Monday, July 27, 2015

ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ​ អាន អញ្ជើញ​​ជាអធិ​បតី​​ពិធី​បុណ្យ​​បញ្ចុះ​​ខ័ណ្ឌ​សីមា ព្រះ​វិហារ និង​សម្ពោធ​​សមិទ្ធ​ផល​​ក្នុង​វត្ត​រស្មី​មហារះ​ភ្នំសន្លុង

ព្រះវិហារ បដិមាករ សាលាធម្មសភា ដងទង់សាសនា កុដិ ជណ្តើរ​ឡើង​ភ្នំ ខ្លោង​ទ្វារវត្ត សាលា​សំណាក់​ និង​រូប​សំណាក់​ផ្សេងៗ​នៅ​ក្នុង​វត្តរស្មីមហារះភ្នំសន្លុង ដែល​មានតម្លៃ​សាងសង់​ជាង ៥៨ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមរិក ស្ថិត​នៅ​ក្នុង​ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ ត្រូវ​បាន​បញ្ចុះ​ខ័ណ្ឌ​សីមា និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សមិទ្ទផល​នានា​ក្នុង​វត្ត​រស្មី​មហារះភ្នំសន្លុងនេះ ត្រូវ​បាន​កសាង​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេសក្រុម​ការ​ងារ​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាជន​ប្រចាំ​ស្រុក​ទ្រាំង និង​ឃុំ​សន្លុង ពិសេសឯកឧត្តម ហ៊ីង ថូរាសី រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​គណបក្ស​ប្រជាជនកម្ពុជា​ចុះ​ជួយ​ឃុំ​សន្លុង ព្រះ​ចៅអធិការវត្តរស្មីមហារះភ្នំសន្លុង និង​ពុទ្ធ​បរិស័ទក្នុង​ និង​ក្រៅ​ប្រទេស​។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​អំពាវនាវ​ឲ្យ​យុវជន យុវនារី ចូល​រួម​រក្សា​ប្រពៃណី​វប្បធម៌ជាតិ ដោយឧស្សាហ៍​មក​ចូល​កំសាន្ត​លេង​នៅ​ក្នុង​វត្ត​ ក៏​ដូច​ជាស្តាប់​ព្រះ​សង្ឃ​ទេសនា​ក្នុង​ពិធី​បុណ្យ​ទាន ទើប​យើង​អាច​ទប់ស្កាត់​ការ​លុក​លុយ​របស់​វប្បធម៌​បរទេស​ក្នុង​ចំណោម​យុវវ័យ​បាន។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា យុវជន​ត្រូវ​តែ​ស្គាល់​អ្វី​ដែលជា​ស្នូលនៃវប្បធម៌ អរិយធម៌​របស់​ជាតិ។ វត្ត​អារាម គឺជាទីកន្លែង​ដែល​អាច​ជួយ​បណ្តុះ​បណ្តាល និង​អប់រំយុវជន​យើង​ឲ្យ​យល់​ពី​វប្បធម៌ អរិយធម៌របស់​យើង។

ទាក់​ទង​នឹង​ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទ្រាំង​ ក៏ដូច​ជា​នៅ​ឃុំ​សន្លុង ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ថ្នាក់​ជាតិចុះ​ជួយ​អាជ្ញាធរ​នៅ​មូលដ្ឋាន​នេះ គឺ​ក្នុង​គោល​បំណង​ជួយលើក​កម្ពស់​ជីវភាព​ សុខមាលភាពរបស់​ប្រជាពលរដ្ឋ ពិសេស​គឺ​ការជួយ​រំរុញ​កែ​លំអ​ការ​ផ្តល់​សេវា​សាធារណៈជូន​ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា ថវិកា​ដែល​ឯកឧត្តមអំពាវនាវ​ប្រមូល​បាន​ពី​សម្បុរជន​ដែល​ជួយ​បាកបាទក្រហម​កម្ពុជា​ គឺ​មួយ​ចំនួន​ធំយក​មក​ទិញ​ជា​កញ្ចប់សំភារៈ (ឃីត) សំរាប់​ឧបត្ថម្ភ​ស្ត្រី​ដែល​ទើប​សំរាលកូន ដោយ​មិន​រើស​មុខ និងនិន្នាការ​នយោ​បាយឡើយ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ក៏​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម សុខ ផេង រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុម​ការ​ងារថ្នាក់​ជាតិ​ចុះ​ជួយស្រុក​ទ្រាំង​ ខេត្ត​តាកែវ នឹង​រៀប​ចំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ជួយ​ពិនិត្យ​សុខ​ភាព​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​មួយ​ឆ្នាំ​ពីរដង។ ក្រៅ​ពី​នេះ ក្រុម​ការងារ​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាជន​ ក៏​នឹង​មានរៀប​ចំ​ជា​មូល​និធិ​សំរាប់​ជួយ​ប្រជាពលរដ្ឋក្រីក្រ​ ដែល​​មាន​បញ្ហា​ខាង​សុខ​ភាពត្រូវ​ទទួល​ការ​ព្យាបាល​ផង​ដែរ។

