សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានទម្លាយសារឆ្លើយឆ្លងរបស់លោកជាមួយនឹង លោក សម រង្ស៊ី ជាសាធារណៈថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិទេ ដែលមានបំណងចង់ធ្វើវិសោធនកម្មច្បាប់ មាត្រា២ នៃរដ្ឋធម្មនុញ្ញ ដែលនិយាយអំពីអធិបតេយ្យភាព នៃបូរណភាពទឹកដីរបស់កម្ពុជា។
ការលើកឡើងរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ បន្ទាប់ពីមានអង្គការ និងក្រុមមនុស្ស រិះគន់និងចោទប្រកាន់ មកលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាថា មានគម្រោងការកែប្រែរដ្ឋធម្មនុញ្ញមាត្រា២ ដើម្បីដោះស្រាយបញ្ហាទឹកដី ។
ថ្លែងទៅកាន់និស្សិតទទួលជ័យលាភីជាង១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ បានប្រកាសថា«ខ្ញុំយកការវ៉ៃ SMS របស់ឯកឧត្តម សម រង្ស៊ី មកអានបន្តិចទៅចុះ ដើម្បីឱ្យកូនចៅគាត់ភ្លឺភ្នែក ព្រោះឥឡូវគាត់សុទ្ធតែថាស្អីឯណានោះ ប៉ុន្តែមេគាត់ទេអ្នកបបួលខ្ញុំ (កែមាត្រា២នៃរដ្ឋធម្មនុញ្ញ) ខ្ញុំអត់ទាន់ព្រម ព្រោះមិនត្រូវធ្វើនៅពេលហ្នឹងទេ ចាំមើលណា...នេះនែ៖ ថ្ងៃទី១៧ ខែ៧ ម៉ោង៧៖៤៩នាទី ខ្ញុំអានឱ្យស្តាប់ ហើយអស់លោកខាងផ្នែកគណបក្សសង្រ្គោះជាតិ ស្តាប់ឱ្យបាន៖ ជំរាបសួរសម្តេច ! ខ្ញុំសូមអបអរសាទរអនុសាសន៍សម្តេចថ្មីៗនេះ របស់សម្តេចទាក់ទងនឹងបញ្ហាព្រំដែន ដើម្បីបង្ហាញពីឯកភាពជាតិ កាន់តែរឹងមាំក្នុងគោលបំណងការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា ខ្ញុំសូមសម្តេចមេត្តាពិនិត្យលទ្ធភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា២ ស្តីពីផែនទី ដែលយើងត្រូវបញ្ជាក់ឱ្យកាន់តែក្បោះក្បាយ ដោយមានការចូលរួមពីគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិរួមគ្នា ដោយសេចក្តីគោរពរាប់អានពីខ្ញុំ»។
ដោយសម្តេចពន្យល់ទៅគាត់(ឯកឧត្តម សម រង្ស៊ី) មេថាអញ្ចឹងអាកូនថាអញ្ចុះវាយ៉ាងម៉េច ហើយខ្ញុំសូមជំរាបអញ្ចឹងបានខ្ញុំចងជាGroupឲ្យតែព្រឹបភ្លាម
(ព័ត៌មានថ្មីៗ)ខ្ញុំផ្ញើទៅអស់លោកអ្នកធំភ្លាម។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា «ឥឡូវខ្ញុំសូមផ្តាំ មេអស់លោកបបួលខ្ញុំធ្វើវិសោធនកម្ម ខ្ញុំយល់ថា ពេលវេលាវាមិនទាន់ស័ក្តិសមទេ ព្រោះគាត់យល់ដឹងដូចខ្ញុំដែរ អារឿង(ព្រំដែន)នៅខាងលិចវាត្រូវប្រើ (ផែនទី) ១/២០០.០០០ នៅជាមួយឡាវ ឥឡូវយើងធ្វើផែនទីតែជាមួយវៀតណាមទេ ក្នុងរដ្ឋធម្មនុញ្ញមាត្រា២ មើលឱ្យច្បាស់ទៅ ប៉ុន្តែសោកស្តាយត្រង់ថា រឿងអាថ៌កំបាំងរបស់មេ ប៉ុន្តែមេមិនព្រមប្រាប់កូន អាហ្នឹងបានពិបាក អញ្ចឹងបានជាខ្ញុំថា វាជាការសង្ស័យណាស់ដែលថា ចាប់ដៃជាន់ជើងនោះ»។
កន្លងទៅថ្មីៗនេះ តំណាងរាស្រ្ត និងមន្រ្តីគណបក្សសង្រ្គោះជាតិ បានសម្តែងការប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីលោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវអំពីផែនទី នៅរាជបណ្ឌិតសភា ផ្តល់អនុសាសន៍ ឱ្យគណបក្សជាប់ឆ្នោតទាំងពីរ ពិភាក្សាអំពីការកែប្រែរដ្ឋធម្មនុញ្ញ ត្រង់មាត្រា២ ដែលនិយាយអំពីបូរណភាពទឹកដីកម្ពុជា។ សូមបញ្ជាក់មាត្រា២នេះបានចែងថា «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩» ៕