Wednesday, July 1, 2015

គណៈកម្មាធិការ​​ព្រំដែន​កម្ពុជា​-វៀតណាម​ នឹងបើក​កិច្ច​ប្រជុំពិសេស​មួយ ​ដើម្បីដោះ​ស្រាយ​បញ្ហា​ព្រំដែន​រួមគ្នា​

យោង​តាមសេចក្តីប្រកាស​ព័ត៌មាន  របស់គណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន នៃ​ទីស្តីការគណៈរដ្ឋ​មន្រ្តី ចុះថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៥ នៃទីស្តី​ការគណៈ​រដ្ឋមន្រ្តី បាន​អោយ​ដឹងថា គណៈកម្មាកា​រចម្រុះខណ្ឌ​សីមា នឹងបោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម វៀត​ណាម-កម្ពុជា នឹងបើក​កិច្ចប្រជុំ​ពិសេស មួយ ដើម្បីដោះ​ស្រាយបញ្ហា​ព្រំដែនមួយ​ចំនួនដែល​នៅសេសសល់ និងបាតុភាព​ទាំងឡាយដែល​កើតមាន​ឡើងថ្មី​ៗនេះ នៅតាមបណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម។
សេចក្តីប្រកាស​ព័ត៌មាន​បានឲ្យដឹងថា កិច្ចប្រជុំនេះ​នឹងប្រព្រឹត្ត​ទៅពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។

អាជ្ញា​ធរជាតិ​ទទួល​បន្ទុកកិច្ច​ការ​ព្រំដែន​ ប្រកាស​ធ្វើ​សន្និសីទ​ព័ត៌មាន​ ដើម្បី​បង្ហាញ​ផែនទី​ផ្លូវការ​ដែល​រាជរដ្ឋា​ភិបាល​កំពុង​ប្រើប្រាស់​


យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ លេខាធិការ​ដ្ឋានអចិន្ត្រៃយ៍​ នៃអាជ្ញា​ធរជាតិ​ទទួល​បន្ទុកកិច្ច​ការព្រំដែន​ ដែលចេញ​ផ្សាយនៅ​ថ្ងៃទី​ ០១​ ខែកក្កដា​ ឆ្នាំ២០១៥​នេះ​ បាន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ ទី០២​ ខែកក្កដា​ ឆ្នាំ២០១៥​ ខាងមុខ​នេះ ​ឯកឧត្តម​ វ៉ា ​គឹមហុង​ ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ និង​ធ្វើសន្និសីទ​សារព័ត៌មាន​បើកចំហរ​មួយ​ ដើម្បី​បង្ហាញ​ផែនទី​ផ្លូវការ​ ដែល​រាជ​រដ្ឋាភិបាល​បាន​ និង​កំពុង​យកមក​ប្រើប្រាស់​ក្នុង​ការងារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំដែន​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណៈ​រដ្ឋសង្គម​និយម​វៀតណាម​។ សន្និសីទ​ការសែត​នេះ ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​វេលា​ម៉ោង​ ៩:០០​នាទីព្រឹក​ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​សាល​ B​៕
អត្ថបទ៖ ​សុភាព


រដ្ឋសភាស​​ម្រេចអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការទូទាត់​​ថវិកា ​ឆ្នាំ២០១៣

