Wednesday, July 23, 2014

សាលា​រាជធានី​ភ្នំពេញ​នឹង​ស្ថាបនា​ផ្លូវ​ថ្មើរ​ជើង​តាម​មាត់​ទន្លេ​មុខព្រះ​បរមរាជ​វាំង​ដល់​សួន​បាសាក់​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ បានមាន ប្រសាសន៍ថា ផ្លូវថ្មើរជើងតាម​មាត់​ទន្លេ​មុខព្រះបរម​រាជវាំង​ដល់សួនបាសាក់នឹងបើកការ ដ្ឋានស្ថាប នានៅ ពេលដ៏ខ្លីខាងមុខនេះ សម្រាប់ជំហានទី២ នឹងបន្តបើកការ ដ្ឋានធ្វើផ្លូវថ្មើរជើងនេះ ចាប់ពីកោះ ពេជ្រដល់ ក្បាលថ្នល់បន្តទៀតសំដៅ​ធ្វើយ៉ាងណា​ឲ្យរាជធានីភ្នំពេញ​មានភាព​ស្រស់បំព្រងសមជាទីក្រុង ដែលជាបេះ ដូងនៃប្រទេសកម្ពុជានោះ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងបែបនេះកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅ​សាលា​រាជ​ធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សាមួយជាមួយមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រសួងវប្បធម៌ តំណាង​សណ្ឋាគារ​ធំៗ​នៅតាមបណ្តោយមាត់ទន្លេ រួមនឹងអាជ្ញាធរមូលដ្ឋានផងដែរសំ ដៅធ្វើយ៉ាង​ណាឲ្យ​ការដ្ឋាន ដែលជា​គម្រោងក្នុង​ដំណាក់​កាលទី១ នេះដំណើរ ការទៅបានលឿន។

ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្តថា គម្រោងស្ថាបនា​ផ្លូវថ្មើរជើងតាមមាត់​ទន្លេចាប់ពីបញ្ជរ​ព័ត៌មានទេស​ចរណ៍​មុខព្រះ​បរម​រាជវាំង រហូតដល់សួនបាសាក់ (កោះពេជ្រ) នេះ វាជាដំណាក់កាលទី១ របស់សាលា​រាជធានី គឺនៅមានជា​ជំហាន​បន្តបន្ទាប់ទៀត ដូចជាការស្ថាបនាផ្លូវថ្មើរជើងពីកោះពេជ្រទៅស្ពានព្រះមុនីវង្ស ក្បាលថ្នល់ ពីមុខ​ព្រះបរម​រាជវាំង​ទៅស្ពានជ្រោងចង្វា ពីស្ពានជ្រោយចង្វាទៅសួនសូគីម៉ិចឫស្សីកែវ ត្រើយ​ខាងកើតពីស្ពានជ្រោយ ចង្វាដល់ភូមិដើមគរ ពីស្ពានព្រះមុនីវង្សទៅច្រាំងបាក់ជាដើម ដើម្បីធ្វើឲ្យរាជ ធានី​ភ្នំពេញមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមបន្តថា នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលគម្រោងនេះមិនមែនធ្វើក្នុងរយៈពេល១ ឆ្នាំឬ២ ឆ្នាំឲ្យ​បានរួចរាល់នោះទេ គឺយើងត្រូវប្រើប្រាស់ពេលវេលាជាក់ស្តែងមួយ ពោលគឺអាចច្រើន​អាណត្តិ​របស់​គណៈ​អភិបាល​រាជធានីនឹងបន្តធ្វើគម្រោងនេះបន្តិចម្តងៗ។

មន្ត្រីជំនាញរបស់សាលារាជធានីភ្នំពេញក្នុងឱកាស នៃកិច្ចប្រជុំពិភាក្សានោះបានបញ្ជាក់ផងដែរថា គម្រោង​ស្ថាបនា​ផ្លូវថ្មើរ​ជើងតាមមាត់ទន្លេ ចាប់ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាជ​វាំង​រហូត​ដល់សួនបាសាក់ (កោះពេជ្រ) នេះមានប្រវែង៩៥០ ម៉ែត្រ និងចាប់ពីស្ពានភ្លោះកោះ​ពេជ្រទៅស្ពាន​ព្រះមុនីវង្សក្បាលថ្នល់មានប្រវែង៣ ២០០ ម៉ែត្រ៕
ដោយ សួស សំរិត