Monday, August 17, 2015

អង្គភាព​ប្រឆាំងអំពើពុករ​លួយ ​បានបញ្ជូន​លោក​ អាំង មាលតី​ ទៅកាន់តុលា​ការខេត្ត​កណ្តាល​

កាលពី​ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥លោក អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូងរាជធានីភ្នំ​ពេញ ត្រូវបាន​អង្គភាព​ប្រឆាំងអំពើពុករ​លួយ ឃាត់ខ្លួន និងបានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធ​នឹងអំពើពុករលួយ ដែលសម្រេច​ឲ្យជនជាប់ចោទ​គ្រឿងញៀនម្នា​ក់ឈ្មោះ ថៅ ថាវី នៅក្រៅឃុំប​ណ្តោះអាសន្ន។
អង្គភាពប្រឆាំង​អំពើពុករលួយ បានបញ្ជូន​លោក អាំង មាលតី ទៅកាន់តុលា​ការ ខេត្តកណ្តាល ដោយចោទ​ពីបទប្រព្រឹត្ត​អំពើពុករលួយ ជាថ្នូរនឹង​ការដោះលែង​ឱ្យនៅក្រៅឃុំ ដល់ជន​ជាប់ចោទគ្រឿង​ញៀនម្នាក់ ដើម្បីទទួល​បានរថយន្ត Audi មួយ​គ្រឿង ដែលមាន​តម្លៃជាង​១០ម៉ឺនដុល្លារ។
លោកទេសរដ្ឋមន្រ្តី​បានឲ្យដឹងថា ក្រោយពីសាក​សួរនៅអង្គភាព​ប្រឆាំងអំពើពុករ​លួយ ACU បានរក​ឃើញថា ចម្លើយរបស់​លោក អាំង​ មាលតី មានភាពគ្រប់​គ្រាន់ស​ម្រាប់ឱ្យ ACU ចោទប្រកាន់ពីបទ វីតិក្រម ដែលជាបទល្មើសពុករលួយមួយដែរ ជាមួយនឹងឈ្មោះ ថៅ ថាវី ដែលកន្លង​មក ធ្លាប់ត្រូវបាន​ចោទ​ប្រកាន់​ពាក់ព័ន្ធនឹង​គ្រឿងញៀន ។
លោក ឱម យ៉ិនទៀង បានថ្លែង​យ៉ាងដូច្នេះថា «វីតិក្រមនេះ ពាក់ព័ន្ធ​ជាមួយនឹង​ឡាន Audi មួយគ្រឿង​របស់ឈ្មោះ ថៅ ថាវី គឺថៅ ថាវី ហ្នឹង​គេចោទថា រឿង​គ្រឿង​ញៀន ប៉ុន្តែមិនមែនទេណា ហើយថ្ងៃ៨ (សីហា) កន្លងមកតុលាការបានកាត់ក្តីរឿង ថៅ ថាវី ហើយ​ប្រគល់ឡានឲ្យវិញ​ហើយ ដែល​ឡានមួយ​នេះ ត្រូវបាន​លោក អាំង មាលតី គាត់យកពី ថៅ ថាវី ជាថ្នូនឹងការដោះ​លែង បណ្តោះអាសន្នដល់​លោក ថៅ ថាវី» 
សូមបញ្ជាក់ថា​លោក អាំង មាលតី អតីតប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវបានដកចេញ​ពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបានចាប់​ខ្លួន ដោយអង្គភាព​ប្រឆាំង​អំពើពុករលួយ កាល​ពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥៕


លោក​ ហុង​ សុខហួរ​៖ តុលាការសម្រេច​ឃុំខ្លួននៅ​ព្រៃសបណ្តោះ​អាសន្ន​ បន្ទាប់ពី​ចោទប្រកាន់​៣បទល្មើស​

ជន​ត្រូវ​ចោទ ហុង សុខហួរត្រូវ​បានចោទ​ប្រកាន់ចំនួន​៣បទល្មើស​ រួមមាន៖បទ​ក្លែង​លិខិតសាធារណៈ បទប្រើ​លិខិតសាធារណៈក្លែង និងបទ​ញុះញង់អោយ​មានបទ​ល្មើសមជ្ឈឹម រឺឩក្រិដ្ឋមិន​សម្រេច។
សមាជិក​ព្រឹទ្ធសភា​រូបនេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការនៅ​ថ្ងៃទី១៦ ខែសីហា ដើម្បីឲ្យលោក​ចៅ​ក្រម កោ វណ្ឌី ធ្វើការ​សាកសួរ។ ការបញ្ជូន​ឲ្យចៅក្រមសាក​សួរ គឺបន្ទាប់​ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអា​ជ្ញារង បានសាក​សួរលោក​ហុង សុខហួរ កាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញ ។
លោក​ហុង សុខហួរ ត្រូវបាន​សមត្ថកិច្ចចាប់​ខ្លួនកាល​ពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះរបស់លោក​យន្ត ថារ៉ូ អ្នកតំណាង​រាស្ត្រមណ្ឌល​ខេត្តបន្ទាយមាន​ជ័យ របស់គណ​បក្សសង្គ្រោះជាតិ នៅភូមិគោក​ឃ្លាង សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែន​សុខ។លោកកោ វណ្ឌី ចៅ​ក្រមស៊ើបសួរសាលា​ដំបូងរាជធានីភ្នំពេញ​បានសម្រេច​ចោទ​ប្រកាន់ លោកហុង សុខហួរ ចំនួន៣បទល្មើស​ហើយចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅពន្ធនាគារ​ព្រៃស ក្រោម​ខាង​លើ។
យោង​តាមមាត្រា ៦២៩. បទក្លែង​បន្លំឯក​សារសាធារណៈ បានចែង​ថា ការក្លែងបន្លំ​ប្រព្រឹត្ត​នៅក្នុង​លិខិតយ​ថាភូត ឬការក្លែង​បន្លំប្រព្រឹត្ត​នៅក្នុងឯកសារ​ដែលចេញឲ្យ​ដោយរាជការ​សាធារណៈ ដើម្បីធ្វើ​ការកត់​សម្គាល់សិទ្ធិ អត្តសញ្ញាណ ​ឬឋានៈ ឬដើម្បីយល់​ព្រមផ្តល់ការ​អនុញ្ញាត ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី៥ឆ្នាំ ទៅ១០ឆ្នាំ។ មាត្រា ៦៣០. បទប្រើប្រាស់ឯក​សារសា​ធារណៈក្លែង បានចែងថា ការប្រើប្រាស់​ឯកសារក្លែង​ដែលមានក្នុងមាត្រា​៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី​៤លានរៀល ទៅ១០លាន​រៀល។
លោកជូង ជូងី មេធាវី​ការពារក្តី​លោក ហុងសុខហួរ មានប្រសាសន៍​ថា លោក នឹងដាក់​លិខិតសុំធានាកូន​ក្តីរបស់​លោកនៅ​ក្រៅឃុំ​បណ្តោ​អាសន្នដោយ​ដាក់ប្រាក់​តម្កល់ ក្រោមហេតុ​ផល​ថាកូន​ក្តីរបស់​លោក​មានការងារ​ពិតប្រាកដ និងមាន​ទីលំនៅ​ច្បាស់លាស់​មិនអាច​គេច​ខ្លូន​ទៅណាឡើយ៕


អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ពន្យល់អំពីដំណើរការក្តីព្រហ្មទណ្ឌជាក់ស្តែង ដោយមិនបាច់ស្នើដកអភ័យឯកសិទ្ធិទេ

បន្ទាប់​ពីមាន​ការ​ចាប់​ខ្លួន​ឯកឧត្តម ហុង សុខ​ហួរ សមា​ជិក​ព្រឹទ្ធ​សភាគណបក្ស​សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០​១៥​នេះ ដោយ​មិន​បាច់​ស្នើដក​អភ័យ​ឯក​សិទ្ធិ​នោះ ​មាន​មតិ​មួយ​ចំនួនបាន​លើក​ឡើង​អំពី​នី​តិ​វិធី​តាម​ផ្លូវ​ច្បាប់ក្នុង​ការ​កាត់​ក្តី​សមា​ជិក​ព្រឹទ្ធ​សភារូប​នេះ​។
ថ្លែង​តប​នឹង​ដំណើរ​ការ​កាត់​ក្តី​ព្រហ្ម​ទណ្ឌ​នេះ ឯក​ឧត្តម គឹម សន្តិ​ភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា «យោង​តាម​ខ្លឹម​សារ រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​១០៤​ថ្មី និង​មាត្រា​១២ នៃ​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​សមា​ជិក​ព្រឹទ្ធសភា អភ័យ​ឯក​សិទ្ធ​សភា មិន​អាច​រា​រាំងដល់​ការ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន និង​ឃុំ​ខ្លួន សមា​ជិកព្រឹទ្ធ​សភា​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌជាក់​ស្តែង​នោះ​ទេ ដោយ​ក្រោយ​ពី​ចំណាត់​ការ​របស់ស្ថាប័ន​មាន​សមត្ថ​កិច្ច​ត្រូវ​រាយការណ៍​ជូន​ទៅព្រឹ​ទ្ធ​សភា ឬគណៈ​កម្មាធិការ​អចិន្ត្រៃយ៏​ក្នុង​ចន្លោះ​កិច្ច​ប្រជុំព្រឹទ្ធ​សភា។ ដូច្នេះ​ដំណើរ​ការ​ក្តី​ព្រហ្ម​ទណ្ឌ​ក្នុង​ប​ទល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្តែង​នេះ មិនមា​ន​អ្វីត្រូវ​រាំង​ស្ទះ​ដោយ​អភ័យ​ឯក​សិទ្ធិ​សភា​នោះ​ទេ សម្រាប់​ស្ថាប័ន​តុលា​ការ ហេតុ​នេះ​មិន​បាច់​ស្នើ​សុំ​លើក​អភ័យ​ឯក​សិទ្ធិ​សភា​នេះ​ទេ។
ឯក​ឧត្តម គឹម សន្តិ​ភាព បាន​បញ្ជាក់​ថា «  បទ​ល្មើស​ជាក់​ស្តែង គឺ​ជា​បទ​ល្មើស​ដែល​កំពុង​ប្រព្រឹត្ត ឬទើប​ប្រព្រឹត្ត​រួច​ភ្លាមៗ។ ការ​ស៊ើប​អង្កេត​បទ​ល្មើស​ជាក់​ស្តែង​គឺ មាន​រយៈ​ពេល​៧ថ្ងៃ គិត​ពីថ្ងៃ​ប្រព្រឹត្ត​បទ​ល្មើស យោង​តាម​មាត្រា១០៦ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ។ ករណី​នេះ​គឺ​ម៉ោង ១និង៥៣ព្រឹក​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០​១៥ គឺ​ពេល​ដែលផេក​ឯកឧត្តម សម រង្ស៊ី ផ្សព្វ​ផ្សាយ​ជា​សាធារ​ណ:នូវ​វីដេអូ​ក្លីប​របស់​ឯកឧត្តម ហុង សុខ​ហួរ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ឃើញ នូវ​អំពើ​ល្មើស​ក្នុង​វីដេអូ​ឃ្លីប​នេះ និង​បើក​ការ​ស្រាវ​ជ្រាវ​លើ​ករណី​បទ​ល្មើស​ព្រហ្មទ​ណ្ឌ​ជាក់ស្តែង​នេះ ។ តាំង​ពី​ពេល​នោះ​មក​ដែល កាលៈ​ទេសៈ​ពេល​នោះ​ផេក​ឯក​ឧត្តម សម រង្ស៊ី ក៏​កំពុង​បន្ត​ផ្សព្វ​ផ្សាយនៅ​ឡើយ។
តាម​ការ​ពិនិត្យ​ផេក​ឯក​ឧត្តម សម រង្ស៊ី បង្ហោះ​វីដេអូ​នេះ​រហូត​ដល់​ក្នុង​អំឡុង​ថ្ងៃ​ទី​១៣ ទើប​លុប​ចោល។ ករណី​នេះ​គិត​ពី​ពេល​ប្រ​ព្រឹត្ត​បទ​ល្មើស ដល់​ថ្ងៃ​ចាប់​ខ្លួន​គឺ​មិន​លើស​រយៈ​ពេល​៧​ថ្ងៃ​ទេ​៕

ឯកឧត្តម នេត សាវឿន៖ ការចាប់ខ្លួនឯកឧត្តម ហុង សុខហួរ ធ្វើឡើងក្នុងក្របខ័ណ្ឌ នៃបទល្មើសជាក់ស្តែង

ផ្អែកតាមលិខិតផ្លូវការ​ របស់អគ្គស្នងការ​នគរបាលជាតិ​ នៃក្រសួងមហាផ្ទៃ​ ចុះថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ២០១៥នេះ​ បានបញ្ជាក់ថា​ ការឃាត់ខ្លួនឯកឧត្តម​ ហុង សុខហួរ ​ធ្វើឡើងក្នុង​ក្របខ័ណ្ឌនៃបទ​ល្មើសជាក់ស្តែង ​ស្របតាមក្រមនីតិវីធីព្រហ្មទណ្ឌ ​នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាម​រដ្ឋធម្មនុញនៃ​ព្រះរាជាណាចក្រកម្ពុជា​ត្រង់មាត្រា១០៤ថ្មី​ និងច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធ​សភាត្រង់មាត្រា១២។​
បន្ទាប់ពីមានការចាប់ខ្លួន ​ឯកឧត្តម ហុង ​សុខហួរ​ សមាជិកព្រឹទ្ធសភា​របស់គណបក្ស​សង្គ្រោះជាតិ ​នៅព្រឹកថ្ងៃទី១៥ ​ខែសីហា ​ឆ្នាំ២០១៥នេះ​ ពីសំណាក់កម្លាំង​នគរបាលជាតិ ឯកឧត្តមនាយឧត្តម​សេនីយ៍​នេត សាវឿន ​អគ្គស្នងការនគរ​បាលជាតិ ​បានផ្ញើលិខិតផ្លូវការ​មួយច្បាប់​ ដោយរៀបរាប់អំពីការ​ចាប់ឃាត់ខ្លួន​ ឯកឧត្តម ហុង សុខហួរ​ ជូនឯកឧត្តម នៃ ប៉េណា ប្រធានស្តីទី​ព្រឹទ្ធសភានៃកម្ពុជា។
ក្នុងលិខិតនោះ ​បានសរសេររៀបរាប់ថា ​អគ្គស្នងការដ្ឋាននគរ​បាលជាតិ​ នាព្រឹកថ្ងៃទី១៥ ​ខែសីហា ឆ្នាំ២០១៥ ​វេលាម៉ោង០៦និង០៥នាទី ​នៅផ្ទះលេខ២០១១​ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ​ខណ្ឌសែនសុខ ​រាជធានីភ្នំពេញ​ កងកម្លាំងនគរបាល​បានធ្វើការឃាត់ខ្លួន​ឯកឧត្តម ហុង សុខហួរ ​សមាជិកព្រឹទ្ធសភា​ មកកាន់ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ។
អង្គហេតុនៃការឃាត់ខ្លួន ​គឺកាលពីថ្ងៃទី១២ ​ខែសីហា ​ឆ្នាំ២០១៥​ នៅក្នុងគេហទំព័រ ​Facebook របស់ ​ឯកឧត្តម សម រង្ស៊ី ​បានបង្ហោះផ្សព្វផ្សាយ​នូវវីដេអូឃ្លីបមួយមាន​រយៈពេល១១នាទី ​ហើយវីដេអូឃ្លីបនេះ ​បានបន្តផ្សព្វផ្សាយរហួត​ដល់ព្រឹកថ្ងៃទី១៣ ​ខែសីហា ឆ្នាំ២០១៥។  ​នៅក្នុងវីដេអូឃ្លីបនេះ ​ឯកឧត្តម ហុង សុខហួរ ​បានធ្វើការបកស្រាយ​អះអាងអំពីខ្លឹមសារប្រការ៤​ នៃសន្ធិសញ្ញា ​ឆ្នាំ១៩៧៩ ថា ​សម្តេចពញ្ញាចក្រី ​ហេង សំរិន ដែលជា​ប្រមុខរដ្ឋបានចុះហត្ថលេខា ​ជាមួប្រមុខរដ្ឋ​របស់ប្រទេសវៀតណាម ​នៅថ្ងៃទី១៨ ​ខែកុម្ភៈ ឆ្នាំ១៩៧៩ ថា​ ប្រទេសទាំងពីរ​ឯកភាពគ្នារំលាយ​ព្រំដែនរដ្ឋទាំងពីរ​ ព្រមទាំបានលើកអត្ថបទនៃសន្ធិសញ្ញានេះ​ដាក់បញ្ចូលក្នុងវីដេអូ​ឃ្លីបនេះទៀត។​ ឃ្លីបវីដេអូនេះ​បានបង្ហាញខ្លឹមសារ​ប្រការ៤​ នៃសន្ធិសញ្ញា​ដោយមាន​គូសគំនូសពណ៌​លឿងពីលើថា ​ភាគីទាំងពីរសុខចិត្តដោះស្រាយតាមកិច្ចចរចារ​ដោយសន្តិវិធី​នូវទំនាស់ជាយថាហេតុ​ ក្នុងទំនាក់ទំនងទ្វេភាគី​របស់ខ្លួន។ ​ភាគីទាំងពីរបាន​ធ្វើការចរចារ​ដើម្បីចុះហត្ថលេខា ​សម្រាប់​រំលាយព្រំដែនជាតិ​ប្រទេសទាំងពីរ ដោយអាស្រ័យ​លើព្រំដែន​នាពេលបច្ចុប្បន្ន ​ហើយភាគីទាំងពីរ​សម្រេចចិត្តមុតមាំ​ ដើម្បីកែប្រែ​ព្រំដែននេះឲ្យទៅជា​ព្រំដែនសន្តិភាព​ មិត្តភាព ​និងស្ថិតស្ថេរ​វាងប្រទេស​ទាំងពីរ។​
ដោយឡែក​ ខ្លឹមសារដើម​ពិតប្រាកដ ​ត្រង់មាត្រា៤ ​នៃសន្ធិសញ្ញាសន្តិភាព ​មិត្តភាព ​និង​សហប្រតិបត្តិការ ​រវាង​សារធារណៈរដ្ឋ​ប្រជាមានិតកម្ពុជា ​និងសារធារណៈ​រដ្ឋសង្គមនិយមវៀតណាមចែងថា ​ភាគីទាំងពីរបានសន្យាថា​នឹងដោះស្រាយ​រាល់ការទំនាស់​ អាចកើត​ឡើងក្នុងការទំនាក់​ទំនងជាមួយគ្នា​ តាមរយៈការចរចារ​ដោយសន្តិវិធី។ ​ភាគីទាំងពីរនឹងធ្វើ​ការចរចារ ដើម្បីចុះ​ហត្ថលេខាលើសន្ធិ​សញ្ញាកំណត់នូវព្រំដែនរដ្ឋ ​រវាងប្រទេសទាំងពីរលើមូលដ្ឋានខ្សែព្រំដែន​នាពេលបច្ចប្បន្ននេះ​ ហើយប្តេជ្ញាចិត្តកសាង​ខ្សែព្រំដែននោះទៅជាខ្សែ​ព្រំដែនសន្តិភាព​ មិត្តភាព​ដ៏យួអង្វែងរវាង​ប្រទេសទាំងពីរ។
ការឃាត់ខ្លួនឯកឧត្តម​ ហុង សុខហួរ ​ធ្វើឡើងក្នុង​ក្របខ័ណ្ឌនៃបទ​ល្មើសជាក់ស្តែង ​ស្របតាមក្រមនីតិវីធីព្រហ្មទណ្ឌ ​នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាម​រដ្ឋធម្មនុញនៃ​ព្រះរាជាណាចក្រកម្ពុជា​ត្រង់មាត្រា១០៤ថ្មី​ និងច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធ​សភាត្រង់មាត្រា១២៕​


