Wednesday, July 30, 2014

សម្តេចតេជោអបអរសាទរចំពោះប្រធានាធិបតីជាប់ ឆ្នោតសាធារណរដ្ឋឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើសារ​លិខិត​ជូន​ ចំពោះ​ឯកឧត្តម​ ចុកុវី វីដុដុ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធា​នាធិប​តី​សាធារណរដ្ឋ​ ឥណ្ឌូណេស៊ី​ កាល​ពី​ពេល​ថ្មីៗនេះ។​
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិយាយនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៤ ថា សម្តេច​តេជោនាយករដ្ឋមានប្រសាសន៍ថា តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមាន​កិត្តិយស​សូម​សម្តែង​នូវការអបអរ សាទរយ៉ាងកក់ក្ដៅ និងដោយស្មោះអស់ពីដួងចិត្តរបស់ខ្ញុំ ជូនចំពោះឯកឧត្តម ដែល​បានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដោយមាន​ជំនឿ​ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ក្នុងនាមជាប្រធានាធិបតីឥណ្ឌូនេស៊ី ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែម ទៀត ក្នុងបណ្ដា​ឆ្នាំខាងមុខសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើងទាំងពីរ ក៏ដូចជាសម្រាប់ផល​ប្រយោជន៍​រួម នៃគ្រួសារអាស៊ានទាំងមូលផង ដែរ។
សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ និងសូមទទួលនូវសព្វសាធុការពរ ប្រកប​ដោយ​​សុខភាពល្អ និងជោគជ័យធំធេងក្នុងការបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ឯកឧត្តម និងសូមវិបុលភាព​កើតមានបន្តទៀត សម្រាប់ប្រជាជនឥណ្ឌូណេស៊ី៕
ដោយ ជ័យ ភូមិពល