Friday, May 30, 2014

សាលាដំបូងក្រុងភ្នំពេញសម្រេចដោះលែងក្រុមលោក វ៉ន ពៅ ទាំង២១នាក់អោយមានសេរីភាពវិញ ប៉ុន្តែ ម្នាក់ៗត្រូវផ្តន្ទាទោសទៅតាមបទល្មើសរៀងៗខ្លួន

ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤នេះ សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ បាន​សម្រេចដោះ​លែង​ក្រុម​លោក វ៉ន ពៅ សមាគមឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ អោយ​មាន​សេរី​ភាព​វិញ​ ប៉ុន្តែ អ្នក​អស់​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការព្យួទោស ទៅ​តាម​បទ​ល្មើសរៀង​ៗខ្លួន​ដែល​បាន​បង្កចលាចល​ដល់​សង្គម​ ប៉ះ​ពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ។

តាម​ប្រភព​ពី​មន្ត្រី​នៅ​តុលាការ​បាន​អោយ​ដឹង​ថា ក្នុង​ចំ​ណោម​ជន​ទាំង​២១រូប​ ដែល​ត្រូវ​ដោះ​លែង​នោះ មាន​ ​៤នាក់​ បាន​រួច​ទោស មាន​ឈ្មោះ​ រ៉េត រដ្ឋា , ឡូ សំ​អន ,លន់ សាន និង​ឆេង​ វុទ្ធី។ ក្រៅ​ពី​នេះមេក្លោង​ក្នុង​ការ​ប្រព្រឹត្តបទ​ល្មើស រួម​មាន​លោក វ៉ន ពៅ  លោក ចាន់ ពុទ្ធិ​សក្តិ លោក គុណ សម្បត្តិវាសនា ត្រូវ​ផ្តន្ទាទោស៤ឆ្នាំ​៦ខែ និង​ពិន័យ​ជា​ប្រាក់​៨លាន​រៀល ចំ​ណែក​ឯលោក តេង សារឿន ជាប់​ទោស៤ឆ្នាំ និង​អ្នក​មួយ​ចំ​នួន​ទៀត​ផ្តន្ទាទោស អ្នក​ខ្លះ​៣ឆ្នាំ​ ខ្លះ​២ឆ្នាំ​កន្លះ ប៉ុន្តែ ទោសដាក់​ពន្ធ​នាគារ​ គឺគិត​ចាប់​ត្រឹម​ពី​ថ្ងៃ​ឃុំ​ខ្លួន​រហូត​មក​ដល់​ថ្ងៃ​នេះ រី​ឯទោសនៅ​សល់​ព្យួរ។

ការដោះ​លែង​ជន​ទាំង​អស់​នោះ​អោយ​មាន​សេរីភាព​វិញ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជន​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ទី២‑៣ ខែមករា ឆ្នាំ​២០១៤ ខណៈដែល​ពួក​គេបាន​នាំគ្នា​ប្រើអំ​ពើ​ហឹង្សា វាយ​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិសាធារណៈរដ្ឋ​ ឯកជន​ និង​បង្ក​ចលាចល​ ប៉ះ​ពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ​ដែល​ក្រុមអ្នក​តវ៉ាទាំង ២១នាក់នោះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ននៅ មណ្ឌលកែ​ប្រែ​ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម ក្រោយការផ្ទុះអំពើហិង្សា ជាមួយសមត្ថកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញនិងលើផ្លូវវ៉េងស្រេង ក្នុង​ខណៈ ដែល​មាន​ការ​ធ្វើ​មហាបាតុកម្ម​ទាម​ទារដំ​ឡើង​ប្រាក់​ខែ១៦០​ដុល្លារ​ដល់​កម្មករ ដែល​បាតុកម្ម​នោះ ត្រូវ​បាន​គេគិត​ថា មាន​ការ​ញុះ​ញង់​ពី​ក្រោយ​ខ្នង​ដោយ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​។
បើ​ទោះ​ជា​មាន​ការ​ដោះ​លែង​ក្តី​ ប៉ុន្តែ គេបាន​មើល​ឃើញ​ថា តុលាការ​បាន​ចាត់​ការ​ត្រឹម​ត្រូវ​តាម​និតិវិធី​ច្បាប់ ក្នុង​ការ​សាកសួរ ស្រាវ​ជ្រាវ​ស៊ើប​អង្កេត ប្រមូល​ភ័ស្តុតាង ក្នុង​ការ​ដាក់​បន្ទុក ហើយ​បាន​រក​ឃើញ​ថា ក្នុង​ចំ​ណោមជន​ទាំង​២១រូប គឺតុលាការ​បាន​រក​ឃើញ​បទ​ល្មើសជាក់​ស្តែង​ដែល​ពួក​គេបាន​ប្រព្រឹត្តពិត​ប្រាកដ មិន​មែន​បាន​ន័យ​ថា ការ​ចាប់​ឃុំ​ខ្លួន​នោះ ធ្វើ​ឡើង​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ ឬ​រក​កំ​ហុសមិន​ឃើញ ដូច​ការ លើក​ឡើង​របស់​ក្រុម​បក្ស​ប្រឆាំង និង​អង្គការ​ សមាគម សហជីព​មួយចំ​នួន​បាន​ចោទ​ប្រកាន់​នោះ​ទេ៕


By: Cambodia News