លោក ប៊ុន ហុន៖ ការចាប់ខ្លួនសមាជិក ព្រឹទ្ធសភា ដោយមិនទាន់ដក អភ័យឯកសិទ្ធិ គឺមិនមានអ្វីខុសនឹងច្បាប់ទេ

លោក ប៊ុន ហុន​ ប្រធានគណៈ​មេធាវីកម្ពុជា​បានលើកឡើងថា​ ការចាប់ខ្លួន​ ឯកឧត្តម ​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​​មកពីគណបក្ស​ សម រង្ស៊ី​ ដោយមិនទាន់​ដក​អភ័យ​ឯកសិទ្ធិ​ជាតំ​ណាងរាស្ត្រ ​គឺមិនមាន​អ្វីខុស​ទៅ​​នឹងច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ព្រឹទ្ធសភា​ឡើយ។
យោងតាម​កិច្ច​សម្ភាសន៍​ជាមួយ​ និង​បណ្តាញ​ព័ត៌មាន​​រាជរដ្ឋាភិបាល​ GNN នៅ​រសៀល​ថ្ងៃ​ទី១៥ ខែសីហា​ ឆ្នាំ២០១៥នេះ ​លោក ប៊ុន ហុន ​ប្រធាន​គណៈ​មេធា​វីកម្ពុជា ​បានបញ្ជាក់​ថា «​រឿង​ហ្នឹង​វាពាក់​ព័ន្ធ​​នឹង​បទ​​ល្មើស​ជាក់ស្តែង ​កាលណាបទល្មើស​ជាក់ស្តែង គឺ​គេ​អាច​ចាប់​ខ្លួន​បាន ​ដោយមិនចាំ​បាច់​ដកអភ័យឯកសិទ្ធិទេ។​ នៅក្នុងច្បាប់ ទាំង​រដ្ឋធម្មនុញ្ញ​ និងច្បាប់ស្តីពី​លក្ខន្តិក​នៃសមា​ជិកព្រឹទ្ធសភា​ បានចែង​អំពី​ករណីបទល្មើស​​ជាក់ស្តែង​ គឺមិន​ចាំបាច់​ឲ្យមាន​ការដក​អភ័យឯកសិទ្ធិទេ»​
លោក បានបន្តថា ​«ជាទស្សនៈផ្លូវច្បាប់  ​ការអនុវត្តច្បាប់គឺជា​សមត្ថកិច្ចរបស់អាជ្ញាធរ មាន​សមត្ថ​កិច្ច ​និងតុលាការ ព្រោះថា​ ករណីបទល្មើស​ជាក់ស្តែង។ ​ជនណាក៏ដោយ ​ដែលប្រព្រឹត្ត​បទល្មើសជាក់ស្តែង​ ដែលចូលនៅ​ក្នុងបញ្ញតិ្តណាមួយ​ នៃក្រមនីតិវិធីព្រម្មទណ្ឌគឺ ​ជន​នោះ​នឹង​ត្រូវ​បានអាជ្ញាធរធ្វើ​ការបង្ក្រាប ​និង​ទប់ស្កាត់បទល្មើសនោះ​ គឺសមត្ថកិច្ចធ្វើការ​ចាប់ខ្លួន​យកមក​តុលាការ​ដើម្បីផ្តន្ទា​ទោសតាមច្បាប់»
គួរបញ្ជាក់ថា ​ការឃាត់ខ្លួន​ ឯកឧត្តម​ ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា ​របស់គណបក្ស​សម រង្ស៊ី​ នៅព្រឹកថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០១៥នេះ​ គឺធ្វើឡើងក្រោមបទ​ចោទប្រកាន់​អំពីការ​ក្លែង​​ឯកសារ​​សាធារណៈពាក់ព័ន្ធ​​នឹង​សន្ធិ​សញ្ញាព្រំដែនកម្ពុជា​-វៀតណាម ឆ្នាំ១៩៧៩ ​ហើយ​បង្ហោះ​​វីដេអូ​នេះ ​ក្នុ​ងFacebook ផ្ទាល់ខ្លួន​ របស់ឯកឧត្តម សម រង្ស៊ី ​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥កន្លងទៅ៕