យោងតាមសេចក្តី​ប្រកាសព័ត៌​មាន របស់អគ្គលេខាធិការ​ដ្ឋានរ​ដ្ឋសភា នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ស្តីពីលទ្ធផល​សម័យប្រជុំរដ្ឋសភាលើក​ទី៤ នីតិកាលទី៥ ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គព​ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលសម័យ​ប្រជុំនេះ គឺបន្តពិភាក្សា និងអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកាទូទៅរបស់រដ្ឋ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៣ ចាប់ពីជំពូក​ទី២ទៅ បានឲ្យដឹង​ថា នៅក្នុងកិច្ច​ប្រជុំព្រឹក​នេះ អង្គសភា​បាន​អនុម័តយល់​ព្រម​ជំពូកទី២ ដោយ​សំឡេង​៦៧។
សមាជិក​រដ្ឋសភា ដែលមានមតិចំពោះ​ច្បាប់ថវិកានេះ មាន​ចំនួន០៥រូប រួមមាន ឯក​ឧត្តម សុន ឆ័យ ឯកឧត្តម សម រង្ស៊ី ឯកឧត្តម ឃី វណ្ណដេត មកពីគណបក្ស​សង្គ្រោះជាតិ ឯក​ឧត្តម ឈាង វុន សម្តេច​ក្រឡាហោម ស ខេង មកពីគណបក្ស​ប្រជាជន​កម្ពុជា។ អង្គសភាអនុម័ត​យល់​ព្រមជំពូកទី៣ ចំនួន៦៧សំឡេង និងបានអនុម័ត​យល់ព្រមសេចក្តី​ព្រាងច្បាប់​ទាំងមូលចំនួន ៦៧សំឡេង។
គួរបញ្ជាក់ថា សម័យប្រជុំរដ្ឋសភា​លើកទី៤ នីតិកាល​ទី៥ នៅព្រឹកមិញ​នេះ មានអ្នក​តំណាង​រាស្ត្រចូលរួម​ចំនួន ១០១រូប បានប្រព្រឹត្ត​ទៅចំនួន២ថ្ងៃ គឺពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥នេះ។
ទាក់ទងនឹង​ការអនុម័ត​សេចក្តីព្រាង​ច្បាប់​ថវិកាឆ្នាំ២០១៤នេះដែរ គេសង្កេត​ឃើញ​ថា តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ មិនបានបោះ​ឆ្នោតអនុម័ត​សេចក្តីព្រាង​ច្បាប់នេះទេ ហើយក្នុងនោះឯកឧត្តម កឹម សុខា អនុប្រធាន​ទី១រដ្ឋសភា និងជាអនុប្រធានគណបក្ស​សង្គ្រោះជាតិ​បានបង្ហោះលើបណ្តាញ Facebook របស់ខ្លួនថា គណបក្សប្រឆាំងនឹងមិនបោះឆ្នោតអនុម័តសេចក្តីព្រាង​ច្បាប់នេះទេ ព្រោះសេចក្តី​ព្រាងច្បាប់នេះ គឺពាក់ព័ន្ធនឹង​អំពើពុករ​លួយ។ ប៉ុន្តែ​ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មាការទី៥​នៃរដ្ឋសភា បានលើក​ឡើងថា ទង្វើរបស់ ឯកឧត្តម កឹម សុខា គឺមិនមានការទទួល​ខុសត្រូវទេ ត្បិតថវិ​ការដ្ឋឆ្នាំ២០១៣ បក្សប្រ​ឆាំង និងឯកឧត្តម កឹម សុខា គឺជាអ្នកចាយដែរ។
ឯកឧត្តម ឈាង វុន បានបញ្ជាក់​បន្ថែមថា ការមិន​ព្រមអនុម័ត​សេចក្តីព្រាង​ច្បាប់ថវិកា ពីបក្សប្រឆាំង​នេះ ជារឿងធម្មតាទេ នៅក្នុងរបប​ប្រជាធិបតេយ្យ គណបក្ស​ប្រឆាំង ឬគណបក្ស​សម្លេងភាគ​តិច នៅក្នុងរដ្ឋសភា មិនដែលគាំ​ទ្ររដ្ឋាភិបា​ល ដែលកើត​ចេញ ពីសម្លេងភាគ​ច្រើន នៅក្នុងរដ្ឋសភា​ម្តង​ណាឡើយ។ ឯកឧត្តមបន្ត​ថា ចំពោះឯក​ឧត្តម កឹម សុខា យើងមិន​ភ្ញាក់ផ្អើលទេ ពីព្រោះ​កាល ពីឆ្នាំ២០១៣ គាត់បានស្នើ​សុំសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅពេលដែលជួបចរចាគ្នាដំបូងឆ្នាំ២០១៣ ក្រោយការ​បោះឆ្នោត គាត់ស្នើ​សុំបើក​ប្រាក់​ខែរដ្ឋសភា ដែលគាត់អត់​បានបំពេញតួ​នាទីរបស់គាត់​សោះ ហើយថវិកាបើក​ប្រាក់ខែ និងទិញ​ឡានឲ្យឯកឧត្តម កឹម សុខា ក៏ជាថវិកា​ដែលគាត់​មិនព្រមអនុម័ត​ហ្នឹងដែរ ដូច្នេះមានន័យ​ថាគាត់ជាមនុស្សមិន​មានទំនួល​ខុស​ត្រូវ៕
អត្ថបទ៖ សុភាព

សេចក្តីប្រកាស​ព័ត៌មាន​ ស្តីពីលទ្ធផល​នៃកិច្ចប្រ​ជុំគណៈ​កម្មាធិការអចិន្ត្រៃយ៍​នៃរដ្ឋសភា​ ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០១៥​


បេឡា​ជាតិរបបសន្តិ​សុខសង្គម​ ជម្រុញឲ្យ​សហគ្រាស​ គ្រឹះស្ថាន​ បំពេញកាតព្វ​កិច្ចរបស់ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​

យោងតាមសេចក្តី​ជូនដំណឹង របស់បេឡា​ជាតិរបប​សន្តិសុខសង្គម (ប.ស.ស) ចេញថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥ បានជម្រាបជូន​ដំណឹង​ដល់ លោក លោក​ស្រី និយោ​ជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន អំពីការបំពេញ​កាតព្វកិច្ចបង់​ភាគទានហានិ​ភ័យដល់​បេឡាជាតិ​របបស​ន្តិសុខសង្គម (ប.ស.ស) ដោយ ប.ស.ស សង្កេត​ឃើញ​ថា មាន​និយោជក ម្ចាស់ សហ​គ្រាស គ្រឹះស្ថាន​មួយ​ចំនួន មិនបាន​បង់វិភាគ​ទាន ឬមានការយឺត​យូរ ក្នុងការបង់​វិភាគទាន​មក ប.ស.ស។
បេឡាជាតិរ​បបសន្តិ​សុខសង្គម ក៏បានអំពាវនាវ​ដល់និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាននានា សូម​មេត្តាអនុវត្តតាមកាតព្វ​កិច្ចច្បាប់ ក្នុងការបង់វិភាគទាន​ហានិភ័យ​ការងារ​មក ប.ស.ស ឲ្យបាន​មុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ជាកំហិត។ ក្នុងករណីខក​ខានមិន​បាន​បំពេញកាតព្វកិច្ច ក្នុងការបង់ភាគ​ទានដូចបាន​កំណត់ខាង​លើនេះ បេឡាជាតិ​របបសន្តិសុខ​សង្គម នឹងចាត់វិធាន​ការតាមច្បាប់​ជាធរមាន។
បេឡាជាតិរបប​សន្តិសុខ​សង្គម សង្ឃឹមយ៉ាង​មុតមាំថា លោក លោក​ស្រី និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន នឹងយកចិត្តទុក​ដាក់អនុវត្តតាម​ខ្លឹមសារខាង​លើ នៃសេចក្តីជូន​ដំណឹងនេះ ក្នុង​ស្មារតីទទួល​ខុសត្រូវ​ខ្ពស់៕