោកស្រី Vanassa Satur តំណាង UNWTO បានជំរុញឲ្យសមាជិក នៃ បណ្តាប្រទេសជាប់ដង​ទន្លេមេគង្គ​ទាំងអស់ ធ្វើយ៉ាងណាប្រមូលស្ថិតិទិន្នន័យ ទេសចរណ៍ឲ្យបានត្រឹមត្រូវ ហើយមានលក្ខណៈ​ជាប្រព័ន្ធ​រួមមួយ។លោកស្រី បានបញ្ជាក់ថា មានតែប្រព័ន្ធនេះទេ ដែលបានបង្ហាញពីតួនាទីសំខាន់សម្រាប់ វិស័យ​ទេសចរណ៍​នៅក្នុងសេដ្ឋកិច្ចជាតិ នៃបណ្តាប្រទេសនីមួយៗ។

ឯកឧត្តម លី ប៊ុនធឿន បានឲ្យដឹងថា តាមរយៈការរៀបចំការគ្រប់គ្រងប្រព័ន្ធគណនីរណបទេសចរណ៍ និងស្ថិតិ​នេះ​នឹងធ្វើឲ្យកម្ពុជាកាន់តែមានមូល ដ្ឋានមួយរឹងមាំថែមទៀត សម្រាប់ការរៀបចំការតាមដាន និងការវាយ​តម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នៅពេលកន្លងមកកម្ពុជាជាប្រទេសមួយនៅក្នុង តំបន់ទន្លេ​មេគង្គ ដែលមិនទាន់មានអ្នកជំនាញក្នុងការតាក់តែងនូវឯកសារស្តី ពីប្រព័ន្ធគណនីរណប​ទេសចរណ៍​​នេះនៅឡើយទេ។ ឯកឧត្តមបានដឹងទៀតថា តាមរយៈទំនាក់ទំនង និងកិច្ចសហការ​ល្អប្រសើរ​នោះឯកឧត្តមសង្ឃឹមថា អង្គការ​ទេសចរណ៍ពិភពលោក និងរដ្ឋាភិបាលនៃ​សាធារណរដ្ឋ​កូរ៉េនឹងបន្ត​ជួយ​គាំទ្រដល់កម្ពុជាទាំងស្មារតី បច្ចេកទេស និងធនធានមនុស្ស ដើម្បីកសាងនូវឯកសារផ្សេងៗទៀត ក្នុង​ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ដូចប្រ ទេសជាសមាជិកក្នុងតំបន់នោះ៕
ដោយ ហង្ស សៀក