ឯកឧត្តម ងួន ញ៉ិល នឹងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់សភាកម្ពុជា ចូលរួមការប្រជុំរបស់សភាតំបន់ អាស៊ីនៅទីក្រុងហ្សាកាតា ពីថ្ងៃទី ១៧ ដល់២១

យោងតាមសេចក្តី​ប្រកាសព័ត៌មាន​ របស់អគ្គលេខាធិការដ្ឋាន​ រដ្ឋសភា ​ចុះថ្ងៃទី១៣ ខែសីហា ​ឆ្នាំ២០១៥ បានឲ្យដឹងថា ​ឯកឧត្តមបណ្ឌិត ​ងួន​ ញ៉ិល ​អនុប្រធានទី២រដ្ឋសភា ​និងជាប្រធាន​ក្រុមសភាជាតិកម្ពុជា​ នៃសភាតំបន់អាស៊ី​ (APA) ​នឹងដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈ​កម្មាធិការអចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច​ និងការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព របស់​សភាតំបន់អាស៊ី នៅទីក្រុងហ្សាកាតា ​នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ​ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១​ ខែសីហា​ ឆ្នាំ២០១៥។
កិច្ចប្រជុំគណៈ​កម្មាធិការអចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច ​និង​ការអភិវឌ្ឍប្រកបដោយ​ចីរភាព ​នឹង​ផ្តោតជាសំខាន់​លើការពិភាក្សា ​ជុំវិញសេចក្តីព្រាង​សេចក្តីសម្រេច​ដែលបានរៀបចំរួច​ចំនួន៥ ​ដើម្បីដាក់ជូនកិច្ច​ប្រជុំក្រុមប្រឹក្សា​ប្រតិបត្តិលើកទី១​ ធ្វើ​ការពិនិត្យ​ មុននឹងដាក់ជូន​មហាសន្និបាតលើកទី៨ ​ដែល​នឹង​ប្រារព្ធធ្វើនៅ​ព្រះរាជាណាចក្រកម្ពុជា ​នាខែធ្នូ ​ឆ្នាំ២០១៥ ខាងមុខ ​ដើម្បីធ្វើការអនុម័ត​។
នៅក្នុងកិច្ចប្រជុំគណៈ​កម្មាធិការអចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច​ និងអភិវឌ្ឍប្រកប​ដោយចីរភាព​នោះនឹងលើកយកចំណុច៥​មកធ្វើការពិភាក្សា​ដែលរួមមាន៖ ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពីកិច្ចការហិរញ្ញវត្ថុ ​ការធានាទៅលើកិច្ច​ខិតខំប្រឹងប្រែង​ដើម្បីកំណើន​សេដ្ឋកិច្ច, ​សេចក្តីព្រាងសេច​ក្តីសម្រេច​ស្តីពីបញ្ហាបរិស្ថាន ​ការឡើងកំដៅលើផែនដី ​ការប្រែប្រួលអាកាសធាតុ​ ការដាំដើម​ឈើរាប់លានដើម ​នៅពាស​ពេញតំបន់អាស៊ី, ​សេចក្តីព្រាងសេចក្តី​សម្រេចស្តីពីការលុបបំបាត់ភាពក្រីក្រ, ​សេចក្តីព្រាងសេចក្តីសម្រេច​ស្តីពីសមារណកម្មទីផ្សារ​ថាមពលនៅ​ក្នុងតំបន់អាស៊ី ​និងសេចក្តីព្រាងសេចក្តី​សម្រេចស្តីពីតួនាទី​របស់សមាជិក​សភាតំបន់អាស៊ី ​ក្នុងការអនុម័តសេចក្តី​សម្រេចដើម្បីគាំទ្រ ​ដល់ការអនុវត្តគោល​ដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព។
