Wednesday, July 30, 2014

សម្ដេចតេជោនាយករដ្ឋមន្ត្រីហៅការផ្ដល់សុពលភាពសភា ដល់ឯកឧត្ដម សម រង្ស៊ី ជាបរិយាកាសមួយល្អ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
សម្ដេចអគ្គមហាសេនា​បតីតេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​ផ្ដល់​សុពលភាព​សភា​ដល់​ឯក​ឧត្ដម​ សម ​រង្ស៊ី​ ជា​ដំណើ​ការ​ល្អ​ហើយ ​ដែល​ប្រជាជន​នៅ​ទូទាំង​ប្រទេស​អាច​យល់​បាន​អំពី​ការ​សម្រប​សម្រួល​មួយ ​បើទោះ​ជាមិន​ មាន​វត្ត​មាន​សព្វ​គ្រប់​ទាំង​អស់​ ប៉ុន្តែ​ឯក​ឧត្ដម​ សម​ រង្ស៊ី​ គឺ​ជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​អញ្ជើញ​មក ​ដើម្បីទទួលយកនូវសុពលភាព ដូច្នេះយើងអាចនិយាយបានថាជា បរិយាកាសមួយល្អ។
ឯកឧត្ដម សម រង្ស៊ី ត្រូវបានសម័យប្រជុំសភាជាវិសាមញ្ញនីតិកាលទី៥ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ប្រកាសសុពលភាពជាសមាជិករដ្ឋសភានីតិកាលទី៥ មណ្ឌលខេត្តកំពង់ ចាម ដែលសម័យ​ប្រជុំនេះ​បានធ្វើ​ឡើង​ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមរបស់​សមាជិក សមាជិកាសភាមកពីគណបក្សប្រជា ជនកម្ពុជាចំនួន៦៤រូប។
សម្ដេចតេជោបានថ្លែងមកកាន់អ្នកយកព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំសភាថា ខ្ញុំក៏ បានឆ្លៀតបន្តិចជជែក​ជាមួយឯកឧត្ដម សម រង្ស៊ី ទៅលើបញ្ហាការជ្រើសរើសទុកជាមុននូវ បេក្ខភាពម្នាក់ នៃសមាជិកគណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ដែលគណបក្សទាំងពីរ ត្រូវមានការស្រុះស្រួល ប៉ុន្តែគោរព​សិទ្ធិទៅ​ដល់​សាម៉ីខ្លួន យើងគិតថាមិនទាន់ជាឱកាសសម ស្របប្រហែលជាត្រូវរង់ចាំប៉ុន្មានម៉ោងទៀតនូវពេលវេលា ដែលសាម៉ីខ្លួនឆ្លើយតបជាផ្លូវការ មកចំពោះខ្ញុំ។
ឯចំពោះសមាសភាពដែលជ្រើសរើសដោយគណបក្សប្រជាជនក៏សុំរក្សាសិទ្ធិ ដែរ ព្រោះថា បញ្ហាបោះ​ឆ្នោតជ្រើសរើសត្រូវធ្វើនៅក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញ និងត្រូវធ្វើ នៅក្រោយវិសោធន​កម្មច្បាប់​បោះឆ្នោត ដូច្នេះនៅសល់ពេលវេលាដែលខ្ញុំមិនអាចបញ្ជាក់ជូន បាន ។
ឯកឧត្ដម សមរង្ស៊ី ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា វិបត្តិនយោបាយនៅកម្ពុជាគឺត្រូវ បានបញ្ចប់ហើយជា​គោលការណ៍ និងស្មារតី នៅសេសសល់តែនីតិវិធី បែបបទខ្លះ ដែលនឹង ត្រូវធ្វើក្នុងពេលឆាប់ៗ​ខាងមុខ​នេះ។ ខ្ញុំសង្ឃឹមហើយជឿជាក់ថា នេះជាដំណាក់កាលថ្មីមួយ ដើម្បីពង្រឹងឯកភាព​ជាតិខ្មែរទាំង​អស់រួបរួម​គ្នាជាធ្លុងមួយ ក្នុងគោលបំណងការពារផលប្រ យោជន៍ជាតិយើង ជាពិសេសការពារផលប្រយោជន៍ លើកតម្កើងជីវភាពរស់នៅរបស់ប្រជា រាស្ត្រ។
ជាមួយសំណួរដែលថា តើគណបក្សសង្គ្រោះជាតិចូលស្បថសច្ចាប្រណិធានថ្ងៃណា នោះ ឯកឧត្ដម សម រង្ស៊ី ថ្លែងថា នៅមាននីតិវិធីបែបបទបន្តិចបន្តួចដែលត្រូវបំពេញ ដូចជា នីតិវិធីប្រកាស​បេក្ខជន​គណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោតបេក្ខជនទី៩ ដែលគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិបានព្រមព្រៀងគ្នា ហើយនិងមានការបញ្ជាក់ក្នុង ថ្ងៃនេះឬក្នុងពេលឆាប់ខាងមុខនេះ ដើម្បីបង្ហាញ​ថាវិបត្តិនយោបាយបានបញ្ចប់ហើយនោះ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាមានប្រសាសន៍ក្នុងសម័យប្រជុំសភាវិសាមញ្ញថា យោងតាមមាត្រា៨២ថ្មី វាក្យខណ្ឌចុងក្រោយនៃរដ្ឋធម្មនុញ្ញ និងប្រការ២ នៃបទបញ្ជាផ្ទៃ​ក្នុងនៃ​រដ្ឋសភា​ដែល​ចែងថា តំណាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារ​ចែងក្នុង​ឧបសម្ព័ន្ធ​ទី៥ នៃរដ្ឋធម្មនុញ្ញ។
សូមឯកឧត្ដមអគ្គលេខាធិការនៃរដ្ឋសភាទាក់ទងជាមួយក្រសួងព្រះបរមរាជវាំង ដើម្បីរៀបចំពិធី​សច្ចាប្រណិ​ធានជូន ឯកឧត្ដម សម រង្ស៊ី តំណាងរាស្ត្រថ្មីមុននឹងចូលទៅកាន់តំណែងនោះ៕
ដោយ ជឹម ណារី