Wednesday, July 23, 2014

លោក កឹម សុខា នឹង​ត្រូវ​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន ឱ្យដឹងថា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​​ ដែលនេះជា​សេចក្តីសម្រេច​ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​លោក ​កឹម​ សុខា គឺ​ជា​បេក្ខភាព​ប្រធានរដ្ឋសភា ក្នុងពេល​ឃោសនា​បោះឆ្នោត​កន្លងមក​។
លោក អេង​ ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បន្តថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែកក្កដា ឆ្នាំ​២០១៤ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ក្នុង​ព្រះបរមរាជវាំង ដើម្បី​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​។ ការ​កំណត់​ថ្ងៃ​នោះ ត្រូវបាន​លើក​ឡើង​មុន​ពេល​បញ្ចប់​កិច្ចប្រជុំ​ចរចា​ថ្នាក់​កំពូល នៅ​រសៀល​ថ្ងៃ​នេះ​។​
ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក អេង ឆៃអ៊ាង បាន​អះអាង​ថា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ រូប មិន​ទាន់​កំណត់​ថា នឹង​ត្រូវ​ធ្វើ​សច្ចាប្រ​ណិន នៅពេល​ណា​នោះ​ទេ គឺ​អាស្រ័យ​លើ​ព្រះករុណា ព្រះ​រាជានុញ្ញាត​។​ រីឯថ្ងៃ​ចូល​ប្រជុំ​រដ្ឋសភា​ ក៏​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។
មួយវិញទៀត អំពី​លោក​សម ​រង្ស៊ី ថា​តើ​ត្រូវ​ផ្លាស់ប្តូរ​ឲ្យ​លោក​ចូល​ធ្វើ​ជា​សមាជិក​រដ្ឋសភា ដែរ ឬទេ នៅពេលនេះ​? ត្រូវបាន​លោក​អេង​ឆៃអ៊ាង អះអាងថា មិនទាន់​សម្រេច​នៅ​ឡើយ​ទេ ហើយ​រឿង​នេះ មិន​សំខាន់​ទេ សម្រាប់​លោក​សម​រង្ស៊ី​។​
​ចំពោះ​ប្រាក់ខែ​រយៈពេល ១០ ខែ គិត​ចាប់ពី​ថ្ងៃ​បង្កើត​រដ្ឋសភា នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ រហូតដល់​ខែ​កក្កដា​នេះ សម្រាប់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ត្រូវបាន​លោក អេង ឆៃ​អាង ដែល​ជា​បេក្ខជន​ជាប់ឆ្នោត មណ្ឌល​ខេត្ត​កណ្តាល ថា នឹង​ត្រូវ​រដ្ឋសភា បើក​ឲ្យ ឬ​យ៉ាងណា​នោះទេ​។​
គួររម្លឹកថា អ្នកតំណាងរាស្ត្រ ១ រូប អាច​ទទួលបាន​ប្រាក់ខែ​ជា​មធ្យម ២០០០ ដុល្លារ​។ បើ​គិត​សរុបទៅ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ៥៥ រូប ក្នុង​រយៈពេល ១០ ខែ នឹង​ត្រូវ​ទទួលបាន​ប្រាក់​សរុប ១,១ លាន​ដុល្លារ​អាមេរិក​។​
លោក ជាម យៀប សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ សវនកម្ម និង​ធនាគារ នៃ​រដ្ឋសភា មិនអាច​ទាក់ទង​បាន​ទេ នៅ​រសៀល​នេះ ដើម្បី​សុំ​អត្ថាធិប្បាយ​ថា តើ​ប្រាក់ខែ​សមាជិក​រដ្ឋសភា មិន​ទាន់​ពេញសិទ្ធិ ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បើក​ឲ្យ​ក្នុងរយៈពេល ១០ ខែ​នោះ ឬទេ​៕
The Free Press Magazine