គួរបញ្ជាក់ថា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច​ និង​ការអភិវឌ្ឍប្រកប​ដោយចីរភាព ​ជាគណៈកម្មាធិការមួយ ​ដែលសភាអាស៊ី (APA) ​បានបង្កើតឡើង ​ក្នុងនោះរួមមាន ​គណៈកម្មាធិការប្រតិបត្តិ, ​គណៈកម្មាធិការអចិន្ត្រៃយ៍​ការងារវប្បធម៌​ សង្គម​ និងគណៈកម្មាធិការ​អចិន្ត្រៃយ៍ការងារ​នយោបាយជាដើម។ ​បច្ចុប្បន្ននេះ​ សភាតំបន់អាស៊ី (APA​) មានសមាជិកពេញសិទ្ធិចំនួន៤២​ប្រទេស​ និង​ប្រទេសសមាជិក​សង្កេតការណ៍ចំនួន១៦​ ព្រមទាំងអង្គការ​សង្កេតការណ៍​ចំនួន​១០អង្គការ​៕



លោក​បណ្ឌិត​ សុខ​ ទូច​ ច្រានចោល​ ផែន​ទី២ផ្ទាំង​ របស់គណ​បក្សសង្រ្គោះ​ជាតិ​

នៅ​រាជ​បណ្ឌិត​សភា បាន​ឱ្យ​ដឹង​ថា ខណៈ​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ផែន​ទី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៥​នេះ លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​អំពី​ផែន​ទី នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បាន​សម្រេច​ច្រាន​ចោល​ផែន​ទី​២​ផ្ទាំង ក្នុង​ចំណោម​ផែន​ទី​២៦​ផ្ទាំង របស់​គណ​បក្សសង្រ្គោះ​ជាតិ​។ លោកបណ្ឌិត សុខ ទូច បាន​និយាយ​ថា ផែន​ទី​ទាំង​២​ផ្ទាំង​នេះ មាន​ផ្ទាំង​ទី​១​ ដែល​ជាផែន​ទី​ទាំង​មូល​របស់​កម្ពុជា និង​ផ្ទាំង​មួយ​ទៀត​ ជា​ផែន​ទី​ដែល​ចូល ទៅ​ក្នុង​ទឹក​ដី​របស់​វៀត​ណាម។
សូម​ជំរាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥​នេះ រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ដាក់
​ឱ្យផ្ទៀង​ផ្ទាត់​ផែន​ទី​នា​នា ក្នុង​នោះ​មាន ភាគី​នានា​ចូល​រួម​ដូច​ជា តំណាង​ព្រឹទ្ធ​សភា តំណាង​រដ្ឋសភា មក​ពី​គណ​បក្ស​ទាំង​ពីរ ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ រួម​ទាំង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​​ទៀត ដែលដាក់​លិខិត​មក​កាន់ រាជ​បណ្ឌិត្យ​សភា ដើម្បី​សុំ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ផែន​ទី​៕