Wednesday, July 30, 2014

រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រគល់រង្វាន់ជ័យលាភីដល់បេក្ខជន បេក្ខនារី ជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធីស្តាប់ចម្រៀងខ្ញុំ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កម្មវិធី​ស្តាប់​ចម្រៀង​ខ្ញុំ​ «Hear My Song»​ រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ សប្បាយ​ ដែល​ជាកម្ម​វិធីស្វែងរកយុវវ័យ ដែលមានទេពកោសល្យក្នុងការតែង និពន្ធបទភ្លេង និង​ចម្រៀង​ថ្មី​ៗ​ដោយ​ខ្លួនឯង​បាន​បញ្ចប់​ក្រោយ​ពី​ដំណើរ​ការ​អស់​ រយៈ​ពេល៥​ខែកន្លងមក​និងរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីជាប់ចំណាត់ថ្នាក់ នាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ នៅមជ្ឈ​មណ្ឌលកោះពេជ្រ ក្រោមអធិបតី ភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោក ជី សិលា ប្រធានក្រុមហ៊ុនសប្បាយបានឲ្យដឹងថា កម្មវិធីស្តាប់ ចម្រៀងខ្ញុំ មានបេក្ខជន បេក្ខនារី ដាក់ពាក្យសុំចូលប្រកួតប្រជែងចំនួន៥០រូប ហើយរហូតដល់វគ្គចុងក្រោយនេះ ជម្រុះសល់តែ១០រូបប៉ុណ្ណោះ ដើម្បីប្រកួតបន្ត ជ្រើសរើសយកលេខ១ដល់លេខ៣ ហើយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំ ណងជ្រើស​រើស​យុវវ័យមានទេពកោសល្យ ក្នុងការតាក់តែងនិពន្ធបទភ្លេង និង ចម្រៀងថ្មី ដោយមិនយកតាម​លំនាំបទ​ចាស់ ក៏ដូចជាការលើកទឹកចិត្តចំពោះ អ្នកនិពន្ធវ័យក្មេងជាយុវជនខ្មែរ ចេះនិពន្ធបទភ្លេង និងចម្រៀងដោយ​ខ្លួនឯងឲ្យ បានកាន់តែច្រើន ដើម្បីកាត់បន្ថយការចម្លងបទភ្លេងពីបរទេស និងលើកកម្ពស់ វិស័យសិល្បៈ និងវប្បធម៌ខ្មែរឲ្យកាន់តែរឹងមាំ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការរៀបចំកម្មវិធីនេះ ឡើង ដើម្បីផ្តល់ឱកាសដល់​យុវជន​ខ្មែរ ដែលមានទេពកោសល្យបញ្ចេញស្នាដៃ ក្នុងការតាក់តែងនិពន្ធបទភ្លេង និងចម្រៀងដោយខ្លួនឯង មិន​ចម្លងស្នាដៃរបស់ គេ។ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកថា កន្លងមកក្រសួងព័ត៌មានបានរៀបចំមហោ ស្រពតន្រ្តី​ចម្រៀងសម័យថ្នាក់ជាតិពីរលើករួចមកហើយ ប៉ុន្តែការតែងនិពន្ធបទ ភ្លេង និងចម្រៀងនោះគឺពួកគាត់​នៅតែចេញមិនផុតពីលំនាំរបស់ម្ចាស់សំឡេង មាស លោក ស៊ីន ស៊ីសាមុត លោក សុះ ម៉ាត់ អ្នកស្រី រស់ សេរីសុទ្ធា និងបណ្តា អ្នកនិពន្ធជើងចាស់ជាច្រើនទៀត ក្នុងសម័យទសវត្សរ៍ទី៦០ ដែលជាបទចម្រៀង មួយសម្រាប់តែវ័យចំណាស់ ខុសពីការរៀបចំរបស់កម្មវិធីស្តាប់ចម្រៀងខ្ញុំ ដែល ការនិពន្ធបទភ្លេង និងចម្រៀងសម្រាប់យុវវ័យ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងព័ត៌មាន និងទូរទស្សន៍​ជាតិនឹង​ធ្វើការពិនិត្យ និងជ្រើសរើសបេក្ខជន បេក្ខ នារីជាប់ចំណាត់ថ្នាក់ និងបេក្ខជន បេក្ខនារីណា ដែលមាន​ស្នាដៃល្អយកមកថត ជាចម្រៀងចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា ឬក៏មានក្រុមហ៊ុនថតចម្រៀង ណាចង់ទិញស្នាដៃបទចម្រៀងទាំងនោះយកទៅថតក្នុងផលិតកម្មរបស់ខ្លួន ក៏ បាន ដើម្បីឆ្លើយតប​ទៅនឹងទីផ្សារចម្រៀងដែលកំពុងរីកចម្រើន។
បេក្ខជន បេក្ខនារីទាំង១០រូប ដែលបានជ្រើសរើសមកប្រកួតប្រជែងនៅវគ្គ ចុងក្រោយនេះ​ត្រូវបញ្ចេញ​សមត្ថភាពរបស់ខ្លួន តាមរយៈការច្រៀងផ្ទាល់នៅលើ ឆាក ហើយផ្តល់ពិន្ទុ​តាមរយៈការបោះឆ្នោត​មាន៣​លក្ខខណ្ឌ គឺទី១ការបោះ ឆ្នោតពីមហាជន៤០% ទី២តាមរយៈការផ្តល់ពិន្ទុពីគណៈកម្មការចំនួន៤រូប ៣០% និងទី៣ ការផ្តល់ពិន្ទុរវាងបេក្ខជន បេក្ខនារីទាំង១០រូបទៅវិញទៅមក៣០%៕
ដោយ ហ៊ុន យុទ្ធគុណ