ទាក់​ទង​នឹង​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ​ដែរ ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ​ អាន ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ផល​វិបាកនៃប្រាក់​កំចី​ដែល​ប្រជាពលរដ្ឋ​ខ្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ​ផ្សេងៗ ​ដែល​ធ្វើ​សក​ម្ម​​​ភា​ព​នៅ​តាម​មូល​ដ្ឋាន គឺសុទ្ធ​សឹង​តែ​ជា​ស្ថាប័ន​ឯកជន មិនមែន​របស់​រដ្ឋ​ដូច​ការ​ឃោ​ស​​នា​រ​បស់​អ្នក​នយោបាយ​ទេ។

ក្នុង​គោល​បំណង​ចូល​រួម​ដោះ​ស្រាយ​ទុន លើក​កំពស់​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ជាកសិករ ឯកឧត្តមបណ្ឌិត​ស​ភា​ចារ្យ សុខ​ អាន បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​បាន​បង្កើត​ជា​មូល​និធិ​សហគមន៍កសិកម្ម​​មួយ​​​នៅ​ក្នុង​ខេត្ត​តាកែវ​នេះ សំរាប់​ឲ្យ​ប្រជាពលរដ្ឋខ្ចី ជា​ពិសេស​សំរាប់​​ទិញ​ជី​​មក​បង្កើន​ទិន្ន​ផល​ស្រូវ ដែល​ជា​ពូជ​ស្រូវ​មានគុណភាព​ និង​តម្លៃ​ខ្ពស់​។

មាន​ប្រសាសន៍​ទាក់​ទង​បញ្ហា​ព្រំដែន ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ក៏​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ធ្វើ​លិខិត​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ធំៗ​ចំនួន​បី គឺ​បារាំង អាមេរិក និង​អង់គ្លេស ក្នុង​គោល​បំណង​បញ្ជាក់​អះអាង​ថា រាជរដ្ឋាភិបាល​ធ្វើ​ការ​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ គឺ​ប្រើ​ប្រាស់​ផែនទី​ត្រឹម​ត្រូវ ដែល​អតីត​ព្រះ​មហាក្សត្រ ព្រះ​បរមរតនកោដ្ឋ ព្រះ​អង្គ​បាន​យក​ទៅ​តម្កល់​ទុកនៅឆ្នាំ​១៩៦៤ គឺ​មិនមែន​ប្រើ​ប្រាស់​ផែនទី​ក្លែង​ក្លាយ​ដូច​ការ​ឃោសនា​របស់​អ្នក​នយោបាយ​ប្រឆាំង​ទេ។

ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវក្នុងពិធីបុណ្យ​បញ្ចុះ​ខ័ណ្ឌសីមា ព្រះ​វិហារ និង​​សម្ពោធ​សមិទ្ធផល​ក្នុង​វត្តរស្មីមហារះភ្នំសន្លុងនេះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​​​ក្នុង​ខេត្ត​តាកែវ​ទាំង​មូល​មាន​វត្ត​ចំនួន ៣៣០ កន្លែង ក្នុង​នោះ វត្តគណៈមហានិកាយ ចំនួន ៣១៣វត្ត មាន​ព្រះ​សង្ឃ ២៩៥០អង្គ និង​វត្ត​គណៈធម្មយុត្តិកនិកាយចំនួន ១៧វត្ត​ព្រះ​​សង្ឃ ចំនួន ១៣០អង្គ។ វត្តរស្មីមហារះភ្នំសន្លុង ជា​វត្តធម្មយុត្តិកនិកាយ ដែល​ក្នុង​ពិធី​បញ្ចុះ​ខ័ណ្ឌ​សីមា​នោះ សម្តេចព្រះ​សង្ឃរាជ ប៊ូ គ្រី បាន​និមន្តយាងចូល​រួមផង​ដែរ។ ដែល​បញ្ហា​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​ព្រះរាជវត្តមាន​សម្តេច​ព្រះ​សង្ឃរាជ ប៊ូ គ្រី ជា​ប្រត្តិសាស្ត្រ​សំរាប់វត្ត​រស្មីមហារះភ្នំសន្លុង៕

ក្រសួងព្រះ​បរមរា​ជវាំង ទាត់ចោល​ ​ការផ្សាយ​​របស់​សារ​​ព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍ និង​សារ​ព័ត៌​​មាននានា «បន្ទូល​សម្តេច​​ក្រុម​ព្រះ នរោត្តម រណឫទិ្ធ»


សន្និសីទ​សារព័ត៌​មាន​​ស្តីពី ដំណើរ​ការ​ប្រមូល​​ឯកសារ​​ពាក់ព័ន្ធ​ នឹង​បញ្ហា​​ព្រំដែន​​ប្រទេស​កម្ពុជា ជាមួយ​​ប្រទេស​វៀត​ណាម






សន្និសីទសារព័ត៌មាន​ស្តីពី ដំណើរការប្រមូល​ឯកសារ​ពាក់ព័ន្ធ​ នឹងបញ្ហា​ព្រំដែន​ប្រទេសកម្ពុជា ជាមួយ​ប្រទេស​វៀតណាម
ដោយរាជបណ្ឌិតសភាកម្ពុជា, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